អាមេរិកដកខ្លួនចេញពីអង្គការយូណេស្កូ
អាមេរិករបស់លោកប្រធានាធិបតីដូណាល់ ត្រាំបានសម្រេចដកខ្លួនចេញពីអង្គការយូណេស្កូ។ តាមលោកស្រី អ៊ីរីណា បូកូវ៉ា អគ្គនាយិការអង្គការយូណេស្កូ អង្គការបានទទួលរួចហើយ លិខិតសុំដកខ្លួនជាផ្លូវការ ពីទីក្រុងវ៉ាស៊ីនតោន។ ទស្សនាវដ្តីអាមេរិកាំងធ្លាប់បានចុះផ្សាយហើយថា អាមេរិកនឹងប្រកាសដកខ្លួន នៅក្រោយការបោះឆ្នោត ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់អង្គការយូណេស្កូ ដែលគេនឹងដឹងយ៉ាងយូរបំផុត នៅថ្ងៃ សុក្រនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អគ្គនាយិការរបស់អង្គការយូណេស្កូបានសំដែងការសោកស្តាយដ៏ពន់ពេក ដែលអាមេរិកសម្រេចចិត្តដកខ្លួនចេញពីស្ថាប័នដែលធ្វើការទៅលើផ្នែកអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌។ នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ អគ្គនាយិកាអង្គការយូណេស្កូបាននិយាយថា លោកស្រីបានទទួលលិខិតសុំដកខ្លួន ជាផ្លូវការ ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោករេច ធីល័រសុន។
ជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល អាមេរិក ដែលធ្លាប់បានដើរចេញពីអង្គការយូណេស្កូ ពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ២០០៣ បានកាត់ផ្តាច់ជំនួយ លែងផ្តល់វិភាគទានហិរញ្ញវត្ថុដល់អង្គការយូណេស្កូ តាំងពីឆ្នាំ ២០១១ ដើម្បីប្រឆាំងជំទាស់នឹងការរើសបញ្ចូលប៉ាឡេស្ទីនជាសមាជិករបស់អង្គការយូណេស្កូ។ កាលណោះ ប្រធានអង្គការយូណេស្កូធ្លាប់បានបញ្ជាក់ពីសារៈសំខាន់ នៃការត្រូវការគ្នាទៅវិញ ទៅមករវាងអង្គការយូណេស្កូ និងសហរដ្ឋអាមេរិក។ សម្រាប់លោកស្រីនាយិកាយូណេស្កូ តម្រូវការនេះកាន់តែចាំបាច់ នាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបនឹងការគំរាមកំហែង របស់ក្រុមជ្រុលនិយមដ៏ហិង្សា ហើយនិងក្រុមភេរវជន ដែលចេះតែបង្កើនកម្លាំងបំផ្លាញមិនឈប់។
“នៅចំពោះមុខនៃការកើនឡើងនៃការស្អប់ឈ្នានីស និងអំពើហិង្សា “ការអប់រំបណ្តុះបណ្តាលមនុស្ស គឺជាបេសកកម្មដ៏សំខាន់ របស់អង្គការយូណេស្កូ ដើម្បីកសាង សន្តិភាព និងសន្តិសុខអន្តរជាតិ សម្រាប់ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស” នេះជាការបញ្ជាក់របស់លោកស្រី អ៊ីរីណា បូកូវ៉ា។
នៅថ្ងៃ ព្រហស្បតិ៍ ទស្សនាវដ្តីអាមេរិកាំង ឈ្មោះ Foreign policy សរសេរថា ការរឹតត្បិត ថវិកាជាតិអាមេរិកជាហេតុផលមួយ ក៏ ប៉ុន្តែ គឺនិន្នាការប្រឆាំងអ៊ីស្រាអែល សម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងស្ថាប័នយូណេស្កូ ដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនសម្រេចដកខ្លួនចេញពីសមាជិកក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូណេស្កូ។ បន្ទាប់ពីនេះ អាមេរិកមានឋានៈត្រឹមជាប្រទេសសង្កេតការណ៍តែប៉ុណ្ណោះ នៅក្នុងអង្គការយូណេស្កូ។
សម្រាប់មន្រ្តីទូតម្នាក់របស់អង្គការយូណេស្កូ ការដកខ្លួនរបស់អាមេរិក ជាការបាត់បង់មួយដ៏ធំសម្បើម។ វាមិនមែនមានតែរឿងលុយតែមួយមុខនោះទេ។ ការដកខ្លួនរបស់អាមេរិក ដែលជាប្រទេសមហាអំណាច លើលោកនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការជំរុញ លើកកំពស់ការ អប់រំ វប្បធម៌ ដែលជាវិស័យផ្លូវដង្ហើមរបស់អាមេរិក។
ការដកខ្លួនរបស់អាមេរិកចេញ ពីស្ថាប័នអន្តរជាតិយូណេស្កូ មិនមែនជាសញ្ញាល្អឡើយសម្រាប់ប្រទេសដៃគូរបស់អាមេរិក ជាពិសេស នៅក្នុងពេលដែលអង្គការយូណេស្កូ កំពុងត្រូវការជំនួយ និងការគាំទ្រ ដោយមិនអាចខាន។ គួរបញ្ជាក់ថា នៅក្នុងហេតុផលដាច់ដោយឡែក អង់គ្លេស ជប៉ុន និងប្រេស៊ីលនៅមិនទាន់បានបង់វិភាគទានហិរញ្ញវត្ថុនៅឡើយទេ សម្រាប់ឆ្នាំ ២០១៧។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ