អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តួកគី​ប្រើ​យុទ្ធសាស្រ្ត​ព្រួញ​មួយ បាញ់​បាន​សត្វពីរ ដើម្បី កម្ទេច​ក្រុមឧទ្ទាម​ក្នុង​ស្រុក PKK

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពីថ្ងៃ​សៅរ៍ សប្តាហ៍​មុន កងទ័ព​តួកគី​បាន​វាយប្រហារ​តាមជើង​អាកាស​ទៅលើ​ទីតាំង​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ក្នុង​ទឹកដី​ស៊ីរី ដើម្បី​សងសឹក​នឹង​ក្រុមនេះ​ដែល​បាន​ធ្វើ​ភេរវកម្ម​សម្លាប់​ប្រជាជន​គួកឌីស្ថាន ៣២​នាក់ នៅក្នុង​ទឹកដី​ភាគខាងត្បូង​តួកគី។ រដ្ឋាភិបាល​តួកគី​វាយប្រហារ​ទៅលើ​ក្រុមជីហាត រដ្ឋអ៊ីស្លាម ទៅតាម​ការទន្ទឹង​ចង់បាន​របស់​សហគមន៍​អន្តរជាតិ​ក៏ពិតមែន​ហើយ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល និង​ចម្លែកចិត្ត គឺ​ត្រង់ថា យន្តហោះ​ចម្បាំង​តួកគី​ក៏​បាន​ហោះ​ទៅ​ទម្លាក់គ្រាប់បែក​លើ​ទីតាំង​ពួកឧទ្ទាម គួឌីស្ថាន PKK ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី ដែល​តាមពិត​ក៏​កំពុង​ជាប់ដៃ ប្រយុទ្ធប្រឆាំង នឹង​ក្រុមជីហាត រដ្ឋអ៊ីស្លាម​នោះ។ តើ​ក្រុមឧទ្ទាម​គួឌីស្ថាន​ PKK ជាអ្នកណា? ហើយ​ហេតុអ្វី​បាន​ជា​ក្រុមនេះ មក​ធ្លាក់ រងគ្រោះ ដោយសារ​គ្រាប់​យន្តហោះ​ចម្បាំង​តួកគី​ដែរ?

យន្តហោះ​ចម្បាំង​តួកគី F១៦ ដែល​រដ្ឋាភិបាល​តួកគី​បញ្ជូន​ទៅ​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​របស់​ជីហាត រដ្ឋអ៊ីស្លាម និង​ក្រុម​ឧទ្ទាម PKKនៅ​ស៊ីរី
យន្តហោះ​ចម្បាំង​តួកគី F១៦ ដែល​រដ្ឋាភិបាល​តួកគី​បញ្ជូន​ទៅ​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​របស់​ជីហាត រដ្ឋអ៊ីស្លាម និង​ក្រុម​ឧទ្ទាម PKKនៅ​ស៊ីរី ©REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

ក្រុមឧទ្ទាម PKK ឬ គណបក្ស​ពលករ​គួឌីស្ថាន ត្រូវ​បាន​បង្កើតឡើង នៅ​ឆ្នាំ ១៩៧៨ នៅ​តួកគី ដោយ​ក្រុម​និស្សិត​មួយក្រុម។ PKK ត្រូវ​បាន​បង្កើតឡើង ក្នុង​គោលដៅ ទាមទារ​ការទទួល​ស្គាល់​ជនជាតិ​គួឌីស្ថាន។ បើ​គេ​មើល​ទៅលើ​ផែនទី តំបន់​ដែល​មាន​រស់នៅ ផ្តុំគ្នា ជនជាតិ​គួឌីស្ថាន គ្រប​ដណ្តប់​ទៅលើ​ប្រទេស​ជិតខាងគ្នា ចំនួន ៤ ដូចជា តួកគី ស៊ីរី អ៊ីរ៉ាក់ និង​អ៊ីរ៉ង់។

 
គណបក្ស​ពលករ គួឌីស្ថាន បង្កើតឡើង​ដោយ​បុគ្គល អាប់ឌុលឡា អូកាឡង់ ដែលត្រូវ​បាន​រដ្ឋាភិបាល​​តួកគី ចាប់ដាក់ គុក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ថ្វីត្បិត​តែ​ជាប់​ក្នុង​គុក​តួកគី អាប់ឌុលឡា អូកាឡង់ នៅ​តែ​ជា​មេដឹកនាំ​ចលនា PKK។ មេដឹកនាំ​រូបនេះ​តែងតែ​ប្រើ​មេធាវី ជា​បណ្តាញ​នាំសារ នាំ​បញ្ជា​ទៅ​ឲ្យ​សមាជិក​របស់​ PKK។

នៅ​ឆ្នាំ១៩៨៤ ចលនា​ PKK ក្នុង​ទឹកដី​តួកគី បាន​ប្រែក្លាយ​ខ្លួន​ជា​ពួកឧទ្ទាម និង​ចាប់ផ្តើម​កាន់អាវុធ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​ដំបូង​របស់​រដ្ឋាភិបាល​ស៊ីរី។ ក្រុមនេះ​បាន​ទទួល​ការហ្វឹកហ្វឺន ក្នុងជំរំទ័ព​របស់​អង្គការ​ដើម្បី​សេរីភាព ប៉ាឡេស្ទីន។ អាមេរិក បារាំង អាល្លឺម៉ង់ បាន​ចាត់ទុក​ចលនា​ PKK ថា ជា​អង្គការ​ភេរវនិយម។

បច្ចុប្បន្ននេះ ក្រុម​ឧទ្ទាម​ PKK​មាន​វត្តមាន ក្នុង​ប្រទេស​បី គឺ​តួកគី ស៊ីរី និង​អ៊ីរ៉ាក់។ ក្នុង​ប្រទេស​នីមួយៗ បណ្តាញ​របស់​ PKK មាន​ទិសដៅ អភិវឌ្ឍ​តំបន់​គួឌីស្ថាន ឲ្យ​ដូច​តំបន់​ស្វយ័ត​របស់​ពួក​គួក នៅ​អ៊ីរ៉ាក់។ តំបន់​ស្វយ័ត ជា​មហិច្ឆតា​ចង់បាន របស់​ក្រុមឧទ្ទាម​ PKK ប៉ុន្តែ មិនមែន​ការទាមទារ​ឯករាជ្យ ផ្តាច់ទឹកដី ដូច​មុន​ទៀត​នោះទេ។

ដោយ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ក្រុមជីហាត ក្នុង​ទឹកដី​ស៊ីរី ទីក្រុង​អង់ការ៉ា​ចង់ ចូលរួម​ជាមួយ​​សម្ព័ន្ធអន្តរជាតិ តាម​កម្ចាត់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ដល់​សំបុក ប៉ុន្តែ គ្មាន​អ្នកណា​នឹកស្មាន​ដល់​ថា រដ្ឋាភិបាល​អង់ការ៉ា ក៏​ឆ្លៀត បើក​ការវាយប្រហារ​ផងដែរ ទៅលើ​ក្រុម​ឧទ្ទាម​ PKK ​នោះទេ។ ហេតុផល​របស់​រដ្ឋាភិបាល​តួកគី គឺ​ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​ឡើងវិញ នៅក្នុង​ប្រទេស។ ប៉ុន្តែ ការប្រហារ​​ទៅលើ​ទីតាំង គួឌីស្ថាន និង​ចាប់​សមាជិក​របស់​ PKK នឹង​អាច​ធ្វើ​ឲ្យ​បទឈប់បាញ់ ដែល​ភាគី​ទាំងពីរ ចុះ​ធ្វើ​ជាមួយ​គ្នា កាលពី​២០១៣ កាន់​តែ​ផុយស្រួយ​ទៅទៀត។ ត្រូវ​ដឹងថា ការប្រយុទ្ធ​បង្ហូរឈាម ជាង ៣០ឆ្នាំ រវាង​ពួកឧទ្ទាម និង​រដ្ឋាភិបាល បាន​សម្លាប់​មនុស្ស ជាង ៤ម៉ឺននាក់។

គណបក្ស​ក្នុងស្រុក​តួកគី ដែល​គាំទ្រ​ក្រុមគួឌីស្ថាន បាន​បរិហារ​នយោបាយ​បង្រ្កាប បិទមាត់ ក្រុម​ប្រឆាំង ដោយសារ​​រដ្ឋាភិបាល​ប្រើ​លេស ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។ ជាក់ស្តែង ក្នុងរយៈពេល​តែ​២​ថ្ងៃ អាជ្ញាធរ​តួកគី​បាន​បើក​សំណាញ់​ចាប់​មនុស្ស ជាង ៥០០​នាក់ ដែល​គេ​សង្ស័យ​ថា មាន​ពាក់ព័ន្ធ​នឹង​ក្រុមជីហាត រដ្ឋអ៊ីស្លាម ឬ​ក្រុមឧទ្ទាម​គួឌីស្ថាន បន្ទាប់ពី​ក្រុម PKK ​នៅ​ស៊ីរី ប្រកាស​ទទួល​ស្គាល់​ថា ខ្លួន​ជា​អ្នកបំផ្ទុះគ្រាប់​សម្លាប់​ទាហាន​តួកគី ២​នាក់ កាលពីថ្ងៃ​សៅរ៍។ តាម​គណបក្ស​ប្រឆាំង នៅក្នុង​ចំណោម​អ្នកដែល​ត្រូវ​ប៉ូលិស​តួកគី​ចាប់ខ្លួន នោះ ក៏មាន​ផងដែរ​សមាជិក​របស់​គណបក្ស​​ប្រឆាំង គណបក្ស​គាំទ្រ​ក្រុម​គួកឌីស្ថាន។

ក្រុម​ឧទ្ទាម​PKK​វិញ បាន​ប្រកាស​រួចហើយ កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​លែងគោរព បទ​ឈប់បាញ់​ដែល​ភាគី​PKK​បាន​ចុះព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​តួកគី កាលពី​ឆ្នាំ ២០១៣​ទៀតហើយ បន្ទាប់​ពី​យន្តហោះ​ចម្បាំង​តួកគី ទម្លាក់​គ្រាប់​លើ​ទីតាំង​របស់​ក្រុម​ PKK នៅអ៊ីរ៉ាក់ កាលពីថ្ងៃ​អាទិត្យ និង​លើ​សម្ព័ន្ធមិត្ត​របស់​ PKK នៅ​ស៊ីរី កាលពីថ្ងៃ​ចន្ទ។

ដោយ​បញ្ជូន​យន្តហោះ ចម្បាំង ទៅវាយប្រហារ​លើ​ក្រុមជីហាត រដ្ឋអ៊ីស្លាម ដោយ​មិន​ភ្លេច វាយ​ប្រហារ​​ផងដែរ លើ​ពួកឧទ្ទាម ដែល​ជាបន្លា​ក្នុង​កែវភ្នែក អស់​ជាង ៣០​ឆ្នាំមកហើយនោះ តួកគី​ចង់​បង្ហាញ ថា ខ្លួន​បាន​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត ដើម្បី​កម្ចាត់​ក្រុមជីហាត។ ប៉ុន្តែ ជាមួយ​គ្នានោះ គេ​ក៏មើល​ឃើញ​ផងដែរថា តួកគី​មិន​បាន​លះបង់​ចោល ការចិញ្ចឹមចិត្ត ដែល​ចង់​បំផ្លាញ កម្ចាយ​ក្រុម​ឧទ្ទាម គួឌីស្ថាន PKK​ឲ្យ​ចេញ​អស់​ពី​ទឹកដី​តួកគី ដែរ។ នៅក្នុង​កាលៈទេសៈ​ដែល​សង្រ្គាម​កំពុង​ឆេះ​សន្ធោសន្ធៅ នៅ​ប្រទេស​ជិតខាង អ៊ីរ៉ាក់ និង​ស៊ីរី នយោបាយ​របស់​រដ្ឋាភិបាល ចង់​កម្ចាត់​ក្រុមឧទ្ទាម PKK ប្រៀបបាន​នឹងការ​យក​សាំងទៅ​​ចាក់​លើ​ភ្លើង​សង្រ្គាម ដែល​នឹង​អាច​ហៀរ​ចូល ​ឆេះ ផ្ទះតួកគី​ខ្លួន​ឯង​នោះទេ។ ក្រុមគួឌីស្ថាន ក្នុង​ប្រទេស​តួកគី ថ្វីត្បិត មិនមែន​ជា​សមាជិក​របស់​ក្រុម​ឧទ្ទាម ភេរវនិយម PKK ប៉ុន្តែ ពួកគេ​ ពិតជា​មិនព្រមឈរ​ឱបដៃ ទុក​ឲ្យ​តួកគី បាញ់​សម្លាប់​ជនជាតិ​របស់ខ្លួន ដាច់ខាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ