អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​អ៊ីស្រាអែល-​ហាម៉ាស៖ ​វិបត្តិ​ចំណាប់​ខ្មាំងរំពឹង​​លើ​ប្រទេសកាតា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចលនា​ហាម៉ាស​បាន​ដោះលែងចំណាប់​ខ្មាំង​ជាតិ​អាមេរិក​ពីរ​រូប​នៅល្ងាច​ថ្ងៃ​សុក្រ​ទី​២០​តុលា​២០២៣។ តើ​នេះ​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​សម្រាប់​ចំណាប់​ខ្មាំង​ជាង​ពីររយ​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួក​ហាម៉ាស​នៅ​ហ្កាហ្សាឬ?

ចំណាប់​ខ្មាំង​ជាតិ​អាមេរិក​ពីរ​នាក់ម្តាយកូន​​ដែល​ពួក​ហាម៉ាស​បាន​ដោះលែង​ នៅថ្ងៃ​ទី ២០​ តុលា ២០២៣
ចំណាប់​ខ្មាំង​ជាតិ​អាមេរិក​ពីរ​នាក់ម្តាយកូន​​ដែល​ពួក​ហាម៉ាស​បាន​ដោះលែង​ នៅថ្ងៃ​ទី ២០​ តុលា ២០២៣ © Government of Israel/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ​ទី​២០​តុលានេះ​​ ចលនា​ហាម៉ាស​បានដោះលែង​ចំណាប់​ខ្មាំងជាតិ​អាមេរិក​ភេទ​ស្រី​​ពីរ​នាក់។​ ​​ក្រុម​កាកបាទ​ក្រហមបាន​ទទួល​​ម្តាយ​និង​កូន​នៅ​ព្រំ​ដែន​ និង​ជូន​ដំណើរ​មក​ដល់​អ៊ីស្រាអែល​។​ ម្តាយ​និង​កូន​ Judith និង​ Nathalie Raanan ជា​ចំណាប់​ខ្មាំង​ពីរ​នាក់​ដំបូង​ដែល​បាន​ទទួល​ការ​ដោះលែង ដោយ​មាន​ការ​​បញ្ជាក់​ច្បាស់​លាស់​​ ​ពី​សំណាក់​ក្រុម​ហាម៉ាស និង​អ៊ីស្រាអែល។

នៅក្នុង​​​សេចក្តី​ថ្លែងការណ៍ លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន បាន​​សម្តែង​ក្តី​អំណរ​រីករាយ​ នៅពេល​បាន​ឃើញ​ពលរដ្ឋ​អាមេរិក​ពីរ​រូប​នេះ​បាន​ទទួល​សេរីភាព​វិញ។ លោកប្រធានាធិបតី​ក៏​ឆ្លៀត​ថ្លែង​អំណរ​គុណ​កាតា​និងអ៊ីស្រាអែលដែល​បាន​ដើរ​តួ​ក្នុង​​​ប្រតិបត្តិការស្វែង​រក​សេរីភាព​ឱ្យ​​ចំណាប់​ខ្មាំង​នេះ​ និង​បាន​សន្យា​ថា​សហរដ្ឋ​អាមេរិក​មិន​បញ្ឈប់​​​កិច្ចខិត​ខំប្រឹងប្រែង​របស់​ខ្លួនទេ​ដរាប​ណា​មិន​ទាន់អាច​​នាំ​ពលរដ្ឋ​អាមេរិក​ទាំង​អស់​​ឱ្យ​ត្រលប់​មក​ផ្ទះ​វិញបាន។

តើ​ហាម៉ាស​នៅ​មាន​ចំណាប់​ខ្មាំង​ប៉ុន្មាន​នាក់​ក្នុង​ដៃ?

វ៉ាស៊ីនតោន​មិន​បញ្ជាក់​ថា​​តើ​មាន​ពលរដ្ឋ​អាមេរិក​ប៉ុន្មាន​នាក់​កំពុង​ជាប់​ជា​ចំណាប់​ខ្មាំង​របស់​ពួក​ចលនា​ហាម៉ាស​ទេ។ ប៉ុន្តែបើ​តាម​រដ្ឋាភិបាល​អ៊ីស្រាអែល មាន​ជន​ស៊ីវិល​​និង​ទាហាន​សរុប​ប្រមាណ​២០៣​នាក់ ដែល​ត្រូវពួក​កម្មង់ដូ​ហាម៉ាស​ចាប់​ជំរិត និង​នាំ​យក​ទៅ​ឃុំ​នៅ​​តំបន់​ហ្កាហ្សា នៅពេល​ពួក​គេ​ចូល​វាយ​លុក​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល​កាលពី​ថ្ងៃទី ៧​តុលា។

ដូច្នេះ​ នៅ​មាន​ចំណាប់​ខ្មាំង​២០១​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួក​ហាម៉ាស។ ជាង​២០នាក់​ប្រហែល​​ជា​ក្មេង​មិន​ទាន់​ពេញ​វ័យ និង​ប្រមាណ​ពី​១០​ទៅ​២០នាក់​ជា​មនុស្ស​ចំណាស់​អាយុ​លើស​៦០ឆ្នាំ។ ពួកគេ​មាន​សញ្ជាតិ​ផ្សេងៗ​គ្នា​ (២២​សញ្ជាតិ) ក្នុង​នោះ​ប្រហែល​១០នាក់​ជា​ជនជាតិ​អាមេរិក​ យ៉ាង​ហោច​៧នាក់​ជា​ជនជាតិអាល្លឺម៉ង់ និង​៨នាក់​ជា​ជនជាតិ​អាហ្សង់ទីន។ ខាង​បារាំងអាច​មាន​ដល់​៧នាក់​ដែរ។ ​មាន​ព័ត៌មាន​ប្រាកដជាក់​ថា​ មានពលរដ្ឋ​​បារាំង​ម្នាក់​ត្រូវ​បាន​ពួក​ហាម៉ាស​ចាប់ទៅ​ហ្កាហ្សា​ និង​៦នាក់​ផ្សេង​ទៀត ទំនង​ជាប់​ជា​​ចំណាប់​ខ្មាំងរបស់​ពួក​ហាម៉ាស​ដែរ តែ​មិន​ច្បាស់​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល​ ម៉ាក្រុង។​

ពីរសប្តាហ៍​ក្រោយ​ហេតុការណ៍​ យោធា​អ៊ីស្រាអែល​យល់​ថា​ចំណាប់​ខ្មាំង​ភាគ​ច្រើន​​នៅ​មាន​ជីវិត​ទេ​។ ឯ​ចំណែក​ខាង​ហាម៉ាស បាន​និយាយ​ថា​មាន​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ប្រមាណ​ពី​២០០​ទៅ​២៥០នាក់ ក្នុង​នោះ​២២​នាក់​បាន​ស្លាប់​ដោយ​គ្រាប់​ផ្លោង​វាយប្រហាររបស់​អ៊ីស្រាអែល។

សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​របស់​ប៉ាឡេស្ទីន​ ដែល​បង្ក​ឡើង​ដោយ​ការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃទី ៧​តុលា បាន​ឈាន​ចូល​ដល់​សប្តាហ៍ទីបី។ ក្នុង​យប់​ថ្ងៃ​សុក្រ​ឆ្លង​មក​ថ្ងៃ​សៅរ៍​ទី ២១​តុលា​នេះ យោធា​អ៊ីស្រាអែលនៅ​តែ​​បន្ត​វាយប្រហារ​ជញ្ជ្រុំ​លើតំបន់​ហ្កាហ្សា​ ដោយ​ដៅ​លើ​​ទីតាំង​ជា​ទី​បញ្ជាការដ្ឋាន​ ជា​កន្លែងបាញ់​បង្ហោះ​មីស៊ីល​ប្រឆាំង​រថក្រោះ និង​រចនា​សម្ព័ន្ធ​យុទ្ធសាស្ត្រ​របស់​ចលនា​ហាម៉ាស​ ព្រមទាំង​ដៅ​បាញ់​ក្រុម​ខ្មាន់​កាំភ្លើង​និង​អ្នក​សង្កេត​ការណ៍​ដែល​លាក់​ខ្លួន​នៅ​តាម​អគារ​នានា។

តើ​អ៊ីស្រាអែល​មាន​ប្រតិបត្តិការ​សង្គ្រោះ​ចំណាប់​ខ្មាំង​យ៉ាង​ណា?

យោធា​អ៊ីស្រាអែល​ផ្តើម​ប្រតិបត្តិការ​ដំបូងនៅ​លើ​ដែន​ដី​ប៉ាឡេស្ទីន ដើម្បី​រក​និង​សម្គាល់​ទីតាំង​ដែល​មាន​​សាកសព​​មនុស្ស​ស្លាប់​នៅ​ជិត​​ តំបន់​ហ្កាហ្សា។ ហើយ​គឺ​ភ្នាក់ងារ​ចារកិច្ច​របស់​ ​យោធា​ ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍​ Nitzan Alon ជា​អ្នក​ទទួល​បន្ទុក​ប្រតិបត្តិការ​សង្គ្រោះ​ចំណាប់​ខ្មាំង។​ ក្រុម​នេះ​មាន​ទម្រង់​ជា​​ក្រុម​ការងារ​កូនកាត់​ផ្សំ​ដោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្តចម្រុះ​​រាប់​ពាន់​នាក់ បូក​នឹង​ក្រុម​អ្នក​ជំនាញ​សង្គម​ស៊ីវិល ព្រមទាំង​ទ័ព​បម្រុង​​នៃកង​ចារកិច្ច​៨២០០​ដ៏​ល្បី​ ជួយ​យោធា​ក្នុង​ការ​ធ្វើ​ជំរឿន​និង​កំណត់ទីតាំង​ចំណាប់​ខ្មាំង​។ អ៊ីស្រាអែល​មាន​ក្រុម​ទ័ព​ជើង​ឆើត​ ដែល​គេ​ចាត់ទុក​ជា​ក្រុម​មាន​សមត្ថភាព​ខ្ពស់​អាច​ចេញ​ធ្វើ​អន្តរាគមន៍​សង្គ្រោះ​​ជន​ជាប់​ចំណាប់​ថ្នូរ​នៅ​ក្រៅ​ប្រទេស​ទៀត។ ប៉ុន្តែ​បញ្ហា​ចម្បង​ខ្លាំងគឺ ក្នុង​ពេល​​កំពុង​មាន​ប្រតិបត្តិការ​វាយ​ប្រហារ​ បាញ់​ផ្លោង​ យ៉ាង​សន្ធាប់​លើ​តំបន់​ហ្កាហ្សា​ដូច្នេះ ការ​កំណត់​ទីតាំង​លាក់​ចំណាប់​ខ្មាំងត្រូវ​ជួប​ការ​លំបាក​ខ្លាំង​។ ម្យ៉ាង​ទៀត ពួក​ហាម៉ាស​ ​ល្បី​ខាង​ចាប់​ចំណាប់​ថ្នូរ​​ជា​​ប្រព័ន្ធដែល​គ្រប់​គ្រង​ដោយ​ក្រុមផ្សេងៗ​ជា​ច្រើន​ទៀតណាស់​។​ សូម្បី​តែ​ចលនា​ហាម៉ាសខ្លួន​ផ្ទាល់​ក៏​មិន​ដឹង​អស់​ និង​ត្រួត​ត្រា​បាន​គ្រប់​ក្រុម​ជា​អ្នក​ចាប់ជំរិត​ផង។

តើ​មាន​ចរន្ត​​ចរចា​អន្តរជាតិ​រំដោះ​ចំណាប់​ថ្នូរ​ដែរ​ឬទេ?

ប្រទេស​ដែល​មាន​ពលរដ្ឋ​ជាប់​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ហាម៉ាស​ច្រើន ដូច​យ៉ាង​សហរដ្ឋ​អាមេរិក ​អង់គ្លេស​ ឬ​បារាំង ​កំពុង​​សកម្ម​ចរចា ដោយ​សម្ងាត់​ដើម្បីរំដោះ​ពលរដ្ឋ​មក​វិញ​ បើ​ទោះបី​ជា​ផ្លូវការ​ពួក​គេ​ផ្តល់​អាទិភាព​ឱ្យ​អ៊ីស្រាអែល​ជា​អ្នក​ចេញ​មុខ​ដោះស្រាយ​ក៏​ដោយ។ សេណារីយ៉ូ​​ដែល​គេ​លើក​ឡើង​ច្រើន​ជាង​គេ​នោះ​ គឺ​ការ​ចរចា​ដោះដូរ​ចំណាប់ខ្មាំង​ជា​ថ្នូរ​នឹង​ផ្តល់​ជំនួយ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ហ្កាហ្សា​ដែល​រង​ការ​បិទ​ខ្ទប់​ទាំង​ស្រុង​ហើយ ត្រូវ​រង​ការ​វាយប្រហារ​ផ្លូវ​អាកាស​រាល់​យប់​ ព្រមទាំង​រង​ការ​គំរាមកំហែង​វាយលុក​ផ្លូវ​គោក​ទៀត។

អ្នក​នាំពាក្យ​ចលនា​ហាម៉ាស​បាន​ប្រកាស​ថា​ការ​ដោះលែង​ចំណាប់​ខ្មាំង​​ត្រូវ​ធ្វើ​ទៅ​តាម​ស្ថានការណ៍។ មាន​ន័យ​ថា គ្មាន​ទេ​ការ​ចរចា​ជា​សមូហភាព​សម្រាប់​ដោះលែង​អ្នក​ទោស​ទាំង​ជាង​២០០នាក់​ក្នុង​ពេល​តែ​មួយ​នោះ។ នេះ​បើ​តាម​ការ​វិភាគ​របស់លោក Hasni Abidi ​នាយក​មជ្ឈមណ្ឌល​សិក្សា​និង​ស្រាវជ្រាវ​ពិភពលោក​អារ៉ាប់​និង​មេឌីទែរាណេ​ នៅ​ក្រុង​ហ្សឺណែវ ដោយ​បន្ថែម​ថា​ ប្រទេស​នីមួយៗ​ត្រូវ​តែ​ចរចា​ដោយ​ខ្លួន​ឯង​ដើម្បី​សេរីភាព​របស់​ពលរដ្ឋ​ខ្លួន​ តាម​រយៈ​អន្តរការី​ដែល​គ្មាន​នរណា​ក្រៅ​ពី​ កាតា អេហ្ស៊ីប និង​តួកគីឡើយ។ អន្តរការី​ដ៏​​មាន​សក្តានុពល​ជាង​គេ​បំផុត គឺ​មាន​តែ​អ្នក​ដែល​ធ្លាប់​មាន​ប្រវត្តិ​ទំនាក់ទំនង​យូរ​អង្វែង​ជាមួយ​ក្រុម​ហាម៉ាស ទើប​អាច​មាន​ទឹក​មាត់​​និយាយ​ជា​មួយ​មេដឹកនាំ​ចលនា​នេះបាន។

វិបត្តិ​​ចំណាប់​ខ្មាំង​ហាម៉ាស​អាស្រ័យ​លើ​កាតា​?

ឥលូវ​គ្រប់​គ្នា​កំពុង​បង្វែរ​ភ្នែក​ទៅ​រក​កាតា ព្រោះ​ការ​ដោះលែង​ចំណាប់​ខ្មាំង​ជាតិ​អាមេរិក​ពីរ​នាក់​នេះ ជា​លទ្ធផល​នៃ​ការ​ចរចា​របស់​តាកា។ ជា​ប្រទេស​ដ៏​តូច​តែ​មាន​សមត្ថភាព​និយាយ​ជាមួយ​គ្រប់​ភាគី​ទាំងអស់​នៅក្នុង​តំបន់។ បើ​តាម​លោក ហាស្នី​ អាប៊ីឌី​ដដែល កាតា​ជា​អន្តរការី​ដ៏ប្រាកដប្រជា​បំផុត អាច​ទៅនិយាយ​ចរចា​ពេល​ណា​ក៏​បាន។ រាជាណាចក្រ​ប្រេងកាត​នេះ ស្គាល់ចលនា​​ហាម៉ាស​ច្បាស់​ណាស់ និង​ជាម្ចាស់​​ជំនួយ​ហិរញ្ញវត្ថុ​​ដ៏​ភក្តី​បំផុត​។ ដូហា​ដែល​ឱ្យដី​​ហាម៉ាស​បើក​ការិយាល័យ​នយោបាយ​​តាំងពី​ជាង​១០ឆ្នាំ​មក​ហើយនោះ ទទួល​បាន​ការ​គោរព​រាប់​អាន​ពី​សហរដ្ឋ​អាមេរិក​ (សម្ព័ន្ធ​មិត្តដ៏​ស្មោះ​ស័្មគ្រ​​របស់អ៊ីស្រាអែល) តាម​រយៈ​ការ​អនុញ្ញា​តឱ្យ​​អាមេរិក​មាន​​មូលដ្ឋានទ័ព​ក្នុង​តំបន់។

ដោយ​ឡែក​ តាកាបានក្លាយ​ជា​ជំនាញ​ផ្នែក​រំដោះ​ចំណាប់​ខ្មាំង​ទៅហើយ។ ការ​ដោះលែងអ្នក​ទោស​អាមេរិក​នៅ​អ៊ីរ៉ង់​កាលពី​ថ្មីៗ​នេះ​ក៏​ជា​ស្នាដៃ​របស់​កាតា​ដែរ។ ក្នុងអតីតកាល កាតា​បាន​ផ្តល់​ឱកាស​ឱ្យពួកតាលីបង់​មាន​ការិយាល័យ​នៅ​ដូហា​ និង​ជួយ​ជ្រុំ​ជ្រែង​ចរចា​រហូត​អាមេរិក​ព្រមដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​កាលពី​ឆ្នាំ​២០២១​។ ដូច្នេះ​វា​មិន​មែន​ជាចម្លែក​ទេ ដែល​បេសកជន​​បារាំង ឬ​ប្រមុខ​ការ​ទូត​អាមេរិក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​ក្នុង​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​នោះ។ កាតា​កំពុង​លេង​ល្បែង​មុខ​ពីរ គឺអាច​​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ភេវនិយម ហើយ​​ក្រុម​បស្ចិម​លោកខ្លះ​ត្រូវ​ដឹង​គុណកាតា​ទៀត។

ក្រៅ​ពី​កាតា និង​អេហ្ស៊ីប ​ដែល​មាន​ប្រវត្តិ​ជា​អ្នក​ចរចា​ឱ្យ​អ៊ីស្រាអែល​និង​ហាម៉ាស ប្រធានាធិបតី​តួកគី​​ក៏​អាច​ដើរ​តួ​បាន​ល្អ​ដែរ​ ដោយអះអាង​ថា​បាន​ពិភាក្សា​ជាមួយ​ចលនា​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ដែរ។ កាកបាទក្រហម​CICR ប្រចាំ​តំបន់​ដើម​បូព៌ា ដែល​មាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​របស់​ចំណាប់​ខ្មាំង​ក៏តាំង​ខ្លួន​ជាអន្តរការី​អព្យាក្រិត្យ​ និង​​បាន​ជជែក​​ជាមួយ​ពួកហាម៉ាស​ដើម្បី​សម្រួល​ឱ្យ​មាន​ការ​ប្រាស័្រយ​ទាក់ទង​រវាង​ចំណាប់​ខ្មាំង​និង​សមាជិក​គ្រួសារ ក៏​ដូច​ជា​សម្រួល​ដល់​ការ​ដោះលែង​អ្នក​ជា​ចំណាប់​ខ្មាំង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ