អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ នរិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​អញ្ជើញ​ទៅ​ដល់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​មួយ​ ក្នុង​ទិសដៅ​ផ្សព្វផ្សាយ និង​ទាក់ទាញ​វិនិយោគទុន​ធំៗ​របស់​អាមេរិក។ ស្រប​ពេល​នេះ​ដែរ មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​អាមេរិក​(ACJ) បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​តុលាការ​ ចោទ​លោក នរិន្ទ្រ ម៉ូឌី ពី​បទ​ប៉ុនប៉ង​ធ្វើ​អំពើ​ប្រល័យ​ពូជសាសន៍ ក្នុង​ហេតុការណ៍ ផ្ទុះ​អំពើ​ហិង្សា​ សម្លាប់​ជនជាតិ​ឥណ្ឌា​កាន់​សាសនា​អ៊ីស្លាម​ ជិត​១ពាន់​នាក់ នៅ​រដ្ឋ​គុចារ៉ាត កាល​ពី​ឆ្នាំ​២០០២។

នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា លោក នរិន្រ្ទ ម៉ូឌី
នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា លោក នរិន្រ្ទ ម៉ូឌី
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​របស់​លោក នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​អាមេរិក ត្រូវ​បាន​រៀបចំ​ទទួល​យ៉ាង​អធិកអធម​នៅ​អាមេរិក។ គ្រាន់​តែ​ចុះ​ពី​យន្តហោះ​ភ្លាម លោក នរិន្ទ្រ ម៉ូឌី ត្រូវបាន​ទទួល​ជួប​ ជាមួយ​លោក​អភិបាល​ក្រុង​ញូយ៉ក និង​លោក​នាយក​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ជំងឺ​មហារីក​របស់​អាមេរិក។ នៅ​ថ្ងៃ​សោរ៍​នេះ លោក នរិន្ទ្រ ម៉ូឌី និង​ធ្វើ​សេចក្តី​ថ្លែង​សន្ទរកថា​មួយ នៅក្នុង​សម័យ​ប្រជុំ​មហា​សន្និបាទ របស់​អង្គការ​សហប្រជាជាតិ។

 
តាម​ការ​គ្រោងទុក នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ លោក នាយក​រដ្ឋមន្ត្រី​ឥណ្ឌា នឹង​អញ្ជើញ​ជា​អធិបតី​ ក្នុង​ជំនួប​ដ៏​ធំ​មួយ ជាមួយ​សហគមន៍​អាមេរិកកាំង ដើម​កំណើត​ឥណ្ឌា។ តាម​ការ​ប៉ាន់ស្មាន នឹង​មាន​មនុស្ស​មក​ចូលរួម​ ជិត​២ម៉ឺន​នាក់​ឯនោះ។ បន្ទាប់​មកទៀត គាត់​នឹង​ជួប​បាយល្ងាច​ជាមួយ ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា មុន​ពេល​ដែល​ថ្នាក់​ដឹកនាំ​ទាំងពីរ ជួបគ្នា​ជា​លក្ខណៈ​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ។ លោក​ នរិន្ទ្រ ម៉ូឌី ក៏​នឹង​ជួប​សន្ទនា​ផងដែរ​ ជាមួយ លោក​ ចន ឃែរី ប្រមុខ​ការទូ​របស់​អាមេរិក រួម​ជាមួយ​នឹង​លោកស្រី ហ៊ីឡារី គ្លីនតុន។

ក្រៅតែ​ពីជួប​ជាមួយ​ថ្នាក់​ដឹកនាំ ក្នុង​ជួរ​រដ្ឋាភិបាល​អាមេរិក​ អ្វី​ដែល​សំខាន់​នោះ គឺ​លោក នាយក​រដ្ឋមន្ត្រី​ឥណ្ឌា នឹង​ជួប​ជាមួយ ប្រធាន​ក្រុមហ៊ុន​ធំៗ​នៅ​អាមេរិក ដូចជា ក្រុមហ៊ុន Google និងក្រុមហ៊ុន PepsiCo ជាដើម។

បច្ចេកវិទ្យា​ជាន់ខ្ពស់​ជា​ចំណុច​ខ្លាំង​របស់​ឥណ្ឌា៖
ឥណ្ឌា និង​អាមេរិក ឈ្លោះជា​ ឈ្លោះជា ជា​មួយគ្នា វា​យូរ​ឆ្នាំ​មកហើយ។ ជាក់​ស្តែង កាល​ពី​ឆ្នាំ​២០០៥ ដែល​កាល​នោះ លោក​នរិន្ទ្រ ម៉ូឌី មិន​ទាន់​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ទេ លោក​មាន​គម្រោង​ទៅ​អាមេរិក ប៉ុន្តែ​អាមេរិក បាន​បដិសេធ​មិន​ធ្វើ​ទិដ្ឋាការ​ឲ្យ។ រឿងរ៉ាវ​គឺ​ថា កាល​ពី​ឆ្នាំ​២០០២ មាន​កើត​អំពើ​ហិង្សា​ចលាចល នៅ​រដ្ឋ​គុចារ៉ាត ភាគ​ខាងលិច​ឥណ្ឌា​ ដែល​លោក​នរិន្រ្ទ ម៉ូឌី កាល​នោះ​ជា​អភិបាល​រដ្ឋ។ ក្នុង​ហេតុការណ៍​នោះ មាន​ប្រជាជន​ឥណ្ឌា​កាន់​សាសនា​អ៊ីស្លាម ជិត​១ពាន់​នាក់ ត្រូវបាន​គេ​សម្លាប់។ ដូច្នេះ​ហើយ បាន​ជា​មាន​ការ​ចោទ​ប្រកាន់ ទៅ​លើ​រូប​លោក នរិន្រ្ទ ម៉ូឌី ថា​បាន​ឱបដៃ​ឈរ​មើល ការ​កាប់​សម្លាប់​នេះ ហើយ​មិន​បាន​ចាត់​វិធានការ​ឲ្យបាន​ទាន់​ពេល​វេលា។

ប៉ុន្តែ​យើង​ត្រូវ​ចាំ​ថា ទំនាក់ទំនង​ការទូត​អន្តរជាតិ ផ្លាស់ប្តូរ​លឿន​ណាស់។ ម្នាក់ៗ​បត់បែន​ ម្តងឆ្វេង​ម្តងស្តាំ ឲ្យ​តែ​បាន​ផល​ប្រយោជន៍។ យើង​កុំភ្លេច​ថា ពីមួយថ្ងៃទៅមួយថ្ងៃ ឥណ្ឌា​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ អំពី​សក្តានុពលសេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់​ខ្លួន។ ប្រជាជន​ឥណ្ឌា​មាន​ជាង ១០០០លាន​នាក់។ អញ្ចឹង មាន​ន័យ​ថា អ្នក​ចេះដឹង​ឥណ្ឌា នៅ​ក្នុង​ទីផ្សារ​ការងារ​មាន​ច្រើន​ណាស់។ អ្វី​ដែល ឥណ្ឌា​ពូកែ​ជាងគេ គឺ​វិស័យ​បច្ចេកវិទ្យា​ទំនើប។ មួយឆ្នាំៗ មាន​វិស្វករ​ឥណ្ឌា​គ្រប់​ជំនាញ ​រាប់ពាន់​នាក់ ចេញ​ពី​សាលា ហើយ​វិស្វករ​ឥណ្ឌា​ នរណា​ក៏​គេ​ចង់​បាន​ដែរ ទាំង​នៅ​អាមេរិក និង​នៅ​អឺរ៉ុប។

មួយ​វិញ​ទៀត​ដូច​យើង​ដឹង​ស្រាប់ ថា​កាល​ពី​ពីរ​បី​ថ្ងៃ​មុន​នេះ ឥណ្ឌា​ទើបតែ​បាន​បញ្ជូន​យាន​អវកាស​ស្ទង់​ព័ត៌មាន​ទៅ​ភព​ព្រះអង្គារ​បាន​សម្រេច។ រហូត​មក​ដល់​ពេល​នេះ មិនទាន់​មាន​ប្រទេស​ណា អាច​ធ្វើ​បាន​តែឯង​ដូច​ឥណ្ឌា​ទេ។ ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ យាន​អវកាស​នេះ ចំណាយ​ប្រាក់​តិចតួច​បំផុត​បើ​ប្រៀបធៀប​ទៅ​គម្រោង​ប្រហាក់ប្រហែល​គ្នា​របស់​អាមេរិក។ លោក នរិន្រ្ទ ម៉ូឌី ធ្លាប់​បាន​និយាយ​ហើយថា សក្តានុពល​សេដ្ឋកិច្ច​ឥណ្ឌា ត្រូវ​ពឹង​លើ វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​បុគ្គលិក​វិស្វករ​ឥណ្ឌា​ដែល​មាន​ជំនាញ​ខ្ពស់។ ត្រង់នេះ​ហើយ​ដែល ឥណ្ឌា​អាច​យក​ឈ្នះ​ចិន ព្រោះ​ថា​ចិន មាន​តែ​រោងចក្រ និង​កម្មករ​តូចតាច​ប៉ុណ្ណោះ។

អាមេរិក​យក​ឥណ្ឌា​ទប់ចិន
ឥណ្ឌា​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដ៍ធំ​ជាងគេ​បំផុត​លើលោក បើ​សិន​ជា​យើង​និយាយ​អំពី​ចំនួន​ប្រជាជន​ដែល​មាន​សិទ្ធិ​បោះឆ្នោត ពោល​គឺ​ប្រហែល​ជា​៨៥០លាន​នាក់។ តាម​ពិត​ប្រជាជន​ចិន​ច្រើន​ជាង​នេះ ប៉ុន្តែ​ត្រង់​ថា ប្រជាជន​ចិន​គ្មាន​សិទ្ធិ​បោះឆ្នោត​ទេ។ អាមេរិក មិនត្រូវ​គ្នា​ជាមួយ​ចិន ដោយសា​តែ​អាមេរិក មិន​ពេញចិត្ត​នឹង​របប​កុម្មុយនិស្ត បំបិទ​សិទ្ធិ​សេរីភាព​ប្រជាជន​របស់​ចិន។ ដូច្នេះ ការ​រឹត​ចំណង​មេត្រី​ជាមួយ​ឥណ្ឌា គឺ​ដើម្បី​ទប់ទល់​ជាមួយ​មហិច្ឆិតា​វាទទី​របស់​ចិន​ នៅ​ក្នុង​តំបន់​អាស៊ី។ ដោយឡែក ឥណ្ឌា មាន​តួនាទី​សំខាន់​ណាស់​ដែរ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​​ពួក​ឧទ្ទាម​អ៊ីស្លាម​និយម​ជ្រុល ក្នុង​តំបន់​ដើមបូព៌ា។

នរិន្ទ្រម៉ូឌី៖​​ ហិណ្ឌូនិយមជ្រុល?
សមាគមន៍ មួយ​នៅ​អាមេរិក ឈ្មោះ មជ្ឈមណ្ឌល​អាមេរិក ដើម្បី​យុត្តិធម៌ បាន​ដាក់​ពាក្យ​បណ្តឹង ចោទ​លោក នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ ពី​បទ​ថា បាន​ប៉ុនប៉ង​ធ្វើ​អំពើ​ប្រល័យ​ពូជសាសន៍ លើ​ជនជាតិ​អ៊ីស្លាម នៅ​រដ្ឋ​គុចារ៉ាត កាល​ពី​ឆ្នាំ​២០០២។ លោក​នរិន្រ្ទម៉ូឌី តែង​តែ​បដិសេធ​ជានិច្ច ថា​លោក គ្មាន​បាន​បញ្ជា រឺ​ធ្វើ​ហី បណ្តោយ​ឲ្យ​ហេតុការណ៍​នោះ​កើត​ឡើង​ទេ។ ទោះ​បី​ជា​យ៉ាងណា អ្នក​នាំ​ពាក្យ​ផ្លូវការ​របស់​ភ្នាក់ងារ​សារព័ត៌មាន​អាមេរិក បាន​និយាយ​ថា ពាក្យ​បណ្តឹង​នេះ នឹង​មិន​ប៉ះពាល់​ ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ូឌី ទេ ព្រោះ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្រ្តី លោក ម៉ូឌី មាន​អភ័យឯកសិទ្ធិ។

យ៉ាង​ណា​មិញ លោក នរិន្ទ្រ ម៉ូឌី ធ្លាប់​មាន​គេ​រិះគន់​ច្រើន​ណាស់ ថា​លោក​ជា​មនុស្ស​ជាតិនិយម​ជ្រុល ហើយ​ការពារ​តែ​សាសនា​ហិណ្ឌូ​តែ​ប៉ុណ្ណោះ។ កាល​ពី​មិនទាន់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី លោក​នរិន្ទ្រ ម៉ូឌី ត្រូវ​គេ​ស្គាល់​ថា ជាអ្នក​ប្រកាន់​នូវ​ទំនៀមទម្លាប់​សាសនា​ហិណ្ឌូ ហើយ​មាន​នយោបាយ​ចង់​ឲ្យ​ឥណ្ឌា​ទាំងមូល ប្រកាន់​តែ​សាសនា​ហិណ្ឌូ​តែមួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​លោក​ចូល​កាន់​តំណែង លោក​មិនសូវ​លើក​ឡើង​អំពី​សាសនា​ហិណ្ឌូ​ទេ។ លោក​និយាយ​តែ​ពី​គម្រោង​របស់​លោក ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឥណ្ឌា។ ទោះ​បី​ជា​យ៉ាង​ណា អ្វីៗ​វា​ពិបាក​ស្មាន​ណាស់ ថ្វីត្បិត​ពេល​នេះ គាត់​មាន​អភ័យឯកសិទ្ធិ តែ​ថ្ងៃក្រោយ​ទៅ ​ថា​មិន​ត្រូវ គាត់​អាច​នឹង​ប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​ជា​ថ្មី​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ