អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជ័យជម្នះ​របស់​បក្ស​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ មានន័យ​យ៉ាងណា​ចំពោះ​អនាគត​របស់​ Brexit?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្សអភិរក្សនិយមរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេសបូរីស ចនសុន នៅថ្ងៃសុក្រ ទី១៣ ធ្នូនេះ បានដណ្តើមយកឈ្នះ ដោយសំឡេងភាគច្រើននៅសភា ទល់នឹងគណបក្សពលករដែលជា បក្សប្រឆាំង។ ជ័យជម្នះនេះ ត្រូវគេចាត់ទុកជាជោគជ័យដ៏ធំបំផុតមួយ របស់លោកបូរីស ចនសុន ចាប់តាំងពីឡើងកាន់តំណែងជាមេដឹកនាំអង់គ្លេសមក។  ដោយឡែក ក្រោយបក្សអភិរក្សនិយមរបស់លោកចនសុន ឈ្នះសំឡេងឆ្នោតភាគច្រើនរួចមក គេក៏ចោទជាសំណួរភ្លាមៗដែរ ថាតើជ័យជម្នះមួយនេះ មានឥទ្ធិពលយ៉ាងណាដែរ ចំពោះអនាគតរបស់ Brexit?

នាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុន ថ្លែងសុន្ទរកថា ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភាមុនកាលកំណត់ នៅថ្ងៃសុកទី ១៣ ធ្នូ ឆ្នាំ ២០១៩។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុន ថ្លែងសុន្ទរកថា ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភាមុនកាលកំណត់ នៅថ្ងៃសុកទី ១៣ ធ្នូ ឆ្នាំ ២០១៩។ REUTERS/Dylan Martinez
ផ្សាយពាណិជ្ជកម្ម

តើជ័យជម្នះរបស់គណបក្សអភិរក្សនិយមមានន័យយ៉ាងណាចំពោះអនាគត Brexit?

ការឈ្នះបានសំឡេងភាគច្រើននៅក្នុងសភា គឺជាអ្វីដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេសបូរីស ចនសុនចង់បានជាខ្លាំង ពីព្រោះថាមានតែជ័យជម្នះនេះទេ ដែលជាឧបករណ៍អាចជួយត្រួសត្រាយផ្លូវ ឲ្យអង់គ្លេសអាចចាកចេញពីសហភាពអឺរ៉ុបបាន ដោយគ្មានទាក់ទាមអ្វីទៀត ដូចគ្រាកន្លងមក។

ជាមួយនឹងការទទួលបានអាសនៈដ៏ច្រើន គឺកើនរហូតដល់ចំនួន ៣៦៤ ក្នុងចំណោមអាសនៈសរុបទាំងអស់ ៦៥០ លោកបូរីស ចនសុន ពិតណាស់ មានភាគរយច្រើន និងគ្មានឧបសគ្គច្រើនទៀតនោះទេ ក្នុងការផ្តាច់អង់គ្លេសចេញ ពីសហភាពអឺរ៉ុបតាមគោលបំណង។

ហេតុអ្វីបានជាដូច្នោះ? រឿងនេះគឺងាយយល់នោះទេ។ នៅពេលដែលគណបក្សរបស់លោកបូរីស ចនសុន ទទួលបានសំឡេងភាគច្រើន មានន័យថារដ្ឋាភិបាលរបស់លោក ក៏មិនពិបាកអី ក្នុងការស្វែងរកសំឡេងគាំទ្រពីសភាឲ្យបានគ្រប់គ្រាន់ ដើម្បីអនុម័តលើកិច្ចព្រមព្រៀង Brexit ដែលលោកសម្រេចបានជាមួយនឹងសហភាពអឺរ៉ុបទៀតនោះដែរ។

ជាក់ស្តែង ក្រោយបានដឹងអំពីជ័យជម្នះ ក្នុងការបោះឆ្នោតសភាមុនកាលកំណត់ភ្លាម ប្រមុខរដ្ឋអង់គ្លេសលោកបូរីស ចនសុន បានចេញមុខនិយាយដោយក្តីសង្ឃឹមថា នេះគឺជាជោគជ័យមួយ ដែលអាចជួយបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រចាស់របស់អង់គ្លេសពាក់ព័ន្ធនឹងសំណុំរឿង Brexit។ ជាបរាជ័យ ដែលលោកសំដៅដល់ការមិនអាចផ្តាច់ខ្លួនចេញពីអឺរ៉ុបបានជាច្រើនលើកច្រើនសា។  

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ក៏បាននិយាយដោយមុតមាំដែរថា ចាប់ពីថ្ងៃនេះទៅ លោកនឹងប្រឹងប្រែងធ្វើការទាំងថ្ងៃទាំងយប់។ គឺខំប្រឹង ដើម្បីដឹកនាំប្រទេសអង់គ្លេស ឲ្យចាកចេញពីសហភាពអឺរ៉ុបឲ្យខានតែបាន ទៅតាមកាលកំណត់ ពោលគឺនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ​។

តើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ ប្រសិនណាបើអង់គ្លេសផ្តាច់ខ្លួនចេញពីអឺរ៉ុប?

ក្នុងករណីដែលអង់គ្លេសរបស់លោកបូរីស ចនសុន លែងលះដាច់ស្រេច និងលែងមានសម្ព័ន្ធភាពអ្វីពិសេសជាមួយសហភាពអឺរ៉ុបទៀតនោះ រឿងបន្ទាប់ដែលអង់គ្លេសត្រូវធ្វើនោះគឺ ចាប់ផ្តើមភ្លាមៗនូវ ដំណើរការចរចាជាមួយសហភាពអឺរ៉ុបអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា។

គួររំឭកជូនឡើងវិញថា បើតាមការព្រៀងទុក អង់គ្លេស ត្រូវលែងលះគ្នាជាមួយអឺរ៉ុប នាថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០។ ក៏ប៉ុន្តែ គេត្រូវដឹងថា ទោះជាភាគីទាំងពីរអាចលែងលះគ្នាបានតាមកាលកំណត់មែននោះ នីតិវិធីលែងលះទាំងស្រុងមិនទាន់ត្រូវបានបញ្ចប់នោះទេ។

នេះមានន័យថា ក្រោយការលែងលះ ពេលអន្តរកាលមួយឆ្នាំនឹងចូលមកដល់ ពោលគឺចាប់ពីថ្ងៃទី៣១​ មករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលអន្តរកាលនេះ អង់គ្លេស ហើយនឹងសហភាពអឺរ៉ុប ដែលនៅសល់សមាជិកចំនួន ២៧ ប្រទេស ត្រូវបន្តជួបចរចាគ្នា ស្តីអំពីទំនាក់ទំនងពាណិជ្ជកម្ម។

ដំណើរការចរចាស្តីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស និងអឺរ៉ុប

បើតាម​មើល​ទៅ កិច្ចចរចា​ពាណិជ្ជកម្មរវាងអង់គ្លេស និងអឺរ៉ុប​​មិន​ប្រាកដថាអាចបញ្ចប់ទៅដោយងាយស្រួល និងទៅតាមកាលកំណត់​​នា​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០២០ បានដែរ។ មិនងាយស្រួលដោយហេតុថា ភាគីអង់គ្លេសមានមហិច្ឆតាខ្ពស់ ទាក់ទងនឹងការធ្វើជំនួញ-ដោះដូរពាណិជ្ជកម្មជាមួយនឹងប្រទេសអឺរ៉ុប​ ទាំង២៧ ក្រោយពេលលែងលះគ្នារួច។

នៅគ្រាកន្លងមក បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមានដូចជា BBC ជាដើម អង់គ្លេសរបស់លោកបូរីស ចនសុន ចង់ឲ្យអឺរ៉ុប បើកទូលាយនូវការនាំចូលមុខទំនិញ និងសេវាកម្មនានាពីប្រទេសអង់គ្លេស។ បន្ថែមលើនេះ គណបក្សអភិរក្សនិយម ដែលជាបក្សដឹកនាំរដ្ឋាភិបាលអង់គ្លេស ក៏ធ្លាប់បានបង្ហាញជំហរច្បាស់លាស់ផងដែរ ក្នុងការចាកចេញពីសហជីពពន្ធគយ និងប្រព័ន្ធទីផ្សារតែមួយជាមួយនឹងអឺរ៉ុប។

ក្រោមហេតុផលនេះ ដំណើរការចរចាអាចនឹងមិនងាយស្រួល និងត្រូវការពេលវេលាយូរ។ តែទោះជាយ៉ាងណាក៏ដោយ មានសេណារីយ៉ូពីរអាចកើតឡើងជុំវិញដំណើរចរចាពាណិជ្ជកម្មរវាងអង់គ្លេសនិងអឺរ៉ុបនេះ។

សេណារីយ៉ូទី១នោះគឺក្នុងករណីដែលសហភាពអឺរ៉ុប និងអង់គ្លេស អាចស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនឹងគ្នាបាន ភាគីទាំងពីរអាចចាប់ផ្តើមទំនាក់ទំនងថ្មីជាមួយគ្នា នៅក្នុងខែមករា ឆ្នាំ ២០២១។

ដោយឡែក ព្រឹត្តិការណ៍ពីរអាចនឹងកើតមានឡើងក្នុងករណីដែល អឺរ៉ុប និងអង់គ្លេសបរាជ័យក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងគ្នាបាន ដែលនេះស្ថិតនៅក្នុងសេណារីយ៉ូទី២។ ព្រឹត្តិការណ៍ទី១ នោះគឺ អង់គ្លេសត្រូវស្នើសុំពន្យារពេលចរចា និងទីពីរអង់គ្លេសត្រូវចាកចេញពីអឺរ៉ុបតែម្តងនៅដើមឆ្នាំ ២០២១ ដោយគ្មានសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីទាំងអស់ជាមួយអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ