អានតួអត្ថបទ
គុយបា-ចិន

អាមេរិក និងគុយបា​ទាល់ចោល​ការចុះផ្សាយ​ដែលថាគុយបា​ផ្តល់កន្លែង​ឲ្យ​ចិន​បើកការិយាល័យ​លួចស្តាប់ការសម្ងាត់

ចិន និងគុយបា​បាន​ចុះកិច្ចព្រមព្រៀង​ដើម្បី​អនុញ្ញាត​ឲ្យ​ចិន​បើកកន្លែង​យកការណ៍សម្ងាត់​នៅក្នុង​ទឹកដី​គុយបា ដូចការចុះផ្សាយ​របស់​កាសែត​អាមេរិក Wall Street Journal? ក្រសួងការពារ​ជាតិអាមេរិក កាលពីថ្ងៃ​ព្រហស្បតិ៍ បានចេញមុខ​បដិសេធ​ការចុះផ្សាយ​របស់កាសែតអាមេរិក ចំណែក​គុយបា តាមរយៈ​អនុរដ្ឋមន្រ្តីការបទេស​ចាត់ទុក ព័ត៌មានចុះផ្សាយ ក្នុង​កាសែត Wall Street Journal ថា ជា​ព័ត៌មានភូតកុហក គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

ទង់ជាតិគុយបា និងចិន នៅក្នុងអំឡុងទស្សនកិច្ច​របស់​ប្រមុខការបរទេស​គុយបា នៅទីក្រុង​ប៉េកាំង នៅ​ឆ្នាំ ២០១៩
ទង់ជាតិគុយបា និងចិន នៅក្នុងអំឡុងទស្សនកិច្ច​របស់​ប្រមុខការបរទេស​គុយបា នៅទីក្រុង​ប៉េកាំង នៅ​ឆ្នាំ ២០១៩ AP - Florence Lo
ផ្សាយពាណិជ្ជកម្ម

ឧត្តមសេនីយ៍ Pat Ryder អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិអាមេរិក ​និយាយ​ថា ជាមួយ​នឹង​ព័ត៌មាន​ដែល​គេទទួលបាន វាមិនមែនជារឿងពិតនោះទេ ដែល​ថា អាមេរិក​បានដឹង​ពី​គម្រោង ចិន​ចង់​អភិវឌ្ឍ​បង្កើត​មូលដ្ឋានស៊ើបការណ៍សម្ងាត់​នៅគុយបា។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិកតាមដាន​ជាប់ជាអចិន្រ្តៃយ៍​ទំនាក់ទំនងរវាង​ចិន និងគុយបា។

ដោយ​ដកស្រង់ប្រភពមន្រ្តីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ កាសែត​សេដ្ឋកិច្ច របស់អាមេរិក កាសែត Wall Street Journal បាន​ចុះផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ថា ចិន និងគុយបា បានចុះកិច្ចព្រមព្រៀង​ដែល​នៅក្នុងនោះ ចិន​ត្រូវ​ផ្តល់ទៅ​ឲ្យគុយបា​នូវ​ទឹកប្រាក់រាប់ពាន់លាន​ដុល្លារ​ដើម្បីសាងសង់ ទីតាំងអេឡិចត្រូនិកលួចស្តាប់​របស់​ចិន នៅក្នុងទឹកដីគុយបា។

ប្រតិកម្ម​នឹង​ការចុះផ្សាយ​របស់​កាសែត​អាមេរិក អ្នកនាំពាក្យ​របស់សេតវិមាន លោក​John Kirby​បាននិយាយ​ប្រាប់​ទូរទស្សន៍ MSNBC ថា ព័ត៌មាន​របស់​កាសែត Wall Street Journal ជាព័ត៌មាន​មិនពិត។

នៅថ្ងៃ​ព្រហស្បតិ៍ ទូរទស្សន៍ CNN ក៏បានចុះផ្សាយ​ព័ត៌មាននេះ ដោយ​បាន​ដកស្រង់​ប្រភពស្និទ្ធ​ទីភ្នាក់ងារស៊ើបការណ៍អាមេរិក។ តាម​CNN អាមេរិក​ទើប​ដឹង ពីគម្រោង​ចិន គុយបា នៅប៉ុន្មានសប្តាហ៍មុននេះ ប៉ុន្តែ មិន​ច្បាស់ថា តើ​ចិន​បាន​ចាប់ផ្តើម​ការដ្ឋាន​សាងសង់ហើយឬនៅ។

ទាំង​អាមេរិក និង​គុយបា បាន​ចេញមុខ​ទាត់ចោល​ការចុះផ្សាយ​របស់​កាសែត Wall Street Journal ដែល​ថា ចិន​មាន​គម្រោង​បង្កើត​មូលដ្ឋានទ័ព លួចស្តាប់​យកការណ៍ នៅក្នុងទឹកដីគុយបា។

ពីទីក្រុង​ឡាហាវ៉ាន អនុរដ្ឋមន្រ្តីការបរទេស​គុយបា លោក Carlos Fernandez de Cossio​បានចេញសេចក្តីថ្លែងការណ៍ ទាត់ចោល​ការចុះផ្សាយ​របស់​កាសែត​អាមេរិក។ តាម​អនុរដ្ឋមន្រ្តីការបរទេស​គុយបា គុយបា​ប្រឆាំង​រាល់​វត្តមាន​ទ័ព​បរទេស នៅ​អាមេរិកឡាទីន ដែលនៅក្នុងនោះមានផងដែរ មូលដ្ឋាន និង​កម្លាំងទ័ព​អាមេរិក

ប្រធាន​ដឹកនាំ​គណៈកម្មការ​ស៊ើការណ៍សម្ងាត់ របស់​ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃ​ព្រហស្បតិ៍ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ឆ្លើយតប​នឹង​គំរាមកំហែង​របស់ចិន ទៅលើ​សន្តិសុខ​ជាតិអាមេរិក។ សម្រាប់​សមាជិកព្រឹទ្ធសភាអាមេរិក វត្តមាន​មូលដ្ឋានទ័ព​របស់​ចិន នៅ​គុយបា ដែលស្ថិតនៅចម្ងាយ​តែ ១៦០គីឡូម៉ែត្រ ពី​រដ្ឋFlorida គឺ​ជារឿងដែល​មិន​អាចទទួលយកបាន ព្រោះវា ជា​គំរាមកំហែង​ដោយផ្ទាល់​ទឹកដីអាមេរិក។

នៅក្នុងសម័យសង្រ្គាមត្រជាក់ សហភាពសូវៀត បាន​បង្កើតទីតាំង​លួចស្តាប់យកការណ៍ នៅគុយបា។ អាមេរិក និង​សហភាពសូវៀត​វិះតែ​នឹងផ្ទុះសង្រ្គាមនុយក្លេអ៊ែរ​នឹងគ្នា នៅក្រោយ អាមេរិកដំឡើងសំឡេងប្រឆាំង​វត្តមានមីស៊ីលរបស់សហភាពសូវៀត​នៅ​គុយបា ដែល​បែរសំដៅទឹកដីអាមេរិក។ នៅទីបំផុត សហភាពសូវៀត​បាន​បញ្ឈប់គំរោងរបស់ខ្លួនវិញ ចំណែកអាមេរិក​សុខចិត្ត​ដកមីស៊ីលពីទឹកដីតួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ