អានតួអត្ថបទ
សង្គ្រាមហ្កាហ្សា

សង្គ្រាមហ្កាហ្សា៖ ​អ៊ីស្រាអែលនិងហាម៉ាស​​​ពន្យារបទ​ឈប់បាញ់២ថ្ងៃ

កិច្ចព្រមព្រៀង​ឈប់​បាញ់​មនុស្សធម៌​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស នឹង​ត្រូវ​ពន្យារ​ពេល​ពីរ​ថ្ងៃ​បន្ថែម​ទៀត​ ក្នុង​លក្ខខណ្ឌ​ដដែល។ ក្នុង​អំឡុង​ពេលបន្ត​​បទ​ឈប់​បាញ់​​​​ជា​លើកទីមួយនេះ​ ហាម៉ាស​នឹង​ដោះ​លែង​ចំណាប់​ខ្មាំង​ជា​ថ្នូរ​នឹង​​អ្នក​ទោសប៉ាឡេស្ទីន ព្រមទាំង​ជំនួយ​មនុស្សធម៌សម្រាប់​តំបន់​ហ្កាហ្សា​ដែល​ស្ថានភាព​មនុស្សធម៌​​​នៅតែ​ត្រដាប​ត្រដួស​ខ្លាំង។

ទាហាន​អ៊ីស្រាអែល​នៅ​តំបន់​​ហ្កាហ្សា ក្នុង​អំឡុងពេល​មាន​បទ​ឈប់​បាញ់​ថ្ងៃ​ទី ២៨​វិច្ឆិកា​២០២៣
ទាហាន​អ៊ីស្រាអែល​នៅ​តំបន់​​ហ្កាហ្សា ក្នុង​អំឡុងពេល​មាន​បទ​ឈប់​បាញ់​ថ្ងៃ​ទី ២៨​វិច្ឆិកា​២០២៣ via REUTERS - ISRAEL DEFENSE FORCES
ផ្សាយពាណិជ្ជកម្ម

ចូល​ជា​ធរមាន​នៅថ្ងៃ​សុក្រទី​២៤​វិច្ឆិកា កិច្ចព្រមព្រៀង​​ឈប់​បាញ់​អ៊ីស្រាអែល​-ហាម៉ាស ដែល​ដឹកនាំ​ចរចា​ដោយ​​​​កាតា​ ​​សហរដ្ឋ​អាមេរិក​និង​​​អេហ្ស៊ីប ​ត្រូវ​អស់​សុពលភាពនៅ​ថ្ងៃ​អង្គារ​ ​វេលា​ម៉ោង​៥​ភ្លឺ​ម៉ោង​សកល​ តែភាគី​ទាំងពីរ​បាន​សម្រេច​ពន្យារ​រយៈពេល​ពី​រ​ថ្ងៃ​បន្ថែម​ទៀត ពោល​គឺ​រហូត​ដល់​ថ្ងៃព្រហស្បតិ៍​ទី ៣០​វិច្ឆិកា​វេលា​ម៉ោង​៥​ភ្លឺ​ម៉ោង​សកល។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​កាតានិង​សហរដ្ឋ​អាមេរិក នៅ​ប៉ុន្មាន​ម៉ោង​មុន​ផុត​ឱសានវាទ។

អ្នក​នាំពាក្យ​កាតា​បាន​លម្អិត​នៅក្នុង​សេចក្តី​ថ្លែងការណ៍បន្ថែម​ទៀត​ថា ​ភាគី​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល ព្រមបន្ត​កិច្ចព្រមព្រៀង​​​ ដោយគោរព​តាម​លក្ខខណ្ឌ​ដដែល ​គឺ​ជា​ការ​ដោះដូរ​មួយ​ទល់​នឹង​បី។ តាម​គម្រោង​ ការ​បន្ត​បទ​ឈប់​បាញ់ពីរ​​ថ្ងៃ​នេះ​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​ដោះលែងចំណាប់​ខ្មាំង​អ៊ីស្រាអែល​ប្រមាណ​២០នាក់​ទៀត ទល់​នឹង​ការដោះលែងអ្នក​ទោស​ប៉ាឡេស្ទីន​ចេញ​ពី​ពន្ធនាគារ​ចំនួន​៦០នាក់។

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ទទួល​បញ្ជី​ឈ្មោះ​ចំណាប់​ខ្មាំងទាំង១០នាក់ដែល​​​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​​មិន​បញ្ចេញ​ឈ្មោះ​ទេ។ យប់​មិញ​ក្នុង​ក្របខ័ណ្ឌនៃ​កិច្ចព្រមព្រៀង​បួន​ថ្ងៃ​​ ហាម៉ាស​បាន​ដោះលែង​ចំណាប់​ខ្មាំង​អ៊ីស្រាអែល​១១នាក់​ក្នុង​នោះ​ពីរ​នាក់​ជា​កុមារ​មាន​សញ្ជាតិពីរ​អ៊ីស្រាអែល-បារាំង។ ជា​ដំណឹង​ដ៏​រីក​រាយ​ខ្លាំងណាស់ សម្រាប់​ប្រធានាធិបតី​បារាំង​បើ​ទោះ​បី​នៅ​មាន​ចំណាប់​ខ្មាំង​បារាំង​ក្នុង​ដៃ​ហាម៉ាស​ទៀត​ក៏​ដោយ​។ ចំណែក​ខាង​ប៉ាឡេស្ទីន​​បាន​ទទួល​អ្នក​ទោស​ចំនួន៣៣​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​តំណាង​យុវជន​ដើម្បី​បុព្វហេតុ​ប៉ាឡេស្ទីន​ដែល​អ៊ីស្រាអែល​បាន​ចាប់​ខ្លួន​កាលពី​ដើម​ខែ​វិច្ឆិកា​ផង។

ក្រុម​អន្តរការី​​និង​សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​ចរចា​ដោយ​ស្ងាត់ៗ​ក្រែង​អាច​បន្ត​បទ​ឈប់​បាញ់ជា​លើក​ទីពីរ​បាន​ ដើម្បី​ឱ្យ​​ចំណាប់​ខ្មាំងជា​ច្រើន​នាក់​ទៀតបាន​ទទួល​សេរីភាព​ និងបង្កើន​​ឱកាស​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​នៅ​ហ្កាហ្សា។ បើ​តាម​អង្គការ​សហប្រជាជាតិ តំបន់​ហ្កាហ្សាកំពុងបន្ត​​ប្រឈម​នឹង​​មហន្តរាយ​មនុស្សធម៌ខ្លាំងណាស់ ដែល​ចាំបាច់​ត្រូវ​ផ្តល់​ជំនួយ​បន្ថែម​ជា​បន្ទាន់​ផង និង​ត្រូវឱ្យ​ជំនួយ​មនុស្សធម៌​​បន្ត​ហូរ​ចូល​ដោយ​រលូន ហើយ​អាច​​គ្រោង​បាន​ទើប​អាច​ជួយ​បន្ធូរ​បន្ថយ​ទុក្ខវេទនា​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា​បាន។ នេះ​បើតាម​បេស្រិត​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការដើម​បូព៌ា​ លោក Tor Wennesland។ តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង​នៅថ្ងៃទី​៧តុលា លំនៅដ្ឋាន​ជាងពាក់​កណ្តាល​នៅ​តំបន់​ហ្កាហ្សា​ត្រូវ​ខូចខាត​ឬ​កម្ទេច ហើយ​ពលរដ្ឋ​១លាន​៧សែន​នាក់​ត្រូវបង្ខំ​ចិត្ត​​ធ្វើ​បំលាស់ទី។ ហ្កាហ្សា​ត្រូវ​ការ​ជំនួយ​ចាំបាច់​ប្រមាណ ២០០ឡាន​ក្នុង​មួយ​ថ្ងៃ​រយៈ​ពេលយ៉ាង​ហោច​​ពីរ​ខែ​ជាប់​គ្នា។ នេះ​បើ​តាម​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ