អានតួអត្ថបទ
អាមេរិក-វិបត្តិបំណុល-G៧

ប្រឈម​នឹង​វិបត្តិ​បំណុលក្នុង​ស្រុក ​លោកចូ បៃដិន បង្រួញ​ទស្សនកិច្ច​នៅ​អាស៊ី

លោកប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​បង្ហាញ​សុទិដ្ឋនិយម​ថា​​មាន​លទ្ធភាព​ដោះស្រាយ​វិបត្តិ​បំណុលក្នុង​ស្រុក​ មិន​ឱ្យ​លេច​ជា​រូប​រាង​​បាន​ នៅ​១៥​ថ្ងៃ​ទៀត​ខាង​មុខ។ ប៉ុន្តែ​លោកត្រូវការ​​ប្រឹងប្រែង​ខ្លាំង​បន្ថែម​ទៀត ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​សម្រេច​ចិត្ត​កាត់​បន្ថយ​រយៈ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​។

លោក ប្រធានាធិបតី​អាមេរិក ចូ បៃដិន នៅសេតវិមាន ថ្ងៃទី ១៦ ឧសភា​២០២៣
លោក ប្រធានាធិបតី​អាមេរិក ចូ បៃដិន នៅសេតវិមាន ថ្ងៃទី ១៦ ឧសភា​២០២៣ AP - Manuel Balce Ceneta
ផ្សាយពាណិជ្ជកម្ម

លោក​ ចូបៃដិន បាន​​ជួបជជែក​ជាមួយ​​ប្រធាន​គណបក្ស​សាធារណរដ្ឋ ប្រធាន​ក្រុម​បក្ស​ប្រជាធិបតេយ្យ​នៅ​សភា នា​ថ្ងៃ​អង្គារទី ១៦​ឧសភា​ម្សិលមិញ តាម​ទូរស័ព្ទ​ហើយ នៅ​តែ​ពុំ​អាច​រក​ឃើញ​ការ​ព្រមព្រៀង​បញ្ចៀស​វិបត្តិ​ថវិកាទៀត។ ក្រុម​អ្នក​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅសភា បាន​ដាក់​លក្ខខណ្ឌ​ថា ពួកគេ​យល់​ព្រម​ឱ្យ​អាមេរិក​ដំឡើងកំរិតអតិបរិមា​​ប្រាក់​បំណុលជាតិ​​ ដរាប​ណា​តែរដ្ឋាភិបាល​ព្រម​ធ្វើ​​​សម្បទាន​ជុំ​វិញ​កញ្ចប់​ថវិកា​រដ្ឋដែរ។ ឯ​ខាង​​លោក​បៃដិន និង​គណបក្ស​ប្រជាធិបតេយ្យ​មិន​ចង់​ចង​ភ្ជាប់​រឿង​ពីរ​នេះ​ចូ​ល​គ្នា​ទេ។ ដូច្នេះ​នៅ​មាន​ការ​​លំបាកជា​ច្រើន​ទៀត ដែល​​ ​ក្រុមការងារ​របស់​ប្រធានាធិបតី និង​ក្រុម​អ្នក​សាធារណរដ្ឋ​ ត្រូវ​បន្ត​ចរចា។ ហើយ​លោក​ប្រធានាធិបតី បៃដិន ​នឹងទទួល​​ជួប​ ដោយ​ផ្ទាល់​ទល់​មុខ​គ្នា​ជា​ថ្មី នៅ​ថ្ងៃអាទិត្យ ពេល​លោក​ត្រលប់​មក​ពី​ប្រជុំ​G៧ នៅ​ប្រទេស​ជប៉ុន​វិញ។

ទោះ​ជា​ទទួលស្គាល់​ថា​នៅ​មាន​ចំណុច​ខ្ទាស់​គ្នា​ច្រើន​​ក្តី ក៏​បើ​តាម​សេតវិមាន ​លោកប្រធានាធិបតី​ចូបៃដិន នៅ​តែ​មាន​សុទិដ្ឋនិយម​ថានឹ​ង​រក​ឃើញ​កិច្ចព្រមព្រៀង​ថវិកា​ដ៏​សមរម្យ​មួយ បញ្ចៀសមិន​ឱ្យ​​វិបត្តិជាប់​គាំង​ថវិកា​ទេ។ ប៉ុន្តែភាព​បន្ទាន់ផ្នែក​​ថវិកា និង​ការ​លំបាក​នៃ​ការ​ចរចា បាន​ជំរុញ​ឱ្យ​​លោកប្រធានាធិបតីអាមេរិក​ ​មិន​អាច​ចេញ​ទៅ​បំពេញ​​ទស្សនកិច្ច​នៅ​​អាស៊ី ដោយ​ស្ងប់ចិត្ត​និង​តាម​​គម្រោងឡើយ។ ​ លោកប្រធានាធិបតី​ ​ត្រូវ​បង្រួញ​ពេល​បំពេញទស្សនកិច្ច​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និងបាន​​លុប​ចោល​ជំនួប​ការទូត​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​ផ្តល់​អាទិភាព​ដល់​តែ​ជំនួប​កំពូល​ហ្សេ៧ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ។

ដូច្នេះលោកប្រធានាធិបតី បៃដិន មិន​អញ្ជើញ​ទៅ​អូស្ត្រាលី និង​ប៉ាពូអាស៊ីនូវែលហ្គីណេ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​សប្តាហ៍​ក្រោយ​ទេ។ ជំនួប​ចតុភាគី Quad អាមេរិក ជប៉ុន​ អូស្ត្រាលី ​និង​ឥណ្ឌា​នៅ​ក្រុង​ស៊ីដនី ត្រូវ​លុប​ចោល ដោយ​ឆ្លៀត​​ទៅ​ជួប​ជុំ​គ្នា​នៅជប៉ុន នា​ឱកាស​​ជំនួប​កំពូល​ហ្សេ៧វិញ​។ ​នេះ​បើ​តាម​សេចក្តី​​ជូន​ដំណឹងរបស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ដោយ​អះអាង​ថា ជំនួប​ទ្វេភាគី​អូស្ត្រាលី​-ឥណ្ឌា​ត្រូវ​រក្សា​ទុក​នៅ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ