អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រជាជន​លីបង់​ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រោយ​ហេតុការណ៍​ផ្ទុះ​នៅ​ក្រុង​បេរូត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្នាក់ដឹកនាំ​ប្រទេស​លីបង់​ បាន​ទទួលរង​នូវការរិះគន់​ជាខ្លាំង​ពី​ប្រជាជន​ ក្រោយ​ហេតុការណ៍​ផ្ទុះ​ដ៏សាហាវ​នៅក្រុង​បេរូត​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ ១៥៧ នាក់​ និង​របួស​ជាង​ ៥ ពាន់​នាក់​។ ហេតុការណ៍ផ្ទុះ​ មិនត្រឹមតែ​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងច្រើន​នោះទេ​ តែវា​ក៏បាន​បង្កជា​ការ​​ខូតខាត​ជាច្រើន​ទៀតដែរ​រួមមាន​ស្បៀងអាហារ​ ផ្ទះសម្បែង​ និង​មន្ទីរពេទ្យ​ជាដើម​។ល។​ ទុក្ខព្រួយ​បានប្រែទៅ​ជាកំហឹង​និង​បាន​រុញច្រាន​ឲ្យ​ប្រជាជន​លីបង់​ចេញធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទៀតផង​កាលពី​ល្ងាចថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។

ក្រុមបាតុករនៅក្នុងការប្រឆាំងតវ៉ាមួយនៅជិតអាគាររដ្ឋសភាលីបង់ បន្ទាប់ពីហេតុការណ៍ផ្ទុះនៅក្រុងបេរូតកាលពីថ្ងៃអង្គារ ទី៤ សីហា ឆ្នាំ២០២០។
ក្រុមបាតុករនៅក្នុងការប្រឆាំងតវ៉ាមួយនៅជិតអាគាររដ្ឋសភាលីបង់ បន្ទាប់ពីហេតុការណ៍ផ្ទុះនៅក្រុងបេរូតកាលពីថ្ងៃអង្គារ ទី៤ សីហា ឆ្នាំ២០២០។ REUTERS - MOHAMED AZAKIR
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​អាជ្ញាធរ​លីបង់​ស្តុក​អាម៉ូញ៉ូម​នីត្រាត​​នៅ​កំពង់ផែ​ចំ​កណ្តាល​ទីក្រុង​បេរូត?

រដ្ឋាភិបាល​លីបង់​ មិនដែលបាន​បញ្ចេញ​ឈ្មោះប្រភព​នៃ​សារធាតុ​គីមី​អាម៉ូញ៉ូមនីត្រាត​នេះ​ពី​មុន​មកនោះទេ​។ ក៏ប៉ុន្តែ​ បើ​យោងទៅតាម​មន្ត្រី​សន្តិសុខ​លីបង់​ម្នាក់​ និយាយ​ក្នុង​លក្ខខណ្ឌ​សុំមិន​បញ្ចេញ​ឈ្មោះ​ សារធាតុគីមី​អាម៉ូញ៉ូមនីត្រាត​បរិមាណ​រហូតដល់​ ២ ៧៥០ តោន​ បាន​ទៅ​ដល់​ប្រទេស​លីបង់​កាលពី​ឆ្នាំ ២០១៣​។

កាលណោះ​ សារធាតុគីមី​អាម៉ូញ៉ូមនីត្រាត​ទៅដល់​លីបង់​តាមរយៈ​កប៉ាល់​ដឹកទំនិញ​មួយ​ឈ្មោះ​រ៉ូសេស​ (Rhosus) និង​ដែលមាន​បំពាក់​ទង់ជាតិ​ប្រទេស​ម៉ុលដាវី​។ កប៉ាល់​ដែល​មាន​ផ្ទុក​សារធាតុគីមី​ដ៏​ច្រើន​សម្បើមនេះ​ ធ្វើដំណើរ​ចេញពី​ប្រទេស​ហ្សកហ្ស៊ី​ឆ្ពោះទៅ​កាន់​ប្រទេស​ម៉ូសំប៊ិក​។

ខណៈពេលដែល​កំពុងបើក​ឆ្លងកាត់​សមុទ្រមេឌីទែរ៉ាណេខាងកើត​ កប៉ាល់ខាងលើ​ក៏មាន​បញ្ហាបច្ចេកទេស​ ហើយត្រូវ​បង្ខំចិត្ត​ចូលសុំចត​នៅកំពង់ផែទីក្រុងបេរូតតែម្តង​។ នេះ​បើយោង ទៅតាម​របាយការណ៍កាល​ពីឆ្នាំ ២០១៥​ របស់​ក្រុមហ៊ុន​ច្បាប់​លីបង់​ Barudi & Associates ដែល​តំណាងឲ្យនាវិក​នៃកប៉ាល់​រ៉ូសេស។

មន្ត្រីសន្តិសុខ​លីបង់ជាច្រើននាក់​ បានប្រាប់​ទីភ្នាក់ងារព័ត៌មាន​បារាំង​ AFP ថា​ ដំបូងឡើយ​ កប៉ាល់​ដឹកនាំ​ទំនិញនេះ​ត្រូវ​ចូលចត​នៅកំពង់ផែ​បេរូតជា​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ដោយ​ក្រោយមកទៀត​ ពោល​បន្ទាប់ពី​ក្រុមហ៊ុន​លីបង់មួយ​ បាន​ដាក់ពាក្យបណ្តឹង​ប្រឆាំង​នឹង​ម្ចាស់កប៉ាល់​ខាងលើ​ អាជ្ញាធរ​លីបង់ក៏​បាន​ចុះ​ឆែកឆេរ​កប៉ាល់​ និង​បាន​ហាម​មិនឲ្យ​បើក​កប៉ាល់​ចេញទៅបានឡើយ​។

បន្ទាប់មកទៀត​ មន្ត្រី​កំពង់ផែបេរូត​ក៏បាន​ផ្ទុក​ទុកចោល​អាម៉ូញ៉ូមនីត្រាត​ ដែល​គេស្គាល់​ថា​ជា​សារធាតុគីមី​មាន​គ្រោះថ្នាក់​និង​ងាយផ្ទុះ​ រហូតដល់ទៅ​រាប់ឆ្នាំ​នៅឃ្លាំង​កំពង់ផែ​ដែលមាន​សភាព​ចាស់​និង​មានស្នាមប្រេះ​នៅ​តាមជញ្ជាំង​ ចំ​កណ្តាល​ទីក្រុងបេរូត​។

អាជ្ញាធរលីបង់​ បាន​បើក​ការស៊ើបអង្កេត​មួយដែរ​កាលពី​ ឆ្នាំ ២០១៩​ បន្ទាប់ពី​ឃ្លាំងនេះ​ បាន​ចាប់ផ្តើម​បញ្ចេញក្លិន​ចម្លែក​ ហើយអាជ្ញាធរ​បានសន្និដ្ឋានថា​សារធាតុ​អាម៉ូញ៉ូមនីត្រាត​នេះ​មាន​ "គ្រោះថ្នាក់​" ហើយចាំបាច់​ត្រូវយកចេញពី​កំពង់ផែ​។ ក៏ប៉ុន្តែ​ ការ​និយាយ​បានតែ​និយាយ​ប៉ុណ្ណោះ​ គេ​មិនឃើញអាជ្ញាធរលីបង់​ធ្វើសកម្មភាព​ យក​សារធាតុគីមី​ទាំងជាង ២ ពាន់ ៧រយ តោន​ ចេញពីឃ្លាំង​នៅកំពង់ផែ​ក្រុងបេរូតនោះទេ​ រហូតដល់​កើតមាន​ហេតុការណ៍​ផ្ទុះ​ដ៏សាហាវនៅថ្ងៃអង្គារ ទី៤ សីហាតែម្តង។​

ផ្ទុះបាតុកម្ម​នៅលីបង់​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​

ហេតុការណ៍ផ្ទុះ​នៅក្រុង​បេរូត​ ប្រៀបបីដូចជា​តំណក់ទឹក​មួយ​តំណក់​ចុងក្រោយ​ ចាក់ចូល​ទៅក្នុង​កែវ​មួយ​ដែល​មាន​ទឹកពេញ​ ឲ្យ​ហៀរ​ចេញ​នូវ​កំហឹង​ដ៏ខ្លាំង​របស់​ប្រជាជនលីបង់​ ដែល​រស់នៅ​ក្រោម​សម្ពាធ​នៃ​វិបត្តិជាច្រើន​មាន​ជាអាទិ៍​ វិបត្តិ​នយោបាយ​ សេដ្ឋកិច្ច​ និង​វិបត្តិកូវីដ​។

បើ​គ្មាន​ការផ្ទុះ​នៅថ្ងៃ​អង្គារ​នោះទេ​ ប្រជាជន​លីបង់​មិនជឿសោះ​ឡើយ​ថា​សារធាតុ​គីមី​ងាយផ្ទុះ​ទម្ងន់​រហូតដល់​ទៅជាង​ ២ ពាន់​តោន​ ត្រូវ​អាជ្ញាធរ​ស្តុកទុក​ចោល​នៅខាង​ក្នុងឃ្លាំង​ចំ​កណ្តាល​ក្រុង​ ដោយគ្មានចាត់​វិធានការ​សុវត្ថិភាព​អស់រយៈពេល​ជាង​ ៦ ឆ្នាំ​មកហើយ​ទេ។

ប្រជាជន​ជាច្រើន​នៅក្នុង​ប្រទេសលីបង់​ និយាយថា​ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល​ជា​មូលហេតុ​នាំឲ្យមាន​ហេតុការណ៍ផ្ទុះ​ ដែល​បាន​សម្លាប់មនុស្ស​យ៉ាងហោច​ ១៥៧ នាក់​ របួសជាង​ ៥ ពាន់​នាក់​ និង​បាត់បង់​ទីជម្រក​ប្រមាណ ៣០ ម៉ឺននាក់​។

ដោយទ្រាំ​ទប់​កំហឹង​លែងជាប់​ ប្រជាជន​លីបង់​ ក៏បាន​នាំគ្នា​ចុះផ្លូវ​ធ្វើបាតុកម្ម​។  ក្រុម​អ្នកតវ៉ា​ បាន​ប៉ះទង្គិច​គ្នាជាមួយនឹង​កម្លាំងសន្តិសុខ​លីបង់​ នៅឯ​បាតុកម្មប្រឆាំង​រដ្ឋាភិបាល​ នៅទីក្រុង បេរូត​ កាលពីល្ងាច​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​។ ក្នុងពេល​ប៉ះទង្គិចគ្នា​ អាជ្ញាធរ​លីបង់​ បាន បាញ់​ឧស្ម័នបង្ហូរទឹកភ្នែក​ទៅលើហ្វូងបាតុករ​រាប់សិបនាក់​ផងដែរ​នៅក្បែរ​វិមាន​រដ្ឋសភា​។

ដំណើរការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​លីបង់ពាក់ព័ន្ធ​ករណី​ផ្ទុះ​នៅ​បេរូត

ចាប់តាំងពីមាន​ហេតុការណ៍​ផ្ទុះឃ្លាំង​នៅកំពង់ផែ​ក្រុងបេរូត​ មាន​មនុស្ស​ចំនួន ១៦​នាក់ ហើយ​ ត្រូវ​បាន​ចាប់ខ្លួន​ដែលវា​គឺជា​ផ្នែកមួយ​នៃការ​ស៊ើបអង្កេត​ដែល​ត្រូវបាន​ប្រកាសឡើង​ដោយ​រដ្ឋាភិបាល​លីបង់​នៅសប្តាហ៍​នេះ​។ នេះ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​លីបង់​។

តើហេតុការណ៍ផ្ទុះនៅបេរូតកើតចេញពីការ​ធ្វេសប្រហែស​របស់អាជ្ញាធរដូចការលើកឡើងរបស់ប្រជាជនលីបង់ ឬក៏មានមូលហេតុអ្វីផ្សេងទៀតនៅ​ពីក្រោយនេះ?

យ៉ាងណាក៏ដោយ គេ​នៅមិនទាន់​ទទួលបានព័ត៌មាន​អ្វីលើសពី​ការចាប់ខ្លួន​មនុស្ស​ចំនួន ១៦នាក់​នោះទេ​ នៅពេលនេះ​។ ដោយឡែក​ ក្រោយ​ហេតុការណ៍ផ្ទុះ​ដ៏កក្រើក​នៅថ្ងៃអង្គារ​រួចមក​ មន្ត្រី​លីបង់​ចំនួន​២ រូប​បាន​លាលែង​ចេញពី​តំណែង​ ដែល​ក្នុងនោះ​រួមមាន​សមាជិក​សភា​លោក​ម៉ាវ៉ាន ហាម៉ាដេ (Marwan Hamadeh) បាន​ស្នើ​លាឈប់ពី​តំណែង​នៅ​ថ្ងៃពុធ​ ខណៈដែល​ឯកអគ្គរដ្ឋទូត​លីបង់ប្រចាំ​ប្រទេសហ្សកដានី​លោក Tracy Chamoun បាន​សុំ​លាលែង​ពី​តំណែង​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​។

គួរជម្រាបជូន​ដែរ​ ថា​កាល​ពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ ប្រធានាធិបតីបារាំង​លោក អេម៉ានុយអែល ម៉ាក្រុង​បានធ្វើដំណើរទស្សនកិច្ច​នៅទីក្រុង​បេរូត។ នៅពេល​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ​ លោក​ម៉ាក្រុង​បាន​និយាយថា​ ប្រទេស​លីបង់​ចាំបាច់​ត្រូវ​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​ងើបចេញ​ពី​វិបត្តិនានា។

ក្រៅពីនេះ​ លោក​ប្រមុខរដ្ឋ​បារាំង​ បាន​លើកឡើងពី​គម្រោង​បើក​ធ្វើ​សន្និសីទ​អន្តរជាតិ​ដើម្បី​ប្រមែប្រមូល​ជំនួយ​ជួយ​លីបង់​ និង​បាន​អំពាវនាវ​ផងដែរ​ឲ្យមានការ​ស៊ើបអង្កេត​ជាអន្តរជាតិ​លើ​គ្រោះថ្នាក់​ផ្ទុះឃ្លាំង​ដ៏ធំនៅទីក្រុង​បេរូត​ប្រទេសលីបង់​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ