អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើចិនអាច​កាច់ចង្កូតBRICS ដើម្បី​បង្កើត​សណ្តាប់ធ្នាប់ពិភពលោក តទល់នឹងអាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូលក្រុមប្រទេសកំពុងមានសេដ្ឋកិច្ច​លូតលាស់ថ្មី ហៅកាត់ថា ​BRICS រយៈពេល​៣ថ្ងៃ បើកទ្វារ​នៅថ្ងៃ​អង្គារ​ទី ២២ សីហា នៅទីក្រុង​Johannesburg ប្រទេស​អាហ្វ្រិកខាងត្បូង។ បន្ទាប់ពី​ប្រធានាធិបតីប្រេស៊ីល លោក​លូឡា ប្រមុខដឹកនាំ​អាហ្វ្រិកខាងត្បូង លោក​ស៊ីរីល រ៉ាម៉ាហ្វូហ្សា​បាន​ទទួល​ស្វាគម លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​ទើប​ធ្វើដំណើរ​ទៅដល់​អាហ្វ្រិកខាងត្បូង កាលពីថ្ងៃ​ចន្ទទី​២១ សីហា ឆ្នាំ ២០២៣។ ក្រៅពីចង់កាត់បន្ថយ​ការពឹងអាស្រ័យ​លើ​ប្រាក់ដុល្លារអាមេរិក ក្រុមប្រទេសត្រូវគិតគូរពិភាក្សា​ពីការពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការរើសបញ្ចូលសមាជិកថ្មី។ តើ​BRICS ដែលមាន​សមាជិក ៥ប្រទេស ដូចជា​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិកខាងត្បូង​អាច​បង្កើត​សណ្តាប់ធ្នាប់ពិភពលោកថ្មីដែរឬទេ?

ប្រមុខដឹកនាំអាហ្វ្រិកខាងត្បូង លោកស៊ីរីល រ៉ាម៉ាហ្វូហ្សាទទួលស្វាគមប្រធានាធិបតីចិន លោកស៊ី ជីនពីង​នៅមុនបើកកិច្ចប្រជុំBRICSនៅថ្ងៃអង្គារទី ២២​សីហា​២០២៣
ប្រមុខដឹកនាំអាហ្វ្រិកខាងត្បូង លោកស៊ីរីល រ៉ាម៉ាហ្វូហ្សាទទួលស្វាគមប្រធានាធិបតីចិន លោកស៊ី ជីនពីង​នៅមុនបើកកិច្ចប្រជុំBRICSនៅថ្ងៃអង្គារទី ២២​សីហា​២០២៣ AP - Themba Hadebe
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូលប្រចាំឆ្នាំ​លើកទី​១៥​របស់ ក្រុមប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​ថ្មី ​ហៅកាត់ជាភាសា​អង់គ្លេស ថា BRICS បើកទ្វារ នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង ជាមួយ​របៀបវារៈ​សំខាន់ពីរ​ដែលគេត្រូវ​លើកយកទៅជជែក។

ទី១ ​ការពង្រីក​ចំនួន​សមាជិក​របស់​BRICS និង​ទី២​ ការកាត់បន្ថយ​ការពឹងអាស្រ័យលើ​ប្រាក់ដុល្លារអាមេរិក។

មាន​ទំហំ​សេដ្ឋកិច្ច​សរុប​ចូលគ្នា ប្រមាណ ​២៦% ដែលស្មើ​នឹង​១ភាគ​៤នៃ​ផលិតផលក្នុងស្រុកសរុប​របស់​ពិភពលោក និង​មាន​ប្រជាជន​បូកចូលគ្នា​ស្មើនឹង​​៤២%​នៃ​ប្រជាជន​សរុប​នៅលើ​ផែនដី ក្រុម​ប្រទេស BRICS ចិន អាហ្វ្រិកខាងត្បូង រុស្ស៊ី ឥណ្ឌា ប្រេស៊ីល​បើកជំនួបកំពូល​នៅអាហ្វ្រិកខាងត្បូង ក្នុង​គោលដៅ​ពង្រីក​ដែនឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច របស់ BRICS តាមរយៈ​ការរើសបញ្ចូល​ប្រទេស​សមាជិកថ្មី។

បរិបទ​អន្តរជាតិ​បានធ្វើឲ្យ​ BRICS ចង់ផ្លាស់ប្តូរ​មុខមាត់ និងចង់​ពូន​ផ្តុំ​កម្លាំងរួម​តែ​មួយ ដើម្បី​បង្កើន​ឥទ្ធិពលរបស់ខ្លួន នៅលើឆាក​អន្តរជាតិ និង​ដើម្បី​ទៅផ្លាស់ប្តូរ​សណ្តាប់ធ្នាប់​ពិភពលោក ដែល​រហូតមក​ ស្ថិតក្រោម​ខ្សែញាក់​របស់​ប្រទេស​លោកខាងលិច។

ចិន​និង​រុស្ស៊ី ​សមាជិក​សំខាន់​របស់​ BRICS ដែលកំពុងប្រឈម​តានតឹង​ជាមួយ​អាមេរិក ទាំងផ្នែកសេដ្ឋកិច្ច និង​ភូមិសាស្រ្តនយោបាយ ចង់​ឲ្យ​ BRICS រើសសមាជិកថ្មី​បន្ថែម ដើម្បី​មាន​កម្លាំង តទល់​ជាមួយ​លោកខាងលិច នាំមុខ​​ដោយ​អាមេរិក។ រុស្ស៊ី​ផ្ទាល់​ដែល​ត្រូវ​អាមេរិក និង​សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដោយសារ​សង្រ្គាម​ឈ្លានពានអ៊ុយក្រែន ចង់រើស​បញ្ចូលប្រទេស​ដែល​ជា​គូសត្រូវ​របស់​អាមេរិក មកដាក់ក្នុងក្រុម BRICS។ ជាក់ស្តែង រុស្ស៊ី ខំប្រឹង​ជួយចូក​ជួយចែវខ្លាំងណាស់ ដើម្បី​ឲ្យ​អ៊ីរ៉ង់​ត្រូវ​គេ​រើសចូល​ជា​សមាជិកថ្មី របស់ BRICS។

តាម​រដ្ឋមន្រ្តីការបរទេស​អាហ្វ្រិកខាងត្បូង ប្រទេស​ជាង​៤០​បង្ហាញ​ចំណាប់អារម្មណ៍​ចង់ចូលជា​សមាជិក​របស់​ក្រុមប្រទេស BRICS ប៉ុន្តែ មាន​ប្រទេស​ចំនួន ២២ ​ដែល​បានដាក់ពាក្យ​ជាផ្លូវការ​សុំចូល​សមាជិក​ថ្មី​របស់​ក្រុមប្រទេស BRICS។ ក្នុងចំណោម​ប្រទេស​ទាំងនោះ​មានអ៊ីរ៉ង់ អាហ្សង់ទីន អារ៉ាប៊ី សាអូឌីត អេហ្ស៊ីប នីហ្សេរីយ៉ា បង់ក្លាដែស ម៉ិកស៊ិក។ ចំណែក ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ លេខ​៤​ក្នុងពិភពលោក ក៏មាន​ប្រធានាធិបតីលោក​ចូកូ វីដូដូ ​ធ្វើដំណើរ​ទៅចូលរួមនៅក្នុងជំនួបកំពូល​របស់​ BRICS លើកនេះដែរ។

ប្រទេស​ភាគច្រើនចង់ចូលរួមក្នុង​ក្រុមប្រទេស​BRICS ដើម្បី​ហេតុផល​សេដ្ឋកិច្ចផ្ទាល់ខ្លួន ដោយ​មិន​សូវ​ចាប់អារម្មណ៍​ពីគោលដៅ​ពង្រីកអំណាច​ឥទ្ធិពល​របស់​ BRICS ដើម្បីតទល់លោកខាងលិច។ ប្រទេស​ភាគច្រើន​សង្ឃឹមថា ការចូលជា​សមាជិក​របស់​ BRICS នឹង​ជួយសម្រួល​ការដោះដូរ​រវាងគ្នា តាមរយៈការប្រើប្រាស់​រូបិយបណ្ណ​ជាតិ ដោយ​ជៀសវាង ​មិនចាំបាច់​ត្រូវការ​ប្រើប្រាក់​ដុល្លារអាមេរិក។ ដោយ​ក្លាយជា​សមាជិក​របស់​​ BRICS ប្រទេស​មួយក្រុមទៀត​ចង់​ចូលទៅប្រើប្រាស់ទីផ្សារចិន និងប្រទេស​សមាជិក​ BRICSដទៃទៀត ក៏ដូចជា​ទទួលបាន​សេវាឥណទាន​របស់​ធនាគារអភិវឌ្ឍថ្មី​របស់​ BRICS។

តើគេ​អាច​ដោះដៃ លែង​ប្រើប្រាក់​ដុល្លារអាមេរិក​ដែរឬទេ?

បន្ទាប់ពី​បង្កើត​ធនាគារ​អភិវឌ្ឍថ្មី ដែល​ដើរតួ​ជា​គូប្រជែង​នឹង​មូលនិធិ​IMF ឬ​ធនាគារពិភពលោក ក្រុមប្រទេស​​ BRICS បាន​បង្កើត​ប្រព័ន្ធ​បង់លុយ​ពិសេស​ដើម្បីធ្វើការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក ដោយ​មិន​ចាំបាច់​ត្រូវ​ប្រើ​លុយដុល្លារ​អាមេរិក។

ការឈប់ប្រើប្រាស់លុយដុល្លារ​មានគោលដៅ​កាត់បន្ថយ​ផលប៉ះពាល់​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​អន្តរជាតិ។ ដោយពិតទៅ និន្នាការ​ចង់​ដោះដៃ លែងចង់ប្រើប្រាក់ដុល្លារ​អាមេរិក នៅក្នុង​ការដោះដូរសេដ្ឋកិច្ច មានកាន់តែច្រើន​ឡើង ជាពិសេស​នៅក្រោយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក ទៅលើ​រុស្ស៊ី នៅក្នុង​រឿង​ធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។​ ប្រទេស​មួយចំនួន​ចាប់អារម្មណ៍ ចង់​ចូល​ជាសមាជិក​របស់​ក្រុមប្រទេស​ BRICS ​ក៏ដោយសារ​តែ​គេ​សង្កេតឃើញថា ឥណ្ឌា ចិន ប្រេស៊ីល និង​អាហ្វ្រិកខាងត្បូង នៅតែ​អាច​បន្ត​ធ្វើជំនួញ ទិញថាមពលប្រេង ឧស្ម័ន​ពីរុស្ស៊ី ដោយ​មិន​ជាប់សំណាញ់ទណ្ឌកម្ម​របស់​អាមេរិក នោះក៏ដោយសារតែ​ប្រទេស​សមាជិក​ BRICSប្រើ​រូបិយបណ្ណជាតិ​របស់ខ្លួន ដោយ​មិនចាំបាច់​ត្រូវ​ប្រើលុយដុល្លារ។ ប្រទេស​កំពុង​អភិវឌ្ឍ​មួយចំនួន ចង់​កាត់បន្ថយ​ការពឹងអាស្រ័យខ្លាំង​លើ​ដុល្លារ ដោយសារ​តែ​គេ​បារម្ភ​ខ្លាចថា អាមេរិក​នឹងអាច​យក​ហេតុផល​ចាយលុយដុល្លារ មកដាក់គំនាប ដាក់សម្ពាធលើកពួកគេ មិនឲ្យមានការដោះដូរធ្វើជំនួញ​ជាមួយ​ប្រទេស​ដែលជា​សត្រូវ គូប្រជែង​របស់​អាមេរិក។ ដើម្បី​ដោះដៃ​ពី​លុយដុល្លារ​របស់​អាមេរិក ចិន​ផ្ទាល់ នៅប៉ុន្មានឆ្នាំមកនេះ បាន​ប្រឹងប្រែងខ្លាំងណាស់​តាមរយៈការជំរុញ​ការប្រើប្រាស់​លុយយ័ន នៅក្នុង​ការដោះដូរអន្តរជាតិ។ ​ BRICS​បាន​ជំរុញ​ឲ្យ​បង្កើត​រូបិយបណ្ណរួម គឺ​លុយ BRICS ដូចលុយអឺរ៉ូ ឬ​លុយដុល្លារ។ ប៉ុន្តែ តាមអ្នកជំនាញ កុំថា​ឡើយ​លុយ BRICS ដែលនៅមិនទាន់ចេញ​រូបរាង សូម្បី​លុយយ័ន​ចិន​ក៏​នៅតែ​ចរាចរ​តិចតួច បើប្រៀបធៀប​នឹង​លុយដុល្លារ។ ជាក់ស្តែង លុយយ័ន​របស់​ចិន តំណាង​ឲ្យ​តៃ ២,៦%​នៃ​ទុនបម្រុងអន្តរជាតិ តិចជាង​លុយយេនរបស់ជប៉ុន ដែលមាន​ប្រមាណ ៤,៨% ក្រោយលេខរៀងលុយអឺរ៉ូ ដែលមាន​២០% ពោលគឺ​តិច​ឆ្ងាយណាស់ បើប្រៀបធៀប​នឹង​លុយដុល្លារ​អាមេរិក។ ត្រូវ​ដឹងថា គ្រប់​ធនាគារ​កណ្តាល​របស់បណ្តា​ប្រទេស​ក្នុង​ពិភពលោក មាន​លុយដុល្លារអាមេរិក​ប្រមាណ ៥៩%។ ដូច្នេះ កុំ​ថា ការដោះដៃ លែង​ប្រើ​លុយដុល្លារ សូម្បីតែ​តែ​ការជំនួស​លុយ​ដុល្លារ​អាមេរិក ដោយរូបិយប័ណ្ណថ្មី ដែល​ BRICS​ចង់​បង្កើត ក៏មិនងាយនឹង​អាចកើតឡើង​បានដែរ។

ប៉ុន្តែ សម្រាប់​អ្នកជំនាញ ទោះជា​គេ​មិនអាច​ផ្តួលលុយដុល្លារ​អាមេរិក ប៉ុន្តែ ក្នុង​រយៈពេល​វែង ​និន្នាការ​ចាយលុយដុល្លារ​របស់អាមេរិក​នឹងធ្លាក់ថយចុះ នៅចំពោះមុខ​ការពង្រឹង​ឥទ្ធិពល​របស់​ក្រុមប្រទេស​មហាសេដ្ឋកិច្ចនៅប៉ូលខាងត្បូងផែនដី នាំមុខ​ដោយ​ចិន។

តើអ្វី​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​BRICS​​ពិបាកនឹង​ បោះជំហានទៅមុខ?

ក្រុមប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់ថ្មី BRICS មាន​មហិច្ឆតា​ចង់ប្រមូលកម្លាំងដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ដើម្បី​កែប្រែសណ្តាប់ធ្នាប់ពិភពលោក។ ប៉ុន្តែ មាន​ចំណុច​ជាប់គាំងមួយចំនួន ដែលនៅជា​ឧបសគ្គ​មិន​ឲ្យ​ក្រុមប្រទេស​ BRICS សម្រេច​គោលដៅ​របស់​ខ្លួន ជាពិសេស​នៅក្នុងរឿង​ពង្រីកវិសាលភាព​របស់​ BRICSតាមរយៈ​ការរើសបញ្ចូល​ប្រទេស​សមាជិកថ្មី។ ចំណុចជាប់គាំង​កើតចេញមកពី​ការខ្វែងគំនិត និង​ទំនាស់ផលប្រយោជន៍​រវាង​ប្រទេស​ប្រទេស​សមាជិក ជាពិសេស ចិន និង​ឥណ្ឌា ដែលសុទ្ធសឹង​ជា​មហាយក្សអាស៊ីដូចគ្នា

នៅពេល​ចិន ត្រូវការចង់បានប្រទេស​សមាជិក​ថ្មី ដើម្បី​មកគាំទ្រ បង្កើនកម្លាំងរបស់​ចិន សម្រាប់​តទល់​អាមេរិក ​ឥណ្ឌាដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក មិន​ចង់​ឲ្យ​ចិន​បង្កើន​ឥទ្ធិពល​អំណាច​របស់ខ្លួន​ឲ្យខ្លាំងជាងគេ នៅក្នុង​ចំណោម​ប្រទេស BRICS ដើម្បី​យកទៅប្រឆាំង​អាមេរិក។ ម្យ៉ាង ឥណ្ឌា​ក៏ចង់​មាន​សំឡេង ដើរតួសំខាន់​មិន​ចាញ់ចិន។ ដរាបណា​ប្រទេស​យក្សអាស៊ី​ទាំងពីរ ឬ​សមាជិក​ពីរ​របស់​ BRICS នៅតែមិនទាន់ដោះស្រាយ​បញ្ចប់​វិវាទ ជាពិសេស ជម្លោះព្រំដែន តាំងពី​ឆ្នាំ ២០២០រវាង​ចិន និងឥណ្ឌា នោះ ក្រុមប្រទេស​ BRICS​ពិបាក​នឹង​សម្រេច​កិច្ចការ​ធំៗ​របស់ខ្លួន។

ហេតុអ្វីប្រធានាធិបតីរុស្ស៊ីលោកពូទីន មិនធ្វើដំណើរទៅចូលរួម​BRICS នៅអាហ្វ្រិកខាងត្បូង?

ប្រធានាធិបតីរុស្ស៊ី លោក​វ៉្លាឌីវៀ ពូទីនធ្លាប់បាន​ប្រកាស​រួចហើយថា លោក​នឹងមិន​ទៅ​ចូលរួម​ផ្ទាល់ ក្នុង​ជំនួបកំពូល​របស់​ BRICS​នៅប្រទេស​អាហ្វ្រិកខាងត្បូង ប៉ុន្តែ លោក​នឹង​ចូលរួម​អន្តរាគម តាមរយៈវីដេអូ។ ប្រធានាធិបតី​រុស្ស៊ី​មិនធ្វើដំណើរ ទៅចូលរួមផ្ទាល់ ក្នុង​ជំនួបកំពូល នៅអាហ្វ្រិកខាងត្បូង ដោយសារ​លោក​ជាប់ក្នុងសំណាញ់ដីកា​ចាប់ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ដែល​កំពុងតាមចាប់ខ្លួន​លោក ទាក់ទងនឹងការប្រព្រឹត្តបទឧក្រិដ្ឋ​សង្រ្គាម នៅ​អ៊ុយក្រែន។ បើលោក​ពូទីន​ធ្វើដំណើរ​ទៅចូលរួមផ្ទាល់ នៅ​អាហ្វ្រិកខាងត្បូង នោះ អាហ្វ្រិកខាងត្បូង​ត្រូវ​ទើសទាល់ ព្រោះថា អាហ្វ្រិកខាងត្បូង​ជាប្រទេស​ចុះហត្ថលេខា​ក្រុងរ៉ូម ដែល​មាន​កាតព្វកិច្ច​ចាប់ខ្លួន​លោក​ពូទីន ប្រគល់​ទៅ​ឲ្យ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលមានទីតាំង​នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ