អានតួអត្ថបទ
អាមេរិក

អាមេរិក៖​ទីក្រុង​វ៉ាស៊ីនតោន និង​រដ្ឋ​ប៉ែក​ខាង​កើត​ទទួល​មហា​ព្យុះទឹកកក​មិន​ធ្លាប់​មាន

ចាប់​ពី​រសៀល​ថ្ងៃ​សុក្រ ទី២២ ដល់​យប់​ថ្ងៃ​សៅរ៍ ទី២៣ មករា មហា​ព្យុះទឹកកក​បោកបង់​យ៉ាង​ខ្លាំង​សម្បើម​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​រដ្ឋប៉ែកខាង​កើត នេះ​ជា​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​ឧតុនិយម​អាមេរិកាំង។ កម្រាស់​ទឹកកក​សំឡី​អាច​នឹង​មាន​កំពស់​ដល់​ទៅ ៦០សង់ទីម៉ែត្រ គួប​ផ្សំ​នឹង​កម្លាំង​ខ្យល់​ដែល​មាន​ល្បឿន​ជាង ៩០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ជា​សរុប មហាព្យុះ​ទឹកកក​អាច​នឹង​ប៉ះពាល់​ដល់​មនុស្ស​ជាង ៥០លាននាក់។ មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ដូច​ជា​រថយន្ត​ក្រុង និង​រថភ្លើង​ក្រោម​ដី​ត្រូវ​បាន​ផ្អាក​នា​ចុង​សប្តាហ៍​នេះ។

Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​មហាព្យុះទឹកក​ប្រវត្តិសាស្រ្ត​មួយ​ដែល​អាមេរិក​មិន​ធ្លាប់​ជួប​ប្រទះ​ទេ ពិសេស​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​​ជិត ១សតវត្ស​កន្លង​ទៅ។ តែ​បាន​ប៉ះពាល់​ខ្លាំង​តែ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីតោន និង​តំបន់​ជុំវិញ ព្រម​ទាំង​នៅ​ក្នុង​រដ្ឋ​ចំនួន ១៥ ស្ថិត​ប៉ែកខាងកើត។ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​ក៏​ដូច​ជា​បណ្តា​រដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មហាព្យុះ​ទឹកកក​សំឡី​នេះ រដ្ឋអំណាច​បាន​ប្រកាស​បិទ​សេវា​សាធារណៈ​តាំង​ពី​ដើម​រសៀល​ថ្ងៃ​សុក្រ ទី២២ មករា។ ក្រុង​វ៉ាស៊ីតោន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​មាន​ធ្លាក់​ទឹកកក​ច្រើន​ជាង​គេ ដោយ​នំា​មក​ជាមួយ​នូវ​កម្លាំង​ខ្យល់​បោកបក់​ខ្លាំង​ក្នុង​ល្បឿន​ដល់​ទៅ ៩០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ទីភ្នាក់ងារ​ឧតុនិយមជាតិ​បាន​ព្រមាន​ទុក​ជា​មុន​ពី​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស និង​ការ​បំផ្លាញ​ទ្រព្យសម្បតិ្ត​ដែល​អាច​កើត​ចេញ​ពី​មហាព្យុះទឹកកក ហើយ​វិស័យ​ដែល​អាច​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ការ​ដឹកជញ្ជូន​សាធារណៈ។ អ៊ីចឹង​ហើយ​បាន​ជា​ស្ថាប័ន​គ្រប់គ្រង​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​បាន​ប្រកាស​ផ្អាក​ដំណើរការ​រថយន្ត​ក្រុង ព្រម​ទំាង​បិទ​ដំណើរ​ការ​រថភ្លើងក្រោម​ដី​ពេញ​មួយ​ចុង​សប្តាហ៍​នេះ។ គួរ​ជម្រាប​ជូន​ថា រថភ្លើង​ក្រោមដី​ក្នុង​ក្រុង​វ៉ាស៊ីនតោន​មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​លំដាប់​ទី២ បន្ទាប់​ពី​រថភ្លើង​ក្រោមដី​នៅ​ក្រុង​ញូយ៉ក ពោល​មាន​មនុស្ស​ធ្វើ​ដំណើរ​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ​ជា ៧០០ ០០០នាក់។

តាំង​ពី​ដាក់​ឲ្យ​ដំណើរការ​ជាង ៤០ឆ្នាំ​កន្លង​មក នេះ​ជា​លើកទី១ ដែល​រថភ្លើង​ក្រោមដី​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​បាន​គេ​ផ្អាក​ដំណើរការ​យ៉ាង​​យូរ​របៀប​នេះ។ ក្រៅ​ពី​ការ​ផ្អាក​ដំណើរការ​រថយន្តក្រុង និង​រថភ្លើង​ក្រោមដី មហាព្យុះទឹកកក​ក៏​បាន​បង្ខំ​ឲ្យ​មាន​ការ​កាត់​បន្ថយ និង​លប់​ចោល​ជើងហោះ​នៅ​តាម​អាកាសយានដ្ឋាន​ដែរ។ គិត​ក្នុង​ថ្ងៃ​សុក្រ ទី២២ មករា មាន​លប់ជើង​ហោះហើរ​សរុប​ជិត ២ ៤០០ជើង និង​អាច​លប់ចោល​ជាង ៤ ៥០០ជើង​នៅ​ចុង​សប្តាហ៍​នេះ។

ក្តី​បារម្ភ​មួយ​ទៀត​កើត​ចេញ​ពី​មហាព្យុះទឹកកក គឺ​ការ​ដាច់​បណ្តាញ​ខ្សែ​អគ្គសនី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​អាមេរិកំាំង​រាប់ម៉ឺន​គ្រួសារ ពិសេស​ចំ​ពេល​ត្រជាក់​ខ្លាំង។ នៅ​អាមេរិក បណ្តាញ​ខ្សែភ្លើង​ភាគ​ច្រើន​មិន​ត្រូវ​បាន​កប់​ក្រោម​ដី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ