អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តំបន់ស្វ័យត​​គួឌីស្ថាន​​អ៊ីរ៉ាក់​​ត្រៀម​​​ប្រជាមតិ​​​ ​​ដាក់សម្ពាធ​​រដ្ឋាភិបាល​​ក្រុងបាក់ដាដ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ២៥កញ្ញា​ខាងមុខ​នេះ តំបន់​ស្វ័យត​គួឌីស្ថាន​អ៊ីរ៉ាក់ នឹងរៀបចំ​បោះឆ្នោត​ប្រជាមតិ​​ទាមទារ​ឯករាជ្យ ពី​អ៊ីរ៉ាក់។ រដ្ឋអំណាច​ក្រុងបាក់ដាដ​មិនទទួលស្គាល់​ប្រជាមតិ​នេះទេ។ ក្រុមជំនាញ​មើលឃើញថា ប្រជាមតិ​នេះ​មានតែឈ្មោះ​ថា ទាមទារ​ឯករាជ្យ​ទេ តែ​តាមធាតុ​ពិត​ គួឌីស្ថាន​ចង់ដាក់សម្ពាធ ចរចា​ចែកអំណាច​គ្រប់គ្រង​នយោបាយ​​និង​សេដ្ឋកិច្ច​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​តែប៉ុណ្ណោះ។​ ​

ក្រុមអ្នកគាំទ្រ​ប្រជាមតិឯករាជ្យ​​គួឌីស្ថានអ៊ីរ៉ាក់​ នៅគីកគូក ប្រទេស​អ៊ីរ៉ាក់
ក្រុមអ្នកគាំទ្រ​ប្រជាមតិឯករាជ្យ​​គួឌីស្ថានអ៊ីរ៉ាក់​ នៅគីកគូក ប្រទេស​អ៊ីរ៉ាក់ Reuters
ផ្សាយពាណិជ្ជកម្ម

ប្រធានរដ្ឋអំណាច​តំបន់​ស្វ័យត​គួឌីស្ថានអ៊ូរ៉ាក់ បាន​ប្រកាស​ថ្ងៃបោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ​គួឌីស្ថាន តាំងពី​ខែមិថុនា​ម្ល៉េះ។ វា​ជាឯករាជ្យ​ដែល​ជនជាតិ​គួឌីស្ថាន​គ្រប់រូប​ស្រមើស្រមៃ​យូរហើយ។ ប៉ុន្តែ តាមធាតុពិត រដ្ឋអំណាច​តំបន់​គួឌីស្ថាន​ចង់​យកប្រជាមតិ​នេះ ធ្វើជា​សម្ពាធ ដើម្បី​ចរចា​ជំរុញ​រដ្ឋាភិបាល​ក្រុងបាក់ដាដ​ ​អោយ​ចែករំលែក​​អំណាច​នយោបាយ​និង​សេដ្ឋកិច្ច​ជាមួយ​ខ្លួន​ប៉ុណ្ណោះ។ នេះបើយោងតាម​ក្រុមវិភាគ​ស្ថានការណ៍​នយោបាយ​អ៊ីរ៉ាក់។ ​គេមើលឃើញដែរថា ប្រជាមតិ​នេះ​ក៏ដើម្បី​ជួយ​អោយលោក​ម៉ាស៊ូត បាហ្សានី ជា​​ប្រធានរដ្ឋអំណាច​គួឌីស្ថាន ដែល​ផុតអាណត្តិ​ហើយនោះ អាច​បន្ត​ដឺកនាំ​តទៅទៀត។

គួឌីស្ថាន ជាតំបន់ស្វ័យត​ស្ថិត​នៅ​ភាគខាងជើងអ៊ីរ៉ាក់ ​លាតដែនដី​ពី​អ៊ីរ៉ង់ ទៅតួកគី រហូត​ដល់​ស៊ីរី។ គួឌីស្ថាន​មានរដ្ឋធានី​ឈ្មោះថា អ៊ែរប៊ីល មាន​ក្រុមប្រឹក្សា​ច្បាប់​ស្វ័យត គ្រប់គ្រង​ថវិកា​ចាយវយា​ដោយខ្លួនឯង។ គួឌីស្ថាន​អ៊ីរ៉ាក់ ត្រូវបាន​គេស្គាល់ថា ​​សំបូរ​ធនធានរ៉ែ ជាតំបន់​កសិកម្ម​​និងតំបន់​​ប្រេង។ ​គួឌីស្ថាន​និង​រដ្ឋអំណាច​ក្រុងបាក់ដាដ មិនសូវ​ត្រូវគ្នា​ទេ ដោយសារ​តែ​រឿង​​ដណ្តើម​ប្រេងគ្នា​គ្រប់គ្រង​ ពិសេស​​​ប្រេងនៅខែត្រ​គៀកគូក​ភាគខាងជើង​ប្រទេស​អ៊ីរ៉ាក់​តែម្តង​។ គួឌីស្ថាន​និង​អ៊ីរ៉ាក់​មាន​ចុះកិច្ចព្រមព្រៀង​នឹងគ្នា ដើម្បី​ចែករំលែក​ថវិកា​បានពីផលិតកម្ម​ប្រេង នៅខែត្រគៀកគូក​ អោយ​បានស្មើគ្នា។ ​ប៉ុន្តែ រដ្ឋអំណាច​គួឌីស្ថាន​មិនគោរព​តាម​កិច្ចព្រមព្រៀង​នេះទេ ថែមទាំង​នាំប្រេង​ចេញទៅ​​ក្រៅ​ស្រុក ដោយមិនឆ្លងកាត់​តាមរដ្ឋអំណាច​កណ្តាល​ក្រុងបាក់ដាដ​ទៀតផង។ ឥឡូវនេះ គួឌីស្ថាន​​​បានទាង​​ចុះ​កិច្ចព្រមព្រៀង​ឧស្ម័ន​ជាមួយ​ក្រុមហ៊ុនប្រេង​រុស្ស៊ី​ទៀត។ ​

ដោយឡែក ​ទោះជា​មិនត្រូវគ្នាជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ទោះជា​ជនជាតិគួឌីស្ថាន​ស្រមៃ​ចង់បា​ន​ឯករាជ្យ​ពីអ៊ីរ៉ាក់​​ ក៏​គួឌីស្ថាន​មិនទាន់​​​​បាន​ត្រៀមខ្លួន​ផ្តាច់​ចេញពីអ៊ីរ៉ាក់ដែរ។ ​​ប្រធាន​រដ្ឋអំណាច​តំបន់ស្វ័យត​គួឌីស្ថាន លោក​ម៉ាស៊ូត បាហ្សានី លើកឡើងថា ទោះជា​ប្រជាជន​បោះឆ្នោត​គាំទ្រ​អោយ​ឯករាជ្យ នៅថ្ងៃ​២៥កញ្ញា​ខាងមុខ ​ក៏លទ្ធផល​នេះ​មិននាំ​ទៅដល់​ឯករាជ្យ​ភ្លាម​ៗដែរ។ លោក​បាហ្សានី លើកឡើងថា លទ្ធផលនេះ គឺ​ជាការ​ចាប់ផ្តើម​ចរចា​ហ្មត់ចត់​ជាមួយ​រដ្ឋអំណាច​ក្រុងបាក់ដាដ​ដើម្បី​ដោះស្រាយ​បញ្ហា។ ក្រុមជំនាញ​មើលឃើញថា ប្រធានរដ្ឋអំណាច​គួឌីស្ថាន​ចង់ទាមទារ​អោយ​ជនជាតិ​គួឌីស្ថាន​មានសិទ្ធិពេញលេញ​ក្នុង​ការ​ផលិតប្រេង និង​នាំចេញប្រេង​ទៅក្រៅស្រុក។ ប្រជាមតិ​គួឌីស្ថាន​នេះ ក៏ជា​សម្ពាធ​​ដាក់ទៅ​អាមេរិក​ផងដែរ អោយ​បន្ថែម​ជំនួយ​ជួយ​តំបន់​គួឌីស្ថាន ពិសេស​ជំនួយ​យោធា។

អាមេរិក និងប្រទេស​ជិតខាង​អ៊ីរ៉ាក់​​​មិនចង់​អោយ​គួឌីស្ថាន​ធ្វើប្រជាមតិ​ឯករាជ្យ​ពី​អ៊ីរ៉ាក់​ទេ។ ​​វា​ជាគ្រោះថ្នាក់ ព្រោះពេលនេះ អ៊ីរ៉ាក់​កំពុង​ប្រឈមនឹង​ការគំរាម​ពី​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម ក្រុមជីហាត​នៅ​ត្រួត​​តំបន់​២នៅ​អ៊ីរ៉ាក់នៅឡើយ។ ​​បើ​ត្រូវកាត់ផ្តាច់​គួឌីស្ថា​នពី​​​​អ៊ីរ៉ាក់ គ្រោះថ្នាក់​នឹង​មាន​កាន់តែ​ធ្ងន់។ លើសពី​នេះទៀត ការធ្វើប្រជាមតិ​ឯករាជ្យ​អាច​ជា​កត្តា​ជំរុញ​អោយ​ជនជាតិគួដឌីស្ថាន​នៅអ៊ីរ៉ង់ និង​តួកគី​ មានគំនិត​ធ្វើប្រជាមតិ​ដូចគ្នាដែរ ប្រឈម​នឹង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម រួមនឹង​បំណង​ចង់​បានប្រជាមតិ​ដូច​គួឌីស្ថាន​អ៊ីរ៉ាក់ នយោបាយ​អ៊ីរ៉ង់​និង​តួកគី អាច​ជួបបញ្ហា​ស្មុគស្មាញ។ ស្ថិរភាព​តំបន់​កាន់តែ​ផុយស្រួយ។ តួកគី​កំពុង​បារម្ភខ្លាច​ក្រុមគួឌីស្ថាន​ក្នុងស្រុក​បះបោរ​ផ្តាច់ទឹកដី​ស្រាប់ផង តួកគី​ព្រមា​នរដ្ឋអំណាច​​គួឌីស្ថាន​អ៊ីរ៉ាក់ទុកជាមុន​រួចហើយថា ​មិន​លើកលែង​ទេ ​ករណី​អ្នកបោះឆ្នោត​សម្រេច​​​អោយ​គួឌីស្ថាន​ឯករាជ្យ​ពីអ៊ីរ៉ាក់។ ​​ ​ ​

នៅ​ខែត្រគីគូក ជាខែត្រ​ដែល​​គួឌីស្ថាន​និង​អ៊ីរ៉ាក់​ដណ្តើម​ប្រេងគ្នា មាន​និកាយ​សាសនា​និង​សហគមន៍​ភាគតិច​ច្រើន​នៅចម្រុះគ្នា តែ​គួឌីស្ថាន​មានប្រៀបជាង​គេ។ ​ឥឡូវនេះ ទន្ទឹម​នឹង​ប្រជាមតិ​ទាមទារ​ឯករាជ្យរបស់​គួឌីស្ថាន ​ខាងនិកាយ​ស្ហ៊ីអ៊ីត​​ដែល​អ៊ីរ៉ង់​គាំទ្រ​នោះ បាន​សំដែង​ការ​​បារម្ភ​ពីស្ថានការណ៍​នៅគីកគូក​ ដោយសារ​ថា មាន​ពាក្យ​ចចាមអារ៉ាម​​ថា មានការចែកអាវុធ​គ្នានៅតាម​សហគមន៍​ភាគតិច​ទាំងនេះ។ ​​ម្យ៉ាងទៀត គេបារម្ភ​ផងដែរ​ ថា​ប្រជាមតិ​នេះ​​​អាច​​បង្ក​អោយ​គួឌីស្ថាន​មាន​​ជម្លោះ​ប្រដាប់អាវុធជាមួយ​កងកម្លាំង​អ៊ីរ៉ាក់។

ដោយឡែក ក្រុមជំនាញ​លើកឡើងថា​​ ​បើ​រដ្ឋអំណាច​គួឌីស្ថាន​ចង់​អោយប្រជាមតិ​ទាមទារ​ឯករាជ្យ​ពីអ៊ីរ៉ាក់​ មានទំងន់​ដើម្បី​ដាក់សម្ពាធ​លើ​រដ្ឋអំណាច​អ៊ីរ៉ាក់អោយ​ចរចាចែក​រំលែក​ការគ្រប់គ្រង​ជាមួយ​ខ្លួននោះ ទាល់តែ​មា​នអ្នកបោះឆ្នោត​យ៉ាងហោច​៧០ភាគរយ នៅថ្ងៃ​ប្រជាមតិ​២៥កញ្ញាដែរ មិនដូច្នោះទេ វា​ជាបរាជ័យ​ទាំងស្រុង ព្រោះវាបង្ហាញថា គួឌីស្ថា​នមិនទាន់​អាច​ធ្វើអ្វី​បានពេញលេញ​ខ្លួនឯងទេ៕ ​​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ