អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ចិន​ពិតជា​ដាក់​ត្រចៀក​ ​ចាំ​ឈ្លបស្តាប់​​អាមេរិក​ ​ពី​​គុយបាមែន​ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍​ទី ១០ មិថុនា​២០២៣​នេះ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​សេតវិមាន​ម្នាក់ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអះអាងថា ចិន​បាន​ព្យាយាម​បើក​ប្រតិបត្តិការ​ចារកិ​ច្ច​អាមេរិក​ពី​ទឹក​ដី​គុយ​បា តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ និង​បាន​សម្រិតសម្រាំង​សមត្ថភាព​​ឈ្លបការណ៍​​កាន់​ខ្ពស់​បន្ថែម​ទៀត នៅ​ឆ្នាំ​២០១៩។ ​សេចក្តី​ប្រកាស​​របស់​អ្នក​ទទួល​ខុស​ត្រូវ​រូប​នេះ ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ក្រោយ​ការ​បដិសេធ​ជា​ផ្លូវការ​ របស់​ក្រសួងការពារ​ជាតិ​​អាមេរិក និង​ភាគី​គុយបា ថា​គ្មាន​ការ​កិច្ចព្រមព្រៀង​ចិន-គុយបា បង្កើត​ស្ថានីយ៍​ចារកម្ម​លើ​កោះ​ ដូច​អ្វី​ដែល​​សារព័ត៌មាន​អាមេរិក Wall Street Journal បាន​ទម្លាយទេ។

តើ​ចិន​ពិតមាន​​​ត្រចៀកនៅ​គុយបា​ ​ចាំ​ឈ្លបការណ៍ពី​អាមេរិក​ មែន​ឬ ?
តើ​ចិន​ពិតមាន​​​ត្រចៀកនៅ​គុយបា​ ​ចាំ​ឈ្លបការណ៍ពី​អាមេរិក​ មែន​ឬ ? AP - Kiichiro Sato
ផ្សាយពាណិជ្ជកម្ម

រឿងចចាមអារាម​​ចារកិច្ច​ចិន​នៅគុយបា កំពុង​ចាប់​រីក។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៨ មិថុនា អ្នក​នាំពាក្យ​ទីប្រឹក្សាស​ន្តិសុខ​ បាន​ចាត់ទុក​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក​ ជុំ​វិញ​ការ​ចុះ​​កិច្ចព្រមព្រៀង​​បង្កើត​ស្ថានីយ៍​ឈ្លបការណ៍​ រវាង​ ចិនគុយបា ជា​ព័ត៌មាន​មិនពិត។ តែ​នៅថ្ងៃ​នេះ ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​នៅ​សេតវិមាន ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​អះអាង​បញ្ច្រាស​វិញ ថា រដ្ឋបាល​អាមេរិក​បាន​ប្រាប់​លោក​ប្រធានាធិបតី​អាមេរិក ចូបៃដិន តាំងពី​លោក​បាន​ចូល​កាន់​តំណែង​នៅ​ខែមករា​២០២១​ភ្លាម អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន ក្នុង​ការ​បង្កើត​មូលដ្ឋាន​ នៅ​ទូទាំងពិភពលោក ក្នុង​កម្មវត្ថុ​ស៊ើបការណ៍។ នៅក្នុង​ចំណោម​នោះ មាន​មួយ ជា​​ការ​សាងសង់​ស្ថានីយ៍​ចារកិច្ច​នៅ​គុយបា​ ហើយ​មណ្ឌល​នេះ​ទើប​ត្រូវ​បាន​ចិន​កែលម្អ​ឱ្យ​បាន​កាន់​តែប្រសើរ​ឡើង​ថែម​ទៀត នៅ​ឆ្នាំ​២០១៩។ ភ្នាក់ងារ​អាមេរិក​មាន​ឯកសារនេះ​ទាំងអស់។ នេះ​តាម​មន្ត្រី​សេតវិមាន​ដដែល​ដែល​ធានាថា​ រដ្ឋបាល​បៃដិន គ្រប់គ្រង​ស្ថានការណ៍​​​បក​នឹង​គម្រោង​តាំងទី​ចារកិច្ច​របស់​ចិននៅលើ​ពិភពលោក ដោយ​ប្រុងប្រយ័ត្ន​បំផុត​ និង​ស្ងាត់ៗ​បំផុត តាម​ផ្លូវការទូត​ជាមួយ​បណ្តា​រដ្ឋាភិបាល​ជា​ច្រើន។ រដ្ឋាបាល​អាមេរិក​បាន​ពន្យឺត​សកម្មភាព​ចិន​បាន​ច្រើន តែ​ត្រូវ​ខ្វល់​ខ្លាំង​និង​ប្រឹង​បន្ថែម​ទៀត ទាក់​ទង​នឹង​ស្ថានភាព​ចារកិច្ច​ចិន​ពី​គុយបា។ ចិន​បន្ត​ពង្រឹង​វត្តមាន​នៅគុយបា ឯ​អាមេរិក​បន្ត​ធ្វើ​ការ​ដើម្បី​រារាំង។ នេះ​បើ​តាម​ប្រភព​ដដែល។​

ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច

​បើ​ឧបមាន​ថា​ចិនមានបើ​មាន​​ស្ថានីយ៍​ចារកិច្ច​ចិននៅ​គុយបាមែន នោះ​ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ សម្រាប់​សន្តិសុខ​អាមេរិក ព្រោះ​ កោះ​គុយបាមាន​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ស្ថិត​នៅចម្ងាយ​ប្រមាណ​តែ​១៦០គីឡូម៉ែត្រ ពីរដ្ឋ​ផ្លរីដា។ ​ដូច្នេះ​ ចិន​ អាច​ឈ្លប​យកការណ៍​បាន​គ្រប់​រឿង​ហេតុ​កើត​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ដែល​មាន​ទីតាំង​និ​ងមូលដ្ឋាន​យោធា​ជា​ច្រើន។ កាសែត​អាមេរិក​បាន​បញ្ជាក់​ថា ​មណ្ឌល​លប​ស្តាប់​នៅគុយបា នោះ​ចិន​នឹង​អាច​ប្រមូល​​គ្រប់​ប្រភេទ​នៃ​ព័ត៌មាន​ទាំងអស់ ដែល​គេ​អា​ច​ចាប់​បាន​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ដូច​ជា​កា​រនិយាយ​តាម​ទូរស័ព្ទ អ៊ីមែល ឬ​ការ​ផ្ទេរ​ទិន្នន័យ​តាម​ផ្កាយ​រណប ...

មណ្ឌល​ចារកិច្ច​ចិន-គុយបា​ មិនល្អ​សម្រាប់អាមេរិក តែ​វា​រឿង​ឡូហ្ស៊ិក ខ្លាំងណាស់ ព្រោះ​ចិននិងគុយបា មាន​គោលជំហរ​នយោបាយ​ស្និទ្ធ​នឹង​គ្នាស្រាប់​ផង ហើយគុយបា​កំពុង​អាក់អន់​ចិត្ត​នឹង​អាមេរិក​ តាំងពី​វ៉ាស៊ីនតោន​បាន​បញ្ចូលគុយបាជា​ថ្មី​ ទៅក្នុង​បញ្ជីរដ្ឋគាំទ្រ​ភេរវនិយម​កាលពី​ថ្ងៃទី ១២​មករា​២០២១។ ឱកាសបែប​នេះ​ ចិន​ប្រាកដ​ទាញ​ចំណេញ​ មិន​ឱ្យ​ខក​ខាន​បាន​ឡើយ។ នេះបើ​តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​អាមេរិក នៅ​ Team for the Study of Security​​។

​អាច​ដាក់​វត្តមាន ​​នៅ​ទ្វីប​អាមេរិក ពិត​ជា​សំខាន់​ខ្លាំងណាស់ ក្នុង​ការ​ប្រមូល​ព័ត៌មាន​ចាំបាច់​ជា​ច្រើន​សម្រាប់ ​វាស់ស្ទង់​ដឹង​អំពី​សមត្ថភាព​យោធា​របស់​អាមេរិក ដែល​នឹង​អាច​ធ្វើ​អន្តរាគមន៍​យោធា​ប្រឆាំង​នឹង​ចិន មិន​ថា​ក្នុង​ជម្លោះ​ជា​តៃវ៉ាន់​ឬ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង និង​វាស់​ដឹង​ថា​តើ​ចិន​ខាត​បង់​ប៉ុនណា​បើ​សម្រេច​ធ្វើ​សង្គ្រាម។

មាន​ភ្នែកមាន​ត្រចៀក​នៅ​គុយបា​ ក៏​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​​ផ្នែក​សេដ្ឋកិច្ច។ ក្រុមហ៊ុន​ធំៗ​នៅ​ចិន ពិត​ជា​ចង់​បាន​ព័ត៌មាន​ប្រមូល​បាន​មក​ពី​ក្រុមហ៊ុន​ជា​គូប្រជែង​នៅ​តិចសាស់ ឬ​នៅ​ផ្លរីដា ជា​ប្រាកដ។

ជា​ចុងក្រោយក្នុង​សង្គ្រាម​ចារកិច្ច​ ចិន​គិត​ថា​ត្រូវ​តែ​មាន​អាវុធ​ដូច​អាមេរិក។ អាមេរិក​មាន​កិច្ចព្រមព្រៀង​ចារកិច្ច​ជាមួយ​តៃវ៉ាន់ នៅកៀក​បង្កើយ​នឹង​ប៉េកាំង ដូច្នេះ​ចិន​ក៏​ត្រូវ​មាន​មូលដ្ឋានលួចស្តាប់​​នៅ​មាត់​ទ្វារ​ផ្ទះ​អាមេរិក​គឺ គុយបាដែរ។​​

ធ្លាយ​ព័ត៌មានចារកិច្ច​មុន​ទស្សនកិច្ច​របស់​ប្រមុខការទូត​អាមេរិក​នៅ​ប៉េកាំង

សំណុំ​រឿង​នេះ មាន​លក្ខណៈ​រសើបខ្លាំងណាស់ ខាង​ផ្នែក​ការទូត ក្នុង​ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​ដែលសង្ឃឹម​ស្តារ​ទំនាក់​ទំនង​ជាមួយ​ប៉េកាំង​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​ តាម​រយៈ​គម្រោង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ស៊ីជីនពីង នាពេល​ខាង​មុខ។

លើ​ផ្នែក​នយោបាយ​វិញ​ នេះ​ជា​ប្រធានបទដ៏​ទើសទាល់​ខ្លាំងណាស់​សម្រាប់​លោក​ចូបៃដិន ដែលត្រូវ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​​អាណត្តិទីពីរ នៅឆ្នាំ​២០២៤ខាង​មុខ។ បក្ស​ប្រឆាំង​តែង​បន្ទោស​លោក​ជា​ញឹកញយ​ ថា​មាន​ជំហរ​ធូរ​រលុង​ជាមួយ​ចិន និង​គុយបា។ ជា​ការ​ពិត​បញ្ហា​គុយបាគ្មាន​ចារ​ក្នុងគម្រោង​​អាទិភាព​របស់​ប្រធានាធិបតី​បៃដិន​ទេ។ តែ​កិច្ចសហប្រតិបត្តិការ​ចិន​-គុយបា​ ក្នុង​វិស័យ​ចារកិច្ច បាន​មក​ដាស់​សេតវិមាន​ឱ្យ​ឃើញ​អំពីគ្រោះថ្នាក់​នៃ​ការ​មិន​យក​ទុក​ដាក់​លើគុយបា។

ចំណុច​​​ចៃដន្យ​មួយ​ទៀត​ គឺ​ ​ការ​​ទម្លាយ​រឿង​ចារកិច្ចចិន​​នេះ​ឡើង​ ​ចំពេល​​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ គ្រោង​​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិនជា​ថ្មី​។ លើក​មុន​​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២៣ ដោយហេតុ​រឿង​អាស្រូវ​​​ចារកិច្ច​ចិនបង្ហោះបាល់ឡុង ​លោករដ្ឋមន្ត្រីការបរទេស អង់តូនី ប្លីងកិន បានលុប​ទស្សនកិច្ច​នៅ​ប៉េកាំង​ នៅ​នាទី​ចុងក្រោយ​តែម្តង ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ទង្វើ​ចារកិច្ច​ចិន។ ទស្សនកិច្ច​ ​ត្រូវ​លើកពេលទៅ​ថ្ងៃទី ១៨ មិថុនា​សប្តាហ៍​ក្រោយវិញ។ ហើយ​ជិតដល់​ថ្ងៃ​ទៅ​ ស្រាប់​លេច​ធ្លាយ​រឿង​អាស្រូវ​ចារកិច្ច​នៅគុយបាម្តង។ ដូច្នេះ​គេ​​ពិត​ជា​អាច​ចោទ​សួរ​បាន​តើ​ការ​ទម្លាយ​ព័ត៌មាន​នេះ មានបង្កប់​ចេតនា​​បង្អាក់​ទស្សនកិច្ច​លោក​ប្លីងកិន​នៅប៉េកាំង​ជា​លើក​ទីពីរឬយ៉ាងណា ? ប៉ុន្តែ​ទោះក្នុង​ហេតុផល​ណា​ក៏​ដោយ ​ក៏ការ​ធ្លាយ​ព័ត៌មាន​ចារកិច្ច​នេះ ពិត​ជាមិនសម្រួល​ដល់​​គំនិត​ផ្តួចផ្តើម​ស្តារ​ទំនាក់ទំនង​ចិន-អាមេរិកទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ