អានតួអត្ថបទ

លីបង់៖ រដ្ឋមន្ត្រី​៤នាក់​សុំ​ចុះពីតំណែង​ជាបន្តបន្ទាប់ក្រោយ​ហេតុការណ៍ផ្ទុះ​

គិតត្រឹម​ថ្ងៃចន្ទទី១០សីហា រដ្ឋមន្ត្រី​លីបង់ ចំនួន​៤នាក់ហើយ​ ដែល​សុំ​លាឈប់​ពីតំណែង​​ជាបន្ត​បន្ទាប់គ្នា​ ក្រោយពី​ហេតុការណ៍ផ្ទុះ​នៅកំពង់ផែបេរូត កាលពីថ្ងៃអង្គារ៍​សប្តាហ៍​មុន។ រយៈពេល​៧ថ្ងៃ សមាជិក​រដ្ឋាភិបាល​៤នាក់​សុំ​ចុះ​ចេញពីតំណែង ឯកអគ្គរដ្ឋម្នាក់​ក៏​សុំ​ឈប់​ ចំណែក​នៅក្នុង​រដ្ឋ​សភាវិញ អ្នក​តំណាង​រាស្ត្រ​ ចំនួន​៨នាក់ ក៏បាន​ប្រកាស​ លាឈប់​ដែរ។​ ហេតុការណ៍ផ្ទុះ​នៅ​កំពង់​ផែ​លីបង់ បាន​សម្លាប់មនុស្សយ៉ាងហោចជិត១៦០នាក់ និងរបួសប្រមាណ៦ ពាន់នាក់។ ហេតុការណ៍​សោកនាដកម្មនេះ បា​នដុត​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ ឱ្យ​ខឹង​រដ្ឋាភិបាល កាន់តែខ្លាំង​។ 

Un soldat libanais sur les lieux de la double explosion qui a dévasté Beyrouth.
Un soldat libanais sur les lieux de la double explosion qui a dévasté Beyrouth. Thibault Camus/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​​លាឈប់ ពីថ្ងៃចន្ទ គឺ​រដ្ឋមន្ត្រី​ខាង​ហិរញ្ញវត្ថុ ដែល​សុំ​ចុះ​ពីតំណែង​បន្ត​កន្ទុយ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌, ក្រសួង​បរិស្ថាន និង​ក្រសួង​ព័ត៌មាន។ ពេលមុន​​ហេតុការណ៍​​ផ្ទុះវិញ​ រដ្ឋមន្ត្រីក្រសួង​ការបរទេស​ ក៏បាន​សុំលាឈប់ តាំងពី​ប៉ុន្មាន​ថ្ងៃមុន​​សោកនាដកម្ម​នោះ​ម្ល៉េះ។​

ជាការរម្លឹក រដ្ឋមន្ត្រី​ស្រី​នៃ​ក្រសួងព័ត៌មាន ប្រកាស​លាឈប់​ពីតំណែង​ តាមទូរទស្សន៍​ពីថ្ងៃ​សៅរ៍​ ​ថ្លែងសុំទោស​ប្រជាជាតិ​ ដែល​ខ្លួន​មិនអាច​បំពេញក្តីរំពឹង​ទុក​របស់​ប្រជារាស្ត្របាន​ និង​ថ្កោលទោស​រដ្ឋាភិបាល​​ថា​អសមត្ថភាព និងមិនអាច​ឱ្យ​ខ្លួន​នៅបំពេញ​ការងារ​ តទៅទៀត​នោះឡើយ។

ទោះបីជាមាន​​​រដ្ឋមន្ត្រី​ជា​ច្រើន​រូប​ សុំ​ចុះពី​តំណែង​ មាន​អង្គទូត​ក៏​លាឈប់ និង​អ្នក​តំណាងរាស្ត្រ​​យ៉ាងហោច​៨នាក់ ​ប្រកាស​សុំឈប់ពីតួនាទី ទៅហើយក្តី​ ក៏​នៅ​មិនទាន់​គ្រប់​គ្រាន់ដែរ​ ចំពោះ​បាតុករ​វ័យក្មេង​ៗ ដែល​កំពុង​ក្តៅ​ស្លឹក​ត្រចៀក​។ បាតុករ​មួយ​ចំនួន​ចេញវោហារ​​ថា ​«ទាល់តែ​ថ្នាក់ដឹកនាំ​ដែលពុករលួយ​ ចុះ​ចេញពីតំណែង​អស់​តែម្តង ទើបពួកគេ​សុខ​ចិត្ត។»  

​បើតាមរដ្ឋធម្មនុញ្ញលីបង់ ទាល់តែ​សមាជិក​រដ្ឋភិបាល​ ចំនួន១ភាគ៣​ សុំ​លាឈប់​ ទើប​រដ្ឋាភិបាល​រលំ​។ នាយករដ្ឋមន្ត្រី​ ហានសាន​ ឌីយ៉ាប​ ដែល​បាន​ប្រកាសឱ្យ​មានការ​​បោះឆ្នោត​មុន​កាល​កំណត់ និយាយ​កាលពីថ្ងៃសៅរ៍ថា​លោក​នឹង​នៅ​កាន់​តំណែង​បន្តទៀត រហូត​ដល់ពេលបោះឆ្នោត​នោះ។

ស្ថានភាពណ៍​នៅ​លីបង់នា​ពេលនេះ កំពុង​លំបាក​គ្រប់គ្រង។ ហ្វូងបាតុករដែល​ក្រពុលមុខ ចុះផ្លូវ ​តវ៉ា​ពេញក្រុង​ធំៗ និងប៉ះទង្គិច​ជាមួយ​ប៉ូលីស​ផង​។ ក្រុម​អ្នកនយោបាយ​​ខ្វែងគំនិត​គ្នា ខណៈ​សេដ្ឋកិច្ចជាតិ​ដាំក្បាលចុះ បញ្ហាអត់​ការងារធ្វើកើនឡើងខ្ពស់ ដែល​ត្រូវរង​​ផលវិបាក​នៃ​កូវីដ​១៩​ធ្ងន់ក​មួយ​ជាន់​ទៀត​។

ក្រោយ​ហេតុការណ៍ផ្ទុះ​នៅកំពង់ផែ ​មនុស្ស​៣សែន​នាក់ គ្មាន​ជម្រកស្នាក់នៅ​​ ហើយ​មនុស្ស​ជាង​២០នាក់ទៀត​ កំពុងតែ​បន្ត​បាត់ខ្លួន គ្មាន​សង្ឃឹមថាមាន​ជីវិត​​រស់នោះទេ។ ​ក្រុមគ្រួសារ​ពួក​គេ​ បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ ថា​យឺតយ៉ាវខ្លាំង​ក្នុងការ​រុករក​ជន​រងគ្រោះ​។

ថ្ងៃអាទិត្យ ប្រទេស​បារាំង សហគមអន្តរជាតិ ​និងអង្គការ​សហប្រជាជាតិ​ បាន​សម្រេច​ផ្តល់​ជំនួយបន្ទាន់ ​ប្រហែល​២៥០លាន​អឺរ៉ូឱ្យ​លីបង់​ និង​ស្នើឱ្យ​មាន​ស៊ើប​អង្កេត​អន្តរជាតិឱ្យ​តម្លាភាព​ចំពោះហេតុការណ៍ផ្ទុះ​ ប៉ុន្តែ​​ប្រធានាធិបតី​​លីបង់ បាន​បដិសេធ​ទាត់ចោល​សំណើស៊ើប​អង្កេតនេះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ