អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហ្វេសប៊ុក​អភិវឌ្ឍ​បន្ថែម​នូវមុខងារ​ថ្មីៗ​របស់​កម្មវិធីផ្ញើសារ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្របពេលដែលវីរុសកូវីដ១៩ នៅតែបន្តរាតត្បាតខ្លាំងក្នុងពិភពលោក គេឃើញចលនា​នៃការផ្សព្វផ្សាយព័ត៌មានមិនពិតស្តីអំពីវីរុសនេះ ក៏កំពុងតែរីករាលដាលខ្លាំងគួរឲ្យ​បារម្ភ​ដូចគ្នា។ ការប្រយុទ្ធប្រឆាំងទៅនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជារឿងចាំបាច់បំផុត​មួយ ដែលគេត្រូវយកចិត្តទុកដាក់ខ្ពស់ ខណៈដែលពិភពលោកកំពុងរងគ្រោះខ្លាំងពីវិបត្តិ​កូវីដ​១៩។ ដោយហេតុនេះហើយ ទើបក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក គឺក្រុមហ៊ុន ហ្វេសប៊ុក បានចាប់ផ្តើមអភិវឌ្ឍបន្ថែមនូវមុខងារថ្មីៗរបស់កម្មវិធីផ្ញើសាររបស់ខ្លួន (Messenger) ដើម្បីរួមចំណែកក្នុងការទប់ស្កាត់វីរុសកូវីដ១៩ ដែលជាសត្រូវរបស់​មនុស្ស​លោក។ តើអ្វីជាយុទ្ធសាស្ត្ររបស់ហ្វេសប៊ុក ក្នុងការប្រយុទ្ធប្រឆាំងនឹងជងឺរាតត្បាតសកល?

ឡូហ្គូបណ្តាញសង្គមជាច្រើនរួមមានហ្វេសប៊ុក google និង Messengerជាដើម។
ឡូហ្គូបណ្តាញសង្គមជាច្រើនរួមមានហ្វេសប៊ុក google និង Messengerជាដើម។ AFP - DENIS CHARLET
ផ្សាយពាណិជ្ជកម្ម

វីរុសកូវីដ ១៩ គួរឲ្យខ្លាចគួរឲ្យបារម្ភណាស់ទៅហើយ ក៏ប៉ុន្តែ ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបណ្តាលឲ្យមានការយល់ខុសទាក់ទងនឹងវីរុសនេះ ក៏គួរឲ្យខ្លាចណាស់ដែរ នាពេលបច្ចុប្បនេះ។ ជាពិសេស ក្នុងបរិបទដែលប្រទេសជាច្រើន នៅទូទាំងពិភពលោក សម្រេចរាំងខ្ទប់ប្រជាពលរដ្ឋឲ្យនៅតែក្នុងផ្ទះ ដើម្បីទប់ស្កាត់កូវីដ១៩។ 

ស្ថិតក្នុងកាលៈទេសៈបែបនេះ កម្មវិធីបណ្តាញសង្គម ដូចជាកម្មវិធីផ្ញើសាររបស់ហ្វេសប៊ុក (Messenger) កាន់តែក្លាយជាមធ្យាបាយដ៏ពេញនិយមបំផុតមួយ របស់មនុស្សនៅជុំវិញ ពិភពលោក ក្នុងការរក្សាទំនាក់ទំនង និងទទួលបានព័ត៌មាន ពីអាជ្ញាធរសុខាភិបាល ពាក់ព័ន្ធនឹងរោគរាតត្បាតជាសកលដូចជាកូវីដ១៩ ។

ដោយយល់ច្បាស់ពីផលវិបាកខាងលើ ក្រុមហ៊ុនហ្វេសប៊ុក នៅសប្តាហ៍នេះ បានប្រកាស អំពីការចូលរួមរបស់ខ្លួន ជាមួយនឹងអង្គការសុខភាពនានានៅទូទាំងពិភពលោក ដើម្បីទប់ស្កាត់កូវីដ១៩។ ក្រុមហ៊ុនបណ្តាញសង្គមមួយនេះ ក៏បានប្រកាសដែរថានឹង ខិតខំធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់កម្មវិធីផ្ញើសារដ៏ពេញនិយមរបស់ខ្លួន ដែលមានចំនួន ជាង ១,៣ ពាន់លាននាក់ ទទួលបានព័ត៌មានដែលគួរឲ្យជឿទុកចិត្ត។

បើយោងតាមលោកស្ទេន ចូដនូវស្គី (Stan Chudnovsky) អនុប្រធានកម្មវិធី Messenger របស់ហ្វេសប៊ុក នៅថ្ងៃចន្ទ ទី២៣ មីនា ក្រុមហ៊ុនហ្វេសប៊ុក បានប្រមែប្រមូលអ្នកជំនាញ សូហ្វវែរជាច្រើននាក់ ដើម្បីអភិវឌ្ឍបន្ថែមនូវមុខងារថ្មីៗរបស់កម្មវិធីផ្ញើសារ សម្រាប់ជួយឲ្យ អង្គការសុខភាពនានា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតថ្មីបាន។ ។

ជាការពិត លោកស្ទេន បានពន្យល់ប្រាប់ថា ហ្វេសប៊ុកមានគោលបំណងសំខាន់ពីរ។ ទី១ នោះ គឺដើម្បីផ្តល់ជូននូវព័ត៌មានពិត ស្តីអំពីកូវីដ១៩ និងទី២ ជំរុញឲ្យមនុស្សកាត់បន្ថយ ការជួបមុខគ្នាផ្ទាល់ ដែលភាសាអង់គ្លេសហៅថា social-distancing។

បន្ថែមលើនេះ លោកស្ទេន បានបង្ហាញប្រាប់ពីកម្មវិធីសកលមួយ ជាកម្មវិធីបង្កើតឡើង ដើម្បីភ្ជាប់ភ្នាក់ងារសុខភាពរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសនានា និងទីភ្នាក់ងារ អង្គការសហប្រជាជាតិ ជាមួយនឹងអ្នកអភិវឌ្ឍកម្មវិធីរបស់ហ្វេសប៊ុក។

អ្នកអភិវឌ្ឍកម្មវិធីទាំងនេះហើយ ជាបុគ្គលដែលអាចបង្កើតនូវវិធីថ្មីៗ ដែលអនុញ្ញាតឲ្យគេអាចប្រើកម្មវិធីផ្ញើសារចែកចាយព័ត៌មានពិតបាន និងមួយទៀតគឺ បង្កើនល្បឿនឆ្លើយតប ចំពោះសំណួររបស់អ្នកប្រើប្រាស់។

ឧទាហរណ៍ដូចជា អ្នកបង្កើតសូហ្វវែរ ពួកគេ អាចជួយទីភ្នាក់ងារផ្នែកសុខភាពជាច្រើន ក្នុងការឆ្លើយតប សំណួរទូទៅដោយស្វ័យប្រវត្តិបាន ដើម្បីឱ្យបុគ្គលិករបស់ពួកគេ អាច បំពេញភារកិច្ចផ្សេងៗដែលលំបាកជាងនេះ។ មួយវិញទៀត អ្នកអភិវឌ្ឍកម្មវិធី ក៏អាច ជួយអង្គការ នានា ឱ្យប្រើសូហ្វវែរ ដើម្បីចែកចាយព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ទាក់ទងនឹងកូវីដ១៩បាន។

គួរកត់សម្គាល់ថា មានអង្គភាព ព្រមទាំងអង្គការជាច្រើនមានជាអាទិ៍ អង្គការយូនីសេហ្វ ក្រសួងសុខាភិបាលជាតិប៉ាគីស្ថាន កំពុងប្រើប្រាស់កម្មវិធីផ្ញើសាររបស់ហ្វេសប៊ុក ដើម្បធានាថា ប្រជាជនទទួលបានព័ត៌មានទាន់ហេតុការណ៍អំពីជំងឺកូវីដ១៩។ ចំណែកឯ នៅប្រទេសអាហ្សង់ទីនវិញ ក្រសួងសុខាភិបាលនៃប្រទេសនេះ កំពុងបើកឲ្យ ដំណើរការ នូវកម្មវិធីផ្ញើសារ ដើម្បីឆ្លើយនឹងសំណួររបស់សាធារណជន អំពីរោគរាតត្បាត ជាសកល នេះ។

គួរជ្រាបទៀតថា ក្រៅតែពីអភិវឌ្ឍកម្មវិធីផ្ញើសារ-Messenger​ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីវីរុសកូវីដ១៩ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកដូចជា ហ្វេសប៊ុក ក៏កំពុងស្រាវជ្រាវលើកម្មវិធីផ្សេងទៀតដែរ។ នោះ គឺជាកម្មវិធីសាកល្បងដាក់ កម្រិតយ៉ាងតឹងរ៉ឹង នូវចំនួនសារជជែកគ្នារបស់អ្នកប្រើប្រាស់ ដែលអាចបញ្ជូនបានក្នុងមួយដង។

ការកំណត់ចំនួនសារ ដែលអាចបញ្ជូនបន្តនេះ ត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវ ហ្វេសប៊ុក កាលពីចុងសប្តាហ៍កន្លងទៅ និងកំពុងស្ថិតក្រោយការអភិវឌ្ឍន៍នៅឡើយ ហើយនៅមិនទាន់បានធ្វើតេស្តលក្ខណៈទូលំលាយនោះទេ។

សូមរំឭកជូនដែរថា កាលពីដើមឆ្នាំ ២០១៩ ក្រុមហ៊ុនហ្វេសប៊ុក បានកំណត់ឲ្យអ្នក ប្រើប្រាស់កម្មវីធី WhatsApp អាចបញ្ជូនបានសារ ទៅដល់មនុស្ស៥នាក់ប៉ុណ្ណោះ ក្នុងពេលតែមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការផ្សព្វផ្យាយព័ត៌មានមិនពិត។  កាលពីមុន អ្នកប្រើ WhatsApp ដែលជាកម្មវីធីមួយរបស់ហ្វេសប៊ុក អាចបញ្ជូនសារទៅបុគ្គល ឬក្រុមចំនួន ២០ នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ