តើតួកគីហ៊ានបិទសន្ទះបំពង់ប្រេង ផ្តាច់ចំណូលសេដ្ឋកិច្ចតំបន់ស្វ័យតគួឌីស្ថានអ៊ីរ៉ាក់ដែររឺទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៣៦
ថ្ងៃចន្ទ២៥កញ្ញា ប្រជាជនតំបន់ស្វ័យតគួឌីស្ថានអ៊ីរ៉ាក់ បាននាំគ្នាបោះឆ្នោតប្រជាមតិ គាំទ្រអោយតំបន់គួឌីស្ថានឯករាជ្យពីអ៊ីរ៉ាក់។ តួកគីដែលមានជនជាតិគួឌីស្ថានរស់នៅក្នុងស្រុកដែរនោះ បានគំរាមសងសឹកជនជាតិគួឌីស្ថាននៅអ៊ីរ៉ាក់។ ប្រធានាធិបតីតួកគីអ៊ែរដូហ្កាន បានព្រមានកាត់ផ្តាច់ព្រំដែនដីគោកជាមួយតំបន់គួឌីស្ថានអ៊ីរ៉ាក់ គំរាមឈប់អោយគួឌីស្ថាននាំចេញប្រេង កាត់តាមទឹកដីតួកគីផងដែរ។
តួកគីខឹងសម្បារនឹងរដ្ឋអំណាចតំបន់ស្វ័យតគួឌីស្ថានអ៊ីរ៉ាក់ ដែលហ៊ានរៀបចំប្រជាមតិទាមទារឯករាជ្យពីអ៊ីរ៉ាក់ ទាំងដឹងថា រឿងទាមទារឯករាជ្យនេះ ជាបញ្ហាក្តៅគគុកក្នុងតំបន់។ ក្តៅគគុកព្រោះថា វាអាចជំរុញអោយជនជាតិគួឌីស្ថានដែលរស់នៅប្រទេសផ្សេងទៀត អាចបះបោរ ទាមទាររៀបចំប្រជាមតិដូចគ្នាដែរ។ នៅតាមប្រទេសជិតខាងអ៊ីរ៉ាក់ ដូចជានៅតួកគី រឺក៏អ៊ីរ៉ង់ ក៏មានជនជាតិគួឌីស្ថានរស់នៅដែរ ហេតុនេះហើយកុំថាឡើយ រដ្ឋអំណាចកណ្តាលអ៊ីរ៉ាក់ តួកគី និងអ៊ីរ៉ង់មិនសប្បាយចិត្តនឹងប្រជាមតិគួឌីស្ថានអ៊ីរ៉ាក់ដែរ។ សូម្បីតែសហគមន៍អន្តរជាតិក៏មិនចង់អោយមានប្រជាមតិនេះដែរ។
តួកគីបានគំរាមសងសឹកជនជាតិគួឌីស្ថាន នៅអ៊ីរ៉ាក់ ប្រសិនបើហ៊ានបោះឆ្នោតប្រជាមតិនេះ។ ប៉ុន្តែ គួឌីស្ថាននៅតែរៀបចំការបោះឆ្នោត នៅថ្ងៃចន្ទ២៥កញ្ញាម្សិលមិញទាល់តែបាន។ ម្សិលមិញនេះ ប្រធានាធិបតីតួកគី លោកអ៊ែរដូហ្កាន ខឹងឆេវតែម្តង ក៏ប្រកាសក្តែងៗគំរាមបិទព្រំដែនដីគោកជាមួយតំបន់គួឌីស្ថានអ៊ីរ៉ាក់។ ហើយថែមទាំងព្រមានបិទមិនអោយគួឌីស្ថាននាំចូលប្រេង កាត់តាមទឹកដីតួកគីទៀតផង។ លោកអ៊ែរដូហ្កានលើកឡើងថា៖ ចាំមើល តើគួឌីស្ថានអ៊ីរ៉ាក់ លក់ប្រេងតាមបំពង់បង្ហូរមួយណាទៅ? សន្ទះបិទបើកប្រេងនៅក្នុងទឹកដីយើង បើយើងបិទសន្ទះនេះ គឺចប់ការងារហើយ។
គួរបញ្ជាក់ថា គួឌីស្ថាននាំប្រេងចេញ កាត់តាមទឹកដីតួកគី តាមរយៈបំពង់ប្រេងមួយ ភ្ជាប់ពីអ៊ីរ៉ាក់ ទៅកំពង់ផែសីហង់ Ceyhan នៅសមុទ្រមេឌីទែររ៉ាណេ នៅភាគខាងត្បូងតួកគី។ នៅទីនោះ មានទីតាំងឃ្លាំងផ្ទុកប្រេងឆៅ ដែលសាងសង់ឡើងក្នុងទសវត្សឆ្នាំ១៩៨០ ជាកម្មសិទ្ធិរបស់រដ្ឋអំណាចអ៊ីរ៉ាក់។ ប៉ុន្តែឆ្នាំ២០១៤ រដ្ឋអំណាចស្វ័យតគួឌីស្ថានបានកាន់កាប់យកវិញ។ ប្រធានាធិបតីតួកគីអះអាងបិទចំណូលប្រេងគួឌីស្ថានអ៊ីរ៉ាក់ ក៏ដោយសារសំអាងថា បំពង់ប្រេងភ្ជាប់ពីអ៊ីរ៉ាក់ ទៅតួកគី មានសន្ទះបិទបើកនៅតួកគីដែរ។ មួយថ្ងៃៗ អាជ្ញាធរគួឌីស្ថានអ៊ីរ៉ាក់នាំចេញប្រេងពី៥៥ម៉ឺនបារីល ទៅ៦០ម៉ឺនបារីល កាត់តាមបំពង់ប្រេងមួយនេះ។ បើតួកគីបិទសន្ទះបំពង់ប្រេងនេះ លែងអោយគួឌីស្ថាននាំប្រេងចេញទៀត នោះសេដ្ឋកិច្ចគួឌីស្ថានច្បាស់ជាថប់ដង្ហើមមិនខាន ព្រោះថា យោងតាមធនាគារពិភពលោក គួឌីស្ថានរកចំណូលបានពីប្រេងជាចំបង គួឌីស្ថានមិនចេះរកចំណូលតាមវិស័យអ្វីផ្សេងទៀតទេ។
ក្រុមអ្នកវិភាគយល់ថា តួកគីប្រហែលជាពិបាកនឹងអនុវត្តទណ្ឌកម្ម បិទសន្ទះបំពង់ប្រេង កាត់ផ្តាច់ចំណូលគួឌីស្ថានអ៊ីរ៉ាក់។ តើតួកគីពិតជាត្រៀមខ្លួន រហូតសម្រេចទណ្ឌកម្ម តាមដែលខ្លួនបានគំរាមដែររឺទេ? ព្រោះថា បើផ្តាច់ចំណូលប្រេងរបស់គួឌីស្ថានអ៊ីរ៉ាក់ គឺប៉ះពាល់ទាំងផលប្រយោជន៍រកស៊ីរបស់តួកគីផងដែរ។ ទី១ គឺថា តាមរយៈបំពង់ប្រេងភ្ជាប់ពីអ៊ីរ៉ាក់ទៅគួឌីស្ថានមួយនេះ តួកគីនិងអ៊ីរ៉ាក់បានចុះកិច្ចព្រមព្រៀងពីមុនមក អនុញ្ញាតអោយក្រុមហ៊ុនប្រេងBotas របស់រដ្ឋតួកគី អាចមានប្រេងឆៅអ៊ីរ៉ាក់ក្នុងស្តុកបំរុងបាន។
ទី២ទៀត គឺថា តួកគីក៏មានកិច្ចព្រមព្រៀងជាមួយរដ្ឋអំណាចគួឌីស្ថានអ៊ីរ៉ាក់ដែរ គឺថា ចំណូលប្រេងរបស់គួឌីស្ថានអ៊ីរ៉ាក់ មុននឹងផ្ទេរទៅអោយគួឌីស្ថាន គឺត្រូវទុកនៅក្នុងធនាគារតួកគីជាមុនសិន។ នៅមានផលប្រយោជន៍ពាណិជ្ជកម្មផ្សេងទៀតដែរ គឺថា កន្លងមក តួកគីថែមទាំងបានផ្តល់កំចីអោយរដ្ឋអំណាចគួឌីស្ថានអ៊ីរ៉ាក់ទៀតផង។ តួកគីថែមទាំងបានបង្កើតក្រុមហ៊ុនខ្លួនមួយ ដើម្បីចូលរួមការងារជាមួយក្រុមហ៊ុនផ្សេងទៀត ក្នុងសកម្មភាពចំរាញ់ប្រេងឆៅនៅទីតាំងសីហង់ ក្នុងទឹកដីតួកគីនេះ។ ទីតាំងសីហង់ដែលមានបំពង់ប្រេង នាំប្រេងមកពីគួឌីស្ថានអ៊ីរ៉ាក់នោះឯង។
ផ្អែកតាមផលប្រយោជន៍ទាំងអស់រៀបរាប់ខាងដើមនេះ គេចោទជាសំណួរថា តើតួកគីហ៊ានបិទសន្ទះបំពង់ប្រេងផ្តាច់ចំណូលគួឌីស្ថានទេ? តួកគីហ៊ានលេងគួឌីស្ថានដល់ទីបំផុតទេ ពេលគួឌីស្ថានមានរដ្ឋមួយឯករាជ្យពីអ៊ីរ៉ាក់? អ្វីៗគឺស៊ីសងលើតួកគីទាំងស្រុង!
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ