អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បរិស្ថាន​ ៖ ជំហាន​ថ្មី​ឆ្ពោះ​ទៅ​រកសន្ធិសញ្ញា​អន្តរជាតិ​ប្រឆាំង​នឹងបរិស្ថាន​ពុល​ដោយ​​ប្លាស្ទិក ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីថ្ងៃទី២៩ឧសភា ដល់​ថ្ងៃទី២មិថុនា​ សប្តាហ៍​ក្រោយ តំណាង​១៧៥​ប្រទេស ត្រូវ​មក​ជួប​ជុំ​គ្នា​​នៅទីក្រុង​ប៉ារីស ដើម្បី​បើក​កិច្ចចរចា​ជុំ​ទីពីរ​ដែល​មាន​គោលដៅ​ឈាន​ទៅ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិប្រឆាំង​នឹង​​​បរិស្ថានពុល​ដោយសារធាតុ​​​ប្លាស្ទិក ​ឲ្យ​បាន​ នៅត្រឹមចុង​​​ឆ្នាំ២០២៤។ ប៉ុន្តែ​ដើម្បី​ផ្តល់​សន្ទុះ​ដល់​ការ​កិច្ចចរចានេះ​ បារាំង ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​បាន​រៀប​ចំ​ជំនួបកំពូល​​ជាន់​ខ្ពស់​ ផ្តុំ​ដោយ​រដ្ឋមន្ត្រី​និង​អ្នកការទូត​មក​ជាង​៤០ប្រទេស តាំងពី​ថ្ងៃ​សៅរ៍​ទី ២៧​នេះ​ទៅ​តែម្តង។

សំណល់​ប្លាស្ទិក​ក្នុង​បឹង​ Potpecko ប្រទេសស៊ែរប៊ីថ្ងៃទី ១២ មករា ២០២៣
សំណល់​ប្លាស្ទិក​ក្នុង​បឹង​ Potpecko ប្រទេសស៊ែរប៊ីថ្ងៃទី ១២ មករា ២០២៣ © Marjan Vucetic / AP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍​នេះ រដ្ឋមន្ត្រីក្រសួងការបរទេស​និង​​បរិស្ថានបារាំង បាន​ទទួល​ជួប​តំណាង​រដ្ឋ-រដ្ឋាភិបាល​ជាង​៤០​ប្រទេស ដើម្បី​ផ្តល់​សន្ទុះនយោបាយ​ដល់​ការ​ចរចា​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​ប្រឆាំង​នឹង​បរិស្ថានពុល​ដោយ​ប្លាស្ទិក ដែល​​​កំពុង​​ចោទ​ជា​បញ្ហា​កាន់​តែ​ខ្លាំង​ឡើងៗ​សម្រាប់​ពិភពលោក។

សំរាមប្លាស្ទិក​ជាទ្វីបទី​៧នៃផែនដី

​តួលេខនៃ​បរិស្ថានពុល​ដោយ​ប្លាស្ទិក ​គឺ​សម្បើម​ខ្លាំង​ណាស់ ! ប្លាស្ទិក ដែល​ផលិតចេញ​ពី​ប្រេងកាត មាននៅគ្រប់​ទិសទី និង​ក្នុង​ស្ទើរ​គ្រប់មុខ ៖ ជា​របស់​សម្រាប់​វេចខ្ចប់ ជា​សរសៃក្នុង​ក្រណាត់ ក្នុង​សម្លៀកបំពាក់ ក្នុង​វត្ថុ​សំណង់ ក្នុង​គ្រឿង​បរិក្ខារពេទ្យ ... ផលិតផល​ប្លាស្ទិក​ប្រចាំ​ឆ្នាំ​បានកើន​ឡើង​ជាង​ពីរ​ដង​ក្នុង​រយៈ​ពេល២០ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​​​ ៤៦០​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ។ ផលិតផល​​ប្លាស្ទិក​​នឹង​មាន​កំណើន​ដល់​ទៅ​បីដង នៅ​ឆ្នាំ​២០៦០ ប្រសិនបើ​គ្មាន​វិធានការ​អ្វី​ទេនោះ។ ហើយមិន​ដល់​មួយ​ឆ្នាំទេ​​ ៨១%​នៃ​ផលិតប្លាស្ទិក​នោះ នឹង​ក្លាយ​ជា​សំរាម។ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច OCDE។ សំណល់​ប្លាស្ទិក​ច្រើន​ពេក​រហូត​មាន​ការ​ប្រៀប​ធៀប​ថា ទ្វីប​ទី​៧ របស់​ភព​ផែនដី​ គឺ​ភព​សំរាម​ប្លាស្ទិកនៅកណ្តាល​មហាសមុទ្ទ​ប៉ាស៊ីហ្វិក។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​នោះ​ គឺ​ក្នុង​ចំណោមសំរាម​​ប្លាស្ទិក​ទាំង​នោះ មាន​មិន​ដល់​១០%​ទេ ដែល​គេយក​មក​​កែច្នៃ​ប្រើ​ឡើង​វិញ។ ឯជាង​​ពី​រភាគ​បី​ទៀត ត្រូវ​ក្លាយ​ជាសំណល់​​ចោល​ក្នុង​ធម្មជាតិ ក្រោយ​ពី​បាន​ប្រើប្រាស់​តែ​​ម្តង ឬ​ពីរបី​ដងយ៉ាង​ច្រើន។ ​ផលវិបាក​នៃ​សំណល់​ប្លាស្ទិក​នេះ ជា​តំណាង​មហន្តរាយ​ខ្លាំងណាស់ មិនមែន​ចំពោះ​តែ​​សត្វទេ សុខភាពមនុស្សខ្លួន​ឯង​​ក៏​រងគ្រោះ​ថ្នាក់​ខ្លាំងដែរ​។

​សំរាម​ប្លាស្ទិក​មាន​គ្រប់​ធុន តាំងពី​​ដុំធំ​ ទៅ​ ល្អិតហ្មត់ផង់​មើល​មិន​ឃើញ​នឹង​ភ្នែក​ បាន​​ប៉ើង​អណ្តែត​ដល់​បាត​មហាសមុទ្ទ ដល់​ក្នុង​ផ្ទាំង​ទឹកកក​នៅ​តំបន់ប៉ូល​ ដល់​កំពូល​ភ្នំហេមពាន្ត  និង​ក្នុង​ខ្យល់​។ សូម្បី​តែ​ក្នុង​ខ្លួន​ប្រាណ​មនុស្ស​យើង​សព្វថ្ងៃ​ក៏​មាន​សារធាតុ​ពុល​ប្លាស្ទិក​ចូល​ទៅ​ដល់​ដែរ។ ក្នុង​មួយ​អាទិត្យ យើង​លេប​ ប្លាស្ទិក ក្នុង​ទំហំ​ប៉ុន​ ក្រេឌីខាត។ ផលិត​ចេញ​ពី​ប្រេងកាត ផលិតផល​ប្លាស្ទិក​ ដែល​ជួន​មាន​លាយ​សារជាតិ​គីមី​បន្ថែម​ទៀត មាន​រក​ឃើញ​នៅក្នុង​ឈាម និង​ទឹក​ដោះ​ម្តាយ ទៀត​ផង។ បើ​តាមការ​គណនា​របស់​អ្នក​វិទ្យាសាស្ត្រ​បារាំង កាលពី​សប្តាហ៍មុន ក្នុង​ខ្យល់​បរិយាកាស​ដែល​យើង​ស្រូប​ដង្ហើម​ចេញ​ចូល​ជា​រៀង​រាល់​ថ្ងៃ មាន​ធាតុ​ប្លាស្ទិក​តូច​ល្អិត​មើល​មិន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ប្រមាណ​៤០ទៅ​៤៨គីឡូ ក្នុង​មួយ​ថ្ងៃ​ៗ ហោះ​តោង​ក្នុងផ្ទៃ​​អាកាស​ក្រុង​ប៉ារីស។

ជា​ចុងក្រោយ សូម​កុំ​ភ្លេច​ថា ប្លាស្ទិក​មាន​ចំណែក​​ធំណាស់ ធ្វើ​ឱ្យឡើង​កម្តៅ​អាកាសធាតុ​ ព្រោះ​ ​​ឧស្សាហកម្មប្លាស្ទិក​បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​​១៨០០​លាន​តោន​នៅ​ឆ្នាំ​២០១៩ និង​ដល់​ទៅ ១៧%​នៃ​ឧស្ម័ន​កាបូនិក​ពិភពលោក នៅឆ្នាំ​២០៦០។

​សន្ធិសញ្ញាអន្តរជាតិ​ប្រឆាំង​នឹង​បរិស្ថានពុល​ដោយ​ប្លាស្ទិក

​ដោយ​យល់​អំពីមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បន្សល់​ទុក​ដោយ​ប្លាស្ទិក ចំពោះ​ធម្មជាតិ​និង​សុខភាព​មនុស្ស ទើប​អង្គការ​សហប្រជាជាតិ​ចង់​សម្រេច​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​​ប្រឆាំង​នឹង​បរិស្ថានពុល​ដោយ​ប្លាស្ទិក ឱ្យ​បាន​នៅ​ដំណាច់​ឆ្នាំ​២០២៤ ដើម្បី​​កំណត់​អំពី​យន្តការ​គ្រប់គ្រង​ប្លាស្ទិក ចាប់តាំង​ពី​​ដំណាក់កាល​ផលិត ដំណាក់កាល​ប្រើប្រាស់​ រហូត​ទៅដល់​ដំណាក់កាល​គ្រប់គ្រង​សំណល់​ប្លាស្ទិក ក្នុង​កម្មវត្ថុ​ដ៏​ចម្បង​បំផុត​មួយ​គឺ កាត់​បន្ថយ​ការ​ប្រើប្រាស់ និង​ផលិត​ប្លាស្ទិក។

ក្រុម​អ្នក​ការពារ​បរិស្ថាន ជាក់​ស្តែង​តំណាង​អង្គការ​ គ្មាន​សំរាម​ប្លាស្ទិក​សោះ​របស់​បារាំង ឬ​មូលនិធិ​វិទ្យាសាស្ត្រ Tara​មហាសមុទ្ទ យល់​ថា​គេ​ចាំបាច់​ត្រូវ​រក​ដំណោះស្រាយ​មិនមែន​ត្រឹម​រឿង​កែច្នៃ​ផលិតប្លាស្ទិក​ឡើង​វិញ​ទេ គឺ​ត្រូវ​បន្ថយប្រភព​នៃ​បញ្ហា គឺ​បន្ថយ​​ បញ្ចុះ​ផលិតផល​​ប្លាស្ទិកនៅលើ​​ពិភពលោក​ ឱ្យ​បាន​លឿន ដោយ​ត្រូវ​បន្ថយ​ប្រភេទ​ប្លាស្ទិក និង​ហាមឃាត់​តែ​ម្តង​សារធាតុ​ដើម​​ណា​ ឬ​សារធាតុ​គីមី​បន្ថែមណា​ដែល​ផលិតគ្រឿង​​ប្លាស្ទិក​​ពុល​ខ្លាំង។​

សន្ធិសញ្ញាអន្តរជាតិ ចង់គិត​គូរ​​ដល់​ផលិតផល​ដែលប្រើប្រាស់​ប្រចាំ​ថ្ងៃ​ឡើង​វិញ និង​​ចែង​ឱ្យ​ពិភពលោក ​ត្រូវ​តែ​ប្តូរ​វិធី​វេចខ្ចប់ និង​ដឹកជញ្ជូន ដោយបញ្ចប់​ការ​ប្រើប្រាស់​វត្ថុ​​តែ​ម្តង​គ្រវាត់​ចោល​ ហើយ​ត្រូវ​គ្រប់គ្រង​និង​កែច្នៃ​សំណល់​ប្លាស្ទិក​ឱ្យ​បាន​ប្រសើរ​ឡើង។ នៅ​ប្រទេស​ជឿន​លឿន ដូច​យ៉ាង​នៅអឺរ៉ុប ជាពិសេស​អឺរ៉ុប​ខាង​ជើង មាន​ហើយ​ច្បាប់​ហាមឃាត់​ការ​ផលិតផល​របស់​ប្រើ​ម្តង​ចោល​ ឬ​កែច្នៃ​សំរាមប្លាស្ទិក​នោះ តែ​យន្តការ​នេះ​នៅខ្វះ​ខាត​ខ្លាំង​សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ។

ភាគី​បារាំង​ជា​ម្ចាស់​ផ្ទះ បាន​បង្ហាញ ជំនឿ​ថាអត្ថបទ​ច្បាប់​​គោល​នៃ​សន្ធិសញ្ញា​ នឹង​អាច​ប្រសូត​ចេញ​ពី​កិច្ចចរចា​នៅប៉ារីស​ ដែល​ជា​ដំណាក់កាលទីពីរ  សម្រាប់​យក​ទៅ​​ជជែក​សម្រួល​ ​នៅ​ក្នុង​​កិច្ចចរចាបន្ត​បន្ទាប់​ទៀត  ចំនួន​បី​ដង​ទៀត។

ប៉ុន្តែ​តើ​អត្ថបទ​ច្បាប់​របស់​សន្ធិសញ្ញា​អន្តរជាតិ​នឹង​មាន​តម្លៃអនុវត្ត​ជាក់​ស្តែង​យ៉ាងណា ? នេះ​ជា​បញ្ហា​មួយ​ទៀត ដែល​សម្ព័ន្ធ​​ក្រុមប្រទេស​អ្នក​ផ្តួចផ្តើម​ចំនួន​៥៤​ប្រទេស ដឹកនាំ​ដោយ រវ៉ាន់ដា និង​ន័រវែស ព្រមទាំង​សហភាពអឺរ៉ុប តែ​ក៏​មាន​ដែរ​បារាំង កាណាដា​ ម៉ិចស៊ិក អូស្ត្រាលី និង​ជប៉ុន កំពុងប្រឹង​បញ្ចុះ​បញ្ចូល ធ្វើ​យ៉ាងណាសន្ធិសញ្ញា​អន្តរជាតិប្រឆាំង​នឹង​សារធាតុ​ពុល​ប្លាស្ទិក ដើម្បី​លុប​បំបាត់សំរាម​ប្លាស្ទិក​ទាំងស្រុង​នៅ​ឆ្នាំ​២០៤០ មាន​តម្លៃ​ត្រូវ​តែ​គោរព​តាម​ផ្លូវ​ច្បាប់​។

ដើម្បី​លើកតម្លៃ​នៃ​សន្ធិសញ្ញា​ ​ត្រូវមាន​​​ការ​អនុម័ត​ដោយ​បោះឆ្នោត ជា​សំឡេង​ភាគ​ច្រើន ឬ​ជា​ឯកច្ឆ័ន្ទ ? ជម្រើស​ល្អ​គឺ​ការ​​អនុម័ត​ជា​ឯកច្ឆ័ន្ទ តែ​ក្រុម​Lobby ការពារ​ថាមពល​ផូស៊ីល និង​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ប្លាស្ទិកកំពុង​​រីក​ចម្រើន ត្រូវការ​ការ​ពារ​ទីផ្សារការងាររបស់​ពួកគេ​ដែរ។ ដោយ​មិន​រាប់​រុស្ស៊ី ចិន ឥណ្ឌា ប្រេស៊ីល សហរដ្ឋ​អាមេរិក ពុំ​សូវ​មាន​មហិច្ឆតា​ប្រយុទ្ធ​ប្រឆាំ​ងនឹង​បរិស្ថានពុល​ប្លាស្ទិក​ទេ។ ពួកគេ​ហាក់​មិន​សូវ​ចង់​ប្តូរទម្លាប់ឡើយ ដោយ​ទទូច​ចង់​ត្រឹម​គិត​គូរ​ខ្លាំង​ដល់​ការ​កែច្នៃ​ឡើង​វិញ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បោះបង់​​សំណល់ប្លាស្ទិក​​ តែ​ប៉ុណ្ណោះ។

នៅចំពោះ​មុខចរន្តបញ្ច្រាសគ្នា​ខ្លាំង​ដូច្នេះ​ មហិច្ឆតា​របស់​ក្រុមអ្នក​ការពារ​បរិស្ថាន​ខ្លាំង ត្រូវ​តែចុះ​ថយ​ បើ​ចង់​ឃើញ​សន្ធិសញ្ញាអន្តរជាតិ​អាច​កើត​ជា​រូប​រាង​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ