អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើយន្តហោះ​ប៊ូអ៊ីង របស់ អ៊ុយក្រែន ផ្ទុះធ្លាក់ នៅ​អ៊ីរ៉ង់ ដោយសារ​មូលហេតុ​អ្វី ឲ្យ​ប្រាកដ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ៊ីរ៉ង់​នៅថ្ងៃ​សុក្រទី ១០ មករា បាន​ចេញមុខ បដិសេធ​ទាត់ចោល ការលើកឡើង​របស់​ក្រុមប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក កាណាដា និង​អង់គ្លេស ដែល​ថា យន្តហោះ​ប៊ូអ៊ីង ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ុយក្រែន បាន​ផ្ទុះ​ធ្លាក់​ដោយសារ រងត្រូវ​គ្រាប់​មីស៊ីល​របស់​អ៊ីរ៉ង់។ នៅ​ក្នុង​សន្នីសិទ​កាសែត នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ទីក្រុង​តេហេរ៉ង់ ប្រធាន​អង្គការ​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​បាន​បញ្ជាក់​ច្បាស់ៗ​ថា យន្តហោះ អ៊ុយក្រែន គ្មាន​បាន​រង ត្រូវ​គ្រាប់​មីស៊ីល​នោះ​ទេ។ នៅ​ក្នុង​រឿង​ផ្ទុះ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន កាលពី​ថ្ងៃ​ពុធ ដែល​បាន​សម្លាប់​អ្នកដំណើរ​ទាំងអស់ ១៧៦នាក់ ក្រុមប្រទេស​លោកខាងលិច និង​អ៊ីរ៉ង់ មានការលើកឡើង​ផ្ទុយគ្នា។

មន្រ្តីសន្តិសុខ​អ៊ីរ៉ង់ និង​ក្រុមកាកបាទក្រហម​អ៊ីរ៉ង់ នៅ​ទីតាំង​ដែល​យន្តហោះ​ដឹកអ្នកដំណើរ​អ៊ុយក្រែន​ផ្ទុះធ្លាក់​នៅក្រោយ​ហោះចេញពី​ព្រលាន​យន្តហោះ Imam Khomeiniកាលពី​ថ្ងៃទី ៨​មករា ២០២០
មន្រ្តីសន្តិសុខ​អ៊ីរ៉ង់ និង​ក្រុមកាកបាទក្រហម​អ៊ីរ៉ង់ នៅ​ទីតាំង​ដែល​យន្តហោះ​ដឹកអ្នកដំណើរ​អ៊ុយក្រែន​ផ្ទុះធ្លាក់​នៅក្រោយ​ហោះចេញពី​ព្រលាន​យន្តហោះ Imam Khomeiniកាលពី​ថ្ងៃទី ៨​មករា ២០២០ © Nazanin Tabatabaee/WANA (West Asia News Agency) via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្នីសិទ​កាសែត នៅ​ថ្ងៃ​សុក្រនេះ ប្រធាន​អង្គការ​អាកាសចរន៍​ស៊ីវិល​អ៊ីរ៉ង់​បាន​បញ្ជាក់ថា យន្តហោះ ប៊ូអ៊ីង​របស់​អ៊ុយក្រែន គ្មាន​រងត្រូវ​គ្រាប់​មីស៊ីល​នោះទេ។ ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​បាន​លើកឡើង​ដូច្នេះ នៅបន្ទាប់ពី​ក្រុមប្រទេស​លោក​ខាងលិច ដែលនៅក្នុង​នោះ មានផងដែរ នាយក​រដ្ឋមន្រ្តី​កាណាដា​បាន​អះអាងថា យន្តហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន​អាច​ត្រូវ​គ្រាប់ មីស៊ីល អ៊ីរ៉ង់។

នៅក្នុង​សន្នីសិទ​កាសែត កាលពី​ថ្ងៃ​ម្សិលមិញ នៅ​ទីក្រុង​អូតាវ៉ា លោក​នាយករដ្ឋមន្រ្តី កាណាដា Justine Trudeau បាន​និយាយថា កាណាដា បាន​ទទួល​ព័ត៌មាន​ជាច្រើន ពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កាណាដា ហើយ​និង​ប្រទេស​សម្ព័ន្ធមិត្ត ដែល​បង្ហាញ​ថា យន្តហោះប៊ូអ៊ីង របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ុយក្រែន​បាន​ផ្ទុះធ្លាក់ ដោយសារ​ត្រូវ​គ្រាប់មីស៊ីល​អ៊ីរ៉ង់។

សម្រាប់​នាយករដ្ឋមន្រ្តី កាណាដា វាអាច​ជា​រឿង​ឧប្បតិ្តហេតុ ពោល​គឺ​យន្តហោះ​អ៊ុយក្រែន អាចរង​ត្រូវ​គ្រាប់​មីស៊ីល ដោយ​គ្មាន​ការប៉ុនប៉ង ទុកមុន​ពី​ភាគី​អ៊ីរ៉ង់។ ប៉ុន្តែ យ៉ាងណាក៏ដោយ កាណាដា មាន​សំណួរ និង​រង់ចាំង ចង់​បាន​ចម្លើយ​ពីរឿងនេះ ព្រោះថា នៅក្នុង​ចំណោម​ជនរងគ្រោះ ទាំង ១៧៦​នាក់​ដែល​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​ផ្ទុះធ្លាក់យន្តហោះ អ៊ុយក្រែន មាន ៦៣នាក់ មាន​សញ្ជាតិ​កាណាដា។

នៅ​ថ្ងៃ​ម្សិលមិញដែរ មន្រ្តី​អាមេរិកាំង​បីនាក់ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ថា រដ្ឋាភិបាល​អាមេរិក​ក៏វាយតម្លៃដែរ​ថា អ៊ីរ៉ង់​បាន​ច្រឡំ​បាញ់​ទម្លាក់​យន្តហោះ ដឹកអ្នកដំណើរ​របស់​ក្រុមហ៊ុន​អ៊ុយក្រែន។ វ៉ាស៊ីនតោន បាន​សន្និដ្ឋាន​យ៉ាងដូច្នេះ ជាមួយ​នឹង​ការជឿជាក់​ខ្ពស់បំផុត បន្ទាប់​ពី​រូបភាព ផ្កាយរណប បង្ហាញ ស្នាម ដាន គ្រាប់​មីស៊ីល ពីរគ្រាប់​ដែល​គេ​បាញ់​ចេញ​ពីដី នៅ ២​នាទី ក្រោយ ដែល​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន អ៊ុយក្រែន ហោះចេញ ពី​ព្រលាន​យន្តហោះ អន្តរជាតិ នៅទីក្រុង​តេហេរ៉ង់។

សម្រាប់​អ្នកជំនាញ សេណារីយ៉ូ ដែល​ថា យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន​អ៊ុយក្រែន អាច​ត្រូវ​គ្រាប់​មីស៊ីល ជាសេណារីយ៉ូ ដែល​គួរ​ឲ្យ​ជឿជាក់​ច្រើនជាងគេ ព្រោះ​ថា យន្តហោះ​អ៊ុយក្រែន បាន​ផ្ទុះធ្លាក់ នៅ​តែ​ប៉ុន្មាន​ម៉ោង ក្រោយ ដែល​អ៊ីរ៉ង់ បាន​បាញ់​មីស៊ីល​ជាច្រើន​គ្រាប់​សំដៅ មូលដ្ឋាន​ទ័ព អាមេរិក នៅ​ទឹកដី​អ៊ីរ៉ាក់។ អ្នកជំនាញ អាមេរិក ជឿថា អ៊ីរ៉ង់ ដែល​អាច​ត្រៀមខ្លួន ប្រុងប្រៀប ការពារខ្លួន ពី​ការវាយប្រហារ វាយបក ណាមួយ ពី​អាមេរិក នៅក្រោយ​ការបាញ់មីស៊ីល​សំដៅ​មូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ង់ គឺ បាន​ពង្រឹង​ ដាក់​ឲ្យ​ដំណើរការ ប្រព័ន្ធខែល​មីស៊ីល ដែល​ផលិត​នៅ​ប្រទេស​រុស្ស៊ី។ ដោយសារ​តែ រ៉ាដា​របស់​យន្តហោះ ប៊ូអ៊ីង របស់​ក្រុមហ៊ុន​អ៊ុយក្រែន ស្រដៀង​គ្នា​ទៅ​នឹង​សញ្ញា​យន្តហោះ​ចម្បាំង អាមេរិក ភាគី​អ៊ីរ៉ង់ ​អាច​បាញ់​ច្រលំ ដោយនឹកស្មាន​ថា វា​ជា​យន្តហោះ​អាមេរិក ដែល​ចូល​មក​បាញ់​សងសឹក​អ៊ីរ៉ង់ នៅក្រោយ អ៊ីរ៉ង់ បាញ់​មីស៊ីល​សំដៅ​មូលដ្ឋានទ័ព​អាមេរិក នៅ​អ៊ីរ៉ាក់។

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ វិញ មិន​បាន​បញ្ជាក់​ការវាយតម្លៃ ជា​ឯកជន​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់អាមេរិកទេ ប៉ុន្តែ លោកនិយាយ​ថា លោកសង្ស័យ និង​មិនជឿថា យន្តហោះ អ៊ុយក្រែន​ធ្លាក់​ដោយសារ​បញ្ហា​បច្ចេកទេស។ លោក​ត្រាំ និយាយ​និយាយថា “វា​ធ្លាក់ ដោយសារ​អ្នកណាម្នាក់ យល់ច្រឡំ”។

អ៊ីរ៉ង់​អះអាងថា យន្តហោះ អ៊ុយក្រែន គ្មាន​រងត្រូវ​គ្រាប់​មីស៊ីល ទេ

នៅក្នុង​សន្នីសិទ​កាសែត នៅថ្ងៃ​សុក្រនេះ ប្រធាន​អង្គការ​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់ បាន​បញ្ជាក់ សាជាថ្មី ជាមួយ​នឹង​ការជឿជាក់​ខ្ពស់​ដែល​ថា យន្តហោះ​អ៊ុយក្រែន ដែល​ផ្ទុះធ្លាក់​កាលពី​ថ្ងៃ​ពុធ គ្មាន​រង​ត្រូវ​គ្រាប់​មីស៊ីល​នោះ​ទេ។ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា យន្តហោះ ប៊ូអ៊ីង របស់​ក្រុមហ៊ុន អ៊ុយក្រែន មាន​ភ្លើងឆេះ ពី៦០ ទៅ ៧០​វិនាទី មុន​នឹង​ធ្លាក់​ចុះ​មក​ដី។ តាម​ប្រធាន​អាកាសចរណ៍​ជាតិ​អ៊ីរ៉ង់ យន្តហោះ មាន​ភ្លើងឆេះ មុន​នឹង​ធ្លាក់ មិនមែន​មានន័យថា យន្តហោះ រងត្រូវ​គ្រាប់​មីស៊ីល​នោះទេ។

ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​ បាន​អំពាវនាវ​ឲ្យ​គេ​រង់ចាំ លទ្ធផល នៃការស៊ើបអង្កេត ហើយ​និង​ព័ត៌មានសំខាន់ ដែល​គេ​អាច​វិភាគ ដកស្រង់​ចេញពី ប្រអប់​ខ្មៅ​ទាំងពីរ មុន​នឹង​ធ្វើការ​សន្និដ្ឋាន​ណាមួយ។ ផ្ទុយពី​ព័ត៌មាន​ចុះផ្សាយ ដែល​ថា អ៊ីរ៉ង់ បដិសេធ មិន​ផ្តល់​ប្រអប់ខ្មៅ ទៅ​ឲ្យ​អាមេរិក អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​បានបើកទ្វារ ​បោះដៃ អញ្ជើញ ក្រុមអ្នកជំនាញ របស់​សហព័ន្ធ គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​អាមេរិក ហើយនិង​អ្នកជំនាញ របស់​ប្រទេស ផ្សេងទៀត ដែល​មាន​ជនរងគ្រោះ នៅក្នុង​គ្រោះថ្នាក់ ផ្ទុះធ្លាក់​យន្តហោះ អ៊ុយក្រែន ឲ្យ​ចូលរួម ក្នុង​ការស៊ើបអង្កេត រួម​ជាមួយ​ភាគី​អ៊ីរ៉ង់។

តាម​ប្រធានាធិបតី អ៊ុយក្រែន អ្នកជំនាញ​អ៊ុយក្រែន ជាង ៥០នាក់ បានធ្វើដំណើរ​ទៅដល់​ទីក្រុង​តេហរ៉ង់ កាលពី​ថ្ងៃ ព្រហស្បតិ៍ ដើម្បី ស្វែងរក​ភស្តុតាង និងចូលរួម​ស៊ើបអង្កេត​ជាមួយ អាជ្ញាធរ​អ៊ីរ៉ង់។ ប្រធានាធិបតី​អ៊ុយក្រែន មិន​បាន​ទាត់ចោល សេណារីយ៉ូ ដែល​ថា យន្តហោះ រង​ត្រូវ​គ្រាប់​មីស៊ីល ប៉ុន្តែ អ៊ុយក្រែន នៅ​រង់ចាំ​ព័ត៌មាន​លម្អិត ពី ប្រអប់ខ្មៅ មុន​នឹង​ធ្វើការសន្និដ្ឋាន ណាមួយ។

ហេតុការណ៍​លើកនេះ ធ្វើ​ឲ្យ​គេនឹក​ទៅដល់ យន្តហោះ ដឹកអ្នកដំណើរ​អ៊ីរ៉ង់ ដែល​ត្រូវ​អាមេរិក​បាញ់ទម្លាក់ នៅក្នុង​សង្រ្គាម ឈូង សមុទ្រពែរ្ស

ដរាបណា គេ​នៅមិនទាន់​អាច​វិភាគ​ព័ត៌មាន​នៅក្នុង​ប្រអប់ខ្មៅ របស់​យន្តហោះ គេ​នៅតែ​មិនដឹង តើ​យន្តហោះ ប៊ូអ៊ីង របស់​ក្រុមហ៊ុន​អ៊ុយក្រែន ឆេះ និង​ធ្លាក់​ដល់​ដី ដោយសារ​អ្វី។ គេ​ត្រូវ​រង់ចាំ ពេល​យូរ​តទៅទៀត ទម្រាំ​ដឹងចម្លើយ​ ព្រោះថា ការស៊ើបអង្កេត និង​ការវិភាគ លើ​ទិន្នន័យ ក្នុង​ប្រអប់ខ្មៅ ទាមទារ​ពេលវេលា​យូរ ហើយ​មាន​តែ​ប្រទេស​មួយចំនួនទេ ដូចជា អាមេរិក បារាំង និង​អាល្លឺម៉ង់ ដែល​មានអ្នកជំនាញ វិភាគ​ទិន្នន័យ​ក្នុង​ប្រអប់​ខ្មៅ។

បើសិន ជា​ព័ត៌មាន​នៅ​ក្នុង​ប្រអប់ខ្មៅ បង្ហាញ​ថា យន្តហោះ រងត្រូវ​គ្រាប់មីស៊ីល​របស់​ប្រព័ន្ធខែល​មីស៊ីលអ៊ីរ៉ង់ ដូចការវាយតម្លៃ​របស់​មន្រ្តី​ស៊ើបការណ៍​អាមេរិក មែន នោះ រឿងនេះ នឹង​ធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​ហេតុការណ៍​ដែល​នាវាចម្បាំង​របស់​អាមេរិក បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ីវិល ដឹក​អ្នកដំណើរ អ៊ីរ៉ង់ កាលពី​ឆ្នាំ ១៩៨៨ នៅ​អំឡុង សម័យ​សង្គ្រាម​ឈូង​សមុទ្រ​ពែរ្ស។ កាលណោះ នាវាចម្បាំង​អាមេរិក ដែល​ឈរជើង ប្រចាំការ នៅ​ដើមបូព៌ា ដើម្បី ការពារសុវត្ថិភាព ឲ្យ​កប៉ាល់​ដឹក​ប្រេង អាមេរិក បានបាញ់​ច្រលំ ទៅលើ​យន្តហោះ​ពាណិជ្ជកម្ម អ៊ីរ៉ង់ ដោយ​បានសម្លាប់ អ្នកដំណើរ​ទាំងអស់ ២៩០ នាក់។

អាមេរិក​ដំបូង ឡើយ និយាយយក រួចខ្លួនដោយថា ដោយសារ​តែ អ្នកបើកបរ​យន្តហោះ ដឹកអ្នកដំណើរ​អ៊ីរ៉ង់ មិន​ព្រមឆ្លើយ ផ្តល់​សញ្ញា ទៅ​ភាគី​អាមេរិក ទើប​អាមេរិកសម្រចចិត្ត​បាញ់​មីស៊ីល សំដៅ​យន្តហោះ​ដែល​អាមេរិក​ជឿថា ជា​យន្តហោះ ចម្បាំង​អ៊ីរ៉ង់​ ដែល​គ្រោះថ្នាក់​ដល់​នាវាចម្បាំង​អាមេរិក។

នៅ ឆ្នាំ ១៩៨៩ មួយឆ្នាំ​ក្រោយហេតុការណ៍ អ៊ីរ៉ង់​បាន​ប្តឹង​អាមេរិក​ទៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ប៉ុន្តែ នៅក្រោយមក អាមេរិក​ដែល​សំដែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់ជីវិត​ប្រជាជន​ស៊ីវិល បាន​សុខចិត្ត ចរចា​សម្របសម្រួល និង​បង់ថ្លៃ​សងជម្ងឺចិត្ត​ដល់​គ្រួសារ​ជនរងគ្រោះ​អ៊ីរ៉ង់​ទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ