អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការផ្អាកជំនួយយោធារបស់​អាមេរិក​នឹង​ជះផលអាក្រក់​ដល់កងទ័ពអ៊ុយក្រែន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយ​ប្រផិតប្រផើយបំផុត អាមេរិក​បានជៀស​រួចផុត វិបត្តិ​ថវិកា កាលពីយប់​ថ្ងៃ​សៅរ៍ទី ៣០​កញ្ញា នៅ​បន្ទាប់ពី​សភា​ឯកភាពគ្នា នៅនាទីចុងក្រោយ លើ​កិច្ចព្រមព្រៀង​ស្តី​កញ្ចប់ថវិកាថ្មី​របស់​រដ្ឋាភិបាល​អាមេរិក ដែលគ្មាន​ខ្ទង់ចំណាយសម្រាប់ជួយអ៊ុយក្រែន។ ជាមួយកិច្ចព្រមព្រៀងស្តីពី​កញ្ចប់ថវិកាថ្មី មន្រ្តីរដ្ឋាភិបាល​អាមេរិក​ជាង​១លាន​៥សែននាក់ បាន​ធូរទ្រូង គេចផុត​ពី​វិបត្តិ​Shutdown រយៈពេល​៤៥ថ្ងៃ ប៉ុន្តែ ប្រជាជន និង​កងទ័ព​អ៊ុយក្រែន ដែល​ពឹងផ្អែកលើ​​កញ្ចប់ជំនួយ​ធំ​ពី​អាមេរិក អ៊ុយក្រែន​កំពុង​ប្រឈម​អនាគត​មិន​ច្បាស់លាស់។

ទាហានអាមេរិក និងរថក្រោះ M1 Abrams នៅមូលដ្ឋានទ័ពនៅ​អាល្លឺម៉ង់
ទាហានអាមេរិក និងរថក្រោះ M1 Abrams នៅមូលដ្ឋានទ័ពនៅ​អាល្លឺម៉ង់ AFP/File
ផ្សាយពាណិជ្ជកម្ម

នៅ​យប់ថ្ងៃសៅរ៍ ទី​៣០​កញ្ញា អាមេរិក​បាន​គេចផុត​ពី​វិបត្តិ​Shutdown រយៈពេល​៤៥ ថ្ងៃ បន្ទាប់ពី​សភាទាំងពីរថ្នាក់​បោះឆ្នោត ដោយ​សំឡេង​ភាគច្រើន អនុម័ត​កញ្ចប់​ថវិកា​ថ្មី​របស់​រដ្ឋាភិបាល។ កិច្ចព្រមព្រៀងបណ្តោះអាសន្ន​ដែលមាន​រយៈពេល​៤៥ថ្ងៃ គ្មានរាប់បញ្ចូល​ខ្ទង់ចំណាយ​សម្រាប់​ជួយអ៊ុយក្រែន ដែល​ជា​ចំណុចប្រទាញប្រទង់គ្នា​រវាង​ក្រុមសាធារណរដ្ឋ ដែលមានសំឡេងភាគច្រើន​នៅ​សភាអ្នកតំណាងរាស្រ្ត និង​ក្រុម​ប្រជាធិបតេយ្យ​របស់​លោក​ចូ បៃដិន។

កញ្ចប់​ជំនួយ​របស់​អាមេរិក​សម្រាប់​អ៊ុយក្រែន​មាន​អ្វីខ្លះ

ចាប់តាំងពីផ្ទុះមានសង្រ្គាមរុស្ស៊ីឈា្លនពានអ៊ុយក្រែន នៅខែ​កុម្ភៈ ឆ្នាំ ២០២២ អាមេរិកបានក្លាយជា​ប្រទេស​នាំមុខគេខាង​ផ្តល់ជំនួយ សម្រាប់​អ៊ុយក្រែន។ តាម​វិទ្យាស្ថានអាល្លឺម៉ង់សម្រាប់​សេដ្ឋកិច្ច​ពិភពលោក ឈ្មោះ Kiel រដ្ឋបាល​លោក​ចូ បៃដិន​បាន​បញ្ចេញ​ថវិកា​៧៥ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​អ៊ុយក្រែន ក្នុង​ផ្នែកយោធា មនុស្សធម៌ និង​ហិរញ្ញវត្ថុ។

ជាមួយកញ្ចប់ថវិកា​ជំនួយ​របស់ប្រទេស​លោកខាងលិច នាំមុខ​ដោយអាមេរិក រដ្ឋាភិបាល​អ៊ុយក្រែន​មាន​​ថវិកា​សម្រាប់​បើកប្រាក់ខែ​ឲ្យ​មន្រ្តីរដ្ឋការ ជួយ​ប្រជាជន​អ៊ុយក្រែន ដែល​រងគ្រោះ​ដោយសារ​ការវាយប្រហារមីស៊ីល​របស់​រុស្ស៊ី។ ប៉ុន្តែ គឺ​កញ្ចប់ជំនួយយោធា​របស់អាមេរិក ដែល​អ៊ុយក្រែន​ត្រូវការ​ខ្លាំង​ជាងគេ។

ដើម្បី​ជួយ​កងទ័ពអ៊ុយក្រែន ប្រយុទ្ធដណ្តើម​ទឹកដី​ពីរុស្ស៊ី អាមេរិក​បាន​បង្កើនជំនួយយោធា​កាន់តែ​ច្រើន ក្រាស់ក្រែល​ដល់​អ៊ុយក្រែន។ នៅ​ខែ ឧសភា ឆ្នាំ ២០២២ ពោល​៣ខែ​ក្រោយ​រុស្ស៊ី​បើកការវាយប្រហារ លើ​អ៊ុយក្រែន អាមេរិក​បាន​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ដ៏​ធំ ប្រមាណ ៤០​ពាន់លាន​ដុល្លារ សម្រាប់ជួយ​កងទ័ព​អ៊ុយក្រែន។

តើ​ការផ្អាក​ជំនួយ​របស់​អាមេរិក​ប៉ះពាល់​ប៉ុណ្ណា​ដល់​សមរភូមិ​ប្រយុទ្ធ​របស់​អ៊ុយក្រែន?

នៅ​ក្នុង​ជំនួយ​៧៥​ពាន់​លាន​ដុល្លារ ដែលអាមេរិកបានផ្តល់ទៅ​ឲ្យ​អ៊ុយក្រែន កញ្ចប់​ជំនួយ​យោធា​របស់​អាមេរិកសម្រាប់អ៊ុយក្រែន មាន​ច្រើន​ជាងគេ ប្រមាណ​៤២,៨ពាន់លានដុល្លារ ពោល​គឺ​ស្មើនឹង​ពាក់កណ្តាលនៃកញ្ចប់​ជំនួយយោធា​របស់​ប្រទេស​លោកខាងលិច​បូកសរុបចូលគ្នា សម្រាប់​ជួយ​អ៊ុយក្រែន នៅក្នុង​សមរភូមិ​ប្រយុទ្ធតទល់​នឹង​កងទ័ពរុស្ស៊ី។ ជា​ការប្រៀបធៀប ជំនួយយោធា​របស់​អង់គ្លេស ដែលស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ បន្ទាប់ពីអាមេរិក​ មានតែ ជាង ៦ពាន់លាន​ដុល្លារប៉ុណ្ណោះ គឺតិចតួច​ជាង​អាមេរិក ឆ្ងាយណាស់។

កញ្ចប់ជំនួយ​យោធា​របស់អាមេរិក​ដើរតួនាទី​សំខាន់ណាស់​សម្រាប់​ជួយ​កងទ័ពអ៊ុយក្រែន ​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​ដណ្តើមទឹកដី​ពី​រុស្ស៊ី។ ជាក់ស្តែង ជាមួយ​កញ្ចប់ជំនួយយោធា​របស់អាមេរិក អ៊ុយក្រែន​បានទទួល​គ្រឿងសព្វាវុធទំនើបៗ​របស់អាមេរិក ដូចជា ប្រព័ន្ធខែលមីស៊ីល យន្តហោះចម្បាំង F-16 រ ថក្រោះដ៏ទំនើបរបស់អាមេរិក Abraham មីស៊ីល​ប្រឆាំង​រថក្រោះ ដ្រូន និងកាំភ្លើងធំ ដែលបានជួយ​កងទ័ព​អ៊ុយក្រែន​រហូតមក​ឲ្យ​ដណើ្តមយកបានភូមិ និង​វាយប្រហារ​ដល់​ទីតាំងស្តុកអាវុធ របស់​រុស្ស៊ី នៅក្នុង​តំបន់​ដុនបាស់។

អ៊ុយក្រែន​ត្រូវការ​សព្វាវុធ កញ្ចប់ជំនួយ​យោធា​របស់​អាមេរិក ដើម្បីវាយដណ្តើមទឹកដី​ពីរុស្ស៊ី។ ដូច្នេះ បើតាម​អ្នកជំនាញ ការផ្អាកព្យួរ​ជំនួយយោធា​ណាមួយ​របស់​អាមេរិក​ជា​ដំណឹងដ៏អាក្រក់បំផុត​សម្រាប់​អ៊ុយក្រែន ព្រោះវាកើតឡើង​ចំពេល​ដែល​អ៊ុយក្រែន​កំពុងត្រូវការខ្លាំង ចំនួន​សព្វាវុធ​សម្រាប់​ធ្វើសង្រ្គាមប្រឆាំង​រុស្ស៊ី។ តាម​អ្នកជំនាញ ការផ្អាកព្យួរ​ជំនួយយោធា​របស់អាមេរិក​សម្រាប់អ៊ុយក្រែននឹង​មិនទាន់ហុចផលវិបាកភ្លាមៗ​សម្រាប់​កងទ័ពអ៊ុយក្រែន ព្រោះថា គេ​នៅ​តែ​មាន​សព្វាវុធ​របស់​អាមេរិក ដែល​ត្រូវ​បាន​បញ្ជូនទៅ​ឲ្យ​អ៊ុយក្រែន នៅក្នុង​កញ្ចប់ថវិកាជំនួយមុនៗ។

ប៉ុន្តែ ផលប៉ះពាល់ ដោយសារ​ការផ្អាកកញ្ចប់ជំនួយ​ថ្មី​របស់អាមេរិក សម្រាប់​អ៊ុយក្រែន នឹង​អាច​កើតមាន នៅ​ពេលខាងមុខ នៅ​ពេល​កងទ័ពអ៊ុយក្រែន​ត្រូវ​ដាច់​អាវុធ លែងមាន​ក្នុង​ស្តុក​មួយរយៈ ទម្រាំ​មានការបញ្ជូន​ជំនួយយោធា​សាជាថ្មី សម្រាប់អ៊ុយក្រែន។

មួយវិញទៀត ដោយសារ​ការផ្អាកកញ្ចប់ជំនួយយោធា​របស់អាមេរិក ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ុយក្រែន ដែលពឹងទាំងស្រុង​លើប្រព័ន្ធខែល​មីស៊ីលរបស់អាមេរិក ​ក៏អាច​ចុះទន់ខ្សោយ មិនអាច​ការពារ​ជីវិតប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ​ក្នុងក្រុង ពីការវាយប្រហារ​មីស៊ីល​របស់​រុស្ស៊ី។

តើ​ជំនួយយោធា​របស់អាមេរិក​សម្រាប់​អ៊ុយក្រែន​ឈាន​មក​ដល់​ចំនុច​មិន​ច្បាស់លាស់?

រដ្ឋបាលលោក​ចូ បៃដិន​បាន​ដាក់​ខ្ទង់ចំណាយ ២៤ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​អ៊ុយក្រែន​នៅក្នុង​កញ្ចប់ថវិកាថ្មី​របស់​រដ្ឋសហព័ន្ធ ប៉ុន្តែ ប្រធាន​ក្រុមសំឡេង​ភាគច្រើន​របស់​បក្ស​សាធារណរដ្ឋ​បាន​ទាមទារ​ នៅ​នាទីចុងក្រោយ ឲ្យ​គេ​ដកខ្ទង់ចំណាយ​សម្រាប់ជួយ​អ៊ុយក្រែន ចេញ ទើប គេ​អាច​បោះឆ្នោតលើ​កិច្ចព្រមព្រៀង​ស្តីពីថវិកា។ និយាយ​ម្យ៉ាង​ថា អាមេរិកបានជៀសផុត​ពីវិបត្តិ​គ្មានប្រាក់បើក​ឲ្យបុគ្គលិក ដោយសារ​តែនៅក្នុង​កញ្ចប់ថវិកា​របស់រដ្ឋសហព័ន្ធ គ្មានទេ ខ្ទង់ចំណាយ​សម្រាប់ជួយ​អ៊ុយក្រែន។

ជាង​១ឆ្នាំ​នៃ​សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន សំឡេង​ប្រឆាំង​នឹង​ការផ្តល់ជំនួយ​សម្រាប់អ៊ុយក្រែន មានកាន់តែច្រើនឡើង​នៅ​អាមេរិក។ តាម​ការស្ទង់មតិ របស់​ប្រព័ន្ធទូរទស្សន៍​CNN ប្រជាជន​អាមេរិក​៥៥%​ប្រឆាំងលែង​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែនតទៅទៀត និងថា រដ្ឋាភិបាលអាមេរិក​គួយកថវិកា​មក​ដោះស្រាយ​វិបត្តិក្នុងស្រុក ដូចជា​វិបត្តិជនអន្តោប្រវេសន៍។

តាមមន្រ្តីសេតវិមាន​និយាយ​ថា នៅ​ប៉ុន្មានសប្តាហ៍ខាងមុខ រដ្ឋបាល​លោក​ចូ បៃដិន​នឹង​ដាក់​កញ្ចប់​ថវិកាជំនួយ​ ចំនួន ២៤ពាន់លាន​ដុល្លារសម្រាប់អ៊ុយក្រែនទៅ​ឲ្យ​សភាបោះឆ្នោត​សាជាថ្មី ប៉ុន្តែ គេ​មិន​សង្ឃឹមច្រើននោះទេ។

សមាជិក​បក្ស​សាធារណរដ្ឋ ជាដើម ដែលមាននិន្នាការស្តាំនិយមជ្រុល និង​គាំទ្រ​អតីត​ប្រធានាធិបតី លោកដូណាល់ ត្រាំ បាន​ប្តេជ្ញាហើយថា គេ​នៅតែបន្ត​បោះឆ្នោត ប្រឆាំង​មិន​ឲ្យ​មានខ្ទង់​ចំណាយ​ថ្មី​សម្រាប់ជួយ​អ៊ុយក្រែននោះទេ ព្រោះបញ្ហាអាទិភាព​របស់អាមេរិក​នៅពេលនេះ មិនមែនសង្រ្គាម​អ៊ុយក្រែន ប៉ុន្តែ គឺបញ្ហា​របស់​ប្រជាជនអាមេរិកដែលកំពុងជួបវិបត្តិជនអន្តោប្រវេសន៍ធ្ងន់ធ្ងរ ដែល​លួច​ឆ្លងព្រំដែន​ម៉ិចស៊ិក ចូលទឹកដីអាមេរិក។ រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន វិញ អះអាងថា គេ​នឹង​ប្រឹងប្រែងបញ្ចុះបញ្ចូល​សមាជិកសភាអាមេរិក​ដើម្បី បោះឆ្នោត គាំទ្រ​កញ្ចប់​ថវិកាជំនួយ​សម្រាប់អ៊ុយក្រែន នៅក្រោយកិច្ចព្រមព្រៀង​បណ្តោះអាសន្ន ស្តីពីថវិការបស់​រដ្ឋសហព័ន្ធអាមេរិក​ត្រូវ​ចប់អស់សុពលភាព នៅ​៤៥ថ្ងៃ​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ