អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

លោកម៉ាក្រុង ទៅជួបព្រះចៅហ្សកដានី និង​ប្រធានាធិបតីអេហ្ស៊ីប ស្វែងរកដំណោះស្រាយ​ជួយ​ប៉ាឡេស្ទីន

បន្ទាប់ពីបានជួប​ជាមួយ​ថ្នាក់ដឹកនាំនយោបាយអ៊ីស្រាអែល នៅទីក្រុង​ហ្សេរុយសាឡឹម និង​បានជួប​ជាមួយ​លោក​ប្រធានាអាជ្ញាធរប៉ាឡេស្ទីនម៉ាសមូដ អាបាស នៅ​ក្រុងរ៉ាម៉ាឡាកាលពី​ថ្ងៃអង្គារទី​២៤តុលា លោក​​ម៉ាក្រុង បានបន្តដំណើរទៅរាជធានីអាំម៉ាន់ ជួបជាមួយព្រះចៅអាប់ដាឡាទី២ នៅថ្ងៃពុធទី​២៥តុលា​​។ ចេញពី​ហ្សកដានី លោក​ម៉ាក្រុង បាន​ហោះឆ្ពោះទៅ​ទីក្រុងគែរប្រទេសអេហ្ស៊ីប ដើម្បីជួបជាមួយ​លោក​ប្រធានាធិបតី​ អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី​។​​

លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah el-Sisi ធ្វើសន្និសីទកាសែតរួមគ្នាជាមួយ​លោក​ប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងគែរ ថ្ងៃទី​២៥តុលា២០២៣។
លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah el-Sisi ធ្វើសន្និសីទកាសែតរួមគ្នាជាមួយ​លោក​ប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងគែរ ថ្ងៃទី​២៥តុលា២០២៣។ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

កន្លងមក​ អេហ្ស៊ីបធ្លាប់ដើរតួនាទីសំខាន់​ ក្នុងការ​​​សម្របសម្រួល​វិបត្តិ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន​។ ជាងនេះទៀត លោក​ម៉ាក្រុងក៏ចង់បានការជួយជ្រោមជ្រែងពីអេហ្ស៊ីបដែរ នៅក្នុងការ​រកវិធីចរចា ដោះលែងចំណាប់ខ្មាំងជនជាតិបារាំង ដែល​កំពុងស្ថិតក្នុងដៃរបស់ក្រុមហាម៉ាស។ បន្ថែមពីនេះ ច្រក​ព្រំដែនរ៉ាហ្វា រវាង​អេហ្ស៊ីបនិង​ហ្កាហ្សា គឺ​ជាច្រកតែមួយគត់ ដែលគេអាចធ្វើដំណើរដឹកស្បៀង ចូលទៅជួយប្រជាជននៅហ្កាហ្សា​។

នៅរដ្ឋធានីអាំម៉ាន់ ព្រះចៅអាប់ដាឡាទី​២ បាន​ថ្លែងប្រាប់ទៅលោកម៉ាក្រុង ដោយ​សុំ​ឲ្យ​មហាអំណាច​ធំៗទាំងអស់ រួមគ្នា​ដាក់សំពាធទៅលើអ៊ីស្រាអែល ឲ្យ​អ៊ីស្រាអែល​ឈប់បាញ់​ប្លោងមីស៊ីល ទៅលើតំបន់ហ្កាហ្សា​តទៅទៀត ហើយត្រូវតែឈប់បិទខ្ទប់តំបន់នេះ ព្រោះថាប្រជាជនប៉ាឡេស្ទីនប្រមាណ​២លាន​៣សែននាក់ កំពុងស្ថិតនៅក្នុងស្ថានភាព​លំបាក​វេទនាជាទីបំផុត​។ ផ្អែកតាមលិខិត​ប្រកាសនៃព្រះបរមរាជវាំង​ហ្សកដានី​​ ព្រះចៅអាប់ដាឡា​ទី​២​​ បានប្រាប់ទៅលោក​ម៉ាក្រុង​ទៀត ថា​​បើអ៊ីស្រាអែលនៅតែបន្តសង្គ្រាមនេះ គឺវានឹងឆេះរាលដាល ​ទូទាំងតំបន់ជាក់ជាមិនខាន​។

សូមរំលឹក​ថា​ មាន​​មនុស្សប្រមាណ​១៤០០នាក់ ដែលត្រូវបាន​ក្រុមហាម៉ាស សម្លាប់​យ៉ាងសាហាវព្រៃផ្សៃបំផុត​ នៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី​៧​តុលា។ ក្រុមហាមាសបានចាប់ចំណាប់ខ្មាំងមនុស្ស​ចំនួន​ជាង​២០០នាក់ថែមទៀត។ អ៊ីស្រាអែល​បានវាយបកវិញ ដោយ​បានបាញ់ប្លោងមីស៊ីល​យ៉ាងដំណំទៅលើតំបន់ហ្កាហ្សា​​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​ ៦៥០០នាក់ ក្នុងនោះ​មានកុមារ​ ២៧០៤នាក់។ នេះបើផ្អែកតាមអាជ្ញាធរ​សុខាភិបាល​នៅហ្កាហ្សា​។

លោកម៉ាក្រុងបានទៅជួប​ថ្នាក់ដឹកនាំនយោបាយ​អ៊ីស្រាអែល នៅថ្ងៃអង្គារទី​២៤តុលា​​ ហើយ​​លោក​បាន​ថ្លែងការចូលរួមសាមគ្គីគាំទ្រចំពោះអ៊ីស្រាអែល ដែលបានរងគ្រោះ ដោយ​ការវាយប្រហាររបស់ក្រុមភេរវកម្មអាម៉ាស និងបានអះអាងថា អ៊ីស្រាអែល​មានសិទ្ធិការពារខ្លួននិងវាយបកវិញ​ដោយស្របច្បាប់។ តែទន្ទឹមនឹងនេះ លោកម៉ាក្រុង បានអំពាវនាវឲ្យ​ភាគីអ៊ីស្រាអែល ថ្លឹងថ្លែងរកដំណោះស្រាយ ជួយ​សង្គ្រោះជីវិតជនស្លូតត្រង់ប៉ាឡេស្ទីននៅហ្កាហ្សា។ លោកម៉ាក្រុង បានទទូចសុំឲ្យភាគីអ៊ីស្រាអែល បើកចរន្តអគ្គិសនីប្រើឲ្យ​មន្ទីរពេទ្យ​នៅហ្កាហ្សា ព្រមទាំងបើកច្រកផ្លូវ ដឹកទឹកនិងស្បៀងអាហារចូលទៅហ្កាហ្សា​។ នៅឯក្រុងរ៉ាម៉ាឡា ពេលជួបជាមួយលោក​ម៉ាសមូដ អាបាស ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក​ម៉ាក្រុងបានថ្លែងបញ្ជាក់ថា “សម្រាប់បារាំង ជីវិតប្រជាជនប៉ាឡេស្ទីន គឺមានតម្លៃស្មើជីវិតប្រជាជនអ៊ីស្រាអែល”​។

គួរកត់សំគាល់ថា ដំណើរទៅ​ជួបភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺលោកម៉ាក្រុងបានធ្វើឡើងនៅក្នុង​កម្មវត្ថុមួយ ចង់​រក្សាតុល្យភាព ដោយ​មិនចង់​ឲ្យ​គេចោទថាបារាំងកាន់ជើងតែម្ខាង។ ពោលគឺបារាំង​ចង់ប្រកាសជំហរ​​សាមគ្គីជាមួយអ៊ីស្រាអែល ដែលរងគ្រោះដោយការវាយប្រហារភេរវកម្ម តែទន្ទឹមនឹងនេះ ​បារាំងចង់​ឲ្យ​ភាគីអ៊ីស្រាអែល គិតពីបញ្ហាមនុស្សធម៌។ ជាងនេះទៀត លោកម៉ាក្រុង​ចង់​ជំរុញ​ឲ្យ​គ្រប់ភាគី​ ឆក់ឱកាសនេះ​ស្វែងរកដំណោះស្រាយ​សន្តិភាព បង្កើតរដ្ឋប៉ាឡេស្ទីន រស់នៅដោយស្មើភាពនិងសុខសាន្តក្បែរអ៊ីស្រាអែល​។ យ៉ាងណាមិញ ពេលជួបជាមួយ​លោកនេតាន់យ៉ាហ៊ូ លោក​ម៉ាក្រុងបានថ្លែងថា “គ្មានឡើយ​សន្តិភាព​ជារៀងដរាប ប្រសិនបើគ្មាន​ការទទួលស្គាល់សិទ្ធិដ៏ស្របច្បាប់​របស់ប្រជាជនប៉ាឡេស្ទីន​ នៅ​ក្នុងការ​មាន​ប្រទេសមួយឯករាជ្យ ​ទេនោះ។​

ដោយឡែក លោក​ម៉ាក្រុងបាន​ស្នើទៅភាគីអ៊ីស្រាអែល ថា​បារាំងចង់ផ្តួចផ្តើម​គំនិត​​ បង្កើតសម្ព័ន្ធភាពអន្តរជាតិ ដោយ​មាន​ប្រទេសអារ៉ាប់ចូលរួមដែរ ដើម្បីប្រយុទ្ធបោសសំអាតក្រុមភេរវកម្ម​​ហាម៉ាស។ សម្ព័ន្ធភាពនេះ​គឺ​​យកគម្រូតាមសម្ព័ន្ធភាព​អន្តរជាតិ បោសសំអាតក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ​​នៅស៊ីរីនិងអ៊ីរ៉ាក់។ ទាក់ទិននឹងចំណុចនេះ មានមតិជាច្រើនបានលើកឡើងថា មិនយល់ពីគំនិតរបស់​លោកម៉ាក្រុង និង​មិន​អាចសម្លឹងឃើញថា សម្ព័ន្ធភាពអន្តរជាតិ​បោសសំអាតក្រុមហាម៉ាសនេះ អាចកើតចេញដោយ​របៀបណាទេ ព្រោះថា ទីមួយអ៊ីស្រាអែល​ចង់ធ្វើការកិច្ចការនេះតែម្នាក់ឯង ហើយ​មួយទៀត បណ្តាប្រទេសអារ៉ាប់គ្មាននរណាចង់មកសហការជាមួយ​អ៊ីស្រាអែលទេ។ ជាងនេះទៀត ក្នុងមតិមហាជនអារ៉ាប់ជាទូទៅ គេយល់ថា​​ក្រុម​ហាម៉ាសប៉ាឡេស្ទីន ខុសពីក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ព្រោះក្រុម​​មហាម៉ាស​គឺជាចលនាប្រដាប់អាវុធ ដែល​តស៊ូរំដោះប្រជាជនប្រជាជនប៉ាឡេស្ទីន ពីក្រញ៉ាំរបស់អ៊ីស្រាអែល​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ