អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នក​ជំនាញ​៖ ការ​លូក​ដៃ​របស់​តួកគី​ អាច​បណ្តាល​ឲ្យ​លីប៊ី​ ​មាន​វាសនា​ដូច​ស៊ីរី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សភាតួកគី កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអំពីសេចក្តីសម្រេចអនុម័តលើញត្តិមួយ ដែលបើកផ្លូវឲ្យមានការបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់ប្រទេសលីប៊ី។ ពីរថ្ងៃក្រោយការប្រកាសរបស់រដ្ឋាភិបាលតួកគី​ នៅថ្ងៃសៅរ៍ទី៤ មករានេះ ក្រុមអ្នកជំនាញបានលើកឡើងពីក្តីបារម្ភរបស់ពួកគេ និងថា ការលូកដៃរបស់ប្រទេសតួកគី អាចបង្កជាហានិភ័យដល់ប្រទេសអាហ្វ្រិកខាងជើងមួយនេះ ឲ្យកាន់តែធ្លាក់ផុងខ្លួនជ្រៅចូលក្នុងវិបត្តិរ៉ាំរៃ ដូចករណីប្រទេសស៊ីរីដែរ។តើហេតុអ្វីបានជាតួកគី សម្រេចលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងលីប៊ី? តើជោគវាសនាអនាគត លីប៊ី អាចនឹងដូចប្រទេសស៊ីរីដែរឬយ៉ាងណា?

កាលពីថ្ងៃទី៣ មករា ឆ្នាំ២០២០ ប្រជាជនលីប៊ីបានចេញធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់សភាតួកគី ក្នុងការអនុម័តលើញត្តិមួយដែលបើកផ្លូវឲ្យមានការបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសលីប៊ី។
កាលពីថ្ងៃទី៣ មករា ឆ្នាំ២០២០ ប្រជាជនលីប៊ីបានចេញធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់សភាតួកគី ក្នុងការអនុម័តលើញត្តិមួយដែលបើកផ្លូវឲ្យមានការបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសលីប៊ី។ REUTERS/Esam Omran Al-Fetori
ផ្សាយពាណិជ្ជកម្ម

ការលូកដៃរបស់តួកគី ចូលក្នុងកិច្ចការផ្ទៃក្នុងលីប៊ី

ជាការពិត ស្ថានការណ៍នៅក្នុងប្រទេសលីប៊ី នៅមិនទាន់បានជួបភាពធូរស្បើយពីជម្លោះឡើយ ចាប់តាំងពីធ្លាក់ក្នុងវិបត្តិនាឆ្នាំ ២០១១ ពោលចាប់តាំងពីមានការបះបោរមួយដែលគាំទ្រដោយអង្គការអូតង់ ដើម្បីផ្តួលរំលំមេដឹកនាំផ្តាច់ការលីប៊ីលោក ម៉ូអាម៉េ កាដាហ្វី មក។

មួយវិញទៀត បើពិនិត្យឲ្យស៊ីជម្រៅទៅ ជម្លោះនៅក្នុងប្រទេសលីប៊ី មានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡាគ្នា មិនខុសអីពីអ្វីដែលបាននឹងកំពុងកើតឡើងនៅស៊ីរីឡើយ ដោយហេតុថា ក្រៅតែពីជម្លោះផ្ទៃ រវាងអ្នកនយោបាយលីប៊ីជាតិសាសន៍ឯង ជម្លោះនៅលីប៊ី ក៏មានការលូកដៃច្រើនពីសំណាក់តួអង្គ ជាច្រើនទៀតមានដូចជាតួកគី អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះ ប្រទេស​លីប៊ី​ត្រូវបាន​ពុះ​ចែក​ជា​ពីរ​ដោយ​នៅ​ម្ខាង​រដ្ឋាភិបាល​សហភាពជាតិ​លីប៊ី ស្ថិតនៅក្នុងទីក្រុង​ទ្រីប៉ូលី។ រដ្ឋាភិបាលនេះ ​គ្រប់គ្រង​ដោយ​​លោក​ហ្វាយេ អាល់សារ៉ា និង​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ ហើយគាំទ្រដោយប្រទេសតួកគី និងកាតា។ ចំណែកឯ នៅ​ម្ខាងទៀត ដឹកមុខដោយលោកសេនាប្រមុខ​ខាលីហ្វា ហាវតារ មានទីតាំងក្នុងតំបន់​ប៉ែកខាងកើត​នៃប្រទេស និងទទួលបានការគាំទ្រពីសំណាក់ក្រុមប្រទេសគូសត្រូវរបស់តួកគីក្នុងតំបន់ មានដូចជាអេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត។

នៅមួយរយៈពេលចុងក្រោយនេះ ពោលរាប់ចាប់តាំងពីខែមេសា ឆ្នាំ ២០១៩ មក រដ្ឋាភិបាលក្រុងទ្រីប៉ូលីដែលជាសម្ព័ន្ធមិត្តរបស់តួកគី បានរងការវាយប្រហារយ៉ាងសន្ធឹក ពីសំណាក់កងកម្លាំងរបស់បុរសខ្លាំងគឺលោកឧត្តមសេនីយ៍ ខាលីហ្វា ហាវតារ។

បន្ទាប់មក តួកគីក៏យកបញ្ហាខាងលើនេះ ជាលេស ក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសលីប៊ី។ តួកគីថា ការសម្រេចធ្វើបែបនេះ គឺដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលរបស់​លោក​ហ្វាយេ អាល់សារ៉ា ដែលកំពុងរងគ្រោះ ដោយការវាយប្រហារ។ តែទោះជាយ៉ាងនេះក្តី តួកគី នៅមិនទាន់បានបញ្ជាក់ប្រាប់នៅឡើយនោះ ទេ ថានឹងបញ្ជូនកងទ័ពរបស់ខ្លួនប៉ុន្មាននាក់ និងនៅពេលណាទៅកាន់លីប៊ីឲ្យប្រាកដនោះ។

ការលូកដៃរបស់តួកគី នៅលីប៊ី ជំរុញឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង

បន្ទាប់ពី សមាជិកសភាតំណាងរាស្ត្រតួកគី ប្រកាសអំពីសេចក្តីសម្រេចលើញត្តិ ដែលអនុញ្ញាតឲ្យបញ្ជូនកងទ័ពរបស់តួកគីទៅកាន់ប្រទេសលីប៊ីភា្លម ក្រុមអ្នកជំនាញ បូករួមទាំងអង្គការសហប្រជាជាតិផង បានសម្តែងនូវក្តីបារម្ភជាខ្លាំង។ ជាក្តីបារម្ភ ដែលថា លីប៊ីដែលបាននឹងកំពុងរួមរឹតទៅជម្លោះជាច្រើនឆ្នាំស្រាប់ទៅហើយនោះ អាចនឹងមានវាសនាដូច ប្រទេសស៊ីរីដែរ ពីព្រោះថាជម្លោះនៅលីប៊ី មានតួអង្គច្រើនចូលរួម និងមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡាដូចសរសៃអំបោះជំពាក់មុខគ្នា មិនខុសពីនៅស៊ីរីឡើយ។

ក្រៅតែពីតួកគី កាតា អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត រុស្ស៊ីក៏មានមុខនៅទីនោះដែរ តែគ្រាន់តែមិនបើកចំហរ ចេញមុខចេញមាត់ជ្រុលពេក។ ជាក់ស្តែង ប្រេសិតរបស់អង្គការសហប្រជាជាតិលីប៊ីម្នាក់លោកហ្កាសង់ សាឡាម (Ghassan Salame) បាននិយាយថា មានទាហានស៊ីឈ្នួលរបស់រុស្ស៊ី កំពុងឈរជើងនៅក្នុងទឹកដី នៃប្រទេសលីប៊ី។ បន្ថែមលើនេះ លោកក៏បានចោទប្រកាន់ប្រទេសមួយចំនួនដែរថាបានរំលោភលើការហាមឃាត់អាវុធនៅលីប៊ីរបស់អង្គការសហប្រជាជាតិ ឆ្នាំ ២០១១។

ទាក់ទងរឿងនេះដែរ បើតាម លោកចាលេល ហារកាអ៊ុយ (Jalel Harchaoui) អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយម្នាក់ ដូចនៅស៊ីរីដែរ លីប៊ីបានក្លាយទៅជាទីលានប្រកួតប្រជែងអំណាច ដណ្តើមឥទ្ធិពលគ្នាដ៏ស្មុគស្មាញ រវាងទីក្រុងអង់ការ៉ា និងម៉ូស្គូដែលមិនមែនជាសម្ព័ន្ធមិត្តនឹងគ្នា ប៉ុន្តែពេលខ្លះដើម្បីផលប្រយោជន៍រៀងខ្លួន ពួកគេបានងាកទៅគាំទ្រគ្នា។ ឧទាហរណ៍ ដូចករណីដែលប្រទេសរុស្ស៊ី ឈរខាងតួកគី ការដែលតួកគី ធ្វើប្រតិបត្តិការយោធា ប្រឆាំងនឹងកងកម្លាំងកួដឌីស្ថានក្នុងប្រទេសស៊ីរី កាលពីខែតុលា ឆ្នាំមុន។

លីប៊ី អាចនឹងមានវាសនា ដូចប្រទេសស៊ីរី ដែរឬទេ?

ពិតណាស់ លីប៊ីអាចនឹងមានវាសនាដូចស៊ីរីដែរ បើជម្លោះផ្ទៃក្នុងលីប៊ីនៅតែបន្ត ហើយនៅតែមានតួអង្គច្រើនចូលរួម ជាពិសេសមានការចូលរួមពីក្រុមប្រទេសដែលចាំឆ្លៀតឱកាសកេងយកផលចំណេញ មិនថាទាំងផ្នែកនយោបាយឬសេដ្ឋកិច្ចក្តី។

ជាក់ស្តែង នាពេលថ្មីៗនេះ នៅពេលនិយាយក្នុងបទសម្ភាសន៍មួយជាមួយកាសែតបារាំង Le Monde ទាក់ទងនឹងការវិវត្តន៍ចុងក្រោយនៅលីប៊ី ប្រេសិតរបស់អង្គការសហប្រជាជាតិលោកសាឡាម អះអាងថា លីប៊ី អាចនឹងដូចស៊ីរី។ រឿងជាអាចក្លាយទៅជាដូច្នោះ ដោយសារតែការហែកហួរដោយជម្លោះផ្ទៃក្នុង និងមានការលូកដៃពីសំណាក់បរទេសខាងក្រៅច្រើនស្អេកស្កះផង។

តែទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយលោក ហារកាអ៊ុយ យល់ឃើញថា នឹងមិនមានការប៉ះទង្គិចគ្នាណាមួយដោយផ្ទាល់ឡើយរវាងតួកគី និងរុស្ស៊ី នៅលើទឹកដី នៃប្រទេសលីប៊ីនោះទេ ពីព្រោះថាការណ៍ដែលប្រទេសទាំងពីរចូលលូកដៃនៅលីប៊ី គឺដោយសារពួកគេ ចង់ប្រឆាំងនឹងឥទ្ធិពលរបស់អឺរ៉ុប និងអាមេរិកនៅក្នុងតំបន់តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ