អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិកចោទ​​ចិនផ្តាច់ការលើប្រព័ន្ធ​ឌីជីថល ប៉េកាំង​ថា​​អាមេរិក​ជាចក្រភព​ភូតភរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​តាន​តឹង​រវាង​អាមេរិក​និង​ចិន​ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ អស់​ពី​រឿងមួយ​ ​ចូល​រឿងមួយទៀត... នៅ​ថ្ងៃ​សៅរ៍​ទី​៣០​កញ្ញា​ ចិន​បាន​ ​ចោទ​អាមេរិក​ថា​ជា​ចក្រភព​ភូតភរ។ នេះ​ជា​​ប្រតិកម្ម​តបទៅ​នឹង​របាយការណ៍​អាមេរិក​ដែល​ថា​ប៉េកាំង​បាន​ប្រើ​អំណាច​ផ្តាច់ការ​លើ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល។

ប្រធានាធិបតី​អាមេរិក​​ ចូ បៃដិន និង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង
ប្រធានាធិបតី​អាមេរិក​​ ចូ បៃដិន និង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង © NICOLAS ASFOURINICHOLAS KAMM/AFP
ផ្សាយពាណិជ្ជកម្ម

នៅល្ងាច​ថ្ងៃ​សៅរ៍​ទី​៣០​កញ្ញា​ម្សិលមិញ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹងរបាយការណ៍អាមេរិកចេញ​ផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ទី​២៨​កញ្ញា។​ សម្រាប់​ក្រសួងការបរទេស​ចិន​ របាយការណ៍បញ្ជាក់​អំពី​​លក្ខណៈ​លម្អៀង​ការទូត​របស់​សហរដ្ឋ​អាមេរិក​។

តើ​របាយការណ៍​អាមេរិក​រិះគន់​​ចិន​ដូច​ម្តេច​ខ្លះ?

​របាយការណ៍​របស់មជ្ឈមណ្ឌល​ Global Engagement Center ដែល​ជា​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ព័ត៌មាន​ក្លែងក្លាយ​​នៃ​ក្រសួងការបរទេស​អាមេរិក ​បាន​ចោទ​ប៉េកាំង​ថា​បាន​ចំណាយ​​លុយអស់​​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​បើក​ប្រតិបត្តិការ​បំភ្លៃ​ព័ត៌មាននៅ​លើ​ពិភពលោក។ ប្រតិបត្តិការ​បំភ្លៃព័ត៌មាន​នេះ​មាន​ទម្រង់​ជា​ការ​ឃោសនាលើក​តម្កើង​ខ្លួន​​ ជា​ការ​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ត្រួត​ពិនិត្យ​ដើម្បី​​បិទ​ខ្ទប់​ព័ត៌មាន​។ នេះ​ជា​​របៀប​គ្រប់គ្រង​​ផ្តាច់លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល ដើម្បីកេង​ប្រវ័ញ្ញ​ពី​លើ​អង្គការ​អន្តរជាតិ​និង​ដោយ​ឃុំ​គ្រង​បណ្តាញ​ព័ត៌មាន​ជា​ភាសា​ចិន។ ជា​ល្បិច​ដែល​​ជួយ​ប៉េកាំង​​ឱ្យ​កែប្រែ​បរិស្ថាន​ព័ត៌មាន​នៅ​លើ​ពិភពលោក​បាន។

សម្រាប់​អ្នក​សម្រប​សម្រួល​​របាយការណ៍ លោក James Rubin ​​ទង្វើ​​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិននេះ​​នឹង​បង្កើត​ឱ្យ​មាន​ច្រក និង​គម្លាត​​ដែល​​ប្រទេស​ជាតិ​នានាអាច​​សម្រេច​ចិត្តខុស ​បម្រើ​តែ​ផលប្រយោជន៍​​សេដ្ឋកិច្ច​និង​សន្តិសុខ​ចិន។ ​​​​បើ​គ្មាន​ការ​​ទប់​ស្កាត់​ទេ គឺ​ការ​បំភ្លៃ​ព័ត៌មានអាច​​បំផ្លាញ​ដោយ​យឺតៗ​និង​យ៉ាង​សន្សឹម​ៗ​ ​មូលដ្ឋា​ននៃ​លទ្ធិ​​ប្រជាធិបតេយ្យ​។ ការ​បំភ្លៃ​ព័ត៌មាន​អន្តរជាតិ​របស់​ចិន​មិនមែន​ត្រឹម​តែ​ជា​បញ្ហា​ការទូត​មួយ​មុខ​ទេ ប៉ុន្តែ​ជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​សុចរិតភាព​នៃ​ដែន​ព័ត៌មាន​អន្តរជាតិ។

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ លោក James Rubin អតីត​អ្នក​នាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​ពន្យល់​ទៀត​ថា នៅ​ពេល​ប្រមូលបំណែក​ឯកសារ​​មក​​ផ្គុំ​បញ្ចូល​គ្នា​ទៅ​ទើប​គេ​សង្កេត​ឃើញ​អំពី​មហិច្ឆតា​ដ៏​ធំ​ធេង​របស់​ចិន​ដែល​ចង់​គ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​​ព័ត៌មាន​ក្នុង​​តំបន់​សំខាន់ៗនៃ​ផែនដី។ ឧទាហរណ៍​​នៅ​តំបន់​អាហ្វ្រិកខាង​កើត​ ​​​ចិន​បានប្រើ​វិធី​​បង់​ប្រាក់ទិញ​​កាសែត​ក្នុង​ស្រុក​សរសេរ​តែ​ព័ត៌មាន​ល្អ​។

ចុងក្រោយ​ របាយការណ៍បាន​បរិហារ​​​លទ្ធិ​ផ្តាច់ការលើ​ប្រព័ន្ធ​ឌីជីថល​ ដោយ​​កេង​ពី​លើ​បណ្តាញ​សង្គម​Wechat សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងងក្លាយ​​ដៅ​ឱ្យ​ចំ​អ្នក​ចេះ​និយាយ​ភាសាចិន ហើយ​​រស់​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ និងសាក​ល្បង​​រារាំង​អ្នក​ប្រឆាំង​មិន​ឱ្យ​​ប្រើ​បណ្តាញ​សង្គមTikTok។​

ចុះចិន​ការពារ​ខ្លួន​យ៉ាងណា?

​​របាយការណ៍​អាមេរិក​សរសេរ​ផ្ទុយ​ពីការពិត។ នេះ​ជា​ចម្លើយ​តប​របស់​ចិន​នៅ​ថ្ងៃ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​វាយបកលើ​អាមេរិក​​​វិញ​ថា​ គឺ​របាយការណ៍នេះ​ហើយ​ជា​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ។ ជាមួយ​នឹង​​ប្រតិកម្ម​ ​ចិន​បាន​​​ចោទ​សហរដ្ឋ​អាមេរិក​​ថា​ជា​ចក្រភព​ភូតភរ។ អាមេរិក​ជា​ជើង​ឯក​ខាង​ធ្វើ​សង្គ្រាម​ព័ត៌មាន​​បំភ័ន្ត​មតិសាធារណៈ។ ដើម្បី​រំលេច​ឱ្យ​ឃើញ​ថា​​អាមេរិកសក្តិសម​នឹង​ទទួល​នាម​ជា​ចក្រភព​ភូតភរ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចិន​បាន​រៀប​រាប់​​អំពី​របៀប​លាក់​បាំងសកម្មភាពអាក្រក់​ៗ​​​​ និង​មិន​សូវ​ជោគជ័យ​របស់​ខ្លួន​ តាមរយៈ​ការ​លាបពណ៌​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ មាន​ជា​អាទិ៍​​​ប្រតិបត្តិការ​ Mockingbird របស់​ភ្នាក់ងារ​សេអ៊ីអា​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ ដើម្បី​បំពុល​សារព័ត៌មាន​អាមេរិក​និង​បរទេស ឬ​អន្តរាគមន៍​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក Colin Powell ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​២០០៣ ដែល​ថា​អ៊ីរ៉ាក់​មាន​អាំវុធ​ប្រល័យ​លោក​នុយក្លេអ៊ែរ។

ប៉េកាំង​បាន​ចោទ​វ៉ាស៊ីនតោន​ផង​ដែរ ថា​បានផ្សព្វផ្សាយ​ ពាក្យ​​ភូតភរ​ប្រចាំ​សត​វត្សរ៍​ ទាក់ទង​នឹង​នយោបាយ​ចិន​នៅ​ស៊ីនជាំង។ បើ​តាម​អាមេរិក ​ ​ចិន​បាន​បើក​ប្រតិបត្តិការ​ប្រល័យ​ពូជសាសន៍​លើ​សហគមន៍​​អ៊ុយហ្គួរ ​ជា​ជន​ជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម ក្រោម​ផ្លាក​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ