អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ហ្កាហ្សា៖ ធ្លាក់​គ្រាប់ចំ​មន្ទីរពេទ្យបណ្តាល​ឲ្យ​ស្លាប់ច្រើនរយនាក់ ​អ៊ីស្រាអែលនិងប៉ាឡេស្ទីន​ចោទដាក់​​គ្នា

កាលពីល្ងាចថ្ងៃអង្គារ ទី​១៧តុលា គ្រាប់ផ្ទុះមួយបានធ្លាក់ចំមន្ទីរពេទ្យ​ Ahli Arab ដែលស្ថិតទីក្រុង​ហ្កាហ្សា​ស៊ីធី​ បណ្តាល​ឲ្យស្លាប់​មនុស្ស​ជាច្រើនរយនាក់។ ផ្អែកតាមអាជ្ញាធរសុខាភិបាល​ប្រចាំតំបន់ហ្កាហ្សា យ៉ាងហោចណាស់មានមនុស្សស្លាប់​ ចន្លោះពី​២០០ ទៅ៣០០នាក់ និងបាត់ខ្លួន​ច្រើនរយនាក់​ ដែល​ភាគច្រើន​សុទ្ធសឹងតែជាអ្នកជំងឺ អ្នករបួស និង​ក្រុមគ្រួសារដែលបានរត់​ភៀសខ្លួន​ទៅ​ជ្រកនៅក្នុងមន្ទីរពេទ្យនេះ​។ ដោយឡែក​ ក្រុមហាម៉ាសប៉ាឡេស្ទីន បាន​អះអាងថាយ៉ាងហោចណាស់ មានមនុស្សស្លាប់​៥០០នាក់ នៅក្នុងហេតុការណ៍នេះ និងបានចោទថាជាសា្នដៃរបស់កងទ័ពអ៊ីស្រាអែល​។

ក្រុមសង្គ្រោះកំពុងសែងអ្នករបួស ទៅកាន់មន្ទីរពេទ្យ al-Shifa ក្នុងទីក្រុង Gaza City ។ មានមនុស្សស្លាប់និងរបួសច្រើនរយនាក់ ក្នុងហេតុការផ្ទុះនៅមន្ទីរពេទ្យ al-Ahli Arab ល្ងាចថ្ងៃអង្គារ ទី​១៧តុលា២០២៣
ក្រុមសង្គ្រោះកំពុងសែងអ្នករបួស ទៅកាន់មន្ទីរពេទ្យ al-Shifa ក្នុងទីក្រុង Gaza City ។ មានមនុស្សស្លាប់និងរបួសច្រើនរយនាក់ ក្នុងហេតុការផ្ទុះនៅមន្ទីរពេទ្យ al-Ahli Arab ល្ងាចថ្ងៃអង្គារ ទី​១៧តុលា២០២៣ © AP - Abed Khaled
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្មបានធ្លាក់​មកជាបន្តបន្ទាប់ ពីបណ្តាប្រទេសនានា ដោយគេ​បានថ្កោលទោស ការវាយ​ប្រហារទៅលើ​មន្ទីរពេទ្យនេះ ថាជាអំពើអមនុស្សធម៌បំផុត។ លោក​ម៉ាក្រុង ក៏ដូចជា​លោកស្រីអួរស៊ូឡា វុន​ដឹឡេយេន បាន​បង្ហោះសារថា "ទោះក្នុងហេតុផលណាក៏ដោយ គឺគេមិនអាច​វាយប្រហារទៅ​លើ​មន្ទីរពេទ្យបានជាដាច់ខាត"​។ ចំណែក​​លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​ថ្លែងថាលោកមានក្តីរន្ធត់​តក់ស្លុត​ជាពន់ពេក នៅចំពោះមុខ​អំពើដ៏ព្រៃផ្សៃនេះ​។ លោក​បានអំពាវនាវ​ ឲ្យភាគីទាំងសងខាង ឈប់ប្រយុទ្ធដើម្បី​ការពារអាយុជីវិត​ជនស្លូតត្រង់។ កាកបាតក្រហម​ប៉ាឡេស្ទីន បាន​ហៅ​អំពើនេះ ថាជាឧក្រិដ្ឋកម្មសង្គ្រាម។

តែយ៉ាងណា ក្រសួងការពារជាតិអ៊ីស្រាអ៊ែល បានអះអាងថា គេមិនមែន​ជាអ្នក​បាញ់​គ្រាប់​មីស៊ីល ទៅលើមន្ទីរពេទ្យនេះ​ទេ។ កងទ័ពអ៊ីស្រាអែលបានចោទថា គឺជា​ស្នាដៃ​របស់​ក្រុមជីហាតអ៊ីស្លាម ដែលជាក្រុមភេរវកម្ម​មួយក្រុមទៀតនៅតំបន់ហ្កាហ្សា ដែលជាអ្នកបាន​បាញ់គ្រាប់រ៉ូកែតខុសបច្ចេកទេស ហើយ​បានផ្ទុះធ្លាក់ចំមន្ទីរពេទ្យនេះ​។ ភាគីអ៊ីស្រាអែល បានអះអាងទៀតថា គេនឹងបង្ហាញភស្តុតាងមកបញ្ជាក់​។ ក្រុមជីហាតអ៊ីស្លាមនៅហ្កាហ្សា បានប្រតិកម្មភ្លាមៗទៅនឹងពាក្យចោទនេះ ដោយ​បាន​អះអាងថា គឺជាពាក្យ​កុហករបស់អ៊ីស្រាអែល ដើម្បីគេចវេសពី​ការទទួលខុសត្រូវរបស់​ខ្លួនតែប៉ុណ្ណោះ។

សាកសពប្រជាជនប៉ាឡេស្ទីន ដែលស្លាប់​ក្រោយ​ការធ្លាក់​គ្រាប់​ផ្ទុះនៅ​មន្ទីរ​ពេទ្យ Ahli Arab ត្រូវគេប្រមូលទៅ​ទុកនៅ​រោងបណ្តោះអាសន្ន ក្នុងបរិវេនមន្ទីរពេទ្យ al-Shifa កុ្រងហ្កាហ្សាស៊ីធី យប់ថ្ងៃទី១៧តុលា២០២៣
សាកសពប្រជាជនប៉ាឡេស្ទីន ដែលស្លាប់​ក្រោយ​ការធ្លាក់​គ្រាប់​ផ្ទុះនៅ​មន្ទីរ​ពេទ្យ Ahli Arab ត្រូវគេប្រមូលទៅ​ទុកនៅ​រោងបណ្តោះអាសន្ន ក្នុងបរិវេនមន្ទីរពេទ្យ al-Shifa កុ្រងហ្កាហ្សាស៊ីធី យប់ថ្ងៃទី១៧តុលា២០២៣ AP - Abed Khaled

គួរកត់សំគាល់ថា ក្រោយដំណឹង​អំពី​ករណី​ផ្ទុះគ្រាប់​នៅមន្ទីរពេទ្យ Ahli Arab នៅហ្កាហ្សា​នេះ ភ្លើងកំហឹងបានឆាបឆេះ នៅតាមនៅតាម​បណ្តាប្រទេសកាន់សាសនាអ៊ីស្លាមជាច្រើន ដោយ​ប្រជាជន​បានចុះផ្លូវ​ធ្វើបាតុកម្ម​ ថ្កោលទោស​ទៅលើអ៊ីស្រាអែល។ នៅ​រ៉ាម៉ាឡា តំបន់ស៊ីហ្សកដានីវិញ​ ប្រជាជនប៉ាឡេស្ទីន បានធ្វើ​បាតុកម្ម​ហិង្សា និងបានស្រែកទាមទារ​ឲ្យលោក ម៉ាសមូដ អាបាស ចុះចេញពីតំណែងជា​ប្រធានអាជ្ញាធរប៉ាឡេស្ទីន។

សូមបញ្ជាក់ដែរថា ស្ថានការណ៍ដ៏​ចលាចលនេះ គឺវាចំពេល​ដែល​លោក​ប្រធានាធិបតី​ ចូ បៃដិន ត្រូវធ្វើដំណើរទៅដល់អ៊ីស្រាអែល ដើម្បីរកវិធីទប់​បញ្ហានេះ កុំឲ្យ​ឆាបឆេះជាភ្លើងសង្គ្រាម​នៅក្នុងតំបន់​ដើមបូព៌ាទាំងមូល​។ តាមការគ្រោងទុក ក្រៅពីជួបថ្នាក់ដឹកនាំអ៊ីស្រាអែល លោកចូ បៃដិន ត្រូវធ្វើដំណើរទៅចូលរួម​ជំនួប​កំពូល​មួយ នៅ​ហ្សកដានី ជាមួយប្រធានាធិបតីអេហ្ស៊ីប និងលោក​ម៉ាសមូដ អាបាស។ តែ​ភាគី​ហ្សកដានី ដែលជា​អ្នករៀបចំ​ជំនួបនេះ បានប្រកាសលប់ចោល​កម្ម​វិធីវិញ​ ក្រោយ​ពេល​លោកចូ បៃដិន​ឡើងយន្តហោះចេញពីវ៉ាស៊ីនតោន​។ ផ្អែកតាមការវិភាគ តាមរយៈ​ការ​​ដំណើរទៅអ៊ីស្រាអែលនេះ លោកចូ បៃដិន ស្ថិតនៅ​ក្នុង​កាលៈទេសៈមួយដ៏លំបាក ព្រោះត្រូវប្រុងប្រយ័ត្ន​ មិន​ឲ្យ​គេមើល​មក​ឃើញថាអាមេរិកកាន់ជើងអ៊ីស្រាអែល។ តែទន្ទឹមគ្នានេះ លោកចូ បៃដិន ត្រូវតែរកវិធីនិយាយជាមួយអ៊ីស្រាអែលឲ្យ​បន្ធូរដៃ ដើម្បី​ការពារ​អាយុជីវិតជនស្លូតត្រង់ប៉ាឡេស្ទីន​។

ដោយឡែក ស្ថានការណ៍​នៅច្រក​ Rafah ភាគខាងត្បូងហ្កាហ្សាឯនោះវិញ គឺនៅតែអាសន្ន​ខ្លាំងដដែល ដោយ​ជនភៀសខ្លួនជាច្រើនម៉ឺននាក់ កំពុងតែកកកុញ​ គ្មានទីជម្រក គ្មានស្បៀងអាហារ។ គិតត្រឹមព្រឹកថ្ងៃពុធទី​១៨តុលា ច្រកនេះ នៅតែបិទដដែលទេ ខណៈរថយន្តដឹកស្បៀងនិងជំនួយ​មនុស្ស​ធម៌ជាច្រើនគ្រឿង កំពុងរងចាំនៅខាង​អេហ្ស៊ីប​។ កាលពីថ្ងៃអង្គារ​​ រដ្ឋាភិបាលអេហ្ស៊ីប បានអំពាវនាវឲ្យអ៊ីស្រាអែលត្រូវតែឈប់​​ទំលាក់គ្រាប់​​ទៅលើតំបន់ក្បែរច្រក Rafah ទើបគេអាច​សម្រេចបើកច្រកនេះ ​ឲ្យ​ក្បួនរថយន្តដឹកជំនួយមនុស្សធម៌​ចូលទៅតំបន់ហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ