អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កាណាដាជម្លៀស​ពលរដ្ឋមួយ​​​​ក្រុងYellowknife គេច​ពី​គ្រោះ​ភ្លើង​ឆេះព្រៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្រុង​យេឡូណាយ Yellowknife ក្រុង​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​ភាគ​ខាង​ជើង​ដែល​ស្ថិត​នៅចម្ងាយប្រមាណ​តែ​៥០០គីឡូម៉ែត្រ​ពី​តំបន់​ប៉ូល​អាកទិក ពលរដ្ឋ​បាន​ទទួល​បញ្ជា​ឱ្យ​ចាក​ចេញ​ពី​សម្បែង​ ដើម្បី​គេច​ពី​គ្រោះ​ភ្លើង​ឆេះព្រៃ។ អាជ្ញាធរ​បាន​ប្រកាសដាក់​ដែន​ដី​ប៉ែក​ពាយ័ព្យ​(ខាង​ជើង​ឆៀង​ខាង​លិច) ​ក្នុង​ភាព​អាសន្ន​ភ្លើង​ឆេះ​ និង​បាន​ជម្លៀស​ពលរដ្ឋ​ចេញ​តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​។ ជា​សរុប​ មាន​ភ្លើង​ព្រៃ​ជាង​២៣០​កំពុង​បន្ត​ឆេះ​យ៉ាង​សកម្ម​នៅក្នុង​តំបន់​ខាងជើង​កាណាដានេះ។

កាណាដា​ជម្លៀស​ពលរដ្ឋ​មួយ​ក្រុង​Yellowknife គេច​ពីគ្រោះ​ភ្លើង​ឆេះព្រៃ
កាណាដា​ជម្លៀស​ពលរដ្ឋ​មួយ​ក្រុង​Yellowknife គេច​ពីគ្រោះ​ភ្លើង​ឆេះព្រៃ © Скріншот із відео Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វីការ​ជម្លៀស​ពលរដ្ឋជួបការលំបាកខ្លាំង?

"ជា​សំណាង​អាក្រក់​ ស្ថានភាព​ភ្លើងឆេះ​​ព្រៃ​កាន់​តែ​សន្ធោសន្ធៅ និង​កំពុង​កំរិល​យ៉ាង​លឿន​មកគំរាមកំហែង​​ក្រុង Yellowknife ​យ៉ាង​ខ្លាំង" នេះ​បើ​តាម​​សេចក្តីថ្លែងការណ៍របស់​​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដែនដី​ពាយ័ព្យកាណាដា ដោយ​​បញ្ជា​ឱ្យ​​​ប្រជាពលរដ្ឋ​ទាំង​អស់ (ជាង​២ម៉ឺន​នាក់)ចាក​​​ចេញ​ពី​ក្រុង​Yellowknife ឱ្យ​មុន​ថ្ងៃ​សុក្រ​ថ្ងៃ​ត្រង់ និង​មិន​អាច​បង្អង់​រហូត​ដល់​ចុង​សប្តាហ៍​បាន​ទេ។ លោករដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថាក្នុង​ពេល​ភ្លាមៗ​នេះ ​ក្រុង​យេឡូណាយ គ្មាន​គ្រោះថ្នាក់​ផ្ទាល់​ទេ​ ប៉ុន្តែ​បើ​គ្មាន​ភ្លៀង​ធ្លាក់មក​ទេ ភ្លើង​ព្រៃ​នឹង​មក​ដល់​ជាយក្រុង នៅ​ចុង​អាទិត្យ​នេះ​។ បើ​ចាំ​ដល់​ចុង​សប្តាហ៍​ចាប់​រត់ នោះ​គេអាច​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ផ្ទាល់​ផង​ និង​ដល់​អ្នក​ដទៃ​ផង។ ​ភ្លើង​ព្រៃ​បាន​រំកិល​យ៉ាង​លឿន​ និង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​១៧គីឡូម៉ែត្រ​ពីក្រុងប៉ុណ្ណោះ។ អាជ្ញាធរ​​បាន​ប្រកាស​ដាក់​​តំបន់ពាយ័ព្យ​ក្នុង​ភាព​អាសន្ន​ភ្លើង​ឆេះព្រៃ​តាំង​ពី​ថ្ងៃ​អង្គារ​មក។

​ដើម្បី​ចេញ​ពី​តំបន់​ភាគ​ខាង​ជើង​រងគ្រោះ ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​​ច្រក​ផ្លូវ​តែមួយ​គត់ ដែលបើក​ឱ្យ​ធ្វើ​ចរាចរណ៍​សម្រាប់​​ចុះ​ទៅ​​ក្រុងតូចធំៗ​ ​ភាគ​ខាង​ត្បូងនៃ​តំបន់។ ប៉ុន្តែដង​ផ្លូវ​នោះ​ក៏​ត្រូវ​គំរាមកំហែង​ដោយ​ភ្លើង​ព្រៃ​ដែរ។ ជាង​នេះទៅទៀត តំបន់​ភាគ​ខាង​ជើង​កាណាដា​ដែល​មាន Yellowknife ជា​ក្រុង​ដ៏​ធំ​ចម្បងគេនេះ​ មាន​​​ផ្ទៃដី​ធំ​ខ្លាំងណាស់-ធំជាង​ប្រទេស​បារាំងពីរ​ដង- ​និង​មានប្រជាពលរដ្ឋ​រស់​នៅ​ដាច់​​ឆ្ងាយៗ​ពីគ្នា។ គម្លាត​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​អាច​មាន​ចម្ងាយ​​ជា​ច្រើន​រយ​គីឡូម៉ែត្រ ជា​ភាព​ស្មុគស្មាញ​​​​បន្ថែម​មួយ​កំរិត​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាប្រមុខ​​រដ្ឋាភិបាល​កាណាដា លោក ទ្រូដូ បាន​ប្រកាស​​បញ្ចេញ​កង​កម្លាំង​យោធា​ទៅ​ជួយប្រជាជន​នៅ​តំបន់​រងគ្រោះ និង​ដើម្បី​​សម្រួល​​ប្រតិបត្តិការ​ជម្លៀស​តាម​ផ្លូវ​អាកាស។

ភ្លើង​ព្រៃ​កំពុង​គំរាមកំហែង​ទូទាំងប្រទេស?

ជា​សរុប​ មាន​ពលរដ្ឋ​ជិត​១៦៨០០០នាក់ហើយ​ដែល​ត្រូវ​ជម្លៀស​ចេញ​ដែនដី​តំបន់ភាគ​ខាង​ជើង​​ គិត​ចាប់​តាំងពីចូល​​រដូវ​ភ្លើង​ឆេះ​ព្រៃ​មក។ កាណាដា​កំពុង​ប្រឈម​នឹង​គ្រោះ​​ភ្លើងឆេះ​​ព្រៃ​ ​យ៉ាង​ច្រើន និង​ធ្ងន់ធ្ងរ​​បំផុត​មិន​ធ្លាប់ប្រទះ​ពី​មុន​មក​​​ទេ។ បើ​តាម​អាជ្ញាធរ​កាណាដា មាន​ភ្លើង​ព្រៃចំនួន​២៣០​កន្លែង​​កំពុង​ឆេះ​យ៉ាង​សកម្ម​នៅ​តំបន់​ភាគ​ខាង​ជើង​។ ចំណែក​ខេត្ត​កូឡុំប៊ីប្រីតានិច​ភាគ​ខាង​លិច​ប្រទេស​ ក៏​កំពុងរង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​ ជាមួយ​នឹង​សីតុណ្ហភាព​ឡើង​ដល់ជាង​៤០​អង្សា​ជា​លើក​ទីមួយទៀត នៅ​ថ្ងៃអង្គារ​ម្សិលម្ង៉ៃ។ ជារួម​ កាណាដា​រាប់​ឃើញ​មាន​ភ្លើង​ព្រៃ​ជាង​១ពាន់កន្លែង​​ នៅទូទាំងប្រទេសពី​កើត​ទៅ​លិច។

ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ប្រយុទ្ធ​តតាំង​នឹង​ភ្លើង​ព្រៃ​ដែល​បាន​​លេប​ត្របាក់​ព្រៃ​អស់​ជាង​១៣​លាន​ហិចតា​រ​ និង​​បញ្ចេញ​ឧស្ម័ន​កាបូនិក​២៩០មេហ្កាតោន​ហើយ​គិត​ត្រឹម​ចុង​​ខែ​កក្កដា​នេះទល់​នឹង​១៣៨មេហ្កាតោន​កាលពី​ឆ្នាំ​២០១៤​ដែល​ជាប់​បញ្ជី​ជា​ឆ្នាំ​​​កាណាដា​បញ្ចេញ​ផ្សែង​ពុល​ច្រើនបំផុត។ ពោល​គឺ​២០២៣បាន​បំបែក​​ឯតទគ្គកម្ម​ចាស់​ដល់​ពីរ​ដងទាំង​ខាង​បាត់បង់​ព្រៃ​និង​បញ្ចេញ​ផ្សែងពុល ដោយ​ភ្លើង​ឆេះ​ព្រៃ។

ហេតុអ្វីកាណាដា​ជួបគ្រោះ​ភ្លើង​ឆេះ​ព្រៃធ្ងន់ធ្ងរខ្លាំង?

ភ្លើងឆេះព្រៃ​តែងតែ​កើតមានជាធម្មតា នៅ​កាណាដា​ នៅរដូវក្តៅ ចាប់ពីខែ កក្កដា រហូត​ដល់​ខែតុលា ដោយ​បាតុភូតធម្មជាតិ រន្ទះបាញ់ បូកផ្សំ​នឹង​អាកាសធាតុស្ងួតហួតហែង។ ​​នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​កាណាដា​រង​អគ្គិភ័យ​ដ៏​កំណាចៗខ្លាំង​នោះ។ កាលពី​ឆ្នាំ​២០១៦ ភ្លើង​ព្រៃ​Fort Mcmurray នៅ​ក្នុង​ខេត្ត​អាល់ប៊ែរតា​ដដែល​ ឆេះ​រយៈ​ពេល​១៥​ខែ​ទម្រាំ​ពន្លត់​បាន ត្របាក់​យក​ព្រៃអស់​៥៨៩៥​គីឡូម៉ែត្រ​ការ៉េ និង​ជំរុញ​ឱ្យ​មានការ​ជម្លៀស​ប្រជាពលរដ្ឋ​ជិត​១​សែន​នាក់​ដែរ​ ជាមួយ​នឹង​ការ​ខូត​ខាត​អស់​ប្រមាណ​១០ពាន់​លាន​ដុល្លារ។

ប៉ុន្តែ អ្វីដែលខុស​ពីប្រក្រតី គឺ​ពេលវេលា ​និងចំនួនភ្លើងឆេះព្រៃ។ ឆ្នាំ​នេះ​កាណាដា រងគ្រោះ​ភ្លើង​ឆេះ​ព្រៃ​ ​ឆាប់ជ្រុល​​ តាំងពី​ពាក់កណ្តាល​ខែឧសភា​ និង​ក្នុង​បរិមាណ​ដ៏ច្រើន​ហើយ​កំណាច​ខ្លាំង​ទៀត។ ហេតុអ្វី?

បើ​តាម​អ្នក​ជំនាញ​អាកាសធាតុ ព្រោះ​តែហេតុផល​ច្រើន។ ទីមួយ​គឺ​​ទីតាំងភូមិសាស្ត្រ​របស់​ប្រទេស​កាណាដា​។ កាណាដា​ងាយ​ជួប​អាកាសធាតុ​ក្តៅ​ខ្លាំងជ្រុល​ ដោយ​សារ​ស្ថានភាព​ភូមិសាស្ត្រ​ជា​ដីវាលទំនាបធំ​ដាច់​កន្ទុយភ្នែក​និង​ខ្ពង់រាប​បែរស្រប​ទិស​ជើង​​​ត្បូងដែល​មិន​អាច​ខ្ទប់​ខ្យល់ក្តៅ​បក់​ត្រង់​ឡើង​មក​ពីឈូង​សមុទ្ទ​ម៉ិចស៊ិក​​បាន​ទេ ហើយ​ក៏​មិន​អាច​ទប់​ខ្យល់​ត្រជាក់បក់​ចុះ​​មក​ពី​តំបន់​អាកទិក​បាន​ដែរ។ ខ្យល់​ក្តៅ​និង​ខ្យល់​ត្រជាក់ ជល់​គ្នានិង​​ខុសសីតុណ្ហភាព​​គ្នា​ខ្លាំង​ពេក​ ​​បង្កើត​ឱ្យ​មាន​បាតុភូត​ធម្មជាតិ​ជា​ច្រើន​ដូច​ជា​ព្យុះ​ ភ្លៀង ឬ​រលក​ក្តៅកម្តៅ និង​ភាព​​រាំងស្ងួតខ្លាំង ព្រមទាំង​បាតុភូត​ខ្យល់​កួច​។

សីតុណ្ហភាព​​និង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​មួយ​ហេតុ​ចម្ប​ងមួយ​ទៀត។ កាណាដា ជា​តំបន់​ដែលឆាប់ក្តៅខ្លាំងជាងគេ បើប្រៀបធៀប​នឹង​តំបន់ផ្សេងទៀត នៅលើ​ផែនដី។ ជាក់​ស្តែង​រដូវ​ក្តៅ​នេះ តាំងពី​ខែ​ឧសភា​មក ​សីតុណ្ហភាព​នៅ​កាណាដា​បាន​ឡើងក្តៅ​ខ្លាំង​ដល់​ជាង​៣១​អង្សារ​នា​ថ្ងៃ​ទី​៤​ឧសភា​នៅ​តំបន់​ខាង​ជើង​ និង​ជាង​៤០​អង្សា​ជា​លើក​ទីមួយ នៅ​ខេត្ត​កូឡុំប៊ីអង់គ្លេស​របស់​កាណាដា​កាលពី​ថ្ងៃអង្គារ​ម្សិលម្ង៉ៃ​។ ជា​សីតុណ្ហភាព​ខ្ពស់​បំបែកឯតទគ្គកម្ម​ មិន​មែន​មួយ​អង្សាទេ តែឡើង​លើស​ដល់ទៅ៤-៥អង្សាឯណោះ។ បើ​សីតណ្ហភាពឡើង​​ក្តៅខ្លាំង​ ព្រៃ​កាន់​តែ​ងាយ​ឆេះ។ ម្យ៉ាង​វិញ​ទៀត បើ​តាម​អ្នក​វិទ្យាសាស្ត្រ ការ​ប្រែប្រួលអាកាសធាតុ​​ជា​កត្តា​​បន្ថែមនាំ​ឱ្យ​​​បាតុភូតក្តៅនិងភ្លើង​ឆេះ​ព្រៃ​កើតមានកាន់តែ​​ច្រើន កាន់​តែ​យូរ និងកាន់​តែ​​កំណាច​។ ដោយហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ រដូវ​ភ្លើង​ឆេះព្រៃ​កាណាដា​នឹង​អូស​បន្លាយ​ពេល​វែង​ ដោយ​រដូវ​ផ្ការីក​ឆាប់​មក​ដល់​ ឯ​រដូវ​ស្លឹកជ្រុះ​ក្រ​ចាប់​ផ្តើម។ ដូច្នេះ​ភ្លើង​ពិត​ជា​មាន​ឱកាស​ឆេះ​បាន​យូរ។ នេះ​បើ​តាម​អ្នក​ជំនាញ​នៅ​វិទ្យាស្ថាន​នយោបាយ​ថាមពល​និង​បរិស្ថាន​នៃសកលវិទ្យាល័យ​Queens កាណាដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ