អានតួអត្ថបទ
សហរដ្ឋអាមេរិក TikTok

ចិនប្រាប់អាមេរិក​ឲ្យឈប់រករឿងTikTok ក្នុងហេតុផល ការពារ​សន្តិសុខ​ជាតិ

ប៉េកាំងស្រែកទាមទារ​ឲ្យ​វ៉ាស៊ីនតោន​ឈប់​រករឿង ដាក់សម្ពាធ​លើ​​កម្មវិធី TikTok​របស់​ក្រុមហ៊ុន​ចិន  ByteDance។ ចិន តាមរយៈ​អ្នកនាំពាក្យ​របស់ក្រសួងការបរទេស កាលពីថ្ងៃ​ព្រហស្បតិ៍ បាន​ដំឡើង​សំឡេង​រិះគន់​អាមេរិក នៅបន្ទាប់ពី កាសែត​ដកស្រង់​សំដី​របស់​មន្រ្តីសេតវិមាន​ដែលថា រដ្ឋបាល​អាមេរិកដាក់​ឱសានវាទ​ឲ្យ​កម្មវិធីTikTok ត្រូវ​ដោះដៃ​ចេញពីក្រុមហ៊ុន ចិន បើមិន​ចង់​ឲ្យ​អាជ្ញាធរអាមេរិក​បិទហាម មិន​ឲ្យ​ប្រើប្រាស់​ក្នុងទឹកដីអាមេរិក។ 

កម្មវិធី​TikTok របស់​ក្រុមហ៊ុន​ចិន Bytedance
កម្មវិធី​TikTok របស់​ក្រុមហ៊ុន​ចិន Bytedance © REUTERS - FLORENCE LO
ផ្សាយពាណិជ្ជកម្ម

ដល់វេលា​ដែល​ចិន​ប្រាប់​ក្រុមប្រទេស​លោកខាងលិច​ឲ្យ​ឈប់​យក​ហេតុផល​ការពារ​សន្តិសុខ​ជាតិ មកធ្វើជា​លេស ដាក់សម្ពាធ រករឿង​ក្រុមហ៊ុន​បរទេស ជាពិសេស​ក្រុមហ៊ុនចិន។ នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន លោក​Wang Wenbin និយាយថា រហូតមកដល់​ពេលនេះ អាមេរិក​នៅតែមិនទាន់​បង្ហាញ​ភស្តុតាង​ដែលថា កម្មវិធីTikTok​គំរាមកំហែង​សន្តិសុខជាតិអាមេរិក។ សម្រាប់មន្រ្តីចិន ប្រទេស​មួយចំនួន​មិនគួរ​យកបញ្ហា​សន្តិសុខ​ទិន្នន័យ​ទៅប្រើ​ជា​ឧបករណ៍​សម្រាប់​ពង្រីក​កុងសេប (Concept) សន្តិសុខជាតិ ក្នុងគោលដៅ រំលោភអំណាច និង​សង្កត់សង្កិន​ក្រុមហ៊ុន​របស់​ប្រទេស​ដទៃ។ 

តាមរយៈ​អ្នកនាំពាក្យក្រសួងការបរទេស ចិន​ចេញមុខ​ប្រតិកម្ម​រិះគន់ខ្លាំងៗ វ៉ាស៊ីនតោន នៅក្រោយ​កាសែត​អាមេរិក Wall Street Journal ចុះផ្សាយ​ថា រដ្ឋបាល​លោកចូ បៃដិន​បាន​ដាក់​ឱសានវាទ​ឲ្យ​កម្មវិធីTikTok​ត្រូវតែ​ចាកចេញ​ពី​ក្រុមហ៊ុនចិន  ByteDance បើសិន​មិន​ចង់ឲ្យអាមេរិកហាមឃាត់ ក្នុងទឹកដីអាមេរិក។ បារម្ភខ្លាច​ថា រដ្ឋអំណាច​ចិន​ចូលទៅយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​កម្មវិធី​TikTok អាមេរិក គណកម្មការអឺរ៉ុប និងចុងក្រោយរដ្ឋាភិបាល​អង់គ្លេស នៅ​សប្តាហ៍នេះ បាន​ចេញបញ្ជា ហាម​មិន​ឲ្យ​គេ​ប្រើកម្មវិធី​TikTok​នៅលើ​ទូរស័ព្ទ ម៉ាស៊ីនអេឡិចត្រូនិក​របស់​រដ្ឋាភិបាល។ 

អ្នកនាំពាក្យ​របស់​កម្មវិធី​TikTok ដកស្រង់សំដីដោយទីភ្នាក់ងារ​ព័ត៌មានបារាំង AFP បញ្ជាក់​ការដាក់ឱសានវាទ​របស់​សេតវិមាន។ 

សម្រាប់បុគ្គលិក​របស់​កម្មវិធី​TikTok បើសិនរដ្ឋាភិបាល​អាមេរិក​ពិតជា​មាន​គោលដៅ ការពារ​សន្តិសុខជាតិមែន នោះ ការដោះដៃ​របស់​កម្មវិធី​TikTok​ពី​ក្រុមហ៊ុន​ចិន ByteDance មិនមែនជា​ដំណោះស្រាយ និងជារឿងចាំបាច់នោះទេ។ មធ្យោបាយ​ដ៏សំខាន់​ដើម្បីបំបាត់​ក្តីបារម្ភ ពីសន្តិសុខ​ទិន្នន័យ​របស់អ្នកប្រើប្រាស់អាមេរិកាំង គឺ អាជ្ញាធរអាមេរិក​ត្រូវ​ប្រើ​ប្រព័ន្ធការពារ​ទិន្នន័យ​អ្នកប្រើប្រាស់ ដោយ​មានជំនួយ​ពី​ភាគីទី៣។ តាមអ្នកនាំពាក្យ​ខាងលើ ក្រុមហ៊ុន​TikTok បានធ្វើការជាច្រើនឆ្នាំមកហើយ ដើម្បីការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់។ 

នៅសប្តាហ៍មុន រដ្ឋបាលលោក​ចូ បៃដិនស្វាគមព្រឹទ្ធសភាអាមេរិក​ដែល​ស្នើច្បាប់ អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាមេរិក ហាមឃាត់ កម្មវិធី​TikTok ដោយសារ​តែ​កម្មវិធីបណ្តាញសង្គមមួយនេះ អាច​គំរាមកំហែង​ទិន្នន័យ និងសន្តិសុខជាតិអាមេរិក។ 

នៅខែ​មករាកន្លងទៅ សមាជិកសភាអាមេរិក​ធ្លាប់​បាន​ទាមទារ ឲ្យ​ហាមឃាត់​ការប្រើប្រាស់ TikTok ទាំងស្រុងតែម្តង ដោយចោទថា កម្មវិធី​នេះ គឺជា​ឧបករណ៍​ប្រមូលទិន្នន័យ និង​ស៊ើបការណ៍សម្ងាត់ បម្រើឲ្យ​រដ្ឋាភិបាលចិន។ TikTok បាន​បដិសេធ​ការចោទប្រកាន់។ 

តាមក្រុមហ៊ុន​TikTok មានមនុស្ស​ជាង ១ពាន់លាននាក់ នៅក្នុងពិភពលោក​ប្រើប្រាស់​កម្មវិធី​TikTokដែលនៅក្នុងនោះ ១០០​លាននាក់ រស់នៅ​ទឹកដីអាមេរិក ជាទីដែល​កម្មវិធីTikTok ​មានកូដប្រជាប្រិយ ប្រើច្រើន​ក្នុងចំណោមយុវជន។ នៅប៉ុន្មាន​ឆ្នាំមកនេះ កម្មវិធីសប្បាយៗ TikTok បាន​វ៉ាដាច់​គ្រប់បណ្តាញសង្គម Youtube Facebook Instagram Twitter នៅពេល​គេ​និយាយ​ពីការចំណាយពេល​របស់​អ្នកប្រើប្រាស់ នៅលើ​បណ្តាញTikTok 

សម្រាប់​អង្គការការពារ​អ្នកប្រើប្រាស់អាមេរិក វិធានការ​របស់​រដ្ឋាភិបាល​អាមេរិក ដើម្បី​បិទខ្ទប់ កម្មវិធី​TikTok នឹងប៉ះពាល់​ដល់​សិទ្ធិបញ្ចេញមតិ​របស់​ប្រជាជន និង​ទៅបន្ទុចបង្អាក់ ការផ្សព្វផ្សាយ​វប្បធម៌អាមេរិកាំង តាមរយៈកម្មវិធីរបស់​ក្រុមហ៊ុន​ចិន TikTok 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ