អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោយវេតូរបស់អាមេរិក ប្រជាជន​ហ្កាហ្សាកាន់តែរងទុក្ខវេទនា ដោយសារ​ការវាយប្រហារ​របស់​អ៊ីស្រាអែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីបានភ្លើងខៀវ​ពីអាមេរិក ដែល​វេតូ​ប្រឆាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចេញសេចក្តីសម្រេច ទាមទារ​បទឈប់បាញ់មនុស្សធម៌​នៅហ្កាហ្សា អ៊ីស្រាអែល​នៅថ្ងៃអាទិត្យទី​១០​ធ្នូ​បង្កើនការវាយប្រហារ​នៅហ្កាហ្សា ដោយគ្មាន​លើកលែង តំបន់​ភាគជើង តំបន់​ខាងត្បូង​ហ្កាហ្សា​ឡើយ។ ការខ្វះឯកភាពគ្នា នៅក្រុមប្រឹក្សា​សន្តិសុខ​ជាសញ្ញា​បើកដៃ​ឲ្យ​កងទ័ព​អ៊ីស្រាអែល​សម្រុក​វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​តំបន់​ហ្កាហ្សា ហើយ​អ្នកដែល​រង​ទុក្ខវេទនា​ខ្លាំង​ជាងគេដោយសារ​ការប្រយុទ្ធគ្នា​រវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន គ្មាន​អ្នកណា​ក្រៅ​តែ​ពី​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន។

បុរស​ប៉ាឡេស្ទីនដែល​ទាហានអ៊ីស្រាអែល​ចាប់ខ្លួន​នៅ​ហ្កាហ្សា​ស៊ីធីថ្ងៃទី ៨ធ្នូ ២០២៣
បុរស​ប៉ាឡេស្ទីនដែល​ទាហានអ៊ីស្រាអែល​ចាប់ខ្លួន​នៅ​ហ្កាហ្សា​ស៊ីធីថ្ងៃទី ៨ធ្នូ ២០២៣ via REUTERS - OBTAINED BY REUTERS
ផ្សាយពាណិជ្ជកម្ម

​ស្ថានភាព​មនុស្សធម៌​នៅហ្កាហ្សាកំពុងមហន្តរាយ

ការសម្លាប់រង្គាល​មិនធ្លាប់មាន ជំងឺ​អាសន្នរោគ និង​គ្រោះ​អត់ឃ្លាន។ ទាំងនេះ​ជា​អ្វី​ដែល​ប្រជាជន​ប៉ាឡេស្ទីនកំពុងជួបប្រទះ នៅ​ហ្កាហ្សា ដែល​ក្លាយ​ជា​សមរភូមិប្រយុទ្ធគ្នា​ដ៏ហិង្សា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅ​២ខែ​មកនេះ។

នៅថ្ងៃ​អាទិត្យ មួយថ្ងៃក្រោយ ក្រុមប្រឹក្សា​សន្តិសុខ​បរាជ័យ មិនអាច​ចេញសេចក្តីសម្រេច ទាមទារ​បទឈប់បាញ់​មនុស្សធម៌ ដោយសារ​វេតូ​របស់អាមេរិក អ៊ីស្រាអែល​ដែលជាសម្ព័ន្ធមិត្ត​របស់​អាមេរិក​បង្កើន​ការវាយប្រហារដ៏ហិង្សា តាម​ផ្លូវអាកាស និង​ផ្លូវគោក ទៅលើ​ទីក្រុង Khan Younès និង​ទីក្រុង​រ៉ាហ្វា នៅភាគខាងត្បូង ហ្កាហ្សា ជាប់ព្រំដែន​ជាមួយ​អេហ្ស៊ីប។

បន្ទាប់ពី​ទម្លាក់គ្រាប់បែក បាញ់ប្លោង​ដែលកម្ទេច​រាបដល់ដី ហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែង​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅខាងជើង​ហ្កាហ្សា កងទ័ព​អ៊ីស្រាអែល នៅប៉ុន្មានថ្ងៃ​មកនេះ បានបែរចុះមកវាយប្រហារ​លើ​តំបន់​ខាងត្បូងហ្កាហ្សា ក្នុងហេតុផល តាមប្រមាញ់​មេក្រុម និងជនប្រដាប់អាវុធ​ហាម៉ាស​ដែល​រត់គេច​ពីខាងជើងមកនៅ​នៅតំបន់​ភាគខាងត្បូង។

បញ្ហា​នៅត្រង់ថា ដោយសារ​ការវាយប្រហារ​ដ៏សន្ធប់របស់​អ៊ីស្រាអែល ប្រជាជន​ប៉ាឡេស្ទីន ជិត ២លាននាក់ ដែល​ត្រូវអ៊ីស្រាអែល បង្ខំ​ឲ្យ​រត់ចាកចេញពី​ភាគខាងជើងរបស់​ហ្កាហ្សា មកនៅ​ភាគខាងត្បូង លែងមាន​កន្លែង​ជ្រក​សុវត្ថិភាព​តទៅទៀត។

ថ្មីៗនេះ ដោយសារ​ប្រតិបត្តិការយោធា​តាមបោសសម្អាត​ក្រុមហាម៉ាស ដែលត្រូវ​ពង្រីកមកដល់​តំបន់​ភាគខាងត្បូង អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ទៅរកកន្លែងជ្រក​សុវត្ថិភាព នៅ​ជាប់មាត់សមុទ្រ ដែលស្ថិតនៅក្រៅ​តំបន់សង្រ្គាម វាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល។

ថ្កោលទោស រិះគន់​ចំណាត់ការ​សោះអង្គើយ​របស់​​អ៊ីស្រាអែល ដែលមិនខ្វល់​ពី​អាយុជីវិត​របស់​ប្រជាជនស៊ីវិល អង្គការសហប្រជាជាតិ នៅ​ចុងសប្តា៍នេះ ទាញសញ្ញា​អាសន្ន​ពី​គ្រោះអត់ឃ្លាន និង​ការរីករាលដាលជំងឺឆ្លង អាសន្នរោគ ដោយសារ​អ៊ីស្រាអែល​បិទខ្ទប់​រថយន្ត​ដឹកជញ្ជូនជំនួយ​ស្បៀង និងថ្នាំពេទ្យ និង​ដោយសារ​ការរស់នៅ​ដ៏​ប្រជ្រៀតគ្នា​របស់​ប្រជាជនភៀសខ្លួន​ប៉ាឡេស្ទីន នៅ​ក្នុង​ទីកន្លែង​ដ៏តូច។

តាម​អង្គការ​ស្បៀងអាហារ​ពិភពលោក ដោយសារ​ការរឹតត្បិត​របស់​អ៊ីស្រាអែល និង​ការវាយប្រហារ​របស់យន្តហោះចម្បាំង​អ៊ីស្រាអែលទៅលើ​ទីក្រុង​រ៉ាហ្វា ជាប់ព្រំដែន​អេហ្ស៊ីប រថយន្ត​ដឹកជញ្ជូនស្បៀង ទឹក និងប្រេង​ក្នុងចំនួន​ដ៏តិចតួច​បំផុត អាច​បរចូល​ទៅ​ហ្កាហ្សា។ ការណ៍នេះធ្វើ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន ប្រមាណ ៩០ភាគរយ ដែល​កំពុង​រត់ភៀសខ្លួន ពេញ​ហ្កាហ្សា នៅថ្ងៃ​ខ្លះ​ត្រូវ​ចូលនិន្រ្ទា ទាំងគ្មាន​អាហារ​ចូលពោះ​ទាល់តែសោះ។

មន្រ្តីអង្គការសហប្រជាជាតិ៖ អ៊ីស្រាអែល​មានចេតនា​រុញច្រាន​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យ​ចេញ​ពី​ទឹកដី​ហ្កាហ្សា

ជាមួយនឹង​ការវាយប្រហារ​ប្រដេញ​​ពី​ជើង​ទៅ​ត្បូង​ហ្កាហ្សា នៅក្នុង​ហេតុផល​តាមវាយកម្ចាត់​ក្រុមហាម៉ាស​ឲ្យ​អស់​ពីទឹកដី ហ្កាហ្សា អ៊ីស្រាអែល​បាន​បញ្ជា​ បង្ខំ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ផ្លាស់ទីកន្លែងរស់នៅ មួយ​លើក​ជា​ពីរ​លើក។ បន្ទាប់ពី​រត់ចោល​ផ្ទះសម្បែង នៅ​ភាគខាងជើង​ហ្កាហ្សា ដើម្បី​គេច​ចេញពី​ការទម្លាក់គ្រាប់បែក ការបាញ់ប្លោង របស់អ៊ីស្រាអែល និងការប្រយុទ្ធគ្នាកងទ័ពអ៊ីស្រាអែល ជាមួយ​ពួកហាម៉ាស ប្រជាជន​ប៉ាឡេស្ទីនជាង​១លាន ៨សែននាក់​ជាប់គាំង រស់នៅកកកុញ នៅ​ភាគខាងត្បូង។ ការវាយប្រហារ​ដ៏ខ្លាំងក្លា​របស់​កងទ័ពអ៊ីស្រាអែល​នៅ​ភាគខាងត្បូងហ្កាហ្សា នៅប៉ុន្មានថ្ងៃ​មកនេះ បាន​ឈាន​ចូល​ដល់​ដំណាក់កាលមួយ ដែលទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃថា ជាយុទ្ធសាស្រ្ត​របស់​អ៊ីស្រាអែល​ដើម្បី បណ្តេញ​ប្រជាជន​ប៉ាឡេស្ទីន​ចេញពីទឹកដី​ហ្កាហ្សា។

នៅក្នុង​អត្ថបទបញ្ចេញ​មតិ របស់​កាសែត​អាមេរិក Los Angeles Times ចុះផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ប្រធាន​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រជាជន​ប៉ាឡេស្ទីន​ចោទប្រកាន់​អ៊ីស្រាអែល​ថា កំពុង​ប៉ុនប៉ង បង្ខំ​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យចាកចេញ​ពី​ហ្កាហ្សា​សំដៅ​ទឹកដី​អេហ្ស៊ីប។ តាម​យោបល់​របស់​ប្រធានទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បើសិន​អ៊ីស្រាអែល​នៅតែ​បន្ត​វាយប្រហារ​គ្មានសល់ចន្លោះទៅលើ​ទឹកដីហ្កាហ្សា និងរុញច្រាន​ប្រជាជនប៉ាឡេស្ទីន​ទៅនៅ​កកប្រមូលផ្តុំនៅ​ជំរំជនភៀសខ្លួន​ក្បែរ​ព្រំដែន​អេហ្ស៊ីប គេមិនអាច​មើលឃើញ​អ្វីផ្សេង ក្រៅពី​ផែនការ​របស់​អ៊ីស្រាអែល ដើម្បី​ប្រែក្លាយ​ហ្កាហ្សា គ្មាន​ប្រជាជន​ប៉ាឡេស្ទីន។ ការរុញច្រាន​ប្រជាជន​ប៉ាឡេស្ទីនចេញពី​តំបន់ដែល​អ៊ីស្រាអែលអះអាងថា ជា​តំបន់​សង្រ្គាម ធ្វើ​ឲ្យ​គេ​នឹកដល់​ចំណាកស្រុក​របស់​ប្រជាជន​ប៉ាឡេស្ទីន ជាង ៧សែននាក់ ដែលត្រូវ​រត់ផ្លាស់ទី​ចេញពីទឹកដី​របស់ខ្លួន នៅក្នុង​សម័យសង្រ្គាម​កាល​ពី​អតីតកាល​ដែល​ឈាន​ទៅ​បង្កើត​រដ្ឋ​អ៊ីស្រាអែល នៅ​ឆ្នាំ ១៩៤៨។

ឆ្លើយតប​នឹង​ការចោទប្រកាន់ របស់មន្រ្តី​អង្គការ​សហប្រជាជាតិ អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​ទទួល​បន្ទុក​កិច្ចការ​ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន បដិសេធថា អ៊ីស្រាអែល​មិនដែល ហើយក៏និងគ្មានផែនការ​ជម្លៀស​ប្រជាជនប៉ាឡេស្ទីន​ចេញពី​ហ្កាហ្សាទៅ អេហ្ស៊ីប។

ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​ខុសផ្ទុយពី​ការលើកឡើងកាលពីខែ​មុន របស់​រដ្ឋមន្រ្តី​ចារកម្ម​អ៊ីស្រាអែល​លោក​Gila Gambliel ដែលថា អ៊ីស្រាអែល​មានជម្រើស​១នៅក្រោយចប់សង្រ្គាម​ហ្កាហ្សា នោះ គឺ​ការរើផ្លាស់ទី​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាជន​ប៉ាឡេស្ទីន​ចេញពីហ្កាហ្សា។ តាម​រដ្ឋមន្រ្តី អេហ្ស៊ីប​អាច​សាងសង់​ទីក្រុងជំរំភៀសខ្លួន​ដាក់​ប្រជាជន​ប៉ាឡេស្ទីនចេញពីហ្កាហ្សា នៅក្នុង​ទឹកដីស៊ីណៃរបស់​អេហ្ស៊ីប និងដែលទទួលជំនួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ។

ម៉ាមូដ អាបាស​ចោទអាមេរិកថា កំពុង​​ឃុបឃិត​ជាមួយ​អ៊ីស្រាអែល ធ្វើសង្រ្គាម នៅហ្កាហ្សា

នៅក្រោយអាមេរិក​វេតូ​ប្រឆាំង មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចេញសេចក្តីសម្រេច​ទាមទារ​បទឈប់បាញ់បន្ទាន់​នៅហ្កាហ្សា ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​ដែលគ្រប់គ្រង​ទឹកដី​ស៊ីហ្សកដានី បាន​រិះគន់​ខ្លាំងៗអាមេរិក ថា កំពុង​ចូលដៃ ចូលជើង​ជាមួយ​អ៊ីស្រាអែល និងថា អាមេរិក​ចូលរួម​ចំណែក​ទទួលខុសត្រូវ​លើ ការសម្លាប់បង្ហូរឈាម ទៅលើ​កុមារ ស្រ្តី និង​មនុស្ស​ចាស់​ប៉ាឡេស្ទីន នៅ​ហ្កាហ្សា។

ឯកោ និងរងការរិះគន់ពីគ្រប់ទិស​ដោយសារ​វេតូ​នៅ ក្រុមប្រឹក្សា​សន្តិសុខ ប៉ុន្តែ អាមេរិក​មិន​ផ្លាស់ប្តូរជំហររបស់ខ្លួនដើម្បីការពារ​អ៊ីស្រាអែល។ នៅ​ថ្ងៃសៅរ៍ ពោលគឺ​នៅប៉ុន្មានម៉ោង​ក្រោយ​វេតូ ប្រឆាំង​បទឈប់បាញ់​នៅ​ហ្កាហ្សា រដ្ឋបាលលោកចូ បៃដិន​បានចេញបញ្ជា​ឲ្យ​លក់គ្រាប់កាំភ្លើង សម្រាប់​រថក្រោះអ៊ីស្រាអែល ប្រមាណ ១៤០០០គ្រាប់។ តាមទូរទស្សន៍ CNN ដោយ​លក់សព្វាវុធ​ទៅ​ឲ្យ​កងទ័ពអ៊ីស្រាអែល ប្រយុទ្ធប្រឆាំង​នឹង​ពួកហាម៉ាស​នៅ​ហ្កាហ្សា រដ្ឋបាល​លោកចូ បៃដិន​បានលើកឡើងពី​ករណីបន្ទាន់ ដើម្បី​ហេតុផល​សន្តិសុខជាតិ​អាមេរិក។

តាមអ្នកវិភាគខ្លះ បើទោះជា​លក់អាវុធ និង​វេតូជួយការពារ​អ៊ីស្រាអែល​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ប៉ុន្តែ វ៉ាស៊ីនតោន នៅមួយរយៈចុងក្រោយ​នេះបាន​ដាក់សម្ពាធ ទាមទារ​ចង់​ឲ្យ​អ៊ីស្រាអែល​បិទបញ្ចប់​សង្រ្គាម​ឲ្យ​បាន​ឆាប់បំផុត យ៉ាងយូរ​នៅ​ចុងឆ្នាំ​នេះ។ ប៉ុន្តែ មន្រ្តីយោធា​អ៊ីស្រាអែល​អះអាងថា នៅក្រោយ​សង្រ្គាម​ហ្កាហ្សាចប់ ដែលគេមិនដឹងថា នៅ​ពេលណា កងទ័ពអ៊ីស្រាអែលត្រូវការ​ពេលយ៉ាងហោច ១ខែ ដើម្បី​ច្បាស់ប្រាកដ​ចិត្ត​ថា ក្រុមហាម៉ាស​រលាយ​លែងមានមុខ នៅហ្កាហ្សា។

ក្រុមហាម៉ាស​កំពុង​ធ្លាក់ដៃ​ប្រយុទ្ធ?

ដោយ​វាយសន្ធប់ បណ្តេញ​ពីជើង​ទៅត្បូង រដ្ឋមន្រ្តីការពារ​អ៊ីស្រាអែល​អះអាងថា កងទ័ពអ៊ីស្រាអែល​នឹង​បង្កើន​ការវាយប្រហារ តាមប្រមាញ់ ពីផ្ទះមួយ​ទៅផ្ទះមួយ តាម​រូងក្រោមដី ដើម្បី​កម្ទេច​ក្រុមហាម៉ាស។ បើតាម​ប្រមុខការពារ​ជាតិ​អ៊ីស្រាអែល នៅក្រោយ​ការវាយប្រហារ​ផ្លូវអាកាស និងតាម​ជើងគោក ដែលបាន​សម្លាប់​សមាជិកហាម៉ាស​ជិត ៦ពាន់នាក់ នៅក្នុងសង្រ្គាមហ្កាហ្សា​២ខែមកនេះ គេឃើញ​សញ្ញា​ធ្លាក់ដៃប្រយុទ្ធ​របស់​ពួកហាម៉ាស។ នៅប៉ុន្មានថ្ងៃមកនេះ រូបភាពវីដេអូ​របស់​អ៊ីស្រាអែល បាន​បង្ហាញ សព្វាវុធ​ដែលគេ​រឹបអូសបាន ហើយ​និង​មនុស្ស​ប្រុស​សល់តែខោខ្លី ដែល​អ៊ីស្រាអែលអះអាងថា ជា​សកម្មជនប្រយុទ្ធរបស់​ហាម៉ាស​ទម្លាក់អាវុធ ចុះចាញ់​កងទ័ពអ៊ីស្រាអែល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ