អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ផ្ទុះនៅកំពង់ផែបេរូត៖ ហេតុអ្វី​អ៊ីស្រាអែល​បោះដៃជួយ​លីបង់​ដែល​ជាសត្រូវ​នឹង​ខ្លួន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្លាមៗ នៅក្រោយបដិសេធ​ថា ខ្លួន គ្មានជាប់ពាក់ព័ន្ធ នឹង​ហេតុការណ៍​ផ្ទុះ​នៅកំពង់ផែ​បេរូត អ៊ីស្រាអែល​ដែល​នៅមិនទាន់​ចុះកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​​លីបង់នៅឡើយ បាន​ស្នើ​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​លីបង់។ ម្ខាង​ជាអ្នកបោះដៃ ចង់​ជួយ​ក្នុង​ស្មារតី​មនុស្សធម៌ ប៉ុន្តែ ម្ខាង​ទៀត មើលឃើញ​ថា ជា​កាយវិការ​លាក់ពុត ១០០ជំពូក​របស់អ៊ីស្រាអែល ព្រោះថា ទើបតែ​ប៉ុន្មាន​ថ្ងៃ​មុនសោះ ទាហាន​អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​ទឹកដីភាគខាងត្បូង​លីបង់ ដែល​ជាប់ព្រំដែន​ជាមួយ​អ៊ីស្រាអែល។ ស្ថិតក្នុង​កាលៈទេសៈបែបនេះ តើ​លីបង់ សុខចិត្ត​លាដៃ ទទួល​ជំនួយ​របស់​អ៊ីស្រាអែល ដែរឬទេ? 

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រូបទង់ជាតិ​លីបង់​បញ្ចាំង​លើ​អគារ​របស់​សាលាក្រុង​តែលអាវីវ អ៊ីស្រាអែល នៅថ្ងៃ​ទី​៥​សីហា ដើម្បី​សំដែង​សាមគ្គីភាពជាមួយ​ប្រជាជន​លីបង់​ រងគ្រោះដោយសារ​ហេតុការណ៍ផ្ទុះពីរលើកនៅកំពង់ផែបេរូត ថ្ងៃទី​៤​សីហា ២០២០
ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត រូបទង់ជាតិ​លីបង់​បញ្ចាំង​លើ​អគារ​របស់​សាលាក្រុង​តែលអាវីវ អ៊ីស្រាអែល នៅថ្ងៃ​ទី​៥​សីហា ដើម្បី​សំដែង​សាមគ្គីភាពជាមួយ​ប្រជាជន​លីបង់​ រងគ្រោះដោយសារ​ហេតុការណ៍ផ្ទុះពីរលើកនៅកំពង់ផែបេរូត ថ្ងៃទី​៤​សីហា ២០២០ REUTERS - NIR ELIAS
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃក្រោយ ហេតុការណ៍​ផ្ទុះ​នៅកំពង់ផែ​បេរូត នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល នៅក្នុង​ឱកាស​ឆ្លើយសំណួរ​នៅ​រដ្ឋសភា​បាន​និយាយ​រំលែកទុក្ខ​ជាមួយ​ប្រជាជន​រងគ្រោះ​លីបង់។ នៅយប់​ថ្ងៃ​ដដែល ចៅហ្វាយក្រុង​តែល អាវីវ បាន​សំដែង​សាមគ្គីភាព​ជាមួយ ប្រជាជន​លីបង់ ដោយ​បាន​បញ្ជា​ឲ្យគេ​បញ្ចាំង​ភ្លើង ពណ៌​ទង់ជាតិ​លីបង់ ទៅលើ​អគារ​សាលាក្រុង។ កាយវិការ​របស់​ចៅហ្វាយក្រុង​តែលអាវីវ បាន​បង្ក​ឲ្យ​មាន​តវ៉ា រិះគន់ ពីសំណាក់​ក្រុមស្តាំនិយមជ្រុល រួមទាំង​កូនប្រុស​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ផង​ដែល​សរសេរ​នៅលើ​ទំព័រហ្វេសប៊ុក​របស់ខ្លួន ថា លីបង់ ជា​ប្រទេស​សត្រូវ​របស់​អ៊ីស្រាអែល។ បង្ហោះបណ្តែត​ទង់ជាតិ​របស់​សត្រូវ​នៅកណ្តាល​ក្រុង​យ៉ាងដូច្នេះ គឺ​ជារឿង មិនត្រឹមត្រូវ និង​ជាបទឧក្រិដ្ឋ។ នៅមុន​ប្រតិកម្ម​អវិជ្ជមាន​របស់​ក្រុមស្តាំនិយមជ្រុល នេះទៅទៀត ចៅហ្វាយក្រុង តែលអាវីវ​បាន សរសេរសារTwitter​ថា “មនុស្សជាតិ​មាន​តម្លៃ​ខ្ពស់​ជាង​ជម្លោះ។ យើងគិត​ដល់​ប្រជាជន​លីបង់ ដែល​រងគ្រោះ​ដោយសារ​មហន្តរាយលើកនេះ”។

អ៊ីស្រាអែល​បានបង្ហាញ​សមានចិត្ត​ចង់ជួយ​លីបង់ តាំង​ពី​នៅយប់​ថ្ងៃ​ដែលមាន​ហេតុការណ៍ផ្ទុះ​នៅកំពង់ផែម្ល៉េះ។ បន្ទាប់ពី​អះអាងថា ខ្លួន​គ្មានពាក់ព័ន្ធ​នឹង​ហេតុការណ៍​ផ្ទុះ នៅ​កំពង់ផែបេរូត កងទ័ព​អ៊ីស្រាអែល​បាន​ចេញ​មុខ​មុនគេ ដើម្បី​ស្នើ​បញ្ជូន ជំនួយមនុស្សធម៌ និង​ថ្នាំពេទ្យ តាមរយៈ អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ ការប៉ុនប៉ង​របស់​អ៊ីស្រាអែល មិន​បាន​សម្រេច​នោះទេ។ រដ្ឋាភិបាល​លីបង់​ដែល​កំពុង​ទទួល​បានជំនួយ​ជាបន្តបន្ទាប់​ពី​បរទេស ពីបារាំង ពី​សម្ព័ន្ធ​អារ៉ាប់ ពី អ៊ីរ៉ង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុមអេស្បូឡា​លីបង់ មិន​បាន​និយាយ​ឆ្លើយតបអ្វីទេ ទៅនឹង​សំណើផ្តល់ជំនួយ​របស់​អ៊ីស្រាអែល។

ឥរិយាបថ​របស់​អ៊ីស្រាអែល ដែល​ចង់ជួយ លីបង់​នៅពេលនេះ គឺជារឿង​ដែល​គេ​មិន​បាន​ទន្ទឹង​ទុកមុន​នោះទេ។ អ៊ីស្រាអែល និង​លីបង់​ ប្រទេស​គូសត្រូវ ទាំងពីរ នៅ​មិនទាន់​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយគ្នា និង​អាច​ផ្ទុះសង្រ្គាម​ដាក់គ្នា​គ្រប់ពេលវេលា។ លីបង់ សមាជិក​មួយ​របស់​សម្ព័ន្ធអារ៉ាប់ មិនទទួល​ស្គាល់​រដ្ឋអ៊ីស្រាអែល​នោះទេ។ អ៊ីស្រាអែល បាន​ធ្វើ​សង្រ្គាម វាយប្រហារ​លីបង់​ដល់ទៅ​២ដង។ សង្រ្គាមប្រយុទ្ធគ្នា​រវាង​ទាហាន​អ៊ីស្រាអែល និង​ក្រុមអេស្បូឡា លីបង់ នៅឆ្នាំ ២០០៦ បាន​សម្លាប់​មនុស្ស​ជាង ១២០០នាក់។ អ៊ីស្រាអែល និង​លីបង់​នៅតែ​តានតឹង​គ្នា ជាពិសេស នៅ​តាមព្រំដែន​ភាគខាងត្បូង​លីបង់ ជាមួយ​អ៊ីស្រាអែល ជាទី​ដែល​អ៊ីស្រាអែល កាលពីចុងខែ​កក្កដាមុននេះ បាន​បាញ់​សម្លាប់​ជនប្រដាប់អាវុធ ដែល​អ៊ីស្រាអែល​ចោទថា ជា​ភេរវជន របស់​ក្រុមអេស្បូឡា លីបង់។

អ៊ីស្រាអែល មិនមែន​ជា​មិត្ត​របស់​លីបង់។ នៅ​ពេល​កំពុង​ជាប់​រងគ្រោះ រងទុក្ខ ដោយសារ​ហេតុការណ៍ផ្ទុះ​លើកនេះផង ប្រជាជន​លីបង់ គ្មាន​ពេល​រវល់​ចាប់អារម្មណ៍​នឹង​ពាក្យស្នើ​ផ្តល់ជំនួយ​របស់​អ៊ីស្រាអែលនោះទេ។ អ្នកប្រើប្រាស់​អ៊ីនធ័រនែត របស់​លីបង់​ម្នាក់ នៅបាន​ សរសេរ​ប្រាប់​អ៊ីស្រាអែល កុំ​ឲ្យ​ឆ្លៀត​កេងចំណេញ យក​វិបត្តិ សោកនាដកម្ម​លើកនេះ ដើម្បី​លាងសម្អាត ឧក្រិដ្ឋកម្ម​ដែល​ខ្លួន​បាន និង កំពុង​ប្រព្រឹត្តលើ​ប្រជាជន​លីបង់​នោះ។

សាស្រ្តាចារ្យ​នៅ​សកលវិទ្យាល័យ វិទ្យាសាស្រ្ត​នយោបាយ នៅទីក្រុង​ប៉ារីស​ម្នាក់​យល់ថា អ៊ីស្រាអែល​បាន​បោះដៃ ចង់​ផ្តល់​ជំនួយ ជួយ​លីបង់ នៅពេល នេះ ក៏ដោយសារ​បរិបទ​នយោបាយ​នៅក្នុង​តំបន់។ ទី១ តាមរយៈ ការស្នើសុំ​ផ្តល់ជំនួយ​សម្រាប់ប្រជាជន​លីបង់ អ៊ីស្រាអែល​ចង់​បញ្ជាក់ថា ខ្លួនមិនមែនជា​អ្នកនៅពីក្រោយ ហេតុការណ៍ផ្ទុះនៅកំពង់ផែ​បេរូត​នោះទេ។ មួយវិញ អ៊ីស្រាអែល ដែល​ចង់​បង្ហាញ​ទៅ​ពិភពលោក​ថា ខ្លួន​មាន​ជំហរ​សន្តិភាព ចង់ជួយ​ប្រជាជន​ដែល​កំពុងមានទុក្ខលំបាក បើទោះជា​ពួកគេ​ទាំងនោះ រស់នៅ​ក្នុង​ប្រទេស​ជា​សត្រូវ​ក៏ដោយ។

សម្រាប់​អតីត​ប្រធាន​ស៊ើបការណ៍​សម្ងាត់​យោធា​អ៊ីស្រាអែល កាយវិការ​មនុស្សធម៌​របស់អ៊ីស្រាអែល នឹង​អាច​បង្រួបបង្រួម​ប្រជាជាតិ​ទាំងពីរ អ៊ីស្រាអែល និង​លីបង់។ មន្រ្តីអ៊ីស្រាអែល បញ្ជាក់ ហើយ បញ្ជាក់ទៀតថា សត្រូវ​របស់​អ៊ីស្រាអែល មិនមែន​ប្រជាជន​លីបង់ទេ ប៉ុន្តែ គឺ ក្រុមប្រដាប់អាវុធ អេស្បូឡា​លីបង់ ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។ អ៊ីស្រាអែល​មិន​ចូលចិត្ត​រដ្ឋាភិបាល​លីបង់​សព្វថ្ងៃនេះ ព្រោះថា ជា​រដ្ឋាភិបាល ស្និទ្ធ​នឹង​អេស្បូឡាលីបង់។

អ៊ីស្រាអែល បាន​ស្នើសុំ​ផ្តល់ជំនួយ​មនុស្សធម៌ សម្រាប់​ប្រជាជន​លីបង់ ក៏ព្រោះតែ​បាន​​សំឡឹង​ឃើញ​ប្រទេស​អារ៉ាប់ និង​អ៊ីរ៉ង់​ជាដើម ដែល​ជាសត្រូវ​របស់ខ្លួន នៅក្នុង​តំបន់ បានដឹកនាំ​យក​ជំនួយ ទៅជួយ​ប្រជាជន​លីបង់។ អ៊ីស្រាអែល មិន​ចង់​បាត់បង់​ឱកាស​របស់ខ្លួន​នោះទេ។ អ៊ីស្រាអែល​ចង់នាំជំនួយ​ទៅជួយ​ប្រជាជន​លីបង់ដែរ។ ប្រជាជន​លីបង់ ដែល​កំពុង​មាន​កំហឹង​ក្រេវក្រោធ ទាមទារ​ឲ្យ​រដ្ឋាភិបាល លីបង់ ចុះចេញពីតំណែង ដែល​នោះ​ជា​ក្តីប្រាថ្នា​ចង់​បាន​ផងដែរ របស់​អ៊ីស្រាអែល។ កន្លងមក នៅពេល​លីបង់​កំពុង​ធ្លាក់​ក្នុង​វិបត្តិ គ្មាន​ប្រាក់សងបំណុល អ៊ីស្រាអែល​ក៏ធ្លាប់​បានចូលរួម ចរចា​បញ្ចុះបញ្ចូល​មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ឲ្យ​ជួយ​លីបង់ដែរ ប៉ុន្តែ អ៊ីស្រាអែល​បាន​ដាក់​លក្ខខណ្ឌ​ហើយថា រដ្ឋាភិបាល​លីបង់ ត្រូវ​តែ​សន្យា​កាត់បន្ថយ​ឥទ្ធិពល​របស់​អេស្បូឡា លីបង់ ឲ្យនៅតិចតួច បំផុត បើសិន​ចង់​បានជំនួយ​ពីអ៊ីស្រាអែល។ អាច​ថា ជំនួយ​របស់​អ៊ីស្រាអែល​មិនមែន​ជាប្រភេទជំនួយ ដែល​គ្មាន​ចំណង​នោះទេ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ