អានតួអត្ថបទ

របាយការណ៍៖ គ្មានកន្លែងណាមួយនៅលើផែនដី ដែលគ្មានការបំពុលប្លាស្ទិក

ខណៈដែលការបំពុលបា្លស្ទិកកំពុងគំរាមកំហែងជីវិតមនុស្ស សត្វ​នៅលើ​ផែនដី ការផលិតប្លាស្ទិក នៅក្នុង​ពិភពលោក ទំនង​កើនឡើង​ទ្វេដង ពីពេលនេះ​ដល់​ឆ្នាំ ២០៥០។ នេះបើតាម​របាយការណ៍ របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ដែលមានទីតាំង​នៅប្រទេស​បារាំង។ នៅក្នុង​របាយការណ៍ ចេញផ្សាយ​កាលពីថ្ងៃ​អង្គារ ទី ១១​មេសា ក្រុមប្រឹក្សា​ខាងលើ​បាន​ស្នើអនុសាសន៍ ផ្លូវច្បាប់ មួយចំនួន​សម្រាប់​សេចក្តីព្រាង​សន្ធិសញ្ញា​អន្តរជាតិ ស្តី​ពី​ការកាត់បន្ថយ​បា្លស្ទិក ដែល​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​បោះឆ្នោត​អនុម័ត​យ៉ាងយូរបំផុត នៅ ឆ្នាំ ២០២៤។

សំរាមសំបកដកប្លាស្ទិក​នៅប្រទេស​ឥណ្ឌា
សំរាមសំបកដកប្លាស្ទិក​នៅប្រទេស​ឥណ្ឌា REUTERS/Ajay Verma
ផ្សាយពាណិជ្ជកម្ម

ជាអ្នកជំរុញ​ឲ្យមាន​ការបង្កើត​សន្ធិសញ្ញា​អន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ការបំពុលបា្លស្ទិក ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​បាន​ចេញ​របាយការណ៍​ថ្មីដើម្បី​ទាញសញ្ញាអាសន្ន​ពីគ្រោះថ្នាក់​នៃ​សំរាមប្លាស្ទិក ទៅលើ​សុខភាព​មនុស្ស ធម្មជាតិ ជីវិតសត្វលើផែន និងការប្រែប្រួលអាកាសធាតុ។

តាម​អ្នកសរសេរ​របាយការណ៍​របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ការបំពុលបា្លស្ទិក មាននៅគ្រប់កន្លែង នៅលើ​ផែនដី មិនថា ក្នុងទឹក ក្រោមដី ឬ​នៅក្នុងអាកាស។ តាំង​ពី​តំបន់​ដាច់ស្រយាលគ្មានមនុស្សរស់នៅដូចជានៅ ប៉ូលទឹកកក​ខាងជើង រហូត​ដល់​បាតមហាសមុទ្រ គ្មាន​កន្លែង​ណាមួយ​ដែល​ជៀស​រួចផុត​ពី​ការបំពុលបា្លស្ទិក។

លេចរូបរាង​ដំបូង​នៅ​សតវត្សរ៍ទី​១៩ និងត្រូវ​គេ​ផលិតក្នុងទ្រង់ទ្រាយធំ នៅក្រោយ​សង្រ្គាមលោកលើកទី​២ ប្លាស្ទិក​ត្រូវ​គេ​ពេញនិយមប្រើ នៅក្នុងជីវិត​ប្រចាំថ្ងៃ។ គេ​វាយតម្លៃថា ថា ការផលិតប្លាស្ទិក​នឹង​អាច​កើនឡើងទ្វេដង​ពីពេលនេះ រហូតដល់​ឆ្នាំ ២០៥០។ តាម​អង្គការសហប្រតិបត្តិការ​OCDE នៅ​ឆ្នាំ ២០១៩ ពិភពលោក​ផលិត​បា្លស្ទិក​ប្រមាណ ៤៦០លានតោន ដែលនៅក្នុងនោះ មានតែ ៩%​ដែលត្រូវគេ​យកទៅកែច្នៃ សម្រាប់ការប្រើប្រាស់ឡើងវិញ ចំណែក៨១%​បានក្លាយជា​សំរាមប្លាស្ទិក។ របាយការណ៍របស់​អង្គការ​សហប្រជាជាតិ​ធ្លាប់បង្ហាញថា សំរាមប្លាស្ទិក​ក្នុងពិភពលោក បាន​កើនឡើង ដល់ ៨ ពាន់​លាន​តោន។

ជា​រៀងរាល់​ឆ្នាំ សំរាម​ប្លាស្ទិក​ជាង ៨ លាន​តោន បានហូរ​ចូល​ទៅក្នុង​ទឹក​សមុទ្រ ដោយ​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ បង្ក​គ្រោះថ្នាក់​ដល់​ជីវិតមនុស្ស​សត្វ​នៅលើផែនដី។

សម្រាប់មនុស្ស មីក្រូបា្លស្ទិក និង​ណាណូប្លាស្ទិក​អាច​ជ្រាបចូល​ក្នុងខ្លួនមនុស្ស​តាម​រយៈ ការបរិភោគចំណីអាហារដែលមានមីក្រូបា្លស្ទិក ការដកដង្ហើម និងការជា្របតាមស្បែក។ របាយការណ៍​របស់​អង្គការ​ការពារ​សត្វព្រៃ WWF នៅ​ឆ្នាំ ២០១៩ បង្ហាញថា បុគ្គលម្នាក់ៗ​អាច​ស្រូបយក​មីក្រូបា្លស្ទិក ប្រមាណ ២០០០ ក្នុង​មួយសប្តាហ៍ ស្មើនឹង​៥ក្រាម ដែលមាន​ទំងន់ប៉ុន កាតធនាគារមួយ។

ដូច្នេះ ដើម្បី ជីវិតសុខភាព​មនុស្ស និង​សុវត្ថិភាព​សម្រាប់​ប្រព័ន្ធជីវចម្រុះ នៅលើ​ផែនដី ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​បានដាក់សំណើ​មួយចំនួន ដើម្បី​កាត់បន្ថយ​វត្តមានប្លាស្ទិក ដូចជា ការហាម​មិនឲ្យមាន​ការផលិត​វត្ថុប្លាស្ទិក សម្រាប់ប្រើតែមួយដង រួចបោះចោល។ សំណើ​របស់​ក្រុមប្រឹក្សា ដែលមាន​លក្ខណៈចាប់តម្រូវ​តាមផ្លូវច្បាប់ នឹង​ត្រូវ​គេ​យក​ទៅដាក់បញ្ចូល ជាមួយ​សំណើ​ផ្សេងទៀត សម្រាប់​អនាគត សន្ធិសញ្ញាអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ការបំពុលប្លាស្ទិក ដែលប្រទេស​សមាជិក​ទាំង ១៧៥​របស់​អង្គការ​សហប្រជាជាតិ ត្រូវពិភាក្សា និង​បោះឆ្នោតអនុម័ត យ៉ាងយូរបំផុត នៅឆ្នាំ​២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ