ប្រជាជនគួឌីស្ថានបោះឆ្នោតប្រជាមតិឯករាជ្យពីអ៊ីរ៉ាក់ អាមេរិកទូន្មានពលរដ្ឋខ្លួនអោយប្រុងប្រយ័ត្ន
ថ្ងៃចន្ទ២៥កញ្ញានេះ ប្រជាជនតំបន់ស្វ័យតគួឌីស្ថាននៅអ៊ីរ៉ាក់ ៥លាន៥សែននាក់ ត្រូវបោះឆ្នោតសម្រេចអោយគួឌីស្ថានក្លាយជារដ្ឋឯករាជ្យពីអ៊ីរ៉ាក់។ រដ្ឋាភិបាលអ៊ីរ៉ាក់មិនទទួលស្គាល់ប្រជាមតិនេះទេ។ ប្រជាជនគួឌីស្ថានបោះឆ្នោតទាំងព្រួយបារម្ភ ខ្លាចអាជ្ញាធរអ៊ីរ៉ាក់ និងប្រទេសជិតខាងដូចជាអ៊ីរ៉ង់និងតួកគី សងសឹកពួកគេដោយប្រការណាមួយ។ អាមេរិកបានទូន្មានពលរដ្ឋខ្លួនកុំអោយចូលទៅដែនដីជម្លោះរវាងគួឌីស្ថាន និងរដ្ឋអំណាចក្រុងបាក់ដាដ ក្នុងអំឡុងប្រជាមតិនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២០
ថ្ងៃចន្ទ២៥កញ្ញានេះ ប្រជាជនគួឌីស្ថានត្រូវបោះឆ្នោតប្រជាមតិ គាំទ្រអោយគួឌីស្ថានឯករាជ្យពីអ៊ីរ៉ាក់។ នៅរដ្ឋធានីអ៊ែរប៊ីល ក្នុងដែនដីស្វ័យតគួឌីស្ថាន គេឃើញមានរំលេចទង់ជាតិគួឌីស្ថាន ព្រោងព្រាតតាមផ្ទះសម្បែងនិងរថយន្តច្រើនគ្រឿង។ ប៉ុន្តែ ជនជាតិគួឌីស្ថានបារម្ភដែរថា ប្រជាមតិថ្ងៃចន្ទនេះអាចបង្កជាជម្លោះប្រដាប់អាវុធជាមួយរដ្ឋអំណាចក្រុងបាក់ដាដ រឺក៏ថារដ្ឋអំណាចក្រុងបាក់ដាដអាចដាក់ទណ្ឌកម្ម សងសឹកពួកគេ។ ពិសេសប្រជាជនគួឌីស្ថាននៅខែត្រសំបូរប្រេងគៀកគូកតែម្តង ដែលកំពុងបារម្ភខ្លាំង។ រដ្ឋអំណាចអ៊ីរ៉ាក់ និងគួឌីស្ថានដណ្តើមកាន់កាប់ខែត្រគៀកគូក ដណ្តើមកាន់កាប់ផលិតកម្មប្រេងក្នុងខែត្រគៀកគូកនេះ តែក្នុងខែត្រមួយនេះ ជនជាតិគួឌីស្ថានមានប្រៀបជាងគេ។ ក្រុមUPK ដែលជាក្រុមប្រឆាំងនឹងអាជ្ញាធរគួឌីស្ថាន បានស្នើលោកម៉ាស៊ូត បាហ្សានី ជាប្រធានរដ្ឋអំណាចគួឌីស្ថានកុំអោយរៀបចំប្រជាមតិក្នុងខែត្រគៀកគូក និងតំបន់ផ្សេងៗទៀតដែលគួឌីស្ថានដណ្តើមជាមួយអ៊ីរ៉ាក់ ដើម្បីកុំអោយកាន់តែតានតឹងជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋអំណាចអ៊ីរ៉ាក់ អ៊ីរ៉ង់ និងតួកគី បានអំពាវនាវអោយអាជ្ញាធរគួឌីស្ថានលុបចោលប្រជាមតិទាមទារឯករាជ្យនេះ មិនដូច្នោះទេ ពួកគេនឹងចាត់វិធានការតបតវិញ។ នៅតួកគី និងអ៊ីរ៉ង់ ក៏មានជនជាតិគួឌីស្ថានរស់នៅដែរ។ រដ្ឋអំណាចប្រទេសទាំង២នេះ មានទាំងអាមេរិកផងដែរ បារម្ភថា ប្រជាមតិឯករាជ្យគួឌីស្ថានអ៊ីរ៉ាក់ អាចនឹងជំរុញអោយជនជាតិគួឌីស្ថាននៅតួកគី និងអ៊ីរ៉ង់កាន់តែបះបោរ និងចង់ធ្វើប្រជាមតិដូចគ្នាដែរ។ ម្យ៉ាងទៀត អាមេរិកយល់ថា ប្រជាមតិនេះអាចប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងក្រុមភេរវជនរដ្ឋអ៊ីស្លាមផងដែរ ដោយសារក្រុមរដ្ឋអ៊ីស្លាមនៅមានតំបន់កាន់កាប់២កន្លែងនៅឡើយ ក្នុងដែនដីអ៊ីរ៉ាក់។
កងកម្លាំងយោធានិកាយស្ហ៊ីអ៊ីតនៅអ៊ីរ៉ាក់ក៏បានព្រមានតបតនឹងក្រុមដែលរៀបចំការ បោះឆ្នោតប្រជាមតិគួឌីស្ថាននេះដែរ។ ក្រុមយោធាស្ហ៊ីអ៊ីតយល់ថា ប្រជាមតិនេះជាការបំផ្លាញទំនាក់ទំនងរវាងជនជាតិអារ៉ាប់ និងជនជាតិគួឌីស្ថាន។ ថ្ងៃអាទិត្យនេះ អ៊ីរ៉ង់បានប្រកាសផ្អាកជើងហោះហើរយន្តហោះជាមួយតំបន់គួឌីស្ថានអ៊ីរ៉ាក់ តាមសំណូមពររបស់រដ្ឋអំណាចក្រុងបាក់ដាដ។ អាមេរិកវិញបានទូន្មានពលរដ្ឋខ្លួនកុំអោយចូលទៅកាន់ដែនដីដែលគួឌីស្ថាននិងអ៊ីរ៉ាក់ឈ្លោះដណ្តើមគ្នាអោយសោះ ក្នុងពេលប្រជាមតិនេះ។ ក្រុមជំនាញមើលឃើញថា ប្រជាមតិគួឌីស្ថានគ្រាន់តែជាការដាក់សម្ពាធរបស់រដ្ឋអំណាចស្វ័យតគួឌីស្ថានទៅលើក្រុងបាក់ដាដប៉ុណ្ណោះ ដើម្បីអាចអោយគួឌីស្ថានចរចាចែក រំលែកអំណាចនយោបាយនិងសេដ្ឋកិច្ចជាមួយអ៊ីរ៉ាក់បាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ