អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីរ៉ង់​រយៈពេល ៣ថ្ងៃ។ នា​ដំណើរ​ទស្សនកិច្ច​នោះ លោកស្រី​ប៉ាក់ គុនហេ​បាន​នាំ​ទៅ​ជាមួយ​នូវ​រដ្ឋមន្រ្តី​ជា​ច្រើន​រូប រួម​ទាំង​ក្រុមអ្នកជំនួញ​កូរ៉េខាងត្បូង​ជាង ២០០នាក់។ នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​សមភាគី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី​នា​ថ្ងៃ​ចន្ទ ទី២ ឧសភា ទីក្រុង​សេអ៊ូល និង​ទីក្រុង​តេហេរ៉ង់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​គុណ ១ ជា ៣ នូវ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា។ តើ​កូរ៉េខាងត្បូង និង​អ៊ីរ៉ង់​មាន​ប្រវត្តិ​ទំនាក់ទំនង​យ៉ាង​ម៉េច​ខ្លះ និង​ថា​ហេតុអ្វី​បាន​ជា​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​ដាក់​ជើងជាន់​ទឹកដី​អ៊ីរ៉ង់​ពេល​នេះ?

ជំនួប​រវាង​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​សមភាគី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី
ជំនួប​រវាង​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​សមភាគី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ក្នុង​ឆ្នាំ ១៩៦២ ពោល​មាន​រយៈពេល ៥៤ឆ្នាំ​មក​ហើយ​ដែល​កូរ៉េខាងត្បូង និង​ប្រទេស​អ៊ីរ៉ង់​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​គ្នា។ ក្នុង​ឆ្នាំ ១៩៦២ ដែល​កូរ៉េខាងត្បូង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​លោក​ប៉ាក់ ជុងហ៊ី​ដែល​ជា​ឱពុក​របស់​លោកស្រី​ប៉ាក់ គុនហេ។ ក៏​ប៉ុន្តែ នេះ​ជា​លើកទី១ បង្អស់​ដែល​មាន​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​ម្នាក់​បាន​ដាក់​ជើង​ជាន់ទឹកដី​អ៊ីរ៉ង់​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​ដើមបូព៌ា។ តាម​ពិត​ទៅ លោក​ប៉ាក់ ជុងហ៊ី​ដែល​កាន់​តំណែង​ប្រធានាធិបតី​កូរ៉េខាងត្បូង​ពី​ឆ្នាំ ១៩៦២ ដល់​ឆ្នាំ ១៩៧៩ ក៏​មាន​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​ដែរ។

តែ​ដំណើរ​ទស្សនកិច្ច​ដែល​គ្រោង​ធ្វើ​ក្នុង​ឆ្នាំ ១៩៧៩ ត្រូវ​បាន​លុបចោល​យ៉ាង​ទាន់ហន់​ភ្លាមៗ​ដោយសារ​មូលហេតុ​ពីរ​យ៉ាង ទី១ ចំ​ពេល​ដែល​អ៊ីរ៉ង់​ធ្លាក់​ក្នុង​បដិវត្តន៍​ផ្តួល​រំលំ​របប​ផ្តាច់ការ​របស់​ស្តេច​ស្ហា និង​ទី២ ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ ជុងហ៊ី​ត្រូវ​បាន​គេ​ធ្វើ​ឃាត​សម្លាប់​ក្នុង​ថ្ងៃទី២៦ តុលា ឆ្នាំ ១៩៧៩។ បន្ទាប់​មក​ទៀត ពោល​ចំ​ពេល​ដែល​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ផ្ទុះ​ឡើង និង​ចំ​ពេល​ដែល​អ៊ីរ៉ង់​បាន​ទទួល​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ គម្រោង​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង​ទៅ​អ៊ីរ៉ង់ ឬ​មួយ​ក៏​គម្រោង​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ទៅ​កូរ៉េខាងត្បូង​ក៏​ត្រូវ​បាន​ព្យួរ​មួយ​រយៈ តែ​មិនមែន​បំភ្លេច​ចោល​ទាំង​ស្រុង​ទេ។

ជា​ទូទៅ និង​ដោយ​មិន​និយាយ​ពី​អ៊ីរ៉ង់​ជាប់ ឬ​មិន​ជាប់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ក៏​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់​ជាមួយ​កូរ៉េខាងត្បូង ឬ​រវាង​អ៊ីរ៉ង់​ជាមួយ​កូរ៉េខាងជើង​នៅ​តែ​ល្អ និង​នៅ​បន្ត​ជា​លក្ខណៈ​មិត្តភាព​ដដែល គ្រាន់​តែ​ថា ជា​ទំនាក់ទំនង​មិន​ដូច​គ្នា និង​មាន​ប្រយោជន៍​ខុស​គ្នា។ គេ​អាច​និយាយ​បាន​ថា ទំនាក់ទំនង​រវាង​សេអ៊ូល និង​តេហេរ៉ង់​បាន​ផ្តោត​សំខាន់​លើ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ចំណែក​ទំនាក់ទំនង​រវាង​សេអ៊ូល និង​ព្យុងយ៉ាង​វិញ​បាន​ផ្តោត​សំខាន់​លើ​វិស័យ​យោធា ពិសេស​ក្នុង​វិស័យ​នុយក្លេអ៊ែរ។ អ្វី​ដែល​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​បាន​ព្យាយាម​មិន​លូកដៃ​ចូល​នោះ គឺ​ជម្លោះ​ផ្ទៃក្នុង​រវាង​បងប្អូនបង្កើត​គូសត្រូវ​កូរ៉េទាំង​ពីរ។ សារ​របស់​អ៊ីរ៉ង់​សម្រាប់​កូរ៉េ​មាន​តែ​មួយ គឺ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។

នៅ​ខាង​កូរ៉េ​ឯណោះ​វិញ ពិសេស​នៅ​ខាង​ត្បូង ទីក្រុង​សេអ៊ូល​បាន​ព្យាយាម​ឈរ​កណ្តាល​ដោយ​មិន​រវីរវល់ លូកលាន់​នឹង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​សហគមន៍​អន្តរជាតិ និង​ទីក្រុង​តេហេរ៉ង់​បាន​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ គឺ​ទើប​តែ​នៅ​ពេល​នេះ​ទេ​ដែល​ការ​ប្រឈម​មុខ​ដាក់​គ្នារវាង​សហគមន៍​អន្តរជាតិ និង​អ៊ីរ៉ង់​បាន​បិទបញ្ចប់​តាម​រយៈ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​មួយ​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥។ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ អ៊ីរ៉ង់​យល់ព្រម​បង្ហាញ​ពី​តម្លាភាព​នៅ​ក្នុង​កម្មវិធី​នុយក្លរអ៊ែរ​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ ក្រុម​ប្រទេស​បស្ចិមលោក រាប់​ទាំង​ប្រទេស​ដាក់​ទ័ណ្ឌកម្ម​អ៊ីរ៉ង់​ផង​កំពុង​បន្ត​កន្ទុយ​គ្នា​ចូល​ទៅ​ចែចូវ​ទីផ្សារ​អ៊ីរ៉ង់។ គឺ​ជា​ទីផ្សារ​ដែល​មាន​សក្កានុពល​ធំធេង​ណាស់​សម្រាប់​ក្រុម​អ្នកវិនិយោគ​បរទេស។

នៅ​ក្នុង​ន័យ​នេះ កូរ៉េខាងត្បូង​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា វា​ល្មម​ដល់​ពេល​ដែល​ខ្លួន​ត្រូវ​ចូល​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារ​អ៊ីរ៉ង់​ជាមួយ​ប្រទេស​ផ្សេង​ដែល​កូរ៉េខាងត្បូង​កំពុង​មាន​ប្រៀប​រួច​ស្រេច​ទៅ​ហើយ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​ក្នុង​ទឹកដី​ជង្រុក​ប្រេង​នៅ​ដើមបូព៌ា​មួយ​នេះ លោកស្រី​បាន​នាំ​ទៅ​ជាមួយ​នូវ​រដ្ឋមន្រ្តី​សំខាន់ៗ​ជា​ច្រើន​រូប ពិសេស​អ្នកជំនួញ​គ្រាក់ៗ​ជាង ២០០នាក់។ លោកស្រី​ប៉ាក់ គុនហេ​បាន​ដឹង​ច្បាស់​ថា សមមិត្ត​អ៊ីរ៉ង់​ពិត​ជា​មិន​អាច​ភ្លេច​រាត្រី​ទឹកឃ្មុំ​ដែល​ធ្លាប់​មាន​ជាមួយ​កូរ៉េខាងត្បូង​បាន​ឡើយ ពោល​រាត្រី​ទឹកឃ្មុំ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​ជំនាន់​ឱពុក​លោកស្រី គឺ​លោក​ប៉ាក់ ជុងហ៊ី។

ក្តីសង្ឃឹម​បាន​ក្លាយ​ជា​ការ​ពិត​ជាក់ស្តែង ព្រោះ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​នៅ​ក្រោយ​ជំនួប​រវាង​លោកស្រី​ប៉ាក់ គុនហេ និង​សមភាគី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី ទីក្រុង​សេអ៊ូល និង​តេហេរ៉ង់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ឆន្ទៈ​ក្នុង​ការ​គុណ ១ជាង៣ នូវ​ទឹកប្រាក់​ដោះដូរ​ពាណិជ្ជកម្ម​ពី ៥ ២០០លានដុល្លារ​ទៅ​ដល់ ១៨ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ជា​សរុប មាន​កិច្ចព្រមព្រៀង​ចំនួន ១៩ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​កូរ៉េខាងត្បូង និង​អ៊ីរ៉ង់​នា​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​របស់​លោកស្រី​ប៉ាក់ គុនហេ។ គឺ​ជា​កិច្ចសហប្រតិបត្តិការ​នៅ​សឹង​គ្រប់​វិស័យ មាន​តាំង​ពី​វិស័យ​ប្រេងឥន្ធនៈ ដឹកជញ្ជូន​ផ្លូវដែក កំពង់ផែ ឧស្ម័ន និង​ហេដ្ឋារចនាសម្ព័ន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ