អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិករក​ឃើញ​ កិច្ចព្រមព្រៀង​ជា​គោលការណ៍ បញ្ចៀស​វិបត្តិ​បំណុលសាធារណៈ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ចរចា​គ្នា​អស់​ជា​ច្រើន​ថ្ងៃ​និង​យ៉ាង​តាន​តឹង​មក នៅទីបំផុត លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន និង​ប្រធាន​សភា​អ្នក​តំណាង​បក្ស​សាធារណរដ្ឋ​ លោក គេវីន ម៉ាកខាធី Kevin McCathy បាន​ស្រុះ​ស្រួល​គ្នា​បញ្ចៀស​វិបត្តិ​ខ្វះ​ប្រាក់​សង​បំណុល។ បើតាម​ព័ត៌មាន​បឋម​ ភាគីទាំងពីរ​បាន​ព្រមព្រៀង​គ្នា​​ជា​គោលការណ៍ ដំឡើង​កំរិត​អតិបរិមា​នៃ​ប្រាក់​បំណុល​សាធារណៈ ជា​ថ្នូរ​នឹង​ការ​បន្ថយ​ចំណាយ​សាធារណៈ។ នៅ​ថ្ងៃអាទិត្យ​​នេះ បុរសរដ្ឋ​ទាំងពីរ​ត្រូវ​ជួប​ពិភាក្សា​គ្នាជា​ថ្មី​ទៀត ដើម្បី​បង្ហើយ​កិច្ចព្រមព្រៀង​ សម្រាប់​ដាក់​ជូនសភា​និង​ព្រឹទ្ធសភា​អនុម័ត​នៅថ្ងៃពុធ​ខាង​មុខ។

ប្រធានសភា​អាមេរិក​លោក Kevin McCarthy និង​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ក្រោយ​ជំនួប​ស្តី​ពី​ វិបត្តិ​បំណុល ថ្ងៃទី ២២ ឧសភា​២០២៣
ប្រធានសភា​អាមេរិក​លោក Kevin McCarthy និង​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ក្រោយ​ជំនួប​ស្តី​ពី​ វិបត្តិ​បំណុល ថ្ងៃទី ២២ ឧសភា​២០២៣ AFP - SAUL LOEB
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សុន្ទរកថា​ដ៏​ខ្លី ល្ងាច​មិញ លោកប្រធានសភា​អាមេរិក​នៃ​បក្ស​សាធារណរដ្ឋ បាន ​ប្រកាស​ថា​រកឃើញ​ការ​ព្រមព្រៀង​ថវិកា​មួយ ដ៏​សក្តិសម​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិក។ លោក​បាន​សម្តែង​អំណរ​ចំពោះ​ការ​កាត់​បន្ថយ​ជា​ប្រវត្តិសាស្ត្រ ការ​ចំណាយ​សាធារណៈ ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង និង​ដែល​បក្ស​សាធារណរដ្ឋ​បាន​ទាមទារ​រហូត​មក។

ចំណែក​ ​លោក​ចូ បៃដិន ប្រធានាធិបតី​អាមេរិក​វិញ ពន្យល់​ថា អាច​សម្រុះ​សម្រួល​គ្នា​បាន​មាន​ន័យ​ថា ម្នាក់ៗ​មិន​អាច​ទទួល​ទាំងស្រុង​នូវ​អ្វីដែល​​ខ្លួន​ចង់​បាន​ទេ តែ​លោក​បាន​ធានា​ថា​ក្នុង​​កិច្ចព្រមព្រៀង​នេះ ​ពិត​ជា​មាន​កា​រកាត់​បន្ថយ​ចំណាយ​សាធារណៈ​មែន តែ​ការពារ​កម្មវិធី​សង្គម​និង​សាធារណៈ​សំខាន់ៗដដែល និង​ជា​ពិសេស​ជា​ដំណឹង​ល្អ​សម្រាប់​អាមេរិក​ដែល​នឹង​គេច​ផុត​ពី​វិបត្តិ​ខ្វះ​ប្រាក់​សង​បំណុល។ ​

គេនៅ​មិន​ទាន់​ដឹង​អំពីខ្លឹម​សារ​លម្អិតនៃ​កិច្ច​ព្រមព្រៀងជា​គោលការណ៍នេះ​ទេ។ ប៉ុន្តែ​បើ​តាមប្រភព​ស្និទ្ធនឹ​ងការចរចា រដ្ឋាភិបាល​និង​បក្ស​ប្រឆាំង​ព្រមព្រៀង ដំឡើង​កំរិត​អតិបរមា​នៃ​ប្រាក់​បំណុល​សាធារណៈ​រយៈ​ពេលពីរ​​ឆ្នាំ​ ពោលគឺ ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២៤​ទៅទៀត។ ហើយ​ក្នុង​អំឡុងពេល​ពីរ​ឆ្នាំ​នោះ រដ្ឋាភិបាល​ត្រូវកាត់​បន្ថយ​ចំណាយ​សាធារណៈ តែ​មិន​កាត់​ខ្លាំង​ដូច​ការ​ចង់​បាន​របស់​បក្ស​សាធារណរដ្ឋ​ពី​ដំបូង​ទេ។ ចំណាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារ​ជាតិ នៅ​រក្សា​ទុកដដែល​នៅ​ឆ្នាំ​ក្រោយ ទាល់​តែ​ឆ្នាំ​២០២៥​ទើប​មាន​កើន​បន្តិច។ កម្មវិធី​ជំនួយ​សហព័ន្ធ​ខ្លះ​ត្រូវ​កែប្រែ តែ​បើ​តាម​ប្រភព​ដដែល កិច្ចព្រមព្រៀង​នៅតែ​ការពារ​ច្បាប់ប្រឆាំង​នឹង​អតិផរណា និង​ផែនការបន្ថយ​បំណុល​និស្សិត​ដដែល។

លោក​ប្រធាន​សភា​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ នៅថ្ងៃអាទិត្យ​នេះជា​ថ្មី​​ទៀត ដើម្បី​បង្ហើយ​កិច្ចព្រមព្រៀង ហើយ​​អាច​ផ្សព្វផ្សាយនៅក្នុង​ថ្ងៃ​នេះ​តែម្តង មុន​នឹង​បញ្ជូន​ទៅ​ឱ្យ​សភា​និង​ព្រឹទ្ធសភា​អនុម័ត នៅ​ថ្ងៃ​ពុធ​ទី ៣១​ឧសភា​ខាង​មុខ។​ មេដឹកនាំ​ទាំង​ពីរ ក៏​ត្រូវ​បន្ត​​បញ្ចុះ​បញ្ចូល​សមាជិក​សភា​និង​ព្រឹទ្ធសភា មួយ​ចំនួនទៀត​ដែល​ខ្លះ​មាន​គំនិត​ប្រឆាំង​ខ្លាំង​ មិន​ចង់​ធ្វើ​សម្បទាន​ឱ្យ​គូ​បដិបក្ស​ទេ។

​កំរិត​អតិបរិមា​នៃ​ប្រាក់​បំណុល​សាធារណៈ​ជា​អ្វី​ ?

នៅអាមេរិក ការ​កំណត់​កំរិត​អតិបរមានៃ​ប្រាក់​បំណុល​សាធារណៈ មាន​កំណើត​តាំងពី​សង្គ្រាម​លោកលើក​ទីមួយ​មក​ នៅ​ពេល​សហរដ្ឋ​អាមេរិក​ចង់​សម្រួល​ដំណើរ​បែប​បទ​​ខ្ចី​លុយ​ មក​ធ្វើ​សង្គ្រាម ដោយ​មិន​បាច់​ពិបាក​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ព្រឹទ្ធសភា ជា​រៀង​រាល់​លើក​។ ព្រឹទ្ធសភា​សម្រេច​កំណត់​ត្រឹម​អត្រា​អតិបរមា​ដែល​មិន​ត្រូវ​ឱ្យ​ហួស។ តាំងពី​ឆ្នាំ​១៩៦០មក ព្រឹទ្ធសភា​បាន​ដំឡើង​កំរិត​អតិបរមា​នៃ​ប្រាក់​បំណុល​សាធារណៈ​ចំនួន ៧៨ដង​ហើយ។

សម្រាប់​ពេល​នេះ​ ​សភាបាន​បោះឆ្នោត​អនុម័ត និង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាលមាន​​បំណុល​សាធារណៈ​ ជា​អតិបរមា​​ ៣១៤០០ពាន់​លាន​ដុល្លារ។ តែបំណុល​សាធារណៈ​របស់​រដ្ឋាភិបាល​លោក​បៃដិន បានឡើង​ដល់​កំរិត​អតិបរមា​នេះ តាំងពី​ខែ​មករា​ ដើម​ឆ្នាំ ហើយ​តាំងពី​នោះ មក​ អាមេរិក​បង់​វិក័យប័ត្រ​ផ្សេងៗ ដោយសារ​កញ្ចប់​ថវិកា​បន្ទាន់​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​បៃដិន​ត្រូវ​ចរចាដំឡើង​ជាមួយ​សភា​។ ចំណែក​សភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង​ក៏​ឆ្លៀត​ប្រើ​ដំណើរ​ច្បាប់​នេះជា​សម្ពាធ​នយោបាយ។

​វិបត្តិ​ប្រាក់​បំណុល​និង ​វិបត្តិ​ជាប់​គាំង​ថវិកា​ Shutdown?

នេះ​គឺ​ជា​យន្តការ​ពីរ​ផ្សេង​គ្នា ដែល​គ្មាន​ពាក់ព័ន្ធ​គ្នា​ទេ បើ​ទោះ​បី​អ្នក​ប្រឆាំងសំលៀង​មាត់​​ត្រៀម​ចាំ​វាយប្រហារ​ពេល​ជជែក​អំពី​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំក៏​ដោយ។

បើ​តាម​វិទ្យាស្ថានសិក្សា​សេដ្ឋកិច្ច ​ Brookings Institution ការ​ដំឡើង​កំរិត​អតិបរមា​នៃ​បំណុល​សាធារណៈ​ ធ្វើ​ឡើង​សម្រាប់​បង់​សង​លើ​ចំណាយ​ដែល​កំណត់​រួច​ ចំណែក​ឯ​វិបត្តិ​ថវិកា​ ដែល​អាច​នាំ​ឱ្យ​ស្ថាប័ន​រដ្ឋបាល​សហព័ន្ធមួយ​ចំនួន​ត្រូវ​បិទ​ទ្វារ​នោះ មាន​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​អនាគត​។ ជា​​ចំណាយ​ប្រចាំ​ឆ្នាំ​ដែល​រដ្ឋាភិបាល​ត្រូវលើក​គម្រោង​ថវិកា​ស្នើ​ទៅ​សភា​ខុនហ្កេស ជា​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ (ចុងឆ្នាំ)។ សភា​អាមេរិក​ត្រូវ​អនុម័ត​ច្បាប់​ថវិកា​ប្រមាណ​១២​កញ្ចប់ ទាក់ទង​នឹង​ក្រសួង​សំខាន់ៗ​របស់​ប្រទេស។ បើ​សភា​មិន​អនុម័ត​កញ្ចប់​ថវិកា​ក្រសួងណា​មួយ​ នោះ​រដ្ឋាភិបាល​មិន​អាច​មាន​លុយ​ចំណាយ​ក្នុង​ក្រសួង​នោះ ហើយ​ភ្នាក់ងារ​សាធារណៈ​ក្រសួង​នោះ គ្មាន​ជម្រើស​អ្វី​ក្រៅ​អំពី​ផ្អាក​សកម្មភាព​មិន​ចាំបាច់​ ដូច​ដែល​យើង​ធ្លាប់​ឃើញ​កន្លង​មក គឺ​បុគ្គលិក​រដ្ឋការ​ត្រូវ​ឈប់​នៅផ្ទះ សេវា​សាធារណៈ​ខ្លះ​ត្រូវ​បិទ​ទ្វារ​។ នៅ​ឆ្នាំ​២០១៣ ​ច្បាប់​អូបាមាឃែរ បាន​ធ្វើ​អាមេរិក​ជួប​វិបត្តិជាប់គាំង​ថវិកា Shutdown​ អស់​១៦​ថ្ងៃនិង​នៅឆ្នាំ​២០១៨ អស់​៣៥ថ្ងៃ ដោយ​សភា​ប្រឆាំង​នឹង​ការ​សង់​ជញ្ជាំង​អន្តោប្រវេសន៍។

បើ​គ្មាន​ការ​ដំឡើង​កំរិត​អតិបរមា វិបត្តិ​​បំណុល​អាច​ធ្ងន់ធ្ងរ​ជាង​វិបត្តិ​ថវិកា​Shutdown ទៅ​ទៀត ព្រោះចាប់​ពី​ថ្ងៃ​ទី​៥​មិថុនា​ទៅ ​អាមេរិក​គ្មាន​លទ្ធភាព​បើក​ប្រាក់​ខែឱ្យ​បុគ្គលិក​រដ្ឋ បើក​ប្រាក់​សោធននិវត្តន៍ ឬ​សង​បំណុល​គេ​ទេ ... ភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល Fitch បាន​ដាក់​អាមេរិកក្រោម​​ការ​តាមដាន​តាំងពី​ថ្ងៃព្រហស្បតិ៍​មក ជាមួយ​ចំណាត់​AAA ដោយ​អះអាង​ថា​ ​គ្មាន​កិច្ចព្រមព្រៀង​ គឺ​ជា​សញ្ញា​អវិជ្ជមាន​ផ្នែក​អភិបាល​កិច្ច។ នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក៏​បាន​រិះគន់ដែរ​​ថា​អាមេរិកមិន​គួរ​ធ្លាក់​ក្នុង​ស្ថានភាពតាន​តឹង​​បែប​នេះ​សោះ។

កិច្ចព្រមព្រៀង​យប់​មិញ ជា​​​ខ្យល់​អុកស៊ីហ្សែន​បក់​ផ្លុំ​​ទីផ្សារ​ហិរញ្ញវត្ថុ​ឱ្យ​បាន​ធូរ​ស្បើយ​អារម្មណ៍​បន្តិច ព្រោះ​ថ្វីបើ​ទីផ្សារ​​មិន​ស្លន់ស្លោមែន​ តែគ្រប់​គ្នា​ចាប់​ទន្ទឹង​លទ្ធផល​ហើយ។ តាម​ទម្លាប់ ក្នុង​សំណុំ​រឿង​បែ​ប​នេះ ​មេដឹកនាំ​អាមេរិក​តែង​ព្រមព្រៀង​​គ្នា ​នៅនាទី​ចុងក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ