អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែលប្រកាសសង្រ្គាមក្រោយការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ៊ីស្រាអែលប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម​បន្ទាប់ពីត្រូវ​រងស្រោចដោយគ្រាប់រ៉ូកែត​របស់​ចលនាហាម៉ាស​ប៉ាឡេស្ទីន ដែលគ្រប់គ្រង​តំបន់​ហ្កាហ្សា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ទី ៧ តុលា។ តាមតុល្យការបឋម​របស់​កងទ័ពអ៊ីស្រាអែល ការវាយប្រហាររបស់​ក្រុមហាម៉ាសទៅលើ​ទឹកដីភាគខាងត្បូង​អ៊ីស្រាអែល​ដែលនៅជាប់ព្រំប្រទល់ជាមួយ​តំបន់ហ្កាហ្សា បាន​សម្លាប់មនុស្ស​យ៉ាងតិច ២២នាក់នាក់ និង​របួស​ជាង ៥០០នាក់។ ក្រោយ​កោះប្រជុំសន្តិសុខ​បន្ទាន់ នៅព្រឹកថ្ងៃ​សៅរ៍ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ​ប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម និង​បញ្ជា​ឲ្យ​កងទ័ពបើកប្រតិបត្តិការវាយប្រហារ​តបទៅលើ​តំបន់​ហ្កាហ្សា។ ប្រមុខការពារជាតិ​អ៊ីស្រាអែល​វិញ បាន​ព្រមាន​ក្រុមហាម៉ាស​ថា កំពុងធ្វើកំហុស​ដ៏ធ្ងន់ធ្ងរ​ដែលបើកការវាយប្រហារទ្រង់ទ្រាយធំ​លើ​អ៊ីស្រាអែលនៅពេលនេះ។ ការវាយប្រហារបកវិញរបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់​ប្រជាជនប៉ាឡេស្ទីនជិត​២០០នាក់​នៅថ្ងៃសៅរ៍ទី ៧​តុលា។

ប្រជាជនប៉ាឡេស្ទីន​អបអរជ័យជំនះលើ​រថក្រោះរបស់​ទាហាន​អ៊ីស្រាអែលដែលពួកគេចូលដុតបំផ្លាញ​បាននៅថ្ងៃ​សៅរ៍ទី​៧តុលា ២០២៣
ប្រជាជនប៉ាឡេស្ទីន​អបអរជ័យជំនះលើ​រថក្រោះរបស់​ទាហាន​អ៊ីស្រាអែលដែលពួកគេចូលដុតបំផ្លាញ​បាននៅថ្ងៃ​សៅរ៍ទី​៧តុលា ២០២៣ AP - Hassan Eslaiah
ផ្សាយពាណិជ្ជកម្ម

 

តាំងពីព្រលឹមថ្ងៃ​សៅរ៍​ទី ៧ តុលា ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​បាញ់​ស្រោច​គ្រាប់រ៉ូកែតចេញពីតំបន់​ហ្កាហ្សា​សំដៅទឹកដី​ភាគខាងត្បូង​អ៊ីស្រាអែល ដោយ​បាន​សម្លាប់មនុស្ស​យ៉ាងតិច ២២នាក់ និង​រងរបួស​ជាង ៥០០នាក់។ នៅ​ភាគខាងត្បូង និង​ភាគកណ្តាលប្រទេសអ៊ីស្រាអែល ទោះគ្រាប់រ៉ូកែតជាច្រើន​របស់​ក្រុមហាម៉ាស ត្រូវ​ប្រព័ន្ធការពារដែនអាកាស​បាញ់ស្ទាក់ទម្លាក់ជាមុន ប៉ុន្តែ សំឡេងស៊ីរ៉ែនស្រែករោទិ៍​ដាស់តឿន​ឲ្យ​ប្រជាជន​រត់រក​កន្លែងពួនជ្រក ដើម្បី​គេច​ចេញ​ពី​ការវាយប្រហារ​របស់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។

យុទ្ធសាស្រ្តវាយប្រហារ​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ខុសប្លែក​ពីលើកមុនៗយ៉ាងដូចម្តេច

នៅព្រឹកថ្ងៃ​សៅរ៍​ទី ៧​តុលា ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បាន​បើកការប្រហារទ្រង់ទ្រាយធំ និង​គួរ​ឲ្យភ្ញាក់ផ្អើល រន្ធត់ខ្លាំង សម្រាប់​ប្រជាជន​អ៊ីស្រាអែល ព្រោះថា ក្រៅពី​បាញ់ស្រោចគ្រាប់រ៉ូកែត ជាង ៥០០០គ្រាប់​សំដៅ​ទឹកដី​អ៊ីស្រាអែល តាំងពី​ម៉ោង​៦កន្លះព្រឹក ម៉ោង​ដែល​ប្រជាជន​អ៊ីស្រាអែល​កំពុងលង់លក់ក្នុង​ដំណេក ក្រុមហាម៉ាស​ប៉ាឡេស្ទីន​នៅបាន​បើកប្រតិបត្តិការ​វាយប្រហារពិសេសមួយទៀត នោះគឺការបញ្ជូនក្រុមប្រដាប់អាវុធ វាយលុកចូលផ្ទាល់​ក្នុង​ទឹកដី​អ៊ីស្រាអែល។

តាម​កងទ័ព​អ៊ីស្រាអែល នៅបន្ទាប់ពីមានការបាញ់ស្រោចគ្រាប់រ៉ូកែតសំដៅអ៊ីស្រាអែល សកម្មជនប្រដាប់អាវុធ​របស់​ក្រុមហាម៉ាស​ជាច្រើន​នាក់​បានចូលទឹកដី​អ៊ីស្រាអែល តាម​ផ្លូវទឹក ដូចជាការប្រើទូក និង​តាមផ្លូវអាកាស តាមរយៈ​ការប្រើឆ័ត្រយោងហោះសម្រូតខ្លួន​ចូល​ដីអ៊ីស្រាអែល។ រូបភាពវីដេអូ​នៅលើ​បណ្តាញសង្គម ដែល​ទីភ្នាក់ងារព័ត៌មាន​បរទេស​មិនទាន់​អាច​បញ្ជាក់​ប្រភព​បាន​បង្ហាញ​មនុស្ស​ប្រដាប់អាវុធ បិទមុខ​ជាច្រើននាក់ ដើរឆ្លង​របង​លួស គេកាត់ទម្លុះ នៅ​ព្រំប្រទល់ហ្កាហ្សាជាមួយ​អ៊ីស្រាអែល។ រូបភាពវីដេអូខ្លះ​បង្ហាញ​យុវជន​ប៉ាឡេស្ទីនឡើងជាន់រថក្រោះ​ដែលគេចូល​វាយបំផ្លាញ នៅក្រោយ​ប្រតិបត្តិការរបស់​ក្រុមប្រដាប់អាវុធ ឬ​ការរឹបអូសយកបាន​រថយន្ត​ពី​ទាហានអ៊ីស្រាអែល​ដែលគេបើកបរពេញ​ទីក្រុង​ហ្សាហ្សា។ អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន បានផ្ទុះសង្រ្គាម​ប្រយុទ្ធគ្នា ចំនួន​៤លើក គិត​ចាប់តាំង​ពី​ក្រុមហាម៉ាស ចូលគ្រប់គ្រង​តំបន់​ហ្កាហ្សា នៅ​ឆ្នាំ ២០០៧។ កន្លងមក ក្រុមហាម៉ាស​បាញ់តែគ្រាប់រ៉ូកែត​សំដៅ​ទឹកដី​អ៊ីស្រាអែល ហើយ​វា​ជា​រឿង​ដ៏​កម្របំផុត ដែល​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បញ្ជូន​បាន​សម្រេច ក្រុមប្រដាប់អាវុធ​របស់​ខ្លួន​ទៅ​ប្រយុទ្ធអុកឡុក​ក្នុងទឹកដីអ៊ីស្រាអែល។ សម្រាប់​ប្រជាជន​អ៊ីស្រាអែល​ដែលរស់នៅ​ទីក្រុង​ភាគខាងត្បូង ជាប់​ទឹកដីហ្កាហ្សា នេះជាលើកទី១​ដែលការវាយប្រហារ​របស់​ក្រុមហាម៉ាស​ធ្វើ​ឲ្យ​ពួកគេ​ភ័យខ្លាចបំផុត។ មុនៗ ពួកគេ​មានសុវត្ថិភាព នៅក្រោយ​រត់ដល់​កន្លែងជ្រក​ពី​ការវាយប្រហារ​របស់​គ្រាប់រ៉ូកែត។ ម្យ៉ាង​គ្រាប់រ៉ូកែត​សឹងទាំងស្រុងរបស់​ពួកហាម៉ាស​ប៉ាឡេស្ទីន​ត្រូវ​ប្រព័ន្ធខែលមីស៊ីល​របស់​កងទ័ពអ៊ីស្រាអែល​បាញ់ស្ទាក់ នៅលើ​មេឃ​មិន​ឲ្យធា្លក់ដល់ដី ប៉ុន្តែ ការវាយប្រហារ​របស់​ចលនាហាម៉ាស​ប៉ាឡេស្ទីនលើកនេះ សាហាវជាងលើកមុនៗ ព្រោះក្រៅពីបាញ់គ្រាប់រ៉ូកែត ក្រុមហាម៉ាស​បញ្ជូន​ក្រុមប្រដាប់អាវុធ​របស់ខ្លួន​ឲ្យ​ចូលទៅដើរបាញ់​សម្លាប់​ប្រជាជនអ៊ីស្រាអែល ដល់​ក្នុងទឹកដី​អ៊ីស្រាអែល។

កាសែត​ក្នុងស្រុក​អ៊ីស្រាអែល​ចុះផ្សាយ​នៅថ្ងៃ​សៅរ៍នេះ​ថា កងកម្លាំងរក្សាសន្តិសុខ​អ៊ីស្រាអែល​បាញ់តបតជាមួយ​ក្រុមប្រដាប់អាវុធ ដែលបាន​ដើរ​បាញ់រះលើ​អ្នកដំណើរ​តាមផ្លូវ ក្នុង​ទីក្រុង​Sderot នៅ​ភាគខាងត្បូង​អ៊ីស្រាអែល។

រូបភាពរបស់​ទីភ្នាក់ងារព័ត៌មានអន្តរជាតិ​បាន​បង្ហាញប្រជាជន​អ៊ីស្រាអែល​ត្រូវ​ក្រុមប្រដាប់អាវុធ​ចាប់ជំរិតជា​ចំណាប់ខ្មាំង ចំណែក​សាកសព​ជនជាតិអ៊ីស្រាអែល​ដែលកុម្ម៉ង់ដូរ​ប៉ាឡេស្ទីន​បាញ់សម្លាប់ នៅរណូករណែល​តាមផ្លូវ។

អ្វីជាដើមចមដែលធ្វើឲ្យ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បាញ់ស្រោចគ្រាប់រ៉ុកក្កែត​ទៅលើ​អ៊ីស្រាអែល?

ការវាយប្រហារ​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ដែលបានធ្វើ​ឲ្យ​អ៊ីស្រាអែល​ភ្ញាក់ផ្អើល រន្ធត់ខ្លាំង កើតឡើង ​នៅមួយថ្ងៃ​ក្រោយ​ដែល​អ៊ីស្រាអែល​រំលឹកខួប​៥០ឆ្នាំ​នៃ​Yom Kippur សង្រ្គាមវាយប្រហារ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ប្រទេស​អារ៉ាប់ នាំមុខ​ដោយ​អេហ្ស៊ីប និង​ស៊ីរី ដើម្បី​ដណ្តើមយកទឹកដីដែល​អ៊ីស្រាអែល​យកមកកាន់កាប់ ក្រោយ​ជ័យជំនះ​របស់អ៊ីស្រាអែល ក្នុង​សង្រ្គាម៦ថ្ងៃ កាលពីឆ្នាំ ១៩៦៧។

(កាលពី​៥០ឆ្នាំ មុន នៅថ្ងៃទី ៦ តុលា ឆ្នាំ ១៩៧៣ អេហ្ស៊ីប និង​ស៊ីរី​ដែល​ចាញ់ ​អ៊ីស្រាអែល នៅក្នុង​សង្រ្គាម​៦ថ្ងៃ ​ឆ្នាំ ១៩៦៧ បាន​រួមគ្នា​បើក​ការវាយប្រហារ ដោយ​សង្រ្គប់ ដោយ​មិនឲ្យអ៊ីស្រាអែលដឹងខ្លួនមុន ក្នុងគោលដៅ​ដណ្តើមយក​ទឹកដីរបស់ខ្លួន ពីអ៊ីស្រាអែល​មកវិញ។ ទោះ​អ៊ីស្រាអែល​ជា​អ្នកឈ្នះ សង្រ្គាម​៣សប្តាហ៍ ដែលបានសម្លាប់ទាហាន​អ៊ីស្រាអែល ២៦០០នាក់ និង​យ៉ាងតិច ៩០០០នាក់ នៅចំណែក​ក្រុមប្រទេស​អារ៉ាប់ អ៊ីស្រាអែល​បាន​បាត់បង់ទឹកដី​ស៊ីណៃ​ទៅ​ឲ្យអេហ្ស៊ីប ប៉ុន្តែ តំបន់ខ្ពង់រាប​ហ្គោឡង់​របស់ស៊ីរី នៅតែស្ថិតក្រោម​ការកាន់កាប់របស់​អ៊ីស្រាអែល​រហូតមកដល់​សព្វថ្ងៃ។)

ដូច​ប្រទេស​អារ៉ាប់​កាលពី​៥០ឆ្នាំមុន ចលនា​ហាម៉ាសប៉ាឡេស្ទីន​បាន​យកគំរូតាម ដោយ​បើកការវាយប្រហារទៅលើ​អ៊ីស្រាអែល នៅចំពេល​ដែលអ៊ីស្រាអែល​មិន​បាន​​ប្រុងប្រៀបខ្លួនទុកជាមុន ជាពិសេស នៅថ្ងៃ បុណ្យ​ចុងក្រោយ​របស់​ជនជាតិជ្វីវ នៅថ្ងៃ​សៅរ៍។ ក្រុមហាម៉ាស​បាញ់ស្រោច​គ្រាប់រ៉ូកែត​ទៅលើ​អ៊ីស្រាអែល​លើកនេះ ដោយ​គ្មានព្រឹត្តិការណ៍​សំខាន់ ណាមួយ​កើតឡើង​នោះទេ។ ប៉ុន្តែ ការវាយប្រហារ​របស់​ក្រុមហាម៉ាស ទៅលើ​អ៊ីស្រាអែល កើតឡើង នៅ​ក្នុង​កាលៈទេសៈ ដែល​ប្រជាជន​ប៉ាឡេស្ទីន និង​អាជ្ញាធរ​អ៊ីស្រាអែល​ឧស្សាហ៍ប៉ះទង្គិច តានតឹង​នឹងគ្នា កាន់តែខ្លាំង​នៅ​តំបន់​ជេរូសាឡឹមដែលអ៊ីស្រាអែល​កាន់កាប់ដោយ​ខុសច្បាប់អន្តរជាតិ។ នៅក្នុង​សារសំឡេង នៅថ្ងៃ​សៅរ៍ ​មេបញ្ជាការរបស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ម៉ូហាម៉េដ អាលឌេអ៊ីហ្វ Muhammad Al-Deif​ បាន​​ប្រកាស​បើក​ប្រតិបត្តិការ​ព្យុះ Al Aqsa ដើម្បី​សងសឹក​ឲ្យ​ស្ត្រីប៉ាឡេស្ទីន ដើម្បី​ឆ្លើយតប​នឹង​ការបង្រ្កាបហិង្សា​របស់​អាជ្ញាធរអ៊ីស្រាអែល​ទៅលើ​ប្រជាជនប៉ាឡេស្ទីន​នៅ​វិហារទីសក្ការៈអ៊ីស្លាម នៅ​ជេរូសាឡឹម និង​ដើម្បីវាយបក​នយោបាយ​បិទខ្ទប់របស់អ៊ីស្រាអែល​ទៅលើ​តំបន់ហ្កាហ្សា។

តាំង​ពី​បទឈប់បាញ់​នៅ​ឆ្នាំ ២០២១ នៅបន្ទាប់ពីត្រូវទ្រមខ្លួន​យ៉ាងដំណំ ដោយសារ​ការវាយប្រហារដ៏សន្ធឹក​របស់​កងទ័ព​អ៊ីស្រាអែល​ដែលបាន​សម្លាប់​ថ្នាក់ដឹកនាំ​សំខាន់ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហាម៉ាស ដូចជា​រូងក្រោមដីជាដើម ក្រុមហាម៉ាស​បាន​អត់ធ្មត់​មិនលូកដៃ​ក្នុងជម្លោះ​ជាមួយអ៊ីស្រាអែល ដែលបើកការវាយប្រហារ​ទៅលើ​ក្រុមជីហាត​ប៉ាឡេស្ទីន​នៅ​ជំរំហ្សេនីនជាដើម។

អ្នកតាមដាន​ស្ថានការណ៍​នៅតំបន់​ដើមបូព៌ា ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែលគ្រប់គ្រង​តំបន់​ហ្កាហ្សា ហ៊ានចេញមុខ​វាយប្រហារ​ទៅលើ​អ៊ីស្រាអែល នៅពេលនេះ ដើម្បីទាក់ទាញ​ការគាំទ្រ​ពីប្រជាជនប៉ាឡេស្ទីន ក្នុងគោលដៅ ប្រជែង​ដណ្តើម​ឥទ្ធិពល​ពី​រដ្ឋអំណាច​ប៉ាឡេស្ទីន ដឹកនាំ​ដោយ​ក្រុមហ្វាតា។ ក្រុមហាម៉ាស​ចង់​បង្ហាញ​ទៅ​ប្រជាជន​ប៉ាឡេស្ទីន ថា ខ្លួន​គឺជាថ្នាក់ដឹកនាំ​តែម្នាក់គត់​ដែលជា​អ្នកចេញមុខ​ឈឺឆ្អាល ការពារ​ប្រជាជន​ប៉ាឡេស្ទីន​នៅចំពោះមុខ ការឈ្លានពាន ការធ្វើទុក្ខបុកម្មេញ អំពើហិង្សា​របស់​អាជ្ញាធរ​អ៊ីស្រាអែល។

នៅ​ក្នុង​សារសំឡេង មេបញ្ជាការក្រុមហាម៉ាស​បានអំពាវនាវ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​នៅគ្រប់ទឹសទីដែលរងការធ្វើបាបជិះជាន់​របស់​អ៊ីស្រាអែល​ឲ្យឆ្លៀត​យក​ហេតុការណ៍​នៅថ្ងៃ​សៅរ៍នេះ​ដើម្បី​ងើបរើបំរះ សងសឹក តាមគ្រប់មធ្យោបាយ ដើម្បីគាស់រំលើង បណ្តេញ ក្រុមអាណានិម ឈ្លានពាន​ទឹកដីប៉ាឡេស្ទីន។

ក្រុមហាម៉ាស​ចំណេញ ឬ​ខាត​ពី​វាយប្រហារ​លើ​អ៊ីស្រាអែល​លើកនេះ?

មហិច្ឆតា​នយោបាយ​របស់​ចលនា​ហាម៉ាស គឺ​ដើម្បី​រម្លឹក​ឡើង​វិញ​ពី​វត្តមាន និង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទីតាំង​ដែនដី​ប៉ាឡេស្ទីន​ផ្សេង​ទៀត​ក្រៅ​ពី​តំបន់​ហ្កាហ្សា។ ដូច្នេះ យុទ្ធសាស្រ្ត​របស់​ក្រុមហាម៉ាស មិនមែន​ជា​យុទ្ធសាស្រ្ត​យោធា។ ពួក​ហាម៉ាស​បាន​ដឹង​មុន​រួច​ជា​ស្រេច​ថា ខ្លួន​គ្មាន​ថ្ងៃ​នឹង​ទទួល​ជ័យជំនះ​ផ្លូវយោធា តាម​រយៈ​ការប្រើ​គ្រាប់រ៉ូកែត​បាញ់​ផ្លោង​ទៅ​លើ​អ៊ីស្រាអែល​នោះ​ឡើយ។ ជាក់ស្តែង ក្រោយការបាញ់ស្រោច​គ្រាប់រ៉ូកែត​ចេញពីតំបន់​ហ្កាហ្សា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្រកាស​គំរាម​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ពីផលវិបាកដ៏ធ្ងន់ធ្ងរ​ដែល​ហ៊ាន​វាយប្រហារ​លើ​អ៊ីស្រាអែល​លើកនេះ។ ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​គេ​បញ្ជូន​យន្តហោះចម្បាំងជាច្រើនគ្រឿង​ទៅវាយប្រហារ​តំបន់​ហ្កាហ្សា និង​កោះប្រមូល​ទាហាន​បម្រុង​រាប់ម៉ឺននាក់ ដើម្បីធ្វើសង្រ្គាមប្រយុទ្ធវាយបកលើ​ក្រុមហាម៉ាស។

ចលនា​ហាម៉ាស​ដឹងច្បាស់ថា ខ្លួនប្រាកដជា​រងខូចខាតខ្លាំង ដោយសារ​ការវាយប្រហារតបដ៏ចាស់​របស់​កងទ័ព​អ៊ីស្រាអែល។ ប៉ុន្តែ ចលនា​ប៉ាឡេស្ទីន​ដែល​គ្រប់គ្រង​តំបន់ហ្កាហ្សា​មួយនេះ នៅតែ​ចង់​ជួយ​ឈឺឆ្អាល និង​កេណ្ឌ​ប្រមូល​កម្លាំង​វាយប្រហារ ទៅលើ​អ៊ីស្រាអែល ដើម្បី​ដាស់​ស្មារតី កន្ត្រាក់​អារម្មណ៍ លើ​រឿងរ៉ាវ​ដែល​បាន​កើត​មាន​ឡើង នៅ​ក្រៅ​តំបន់​ហ្កាហ្សា។ យុទ្ធសាស្រ្ត​ដែល​ពួក​ហាម៉ាស​បាន​ប្រើគឺ​យុទ្ធសាស្រ្ត​យាយី។ ការបាញ់ផ្លោង​គ្រាប់​រ៉ូកែត​ជា​សញ្ញា​មួយ​ដែល​ពួក​ហាម៉ាស​ចង់​ប្រាប់​អ៊ីស្រាអែល ដរាប​ណា​ប្រជាជន​ប៉ាឡេស្ទីន​មិន​អាច​រស់នៅ​ដោយ​សុខស្រួល ប្រជាជន​អ៊ីស្រាអែល​ក៏​មិន​អាច​រស់នៅ​ដោយ​សុខស្រួល​ដែរ។

ម្យ៉ាង​ការវាយប្រហារ​របស់​ក្រុមហាម៉ាស​លើកនេះ​នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ចងចាំ​ទុកជាមេរៀន។ ទោះក្រុមហាម៉ាស​នឹងត្រូវ​កងទ័ពអ៊ីស្រាអែលវាយបង្រ្កាបវិញ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមហាម៉ាស​បាន​ធ្វើ​អ៊ីស្រាអែល​ភ័យបុកពោះ​មិនតិចដែល នៅពេល អ៊ីស្រាអែល​មិន​បាន​ប្រុងប្រៀប​ខ្លួន​ទុកជាមុន​ទេ ថា​មាន​កងកុម្ម៉ង់ដូរ​របស់​ក្រុមហាម៉ាសប៉ាឡេស្ទីន អាច​បញ្រ្ជៀតខ្លួន​ចូល​ទៅ​វាយប្រហារ​លើ​ប្រជាជន​ និង​ទីតាំង​យោធាដល់​ក្នុងទឹកដីអ៊ីស្រាអែល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ