អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែលបិទ​ខ្ទប់ហ្កា​​ហ្សាទាំងស្រុងនិង​គ្រោង​បើក​ប្រតិបត្តិការ​កម្ទេចចលនា​ហាម៉ាស

ចុះផ្សាយ​នៅ​ថ្ងៃ៖

៧២ម៉ោង​ក្រោយ​ការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ហាម៉ាស​ យោធា​​អ៊ីស្រាអែលបាន​បន្ត​បាញ់​ផ្លោង​លើ​តំបន់​ហ្កាហ្សា និង​បិទ​ខ្ទប់​​តំបន់​នេះ​ទាំង​ស្រុង ព្រមទាំង​ប្រមូល​កងកម្លាំង​ទ័ព​បម្រុង​​រាប់​ម៉ឺន​នាក់។ អ៊ីស្រាអែល​ចង់​កម្ទេច​ចលនា​ហាម៉ា​សឱ្យ​រលត់​រលាយ​អស់។ ចំណែក​ខាង​ប៉ាឡេស្ទីន ចលនា​ហាម៉ាស​បាន​គំរាម​សម្លាប់​​ចំណាប់​ខ្មាំង​វិញ ដើម​តប​ទៅ​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។

អ៊ីស្រាអែលបិទ​ខ្ទប់ហ្កា​​ហ្សាទាំងស្រុងនិង​គ្រោង​បើក​ប្រតិបត្តិការ​កម្ទេចចលនា​ហាម៉ាស
អ៊ីស្រាអែលបិទ​ខ្ទប់ហ្កា​​ហ្សាទាំងស្រុងនិង​គ្រោង​បើក​ប្រតិបត្តិការ​កម្ទេចចលនា​ហាម៉ាស AP - Tsafrir Abayov
ផ្សាយពាណិជ្ជកម្ម

ចំនួន​មនុស្ស​ស្លាប់​បាត់​បង់​ជីវិត​​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ការ​តតាំង​គ្នា​រវាង​​អ៊ីស្រាអែល-ហាម៉ាស​បាន​ឡើង​ដល់​ជាង​១២០០នាក់។ ខាង​អ៊ីស្រាអែលមាន​ស្លាប់​ជាង​៧០០នាក់និង​​​​របួស២១៥០នាក់។ ចំណែកខាង​ប៉ាឡេស្ទីន​​មាន​ស្លាប់​ជាង​៥៦០នាក់​​ និង​អ្នក​​​រង​របួសប្រមាណ​​២៩០០នាក់​ នៅ​តំបន់​ហ្កាហ្សា ដែល​យោធា​អ៊ីស្រាអែល​បន្ត​វាយប្រហារ​ និង​កាត់​ផ្តាច់​ឱ្យ​នៅ​ឯកា​កាន់​តែ​ខ្លាំង។

តើតំបន់ហ្កាហ្សា​មាន​ស្ថានភាព​យ៉ាងណា?

តំបន់​ហ្កាហ្សា​​ដែន​ដី​មួយ​ចំណិត​របស់​ប៉ាឡេស្ទីនមាន​ទទឹងតែ​៦-១២គីឡូម៉ែត្រ​ និងបណ្តោយ​តែ​​៤១​គីឡូម៉ែត្រ​​ ​នៅ​ជាប់​សមុទ្ទ​មេឌីទែរ៉ាណេ ​ត្រូវ​​អ៊ីស្រាអែល​​បិទ​ត្រួត​ត្រា​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ចេញ​ចូលតាំងពី​ឆ្នាំ​២០០៧​មក​ ប៉ុន្តែ​ពេល​នេះហ្កាហ្សា​​ត្រូវ​ឡោម​ព័ទ្ធ​ជិត​​​ដោយ​ទាហាន​អ៊ីស្រាអែល​ជា​ច្រើន​ពាន់​នាក់​។ ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ការពារ​ជាតិ​​អ៊ីស្រាអែល​បាន​ប្រកាស​បិទ​ខ្ទប់​តំបន់​ទាំងស្រុងតែម្តង។ បន្ទាប់​ពី​ផ្អាក​ការផ្តល់​ថាមពលអគ្គិសនី​-​ហ្កាស​ និង​ជំនួយ​ស្បៀង​អាហារ​​ អាជ្ញាធរ​អ៊ីស្រាអែល​បាន​​កាត់​ផ្តាច់​​ទឹក​ ដែលអ៊ីស្រាអែល​​បង្ហូរ​ទៅ​ឱ្យ​ហ្កាហ្សា​​ក្នុង​កំរិត​១០%​ក្នុង​មួយ​ឆ្នាំ។​

ទីតាំងភូមិសាស្ត្រនៃតំបន់ហ្កាហ្សា ដែលជាដែនដីតូចមួយ ស្ថិតនៅចន្លោះរដ្ឋអីស្រាអែល និង សមុទ្ទ​មេឌីទែរ៉ាណេ
ទីតាំងភូមិសាស្ត្រនៃតំបន់ហ្កាហ្សា ដែលជាដែនដីតូចមួយ ស្ថិតនៅចន្លោះរដ្ឋអីស្រាអែល និង សមុទ្ទ​មេឌីទែរ៉ាណេ (Carte : Rovensky/RFI)

ដើម្បី​​សង​សឹក​នឹង​ការ​​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ចលនា​ហាម៉ាស​កាលពី​ថ្ងៃ​ទី​៧​តុលា​ យោធា​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស​ទម្លាក់​គ្រាប់​​បែកឥត​ដាច់​​លើ​ទីតាំង​ជា​ច្រើន​ ដែល​ជា​​រចនា​សម្ព័ន្ធ​យោធារបស់​​ចលនា​ហាម៉ាសនៅ​ក្នុង​តំបន់​ហ្កាហ្សា​​។ យោធា​អ៊ីស្រាអែល​បាន​ប្រកាស​គ្រប់គ្រងស្ថានការណ៍​​តំបន់​ភាគ​ខាង​ត្បូង​នៃប្រទេសដែល​ផ្ទាំង​ស៊ីប​នៃការ​វាយហាម៉ាស​​បាន​វិញ​ហើយ​ តែ​អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​យល់​ថា​អាច​នៅ​មាន​សេស​សល់​ភេរវជន​ខ្លះ​ក្នុង​តំបន់​។ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក នេតាន់យ៉ាហ៊ូ បាន​សន្យា​​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ៩​តុលាថាអ៊ីស្រាអែល​នឹង​ធ្វើ​ឱ្យ​​ក្រុមហាម៉ាសរស់​យ៉ាង​លំបាក​និង​វេទនាបំផុត​​ ព្រោះ​អ៊ីស្រាអែល​នឹង​ឈ្នះ​ដោយប្រើ​​កម្លាំង-ជាកម្លាំង​ដ៏​មហិមា ឯ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​នៅហ្កាហ្សាត្រូវ​ប្រឈម​នឹង​សង្គ្រាមដ៏​ធ្ងន់ធ្ងរ និង​​​ដ៏​វែង​។

ប៉ុន្តែ​ចលនា​ហាម៉ាស បាន​គំរាម​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​វិញ​​​ថា បើ​សត្រូវ​មិន​យល់​ភាសា​មនុស្សធម៌​ ហាម៉ាស​នឹង​ប្រើ​ភាសា​ណា​ដែល​អ៊ីស្រាអែល​យល់។ ពោល​គឺ​ នៅពេល​ណា​មានពលរដ្ឋ​ប៉ាឡេស្ទីនណា​​ម្នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​ឥតព្រៀង​ទុក ហាម៉ាស​នឹង​ផ្តាច់​ជីវិត​​ចំណាប់​ខ្មាំង​ស៊ីវិល​អ៊ីស្រាអែល​ម្នាក់​វិញ​ដែរ។ បើ​តាម​រដ្ឋាភិបាល​អ៊ីស្រាអែល នៅពេល​ពួក​ហាម៉ាស​វាយ​លុក​ចូល​ក្នុង​ដែន​ដី​អ៊ីស្រាអែល​ពួកគេ​បាន​ចាប់​ជន​ស៊ីវិល​បាន​ប្រមាណ​ជិត​១៥០នាក់​ជា​ចំណាប់​ខ្មាំង។

បិទ​ខ្ទប់​តំបន់​ហ្កាហ្សា​ទាំង​ស្រុង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ?

ការ​ឆ្មក់​វាយប្រហាររបស់​ចលនា​ហាម៉ាស បាន​រង​ការ​ថ្កោស​ទោស​​ពី​គ្រប់​មជ្ឈដ្ឋាន ប៉ុន្តែ​ការ​សម្រេច​បិទ​ខ្ទប់​ទាំង​ស្រុង​តំបន់​ហ្កាហ្សា​ដែល​មាន​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ស៊ីវិល​ជាង​២លាន​៣សែន​នាក់​រស់​នៅ​ ក៏កំពុង​តែ​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ជ្រួល​ច្របល់​​មិនតិច​ដែរ។

ការ​បិទ​ខ្ទប់​តំបន់​មួយ​ទាំង​ស្រុង​ ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជន​ស៊ីវិល​ បង្អត់​សេចក្តី​ត្រូវការ​ចាំបាច់​សម្រាប់​រស់ មាន​ចែង​ហាម​ឃាត់​ក្នុង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ នេះ​បើ​តាម​កា​ររំលឹក​របស់​ឧត្តម​ស្នង​ការ​សិទ្ធិមនុស្ស​អង្គការ​ប្រជាជាតិ នៅព្រឹក​ថ្ងៃ​អង្គារ​ទី ១០​តុលា។​ លោក Volker Turk ក៏​បានបង្ហាញ​ភាព​តក់ស្លុត​និង​អាម៉ាស​នៅ​ចំពោះ​មុខ​វិធី​ប្រហារ​ជីវិត​​​របស់​ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន ដោយ​ស្នើ​សុំ​ឱ្យ​ក្រុម​នេះ​ដោះលែង​ចំណាប់​ខ្មាំង​និង​អ្នក​ទោស​ស៊ីវិល​ភ្លាម និង​ដោយ​គ្មាន​លក្ខខណ្ឌ។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ អង់តូនីញ៉ូ ហ្គូទែកស៍ ក៏​បាន​ទទួល​ស្គាល់ដែរ​​ថាលោក​​ព្រួយ​បារម្ភ​នឹង​ការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដ៏​ស្រប​ច្បាប់​របស់​អ៊ីស្រាអែល​។ ​លោក​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ខ្លាំង​ណាស់​នៅពេល​ឮ​អ៊ីស្រាអែល​ប្រកាស​បិទ​ខ្ទប់​ទាំង​ស្រុង​។ ក្នុងន័យ​នេះ​លោក​បាន​ប្រកាស​រំលឹក​អ៊ីស្រាអែល​ថា​ប្រតិបត្តិការ​យោធា​ត្រូវ​តែ​រៀប​ចំ​ធ្វើ​ឡើង​ដោយ​គោរព​សិទ្ធិមនុស្សធម៌​អន្តរជាតិ។ ត្រូវ​ការពារ​និង​គោរព​ជីវិត​ជន​ស៊ីវិល​។ រចនា​សម្ព័ន្ធ​ស៊ីវិល មានជាអាទិ៍​មន្ទីរពេទ្យ សាលារៀន កន្លែង​ស្នាក់នៅ​ ​មិន​ត្រូវ​ក្លាយ​ជា​ចំណុច​វាយប្រហារ​ទេរបស់​យោធា​អ៊ីស្រាអែល​ទេ។

សហភាព​អឺរ៉ុប​បាន​ប្រកាស​បើក​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​អញ្ជើញ​ប្រមុខ​ការ​ទូត​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ចូល​រួម​ផង។​ ប្រមុខដឹកនាំ​តួកគី​និង​អេហ្ស៊ីប​ ព្រមទាំង​កាតា កំពុង​សាកល្បង​ដើរ​តួ​ជា​អន្តរការី។

តើ​អ៊ីស្រាអែល​កំពុង​ឈាន​ទៅ​បើក​ប្រតិបត្តិការ​​​កម្ចាត់​ពួក​​ហាម៉ាសអស់​តាម​វិធីណា?

យោល​ទៅ​លើ​ចំនួន​ទ័ព​បម្រុងប្រមាណ​​​៣សែន​នាក់ ​ដែលអ៊ីស្រាអែល​ប្រមូល​បាន​​​​ក្នុង​រយៈ​ពេល​តែ​៤៨​ម៉ោង បូក​នឹង​ទាហាន​ពេញ​សិទ្ធិ​ជិត​មួយ​សែន​នាក់​ ដែល​ផ្តើម​មក​ផ្តុំ​នៅ​ជុំ​វិញ​តំបន់​ហ្កាហ្សា ពលរដ្ឋប៉ាឡេស្ទីន​ចាប់​ព្រួយ​បារម្ភ​​ទុក​ជា​មុន​ថាច្បាស់​ជា​​នឹង​មាន​ប្រតិបត្តិការ​វាយ​កម្ទេច​ក្រុម​យុទ្ធជន​ហាម៉ាស​ទ្រង់ទ្រាយ​ធំ​តាម​ផ្លូវ​គោក​។

ប៉ុន្តែ​ប្រតិបត្តិការ​បែប​នេះ អាច​ចោទ​ជា​បញ្ហា​ច្រើន​សម្រាប់​អ្នក​ដឹកនាំ​អ៊ីស្រាអែល ព្រោះ​អាច​មាន​ការ​បាត់​បង់​មនុស្ស​ច្រើន​ ទាំង​សង​ខាង ព្រោះ​តំបន់​នេះ​មាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់​ ជា​ផ្ទះ​របស់​ពួក​ហាម៉ាស​ស្រាប់​ដែល​ពួកគេ​អាច​សំងំ​លាក់​ខ្លួន​នៅ​គ្រប់​ជ្រុង​ គ្រប់​ផ្លូវ គ្រប់​រូង​ ... ចាំ​ស្ទាក់ស្វាគម​​ទាហាន​អ៊ីស្រាអែល។​

កម្លាំង​យោធា​អ៊ីស្រាអែលអាច​​​​មាន​ប្រៀប​ខ្លាំង​ និង​អាច​បំផ្លាញ​រចនា​សម្ព័ន្ធ​របស់​ពួក​ហាម៉ាស ដូច​ជា​ កន្លែង​ផលិត​ឬ​ដំឡើង​រ៉ុកកែត ផ្លូវក្រោម​ដី​ដែល​តភ្ជាប់​ពី​ហ្កាហ្សា​ទៅ​អេហ្ស៊ីប ទៅ​អ៊ីស្រាអែល​ សម្រាប់​ឱ្យ​ពួក​ហាម៉ាស​ទាក់ទង​ជាមួយ​អ្នក​នៅ​ក្រៅ​តំបន់​ហ្កាហ្សា​ ឬ​កម្ទេច​ស្តុក​អាវុធ គ្រាប់​សព្វាវុធ​ តែ​មិន​ងាយ​កម្ចាត់​មេកើយ​ចលនា​ហាម៉ាស​បាន​ដោយងាយៗ​ឡើយ។ ម៉ូហាមេដ Dief មេក្លោង​ដឹកនាំ​ប្រតិបត្តិការ​វាយលុក​កាលពី​ថ្ងៃ​សៅរ៍​ ត្រូវ​បាន​យុវជន​ប៉ាឡេស្ទីន​ចាត់​ទុក​ជា​ព្រះ។

ឧបមា​មេកើយក្រុម​ភេរវនិយម​​ហាម៉ាសត្រូវ​កម្ចាត់​បាន​ ក៏​​​​​អ៊ីស្រាអែល​មិន​អាច​កម្ចាត់​ពួក​គេ​អស់​ដែរ។ អ៊ីស្រាអែល​ធ្លាប់​ឈ្នះ​និង​សម្លាប់​បាន​មេក្រុម​ ជា​ច្រើនដង​មក​ហើយ ក្នុង​សង្គ្រាម​មុនៗ។ តែនៅ​ហ្កាហ្សា​ ​គេ​មិនអាច​កំណត់​​លទ្ធផល​ចុងក្រោយ​ថា​តើ​មាន​ស្លាប់​ជីវិត​ទាហាន​អ៊ីស្រាអែល​និង​ពលរដ្ឋ​ស៊ីវិល​ប៉ាឡេស្ទីន​ប៉ុន្មាន​ទេ។ ហើយ​​បើ​ទោះ​បី​ជា​ឈ្នះ​ ក៏​ត្រូវ​មាន​បញ្ហា​ដែរ។ កម្ចាត់​​ពួក​ហាម៉ាសអស់ អ៊ីស្រាអែល​នឹង​មក​ធ្វើ​អាណានិគម​លើ​ដែន​ដី​មួយ​ដុំ​នេះទៀតឬ​? អ៊ីស្រាអែល​គ្មាន​អនុស្សាវរីយ៍​ល្អ​នឹង​ការ​ធ្វើ​អាណានិគមកិច្ចទេ។ ទុក​ជន​ស៊ីវិល​ជាង​២លាន​នាក់​ដោយ​គ្មាន​ការ​ឃុំ​គ្រង ចលនា​ថ្មី​នឹង​លេច​ឡើង​ខ្លាំង​ជាង​ហាម៉ាស​ទៅទៀត។

ស្ថាបនិក​អ៊ីស្រាអែល លោក David Ben Gourion បាន​អះអាង​នៅ​ឆ្នាំ​១៩៥៨​ថា​ ដែន​ដី​ហ្កាហ្សា​ជា​អពមង្គល​សម្រាប់​គ្រប់​របប​ មិន​ថា​សម្រាប់​រដ្ឋ​អ៊ីស្រាអែល របប​អ៊ីស្រាអែល​ជាមួយអង្គការ​សហប្រជាជាតិ ឬ​អង្គការ​សហប្រជាជាតិ​ដោយ​គ្មាន​អ៊ីស្រាអែល។ ប៉ុន្តែ​នោះ​ជា​គំនិត​កាល​៦៦​ឆ្នាំមុន ​តើ​អាចហួស​សម័យ​ទេ?​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ