អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិកត្រលប់ចូលជាសមាជិករបស់យូណេស្កូ ដើម្បីកុំ​ឲ្យចាញ់ប្រៀបចិន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

៦ឆ្នាំ​ក្រោយ​ដកខ្លួនចេញ​ពី​អង្គការ​យូណេស្កូ អាមេរិកបានដាក់ពាក្យសុំ​ចូល​ជា​សមាជិក​សាជាថ្មី​របស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ។ នៅថ្ងៃ​ចន្ទម្សិលមិញ នាយិកា​អង្គការ​យូណេស្កូ លោកស្រី អូដ្រេ អាហ្សូឡេ បាន​ប្រកាស​ដំណឹងដ៏ល្អនេះ ដល់​ប្រទេស​សមាជិក នៅ​ទីស្នាក់កា​របស់​​យូណេស្កូ នៅទីក្រុង​ប៉ារីស ។ អាមេរិក​ក្រោម​ការដឹកនាំ​របស់​រដ្ឋបាលលោកដូណាល់ ត្រាំ បាន​សម្រេចចិត្ត​ដកខ្លួន​ចេញ​ពី​អង្គការ​យូណេស្កូ ក្នុងហេតុផលថា ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិមួយនេះ មានជំហរលំអៀង ប្រឆាំង​អ៊ីស្រាអែល ដែលជា​សម្ព័ន្ធមិត្ត​របស់អាមេរិក។ នៅមុនដកខ្លួនទៅទៀត វ៉ាស៊ីនតោន​បាន​ផ្អាកឈប់បង់វិភាគទាន សម្រាប់កេសថវិកា​របស់​យូណេស្កូ តាំងពី​ឆ្នាំ ២០១១ ដើម្បី​ប្រឆាំងការសម្រេចចិត្តរបស់យូណេស្កូ ដែល​យល់ព្រមបោះឆ្នោត​យក​ប៉ាឡេស្ទីនជា​សមាជិកថ្មី។ ហេតុអ្វី​អាមេរិក​ត្រលប់មកសុំចូលជា​សមាជិករបស់អង្គការ​យូណេស្កូ?

ទីស្នាក់ការបស់​យូណេស្កូនៅទីក្រុង​ប៉ារីស
ទីស្នាក់ការបស់​យូណេស្កូនៅទីក្រុង​ប៉ារីស AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

អគ្គនាយិកា​អង្គការ​យូណេស្កូ លោកស្រី អូដ្រេ អាហ្សូឡេ បានកោះប្រជុំប្រទេស​សមាជិក កាលពីថ្ងៃ​ចន្ទម្សិលមិញ ដើម្បី​ប្រកាសដំណឹងដ៏ល្អ​ដែលថា អាមេរិក​បាន​ដាក់ពាក្យ​សុំចូល​ជា​សមាជិក​ឡើងវិញ របស់​អង្គការ​យូណេស្កូ។ តាម​ប្រធានអង្គការ​យូណេស្កូ ការបោះឆ្នោត​ទទួលយកអាមេរិក​ជា​សមាជិកឡើងវិញ របស់​យូណេស្កូ​នឹង​ប្រព្រឹត្តទៅ​នៅខែ​កក្កដា នៅក្នុងជំនួបកំពូល​របស់​យូណេស្កូ។

សម្រាប់​អគ្គនាយិកា​អង្គការ​យូណេស្កូ លោកស្រី Audray Azoulay ការដាក់ពាក្យសុំរបស់​អាមេរិក​ដើម្បី​ចូលជាសមាជិក​របស់យូណេស្កូ គឺជា​ដំណឹងដ៏ល្អបំផុត ព្រោះ​វា​បញ្ជាក់​ពី​ការទទួលស្គាល់​អាណត្តិ របស់​អង្គការយូណេស្កូ ដែលធ្វើការទៅលើផ្នែកអប់រំ វិទ្យាសាស្រ្ត និង​វប្បធម៌។ ការវិលត្រលប់​របស់​អាមេរិក​ក៏សំខាន់ណាស់ដែរ ព្រោះថា អាមេរិក​ជា​ប្រទេស​ដែលផ្តល់​វិភាគទាន​ច្រើនជាងគេសម្រាប់អង្គការ​យូណេស្កូ ប្រមាណ ២២% នៃ​ថវិកា​សរុប​របស់​យូណេស្កូ។

មន្រ្តីទូត​នៅយូណេស្កូនិយាយ​មិនលាក់ទេ​ថា ពួកគេបាន​ធូរទ្រូងច្រើនខ្លាំង នៅពេល​លឺថា អាមេរិកត្រលប់ចូល​ជាសមាជិក​របស់​យូណេស្កូ ព្រោះថា ចាប់តាំង​ពី​អាមេរិក ដកខ្លួន និង​ឈប់​ផ្តល់​វិភាគទាន ដល់​យូណេស្កូ តាំង​ពី ឆ្នាំ ២០១១ កញ្ចប់​ថវិការបស់​យូណេស្កូ ត្រូវ​ថយចុះ ដែលជាហេតុធ្វើ​ឲ្យ​យូណេស្កូ​ត្រូវរឹតត្បិតហិរញ្ញវត្ថុ កាត់បន្ថយ​បុគ្គលិក និង​កាត់បន្ថយ គម្រោង​សកម្មភាព ជាច្រើន នៅក្នុង​ពិភពលោក។

សម្រាប់​អគ្គនាយិកា​អង្គការ​យូណេស្កូ ការវិលត្រលប់​របស់អាមេរិក ក្នុង​អង្គការយូណេស្កូ មិន​ត្រឹមតែ​ពង្រឹង​សន្ទុះនយោបាយ និង​យុទ្ធសាស្រ្ត​របស់​យូណេស្កូ ប៉ុន្តែ ប្រាកដគ្មានសង្ស័យ វត្តមាន​របស់អាមេរិក ជាសមាជិក​របស់យូណេស្កូ​នឹង​ជួយធានាស្ថិរភាព​កញ្ចប់ថវិកា​របស់​យូណេស្កូ។

គេរំពឹងថា ជាមួយការវិលត្រលប់​របស់​អាមេរិក ដែលតំណាង​ឲ្យ​២២%នៃ​កញ្ចប់ថវិកាសរុបរបស់យូណេស្កូ គេអាច​ចាប់ផ្តើម​ជំរុញ​កម្មវិធី គម្រោង​ការនានា​របស់​យូណេស្កូ​ដែលមានតាំង ពីការប្រយុទ្ធប្រឆាំង​ការប្រែប្រួលអាកាសធាតុ ការបង្រៀនក្មេងស្រីនៅតាមបណ្តាប្រទេស​ក្រីក្រជាដើម។

អាមេរិក​សុខចិត្ត​បង់ប្រាក់បំណុលដែលខ្លួនជំពាក់យូណេស្កូ

ដើម្បី​អាច​ត្រលប់​ចូល​ជាសមាជិកឡើងវិញ​របស់​យូណេស្កូ អាមេរិក​មិនត្រឹមតែ​សុខចិត្ត​បង់ថវិកា ១៥០​លាន​ដុល្លារ ដែលជា​ចំណែក​វិភាគទាន​របស់ខ្លួនសម្រាប់​យូណេស្កូ តែប៉ុណ្ណោះទេ ប៉ុន្តែ អាមេរិក​នៅបានធ្វើ​ឲ្យគេ​ភ្ញាក់ផ្អើល ដោយ​សុខចិត្ត​បង់​សងបំណុល​ទាំងអស់ ដែលអាមេរិក ជំពាក់ ពោលគឺ​ប្រាក់ដែល​អាមេរិក ខកខាន​មិនបាន​បង់ ទៅ​ឲ្យយូណេស្កូ តាំង​ពី​ឆ្នាំ ២០១១។

យូណេស្កូ ជួបបញ្ហា​ថវិកា តាំងពី​ឆ្នាំ ២០១១ ដោយសារ​តែ​អាមេរិក​ក្រោមការដឹកនាំ​របស់​របស់លោកអូបាម៉ា​ម្ល៉េះ ឈប់ផ្តល់វិភាគទាន ដោយសារតែ​យូណេស្កូ​យល់ព្រម​ទទួលយក​ប៉ាឡេស្ទីនជា​សមាជិកថ្មី។ វាមិនមែនជា​កំហុស​របស់​លោកអូបាម៉ាទេ​ដែល​សម្រេចចិត្ត​ឈប់ផ្តល់​វិភាគទាន​ដល់​យូណេស្កូ ប៉ុន្តែ រដ្ឋបាលលោកអូបាម៉ា​ធ្វើដូច្នេះ ដោយសារតែ​ច្បាប់​របស់​អាមេរិក បង្កើតនៅ​ឆ្នាំ ១៩៩០ ដែល​ចែងថា អាមេរិក​ត្រូវ​ហាមដាច់ខាត ផ្តល់ថវិកា​ដល់​ស្ថាប័ន អង្គការ​ណាដែលធ្វើការ ទទួល​ស្គាល់ ប៉ាឡេស្ទីន។ សួរថា បើយូណេស្កូ នៅតែ​មានប៉ាឡេស្ទីន ជា​សមាជិក តើ​រដ្ឋបាល​លោកចូ បៃដិន​អាច​មាន​សិទ្ធិ​ផ្តល់ថវិកា​ដល់​យូណេស្កូបានយ៉ាងម៉េច? ការសម្រេចចិត្តវិលត្រលប់របស់អាមេរិក ទៅក្នុងអង្គការ​យូណេស្កូ មិនមែនជា​ការសម្រចចិត្ត​អត្តនោម័ត​របស់​លោកចូ បៃដិន ប៉ុន្តែ ជាការសម្រេចចិត្ត​ដែលបានទទួលការគាំទ្រ​ពីគណបក្ស​ទាំងពីរ​របស់អាមេរិក។ ដើម្បី​អាច​បង់វិភាគទាន ដែលជាលក្ខខណ្ឌ​មួយរបស់យូណេស្កូ ដើម្បីទទួល​អាមេរិកជាសមាជិក សភាអាមេរិក​បានបោះឆ្នោត កាលពី​ខែធ្នូ ឆ្នាំ ២០២២ ​លើកញ្ចប់​ថវិកា​មហាសាលមួយ ដែល​រដ្ឋបាលលោក​ចូ បៃដិនអាចយកទៅប្រើមួយចំណែក​សម្រាប់​បង់​ឲ្យយូណេស្កូ។ ប៉ុន្តែ ភ្លើងខៀវ​របស់​សភា​ឲ្យ​រដ្ឋាភិបាលប្រើកញ្ចប់ថវិកា​ដ៏មហាសាល ១,៧​ទ្រីលាន​ដុល្លារ នឹង​ចប់ត្រឹម ខែតុលា ឆ្នាំ ២០២៥។ ការណ៍នេះធ្វើ​ឲ្យគេ​បារម្ភ​ថា ពីស្ថិរភាពថវិកា ក្នុងករណី​អាមេរិក​មានការផ្លាស់ប្តូរ​ប្រធានាធិបតី។ អ្វីដែល​គេខ្លាច​នៅត្រង់ថា បើសិន​លោក​ដូណាល់ ត្រាំឈ្នះឆ្នោត ត្រលប់មកកាន់អំណាច អាមេរិកអាច​ត្រូវ​ដកខ្លួន និង​ឈប់​បង់វិភាគទាន​ឲ្យយូណេស្កូសាជាថ្មីម្តងទៀត។

អាមេរិក​សម្រេចចិត្ត​ត្រលប់​មក​ចូល​អង្គការ​យូណេស្កូ​ដើម្បី​ទប់ទល់អំណាចចិន?

មានហេតុផលពីរដែលធ្វើ​ឲ្យអាមេរិកសម្រេចចិត្ត​ត្រលប់​ចូលជាសមាជិក​របស់​យូណេស្កូ។ ទី១ អាមេរិក​បាន​ចរចា​សម្របសម្រួលជាមួយ​យូណេស្កូ​លើ​បញ្ហា​រសើប ប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែល​តែង​ជាដើមចម ធ្វើ​ឲ្យអាមេរិក និង​យូណេស្កូ រកាំរកូស​ដាក់គ្នា។

នៅក្រោមការដឹកនាំ​របស់​លោកស្រី អគ្គនាយិកាថ្មី យូណេស្កូ​បាន​ធ្វើកំណែទម្រង់​ច្រើន ជាពិសេស ដើម្បី​ស្វែងរក​ការយល់ព្រមព្រៀងភាគច្រើន នៅក្នុងការសម្រចចិត្ត​ទាក់ទង​នឹង​តំបន់ដើមបូព៌ា។

ឧទាហរណ៍ នៅពេល​អង្គការ​យូណេស្កូ ចុះបញ្ជី​រមណីយដ្ឋានរបស់​ប៉ាឡេស្ទីន ដែលស្ថិតក្នុងដែនដីកាន់កាប់ខុសច្បាប់របស់អ៊ីស្រាអែល អ៊ីស្រាអែលតែងចេញមុខប្រឆាំង។ ប៉ុន្តែ ឥលូវនេះ យូណេស្កូ ផ្លាស់ប្តូរ​វិធីសាស្រ្ត​ថ្មី ដើម្បីកុំ​ឲ្យមានការដំឡើងសំឡេងដាក់គ្នា​រវាង​ប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ជាក់ស្តែង យូណេស្កូ បាន​ទទួលស្គាល់ទីតាំង​ប្រវត្តិសាស្រ្ត​របស់​ប៉ាឡេស្ទីន ក្នុងបញ្ជីបេតិកភណ្ឌ​របស់​យូណេស្កូ ប៉ុន្តែ ដោយបញ្ជាក់ថា ទីតាំង​ស្ថិតក្រោមការចាត់ចែង​របស់​ប្រទេស​ហ្សកដានី អាជា្ញកណ្តាល។

កំណែទម្រង់​របស់យូណេស្កូគ្រាន់តែ​ជា​លេសមួយ ប៉ុន្តែ អាមេរិក​សម្រេចចិត្ត​ត្រលប់យូណេស្កូ ប្រាកដណាស់ គឺ​ដើម្បី បន្ទុចបង្អាក់​ការពង្រីក​ឥទ្ធិពល​របស់​ចិន។ នៅពេល​អាមេរិក​ដើរចេញពីយូណេស្កូ ចិន​បានក្លាយជា​ប្រទេស​ធំជាងគេដែលផ្តល់​ថវិកាដល់យូណេស្កូ ប្រមាណ ១១៥លាន​ដុល្លារ។ វិភាគទានច្រើន អាច​ធ្វើឲ្យ​ចិន​មាន​បុគ្គលិក មាន​សំឡេង​ឥទ្ធិពល​ច្រើន​នៅយូណេស្កូ។ នៅក្នុងឱកាស​និយាយការពារគម្រោង​ចូលជាសមាជិករបស់យូណេស្កូ នៅ​ព្រឹទ្ធសភា កាលពីខែ មេសា ឆ្នាំ ២០២៣ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនីប្លីងកិន​ផ្ទាល់​បាននិយាយ​ថា អវត្តមាន​របស់​អាមេរិក​កំពុង​ផ្តល់ប្រយោជន៍ច្រើន​ដល់​ចិន។ ចិន​មាន​ទម្ងន់សំឡេង​កាន់តែខ្លាំង​លើ​សំណុំរឿងអន្តរជាតិ ជាពិសេស​បញ្ញាសិប្បនិម្មិតដែល​ជា​សំណុំរឿងសំខាន់ មួយដែរ​សម្រាប់អាមេរិក។ ចាប់តាំង​ពី​ឆ្នាំ ២០២១ យូណេស្កូ ជាទីដែល​ចិន​មាន​ឥទ្ធិពល និង​ចូលរួម​សកម្មខ្លាំង កំពុង​រៀបចំ​បង្កើត បទដ្ឋាន ក្រមសីលធម៌ គ្រប់គ្រងបញ្ញាសិប្បនិម្មិត។

តាម​អគ្គនាយិកា​យូណេស្កូ អាមេរិក​នឹង​ខាតប្រយោជន៍ បើសិន ទុកកៅអី​របស់ខ្លួន​ឲ្យនៅទំនេរ​នៅយូណេស្កូ។ គ្មានកៅអី​នៅយូណេស្កូ អាមេរិក គ្មាន​ទម្ងន់សំឡេងអ្វី​ទៅលើ​ការបង្កើត​ច្បាប់ទាក់ទង​នឹងបញ្ញាសិប្បនិមិត្ត។

ផ្ទុយទៅវិញ ចិននៅតែ​មានទឹកមាត់ប្រៃអារកាត់​គ្រប់រឿង ដូចជា នៅអាហ្រ្វិក និង​នៅតំបន់ដើមបូព៌ាជាដើម ជាទីដែលយូណេស្កូ​មានគម្រោង​កម្មវិធីច្រើន។

ចិន​ទាមទារ​ឲ្យអាមេរិកត្រង់បង់សងប្រាក់ដែលខ្លួន​ជំពាក់យូណេស្កូ

អ្នកតំណាងចិន នៅអង្គការយូណេស្កូ លោក Jin Yangនិយាយ​ថា ចិន​មិន​ប្រឆាំង​នឹង​ការវិលត្រលប់​របស់អាមេរិក​នៅយូណេស្កូ ប៉ុន្តែ ចិន​ទាមទារ​ឲ្យអាមេរិក បង់លុយ​ដែលអាមេរិក​ខកខាន មិនបាន​បង់តាំងពី​១១ឆ្នាំមក។ លើសពីនោះ អ្នកតំណាងចិននៅបានចំអកធ្វើ​ឲ្យអាមេរិកអាម៉ាស់មុខ នៅពេលនិយាយ​ទាមទារ​ឲ្យ​អាមេរិក ប្រកាន់ខ្លួន ជា​មនុស្សធំ ព្រោះថា យូណេស្កូ មិនមែនជា​កន្លែងដែលគេអាច​ដើរចេញ ដើរចូល តាមចិត្តចង់​នោះទេ។ អាមេរិក ធ្លាប់​បាន​ដើរចេញ​ម្តងហើយ កាលពី​ឆ្នាំ ១៩៨៤ និង​វិលត្រលប់​មកយូណេស្កូវិញ នៅ​ឆ្នាំ ២០០៣ នៅក្នុងហេតុផល​ស្វែងរកការគាំទ្រ​ពីសហគមន៍អន្តរជាតិសម្រាប់​សង្រ្គាមអាមេរិក​នៅអាហ្វហ្កានីស្ថាន។

កាសែត​ស្រុកចិន បាន​សរសេរ​ដាស់តឿន យូណេស្កូ កុំ​ឲ្យធ្លាក់ក្នុងអន្ទាក់​របស់​អាមេរិក ព្រោះថា អាមេរិក​នឹង​អាច​ប្រើ​យូណេស្កូ ជា​ឈ្នាន់ ជាឧបករណ៍​សម្រាប់​ប្រឆាំង​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ