តើនឹងមានអ្វីកើតឡើង បន្ទាប់ពីនាយកក្រុមហ៊ុនរថយន្តដ៏ធំរបស់បារាំងត្រូវចាប់ខ្លួននៅជប៉ុន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១១
លោកកាកឡូស ហ្គោន (Carlos Ghosn) នាយកក្រុមហ៊ុនរថយន្តបារាំង “រឺណូ”(Renault) ត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹង រឿងអាស្រូវកេងបន្លំថវិកា កាលពីថ្ងៃចន្ទ ទី១៩ វិច្ឆិកា ម្សិលមិញ នៅក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ នាខណៈនេះ លោកហ្គោន ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដោយអាជ្ញាធរជប៉ុន ហើយហេតុការណ៍នេះ វាបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភពឧស្សាហកម្មផលិតរថយន្តពិភពលោក។ មិនតែប៉ុណ្ណោះ នាពេលនេះ គេកំពុងចោទជាសំណួរ ថាតើជោគវាសនា របស់នាយកក្រុមហ៊ុនរថយន្តបារាំងដ៏ល្បីរូបនេះនឹងក្លាយទៅជាយ៉ាងណាទៅ?
លោកកាកឡូស ហ្គោន នាយកក្រុមហ៊ុនរថយន្តបារាំង "រឺណូ” ជាអ្នកណា?
លោកកាកឡូស ហ្គោន ជាបុគ្គលល្បីមួយដែលត្រូវបានគេស្គាល់ជាទូទៅ ជាពិសេសនៅក្នុងឧស្សាហកម្មផលិតរថយន្ត បន្ទាប់ពីរូបលោកអាចជួយស្រោចស្រង់ជីវិតក្រុមហ៊ុនរថយន្តជប៉ុននីសាន់ ដែលធ្លាប់បានធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរកាលពី១៩ ឆ្នាំមុន ពោលគឺកាលពីឆ្នាំ១៩៩៩។
ត្រង់ចំណុចនេះ គេក៏ត្រូវដឹងដែរថា គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក កាកឡូស ហ្គោនេះហើយ ទើបធ្វើឲ្យកើតមានសម្ព័ន្ធក្រុមហ៊ុនរថយន្តបីរួមបញ្ចូលគ្នា ដែលក្នុងនោះរួមមានក្រុមហ៊ុនរថយន្តបារាំងរឺណូ ក្រុមហ៊ុនរថយន្តជប៉ុននីសាន់ និង Mitsubishi។ រឿងដ៏គួរឲ្យកត់សម្គាល់មួយទៀតនោះថា គឺលោកកាកឡូស ហ្គោន នេះឯងដែលជាបុគ្គល ដឹកនាំសម្ព័ន្ធក្រុមហ៊ុនរថយន្ត Renault-Nissan-Mitsubishiឲ្យក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំឈានមុខគេ នៅលើពិភពលោក ដោយអាចនាំមុខក្រុមវ៉ុលវ៉ាហ្គែនរបស់អាឡឺម៉ង់ និងក្រុមហ៊ុនតូយ៉ូតាជប៉ុន។
គេគួរដឹងទៀតថា បច្ចុប្បន្ននេះ សម្ព័ន្ធភាពនៃក្រុមហ៊ុនទាំងបី បានផ្តល់ការងារដល់បុគ្គលិកជាង ៤៧ម៉ឺននាក់ មានរោងចក្រប្រតិបត្តិការចំនួន ១២២ និងអាចលក់រថយន្តបាន១០,៦ លានគ្រឿង ក្នុងឆ្នាំ២០១៧។ ក៏ប៉ុន្តែ ក្រោយពេលមានការចាប់ខ្លួនលោកហ្គោន កាលពីម្សិលមិញនេះ ភាគហ៊ុននៅក្នុងក្រុមហ៊ុនទាំងបី ដែលបានធ្លាក់ចុះ ដែលក្នុងនោះក្រុមហ៊ុនបារាំងរឺណូ បានធ្លាក់ភាគហ៊ុនរហូតដល់ ១៤ ភាគរយហើយ បើគិតត្រឹមព្រឹកថ្ងៃអង្គារ ម៉ោងនៅក្នុងប្រទេសបារាំង។
បើនិយាយពីប្រវត្តិរូបរបស់លោកកាកឡូស ហ្គោន វិញ លោកហ្គោន ជាបុគ្គល ដែលមានបទពិសោធន៍ ធ្វើការក្នុងឧស្សាហកម្មផលិតរថយន្ត រយៈពេល៤០ឆ្នាំ។ លោកហ្គោន មានសញ្ជាតិបីជាប់នឹងខ្លួនគឺ សញ្ជាតិបារាំង ប្រេស៊ីលនិងលីបង់។ បច្ចុប្បន្ននេះ លោកកាកឡូស ហ្គោន មានវ័យ ៦៤ ឆ្នាំ លោកមានដើមកំណើតលីបង់ តែកើតនិងធំដឹងក្តីក្នុងប្រទេសប្រេស៊ីល និងចាប់ផ្តើមមកអឺរ៉ុបធ្វើការក្នុងផលិតកម្មរថយន្ត តាំងពីអាយុ១៨ ឆ្នាំ។
លោកហ្គោន បានចំណាយពេល ១៨ ឆ្នាំ ធ្វើការក្នុងវិស័យឧស្សាហកម្មផលិតរថយន្តនៅក្នុងទ្វីបអឺរ៉ុប។ មិនតែប៉ុណ្ណោះ ដោយសារតែជាមនុស្សមានសមត្ថភាព និងពោរពេញទៅដោយបទពិសោធន៍ខ្ពស់ នៅឆ្នាំ១៩៩៦ លោកកាកឡូស ហ្គោន ត្រូវបានក្រុមហ៊ុនផលិតរថយន្តបារាំងដ៏ធំរឺណូ ជ្រើសរើសជាអនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន។ ក្រោយទៀត លោកបានហោះជំហានក្លាយខ្លួនជាមេដឹកនាំសម្ព័ន្ធរថយន្តដ៏ធំក្នុងលោក Renault-Nissan នាឆ្នាំ១៩៩៩។
ប្រតិកម្មរបស់ក្រុមហ៊ុនរឺណូ នីសាន់ ក្រោយការចាប់ខ្លួនរបស់លោកកាកឡូស ហ្គោន
គួររំឭកទៀតថា លោកកាកឡូស ហ្គោន ត្រូវបានចាប់ខ្លួន ដូចដែលគេដឹងហើយថា គឺនៅថ្ងៃចន្ទ ទី១៩ វិច្ឆិកា ម្សិលមិញនេះ។ មួយវិញទៀត គេក៏គួរដឹងហើយថា គឺតំណាងក្រុមហ៊ុនជប៉ុននីសាន់ នេះឯង ដែលជាអ្នករាយការណ៍ឲ្យអាជ្ញាធរជប៉ុន ចាប់ខ្លួនប្រធានក្រុមហ៊ុនរបស់ខ្លួន ដែលគេស្គាល់ថា ជាលោកកាកឡូស ហ្គោន។
បន្ថែមលើនេះ ក្រុមហ៊ុននីសាន់ ក៏បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញដែរថា ខ្លួនបានធ្វើការស៊ើបអង្កេតរយៈពេលមួយខែមកហើយ ជុំវិញការកេងបន្លំថវិការបស់លោកហ្គោន។ ក្រុមហ៊ុនបានរកឃើញ របាយការណ៍គួរឲ្យសង្ស័យមួយចំនួន ពាក់ព័ន្ធនឹងការលួចកេងបន្លំថវិកា និងការបន្ទាបប្រាក់ចំណូល របស់លោកហ្គោន។
គួរជ្រាបថា ក្នុងនាមជានាយកប្រតបត្តិលោកកាកឡូស ហ្គោន ទទួលបានប្រាក់បៀវត្សរ៍ក្នុងមួយខែពីក្រុមហ៊ុនបារាំងរឺណូ ចំនួន ៧លានអឺរ៉ូ ក្នុងមួយឆ្នាំ និង ទទួលបានមួយឆ្នាំ ជិត ៩លានអឺរ៉ូ ក្នុងឋានៈប្រធានក្រុមហ៊ុនជប៉ុននីសាន់។
រឿងដ៏គួរឲ្យកត់សម្គាល់ផងដែរនោះ គឺថាក្រោយមានការចាប់ខ្លួនលោកកាកឡូស ហ្គោន ភ្លាម ថៅកែក្រុមហ៊ុននីសាន់ ថែមទាំងស្នើឲ្យបញ្ចប់តួនាទី របស់លោកហ្គោន ក្នុងនាមប្រធានក្រុមហ៊ុននីសាន់ភ្លាម ទោះបីព្រះរាជអាជ្ញាជប៉ុន មិនទាន់បានសម្រចថា លោកកាកឡូស ហ្គោន ពិតជាបានប្រព្រឹត្តិបទល្មើស ពាក់ព័ន្ធនឹងការលួចកេងបន្លំថវិកា ឬក៏អត់ផង។
ដោយឡែក រហូតមកដល់ពេលនេះ អ្នកតំណាងរបស់ក្រុមហ៊ុនផលិតរថយន្តបារាំងរឺណូ នៅមិនទាន់បានបញ្ចេញប្រិតិកម្ម ឬមានចំណាត់ការណាមួយទៅលើរូបលោកហ្គោន ឡើយ។
តែទោះជាយ៉ាងណាក្តី តំណាងក្រុមហ៊ុនបារាំងរឺណូ បានលើកឡើងថា សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននឹងគ្រោងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ។ មួយវិញទៀត ក្រុមហ៊ុនរឺណូ បញ្ជាក់ថាក្រុមហ៊ុននឹងធ្វើការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងករណីរបស់លោកកាកឡូស ហ្គោនគឺក្រោយពីលទ្ធផល នៃការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញាជប៉ុន ចេញជាផ្លូវការ។
ជោគវាសនារបស់លោកកាកឡូស ហ្គោន
ក្រោយពីការចាប់ខ្លួន រហូតមកដល់ពេលនេះ លោកកាកឡូស ហ្គោន ដែលជានាយកដឹកនាំសម័្ពន្ធRenault-Nissan-Mitsubishi នៅមិនទាន់បានបញ្ចេញប្រតិកម្ម ឬនិយាយអ្វីមួយមាត់នៅឡើយទេ។ គេគ្រាន់តែដឹងថា កាលពីម្សិលមិញនេះ លោកបានយល់ព្រមសហការជាមួយអាជ្ញាធរជប៉ុន ជុំវិញការស៊ើបអង្កេតនានា ទាក់ទងនឹងបទសង្ស័យថា លោកមានលួចបន្លំថវិកា។
មួយវិញទៀត ក្នុងករណីដែលព្រះរាជអាជ្ញាជប៉ុន ពិតជារកឃើញភ័ស្តុតាងដែលបញ្ជាក់ថា លោកកាកឡូស ហ្គោន ពិតជាបានប្រព្រឹត្តិអំពើលួចបន្លំថវិកាខុសច្បាប់មែននោះ បើតាមច្បាប់របស់ប្រទេសជប៉ុន លោកអាចនឹងត្រូវជាប់ពន្ធធនាគារហូតដល់ ១០ ឆ្នាំ និងត្រូវពិន័យជាប្រាក់រហូតដល់ ១០ លានយ៉េនជប៉ុន ស្មើនឹង ៨៩ ០០០ ដុល្លារអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ