អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែលផ្តើម​​ផែនការ​វាយលុក​ជើងគោកលើ​តំបន់​ហ្កាហ្សា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ៊ីស្រាអែល​បាន​សច្ចា​កម្ចាត់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ឱ្យ​អស់ ​ក្រោយ​រងការឆ្មក់​​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ហាម៉ាស​កាលពី​ថ្ងៃទី​៧តុលា​២០២៣។ ប៉ុន្តែ​ទោះ​មានពាក្យ​ព្រមាន​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើងៗ​យ៉ាង​ក៏​ដោយ​ ក៏​អ៊ីស្រាអែល​មិន​ខ្វល់ដែរ។ ​អ៊ីស្រាអែល​បន្ត​រៀប​ប្រតិបត្តិការ​​ជើងគោកលើ​តំបន់​ហ្កាហ្សា​ និង​ទំនង​ជា​បាន​វាយលុក​ចូល​ភាគ​ខាង​ជើង​ហ្កាហ្សា​មួយ​ប្រាវ​នៅ​យប់​មិញ។

អ៊ីស្រាអែលផ្តើម​​ផែនការ​វាយលុក​ជើងគោកលើ​តំបន់​ហ្កាហ្សា?
អ៊ីស្រាអែលផ្តើម​​ផែនការ​វាយលុក​ជើងគោកលើ​តំបន់​ហ្កាហ្សា? AFP - -
ផ្សាយពាណិជ្ជកម្ម

អ៊ីស្រាអែល​បាន​ស្បថសច្ចា​បញ្ចប់​ជីវិត​ចលនា​ហាម៉ាស ក្រោយ​ពី​ក្រុម​នេះ​បាន​ឆ្មក់​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​​កាលពី​​ថ្ងៃទី​៧​តុលា​២០២៣ ដែល​បើ​តាម​អ៊ីស្រាអែល​ បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ខាង​អ៊ីស្រាអែល​យ៉ា​ងហោច​១៤​០០នាក់ និង​ជាង​២២០នាក់​ជាប់​ជា​ចំណាប់​ថ្នូរ​ (បួន​នាក់​បាន​សេរីភាព​វិញ​)។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ បាន​បញ្ជាក់​នៅយប់​ថ្ងៃ​ពុធ​ម្សិលមិញ​ថា កំពុងត្រៀម​លក្ខណៈវាយ​ចូល​ហ្កាហ្សា​ ដោយ​មិន​លម្អិត​ថា​ចូល​នៅពេល​ណា យ៉ាង​ណា ​និង​កម្លាំង​ប៉ុន្មានទេ។​ ​ស្រាប់​តែ​នៅយប់​មិញ​ ទាហាន​អ៊ីស្រាអែលបាន​វាយ​លុក​ចូល​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា។

ប្រតិបត្តិការ​វាយលុក​ជើងគោក​អ៊ីស្រាអែល​ចាប់​ផ្តើមយ៉ាងណា?

មិនមែន​ជា​ប្រតិបត្តិការ​វាយលុក​ជើងគោក​ដូច​អ្វី​ដែល​ប្រមុខ​ដឹកនាំ​នយោបាយ​និង​យោធា​​អ៊ីស្រាអែល​បាន​សន្យា​ទេ​។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ពុធ​ឆ្លង​មក​ថ្ងៃព្រហស្បតិ៍ទី​២៦​តុលានេះ យោធា​អ៊ីស្រាអែល​បាន​បើក​ការ​វាយលុក​មួយ​ចូល​ទៅ​ក្នុង​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​ ​សំដៅ​លើ​ទីតាំង​សំខាន់​ៗ​មួយ​ចំនួន​។ នេះ​បើតាម​អ្នក​នាំពាក្យ​​យោធា​អ៊ីស្រាអែល។ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​វាយលុក​ជើងគោកទ្រង់ទ្រាយ​ធំ កង​រថពាសដែកអ៊ីស្រាអែល​​បាន​ជ្រៀត​ចូល​ក្នុង​ដែន​ដី​ប៉ាឡេស្ទីន​ ទៅ​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធរបស់ពួក​ហាម៉ាស ទី​តាំង​កាំភ្លើងត្បាល់​និង​ផ្តើម​ត្រួសត្រាយ​ភូមិសាស្ត្រ។ សេចក្តី​ថ្លែងការណ៍​យោធា​អ៊ីស្រាអែល​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ប្រតិបត្តិការ​វាយលុក​មួយ​ប្រាវ​នេះរួច កង​ទ័ព​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​តំបន់​ភាគខាង​ជើង​ហ្កាហ្សា​នោះ ហើយ​ត្រលប់​មក​ឈរ​ជើង​នៅ​ព្រំដែន​ខាង​ដែនដី​ខ្លួន​វិញ។

នេះ​ជា​ ​វាយលុក​ចូល​ក្នុង​តំបន់​ហ្កាហ្សា​លើក​ទីពី​រ​ហើយគិត​ចាប់​តាំងពីសង្គ្រាម​​​អ៊ីស្រាអែល-ហាម៉ាស​​បានផ្ទុះ​ឡើងមក ប៉ុន្តែ​ជា​លើក​ទី​មួយ​សម្រាប់​​កងពល​រថក្រោះ​​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ បានទទួល​ស្គាល់​ថា​ប្រតិបត្តិការ​ជើង​គោក​មាន​ការ​យឺត​យ៉ាវ​ជាង​ការ​ព្រាង​ទុក​ ដោយ​អ៊ីស្រាអែល​មិន​ទាន់​ដឹង​ច្បាស់​អំពី​​មតិ​សាធារណៈ​របស់​ប្រជា​ពល​រដ្ឋ​។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ អ្នក​ធ្វើ​អត្ថាធិប្បាយ​បាន​ព្រលយ​អំពីមូលហេតុ​ពីរ​គឺ​ បញ្ហា​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ពួក​ហាម៉ាស និង​សំណើ​អាមេរិក​សុំ​ឱ្យ​ពន្យារ​ពេល​សិន​ដើម្បីមាន​ឱកាស​​រៀប​ចំដាក់​ឱ្យ​ដំណើរការ​​ប្រព័ន្ធ​ខែល​មីស៊ីល​ការ​ពារ​តំបន់​។

ប្រតិបត្តិការ​ជើង​គោក​អ៊ីស្រាអែលជាការ​គិតខុស?

តាមការ​ពិត​ទៅ​នោះ ពាក្យ​ព្រមាន​អំពី​ផលវិបាក​នៃ​ការ​វាយប្រហារ​ជើង​គោក​មាន​កាន់​តែ​ច្រើន​ឡើងៗ។ ​ក្តី​ព្រួយ​បារម្ភ​ជុំ​វិញ​ប្រតិបត្តិការ​វាយលុក​ផ្លូវគោក​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា​ កំពុង​រីក​ធំធាត់​ក្នុង​រង្វង់​សហគមន៍អន្តរជាតិ។ ​ប្រតិបត្តិការ​​វាយលុក​ជើងគោក​លើ​ហ្កាហ្សាដែល​រង​ការ​បិទ​ខ្ទប់​ទាំង​ស្រុង និង​រង​ការ​ទម្លាក់​គ្រាប់​បែក​ឥត​ឈប់​តាំងពី​២០​ថ្ងៃ​មក​ហើយ នឹង​ជួប​ការ​លំបាក​ស្មុគស្មាញ​ខ្លាំងណាស់​ ព្រោះហ្កាហ្សា​ជា​​ដែន​ដី​​ដ៏​តូច​ មាន​មនុស្ស​រស់​នៅកកកុញ​គ្នា​ខ្លាំង បង្កប់​ដោយ​រូង​ក្រោម​ដី​យ៉ាង​ប្រទាក់​ក្រឡា​ដែល​ពួក​ហាម៉ាស​បាន​ជីក​សម្រាប់​លាក់​ខ្លួន លាក់​អាវុធ​យុទ្ធភ័ណ្ឌ​ និង​មាន​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ទៀត។

នៅ​យប់​មិញ លោកប្រធានាធិបតី​អាមេរិក​ ចូ​បៃដិន បាន​អះអាង​ថា អ៊ីស្រាអែល​មិន​ត្រឹម​តែ​មាន​សិទ្ធិ​ទេ តែត្រូ​វមាន​ទំនួល​ខុស​ត្រូវ​ទៀត ​ក្នុង​ការ​ការពារ​ខ្លួន​។ អ៊ីស្រាអែល​ត្រូវ​ប្រឹង​ឱ្យ​អស់​អំពី​លទ្ធភាពដែល​​ខ្លួនមាន​ទោះ​លំបាកខ្លាំង​​​យ៉ាងណា​ក៏​ដោយ ក្នុង​ការ​ការពារ​ជីវិត​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា។ ហាម៉ាស​លាក់​ខ្លួន​ពីក្រោយ​ខ្នង​ជន​ស៊ីវិល​ ជា​ទង្វើ​ដ៏​អាក្រក់​ គួរ​ឱ្យស្អប់​ខ្ពើម​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​​បញ្ចេញ​សកម្មភាព​​ដោយគោរព​ច្បាប់​សង្គ្រាម។​ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នៅពេល​សាកសង​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ។

សម្រាប់​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល​ម៉ាក្រុង​​ ដែល​កំពុង​ជួប​សមភាគី​អេហ្ស៊ីប​ លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី នៅក្រុង​គែរ ​ ជម្រើស​ប្រើ​​ប្រតិបត្តិការ​ជើង​គោក​ ជា​​ការ​គិត​ខុស​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ជនរងគ្រោះ​ជា​ជនស៊ីវិល​ច្រើន​ខ្លាំង​ណាស់ ហើយ​មិន​អាច​ការពារ​អ៊ីស្រាអែល​បាន​ជា​និរន្តទេ។ ក្នុង​សន្និសីទ​កាសែត​រួម​ជាមួយ​លោក​ម៉ាក្រុង​ លោក​ប្រធានាធិបតី​អេហ្ស៊ីប​ អាល់​ស៊ីស៊ី​បាន​អំពាវនាវដូច​គ្នាឱ្យ​​​អ៊ីស្រាអែល​កុំ​ធ្វើ​ប្រតិបត្តិការ​ជើង​គោក​​លើ​ហ្កាហ្សា។

ទន្ទឹម​នឹង​ការ​ប្រកាសគាំទ្រ​​អ៊ីស្រាអែល​ថា​មាន​សិទ្ធិ​​​ការពារ​ខ្លួន​ និង​ស្នើ​ឱ្យ​មាន​សម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ហាម៉ា លោក​ម៉ាក្រុង បាន​ជំរុញ​​ឱ្យ​កិច្ចចរចា​សន្តិភាពដើម្បី​​បង្កើត​រដ្ឋ​ពីរ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​​មាន​សន្ទុះ​ឡើង​វិញ។ លោក​បាន​ថែមទាំង​​ប្រកាស​បញ្ជូន​នាវា​យោធាបំពាក់​សេវា​វេជ្ជសាស្ត្រ​​ទៅ​ជួយ​ប្រជាពលរដ្ឋ​នៅហ្កាហ្សា​។ មិនដឹង​ថា​តើ​នាវា ​La Tonnerre ដែល​ទើប​ចាក​ចេញ​ពី​កំពង់​ផែ​បារាំង នឹង​ទៅ​សំចត​នៅកំពង់​ផែ​ហ្កាហ្សា​មួយ​ណា​ទេ​បើ​តំបន់​នេះ​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់​ពី​សំណាក់​អ៊ីស្រាអែល ទាំង​ស្រុង ទាំង​ផ្លូវ​គោក​ ផ្លូវ​អាកាស​និង​ផ្លូវ​ទឹកនោះ។ បារាំង​ក៏​បាន​បញ្ជូន​សម្ភារៈ​បរិក្ខា​ពេទ្យ​ជា​ជំនួយ​មនុស្ស​ធម៌​ដល់​ហ្កាហ្សា​តាម​យន្តហោះ​ទៅ​ចុះ​ថត​នៅ​អេហ្ស៊ីប​។ ​ជំនួយ​មនុស្ស​ធម៌អាច​​ចូល​​ដល់​តំបន់​​ហ្កាហ្សាយ៉ាងតក់ៗ​និង​​ត្រដាប​ត្រដួស​បំផុត។​

តើ​អាច​មាន​ការ​ឈប់បាញ់​ ឬ ផ្អាកប្រយុទ្ធ​ដើម្បីមនុស្សធម៌ឬទេ?

ក្នុង​ពេល​រង់ចាំ​បើក​ប្រតិបត្តិការ​ធំជាក់លាក់​ យោធា​អ៊ីស្រាអែល​បន្ត​ផ្លោង​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា​ដែល​មាន​ទំហំ​៣៦២គីឡូម៉ែត្រ​ការ៉េ​និង​មាន​ប្រជាពលរដ្ឋប្រជ្រៀត​​រស់​នៅ​ជាង​២លាន​៤សែន​នាក់ ដោយ​គ្មាន​បន្ធូរ​ដៃ​សោះឡើយ។ គ្មាន​ផ្នែក​ណាមួយ​នៃ​តំបន់​ហ្កាហ្សា​ដែល​មាន​សុវត្ថិភាព​​ឡើយ។ ក្នុងមួយ​ថ្ងៃពុធ​ទី ២៥​តុលា​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៧០០នាក់​បាន​បង់​ជីវិត​។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ហាម៉ាស។

អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​តាំង​ពី​ថ្ងៃអង្គារ​​ឱ្យ​មានការ​ឈប់​បាញ់​ដើម្បី​មនុស្សធម៌​ភ្លាម និង​បាន​ថ្កោល​ទោស​រួច​ជា​ស្រេច​​អំពី​ការ​រំលោភ​ច្បាប់​មនុស្ស​ធម៌​យ៉ាង​ច្បាស់​ក្រលែត​​របស់​អ៊ីស្រាអែល​។ ប៉ុន្តែ អ៊ីស្រាអែល​ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក ព្រមទាំង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត មិន​គាំទ្រ​គំនិត​ចង់​ឱ្យ​មាន​ការ​ឈប់​បាញ់​ឡើយ ដោយ​យល់​ថា​​ការ​ឈប់​បាញ់​នឹង​ធ្វើ​ឱ្យ​ចលនា​ហាម៉ាស​អាច​ឆ្លៀត​យក​ចំណេញ។

ម្សិលមិញ​ជា​ថ្មី​ម្តង​ទៀត ​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​បាន​ច្រាន​ចោល​គម្រោង​សេចក្តី​សម្រេច​ចិត្ត​ពីរ​ស្នើ​ឡើង​ដោយ​រុស្ស៊ី​និង​អាមេរិក ជុំ​វិញ​សង្គ្រាម​អ៊ីស្រាអែល​និង​ហាម៉ាស​នេះ​។ ខាងសហរដ្ឋ​អាមេរិក គ្រប់​រដ្ឋ​សុទ្ធ​តែមាន​សិទ្ធិការពារ​ខ្លួន​ដូច​គ្នា និង​ចង់​បាន​ត្រឹម​​ឱ្យ​មាន​ការ​ផ្អាក​បាញ់​បន្តិច​ដើម្បី​មនុស្សធម៌ ចំណែក​ខាង​រុស្ស៊ី​វិញ​ចង់​បាន​ការ​ឈប់​បាញ់ភ្លាម​​ដើម្បី​មនុស្សធម៌​ និង​បាន​ថ្កោល​ទោស​ទង្វើ​វាយប្រហារ​ដ៏​អាក្រក់​របស់​ពួក​ហាម៉ាស។ ការ​ផ្អាក​បាញ់​ដើម្បី​មនុស្សធម៌​ ក៏​កំពុង​ស្ថិត​ក្នុង​​លើ​តុ​ចរចា​តស៊ូ​មតិនៅ​សហភាព​អឺរ៉ុប​ ដែល​កំពុង​បើក​ជំនួប​កំពូល​របស់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ដែរ។​ តែ​ដូច​ទម្លាប់​ អឺរ៉ុបមាន​ប្រវត្តិ​​ប្រេះឆា​គ្នា​ខ្លាំង​ណាស់​ក្នុង​សំណុំ​រឿង​ដើម​បូព៌ា ដោយ​សមាជិក​ខ្លះ​កាន់ជើង​ប៉ាឡេស្ទីន​ខ្លាំង​ដូច​ជា​អៀរឡង់​ឬអេស្ប៉ាញ ឯ​ខ្លះ​ទៀតមាន​ជា​អាទិ៍​អាល្លឺម៉ង់​និង​អូទ្រីស​​ការពារ​អ៊ីស្រាអែល​​យ៉ាង​មុត​មាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ