អានតួអត្ថបទ
តួកគី-លីប៊ី

សភាតួកគីបោះឆ្នោតលើញត្តិមួយអនុញ្ញាតឲ្យមានការបញ្ជូនទ័ពតួកគីទៅប្រទេសលីប៊ី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២ មករា សភា​តួកគី​បោះឆ្នោត​លើ​ញត្តិ​មួយ​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ជូន​ទ័ពតួកគី​ទៅ​កាន់​ប្រទេស​លីប៊ី​ដើម្បី​ជួយ​គាំទ្រ​រដ្ឋាភិបាល​ដែល​ទទួល​ស្គាល់​អង្គការ​សហប្រជាជាតិ។ គួរ​រម្លឹក​ថា ប្រទេស​លីប៊ី​សព្វថ្ងៃ​កំពុង​ពុះ​ចែក​ជា​ពីរ​ដោយ​នៅ​ម្ខាង ទីក្រុង​ទ្រីប៉ូលី​កំពុង​កាន់កាប់​ដោយ​រដ្ឋាភិបាល​សហភាពជាតិ​លីប៊ី​របស់​លោក​ហ្វាយេ អាល់សារ៉ា​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ និង​នៅ​ម្ខាងទៀត តំបន់​ប៉ែកខាងកើត​កំពុង​គ្រប់គ្រង​ដោយ​សេនាប្រមុខ​ខាលីហ្វា ហាវតារ។ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ការ​លូកដៃ​ផ្លូវយោធា​របស់​តួកគី​នៅ​លីប៊ី​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ជម្លោះ​ផ្ទៃក្នុង​លីប៊ី​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ថែម​ទៀត។

ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កាន
ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កាន Presidential Press Office/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

គម្រោង​ពង្រាយ​កម្លាំងទ័ព​តួកគី​នៅ​លើ​ទឹកដី​លីប៊ី គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​ដែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​យោធា និង​សន្តិសុខ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​សហភាពជាតិ​លីប៊ី​របស់​លោក​ហ្វាយេ អាល់សារ៉ា​កាល​ពី​ដំណាច់​ខែ​វិច្ឆិកា ឆ្នាំ ២០១៩។ លោក​អ៊ែរដូហ្កាន​ធ្លាប់​បាន​ថ្លែង​ច្រើន​ដង​ពី​ការ​ប្តេជ្ញាចិត្ត​ជួយ​ផ្លូវយោធា​ដល់​រដ្ឋាភិបាល​របស់​លោក​អាល់សារ៉ា​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រដ្ឋាភិបាល​របស់​លោក​អាល់សារ៉ា​ដែល​កាន់កាប់​ទីក្រុង​ទ្រីប៉ូលី​កំពុង​ប្រឈម​មុខ​នឹង​សេនាប្រមុខ​ខាលីហ្វា ហាវតារ​ដែល​កំពុង​គ្រប់គ្រង​តំបន់​ប៉ែក​ខាង​កើត។

ក្រៅ​ពី​ជម្លោះ​ផ្ទៃក្នុង​ដែល​លីប៊ី​បាន​ស្គាល់​តាំង​ពី​ឆ្នាំ ២០១១ ពោល​តាំង​ពី​ការ​ដួលរលំ​របប​កាដាហ្វី ប្រទេស​អាហ្រ្វិក​មួយ​ក៏​ជា​សមរភូមិ​នៃ​ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​ប្រទេស​តួកគី​ដែល​គាំទ្រ​រដ្ឋាភិបាល​លោក​អាល់សារ៉ា និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​អេមីរ៉ាតអារ៉ាប់រួម និង​ប្រទេស​អេហ្ស៊ីប​ដែល​គាំទ្រ​សេនាប្រមុខ​ខាលីហ្វា ហាវតារ​ដែរ។ ឃើញ​ថា​អ្វី​ដែល​សំខាន់​សម្រាប់​តួកគី គឺ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដោយ​មិន​ចង់​ទុក​បណ្តោយ​ឲ្យ​ប្រទេស​ផ្សេង​លូកដៃ​ផ្លូវយោធា និង​ការទូត​នៅ​លីប៊ី។ ទន្ទឹម​គ្នា​នេះ កម្មវត្ថុ​របស់​តួកគី​ក៏​មាន​ដែរ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​យុទ្ធសាស្រ្ត។ លោក​អ៊ែរដូហ្កាន​ប្រហែល​ជា​មិន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​យោធា និង​សន្តិសុខ​ជាមួយ​លោក​ហ្វាយេ អាល់សារ៉ា​ឡើយ ប្រសិន​បើ​គ្មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្លូវសមុទ្រ​នា​ពេល​នោះ​ទេ។

កិច្ចព្រមព្រៀង​ផ្លូវសមុទ្រ​នឹង​អនុញ្ញាត​ឲ្យ​តួកគី​មាន​សិទ្ធិ​ចូល​ទៅ​ធ្វើ​អាជីវកម្មលើ​មហាតំបន់​មេឌីទែរ៉ាណេខាងកើត​ដែល​សម្បូរ​ប្រេងឆៅ និង​ដែល​ប្រទេស​ក្រិច អេហ្ស៊ីប ស៊ីប ហើយ​អ៊ីស្រាអែល​កំពុង​សម្លឹង​មិន​ដាក់​ភ្នែក។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​តួកគី​ត្រៀម​បញ្ជូន​ទ័ពខ្លួន​ទៅ​កាន់​លីប៊ី​ក្រោម​ទ្រង់ទ្រាយ​អ្វី​ទេ ជា​កម្លាំងទ័ព​ប្រយុទ្ធ ឬ​មួយ​ត្រឹម​ជា​ទីប្រឹក្សាយោធា។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ការ​លូកដៃ​ផ្លូវយោធា​របស់​តួកគី​នៅ​លីប៊ី​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ជម្លោះ​ផ្ទៃក្នុង​លីប៊ី​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ