ព្យុះសង្ឃរា Havey សម្លាប់មនុស្ស២នាក់នៅតិចសាស់ និងកំពុងបង្កគ្រោះទឹកជំនន់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១៧
មនុស្ស២នាក់បានស្លាប់ និងច្រើននាក់ទៀតបានរងរបួស ដោយគ្រោះព្យុះសង្ឃរា Havey នៅរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។ ព្យុះ Havey បានបោកបក់នៅតិចសាស់ នៅថ្ងៃសុក្រ ពេលនេះបានបន្ថយឥទ្ធិពលមកនៅត្រឹមកម្រិតព្យុះត្រូពិក។ អាជ្ញាធរអាមេរិកកំពុងបារម្ភថា ភ្លៀងដែលបន្តធ្លាក់ជោគជាំច្រើនថ្ងៃទៅនេះ អាចបង្កអោយមានមហន្តរាយទឹកជំនន់បាន។
ព្យុះHavey បន្ថយឥទ្ធិពលមកនៅត្រឹមកម្រិតព្យុះត្រូពិក ប៉ុន្តែ ភ្លៀងធ្លាក់ច្រើនថ្ងៃ អាចបង្កជាគ្រោះទឹកជំនន់
ព្យុះ Haveyនេះ ជាព្យុះមានអានុភាពដល់ទៅកម្រិត៤ ក្នុងចំណោមកម្រិតសរុបចំនួន៥។ ដូច្នេះ វាជាព្យុះមានកម្លាំងខ្លាំងបំផុត ដែលវាយប្រហារសហរដ្ឋអាមេរិក បើយើងគិតតាំងពីឆ្នាំ២០០៥មក គឺគិតតាំងពីអាមេរិករងការវាយប្រហារដោយព្យុះកាទ្រីណា សម្លាប់មនុស្សជាង១៨០០នាក់ នៅឆ្នាំ២០០៥។ ព្យុះ Havey នៅតិចសាស់ សប្តាហ៍នេះ សម្លាប់មនុស្សតិចជាងព្យុះកាទ្រីណា ដោយសារអាមេរិកត្រៀមវិធានការការពារទុកមុន។ ប៉ុន្តែ ព្យុះនេះមានកម្រិត៤ ដូច្នេះ វាក៏បង្កការខូចខាតគួរសមដែរ។
ព្យុះ Havey បានកាត់ផ្តាច់អគ្គិសនី ធ្វើអោយមនុស្ស២សែន៣ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់។ ពួកគេត្រូវនៅចាំច្រើនថ្ងៃទៀត ដើម្បីអាចមានភ្លើងប្រើវិញ។ ទីតាំងសហគ្រាស និងផ្ទះសម្បែងច្រើនខ្នង ក៏បានរងការបំផ្លាញធ្ងន់ធ្ងរដែរ។ ពន្ធនាគារមួយកន្លែងមានអ្នកសទោស៤៥០០នាក់ នៅរ៉ូស្ហារ៉ុន ភាគខាងត្បូង ហុសស្តុន ក៏ត្រូវបានគេជម្លៀសដែរ ដោយសារតែទឹកកើនកម្ពស់នៅទីនោះ។
ពេលនេះដែរ អាជ្ញាធរបារម្ភពីទីតាំងកំពង់ផែផ្សេងៗនៅតិចសាស់ ព្រោះវាជាទីតាំងសេដ្ឋកិច្ចសំខាន់។ នៅឆ្នេរតិចសាស់ មានទីតាំងចម្រាញ់ប្រេង ហើយលទ្ធភាពចម្រាញ់ប្រេងវិញ គឺមានដល់ទៅជិត១ភាគ៣ គិតទូទាំងសហរដ្ឋអាមេរិក។ បើនិយាយពីឈូងម៉ិចស៊ិកវិញ ការផលិតប្រេង គឺមានដល់ទៅ២០ភាគរយឯណោះ។ ថ្ងៃសៅរ៍ ម្សិលមិញ អាជ្ញាធរបានជម្លៀសទីតាំងឧស្សាហកម្មផ្សេងៗនៅទីនោះ។ ឥឡូវព្យុះ Haveyថយឥទ្ធិពលមកនៅត្រឹមព្យុះត្រូពិកមែន តែភ្លៀងនៅតែធ្លាក់ជោគជាំ ហើយអាចធ្លាក់ច្រើនថ្ងៃទៀត គឺរហូតដល់ថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ ដូច្នេះ វាអាចបង្កជាទឹកជំនន់ធ្ងន់ធ្ងរ អាចសម្លាប់មនុស្សបាន។ យោងតាមផ្នែកឧតុនិយម ទឹកភ្លៀងធ្លាក់ជោគជាំអាចបង្កអោយកម្ពស់ទឹកដែលលិចតាមផ្លូវនោះឡើងដល់មួយម៉ែត្រ តាមកន្លែងមួយចំនួន។
អាជ្ញាធរកំពុងមមាញឹកដៃជើង ក្នុងប្រតិបត្តិការសង្គ្រោះ ដោះស្រាយបញ្ហា ព្រោះថា អាមេរិកមានមេរៀនពីមហន្តរាយព្យុះសង្ឃរា កាទ្រីណា កាលពីឆ្នាំ២០០៥រួចហើយ។ ព្យុះកាទ្រីណាកាលនោះបង្កការខូចខាតសម្បើមណាស់ គឺបានសម្លាប់មនុស្សជាង១៨០០នាក់ និងបំផ្លាញទាំងស្រុងសង្កាត់ផ្សេងៗ នៅនូវែលអរឡេអង់ និងល្វីស្យាន។ កាលនោះ អាជ្ញាធរមិនសូវជាបានត្រៀមវិធានការទុកមុនទេ។ កាលនោះដែរ ប្រធានាធិបតីហ្ស៊ក ដាប់ប៊ែលយូ ប៊ុស្ហ ត្រូវគេចោទប្រកាន់ថា រើសអើងប្រជាជនក្រីក្រ និងប្រជាជនស្បែកខ្មៅ ក្នុងតំបន់ទៀតផង ទើបបានជាមានមហន្តរាយធ្ងន់បែបនេះ។ ប្រធានាធិបតីដូណាល់ ត្រាំ មិនអាចអាចអោយអាមេរិកជួបផលវិបាកដូចឆ្នាំ២០០៥ទេ មិនអាចអោយគេរិះគន់លោកថា អសមត្ថភាពជួយប្រជាជនទេ។ លោកត្រាំបានចុះហត្ថលេខាលើសេចក្តីប្រកាសអំពីគ្រោះមហន្តរាយធម្មជាតិ តាំងពីថ្ងៃសុក្រម្ល៉េះ។ លោកបានអំពាវនាវអោយនៅតែសកម្មក្នុងប្រតិបត្តិការសង្គ្រោះ ព្រោះថាភ្លៀងនៅតែបន្តជោគជាំច្រើនថ្ងៃទៀត ផលវិបាកនៃព្យុះ Havey មិនទាន់ផុតរលត់ភ្លាមៗទេ។
ក្រុមអ្នកវិទ្យាសាស្ត្រ៖ សតវត្សទី២១ ព្យុះផ្សេងៗក្នុងពិភពលោកអាចកាត់បន្ថយហ្វ្រេកង់ តែអាចមានអានុភាពកាន់តែខ្លាំង
ព្យុះមួយអាចមានកម្លាំងខ្លាំង ត្រង់នេះ យើងនិយាយពីអានុភាពខ្យល់បក់និងភ្លៀងធ្លាក់។ ព្យុះមានកម្លាំងខ្លាំងបានមកពីមូលហេតុចំបងពីររួមគ្នា គឺថា ពេលសីតុណ្ហភាពទឹកកើនឡើង ហើយកម្រិតសំណើមកើនឡើងដែរនោះ នោះព្យុះនឹងកាន់តែខ្លាំង។ ក្រុមឧតុនិយមលើកមូលហេតុថា ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ ក្នុងពិភពលោកយើងពេលនេះ បានធ្វើអោយសីតុណ្ហភាពកើនឡើងតាមនោះដែរ ដូច្នេះ ព្យុះក្នុងសតវត្សទី២១នេះ អាចនឹងមានកម្លាំងកាន់តែខ្លាំង។ គេគិតថា ពេលសីតុណ្ហភាពកើនឡើងមួយដឺក្រ នឹងមានសំណើមក្នុងបរិយាកាស ៧ភាគរយបន្ថែម ទៅតាមនោះដែរ។
កំណើនសីតុណ្ហភាពនៃភពផែនដី ជាកត្តាដែលធ្វើអោយព្យុះកាន់តែមានអានុភាពជាងមុន ធ្វើអោយកម្ពស់ទឹកសមុទ្រកើនឡើង។ ដូច្នេះ ពិភពលោកត្រូវតែកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាចាំបាច់ ដើម្បីកាត់បន្ថយផលវិបាកនៃមហន្តរាយគ្រោះធម្មជាតិ ក្នុងសតវត្សទី២១យើងនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ