អានតួអត្ថបទ
អាមេរិក-បច្ចេកវិទ្យា-WhatsApp

WhatsApp ព្យាយាម​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ទាក់ទង​វីរុស​កូវីដ​១៩

ស្របពេលដែលវីរុសកូវីដ១៩ កំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងនៅក្នុងសកលលោក ព័ត៌មាន​មិនពិត​ទាក់ទងនឹងវីរុសនេះ ក៏កំពុងរាតត្បាតខ្លាំងដូចគ្នាដែរ ជាពិសេសតាមរយៈ WhatsApp​ ដែលជាកម្មវិធីមួយរបស់ហ្វេសប៊ុក។ ដោយមើលឃើញអំពីហានិភ័យ ដែលកម្មវិធីផ្ញើសារមួយរបស់ខ្លួន ត្រូវគេ​​​​​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​​ព័ត៌មានមិនពិត ក្រុមហ៊ុនហ្វេសប៊ុក បានដាក់ចេញនូវ​វិធានការ​ជាពិសេស​ភ្លាមៗ ដើម្បី​​ប្រយុទ្ធប្រឆាំងនឹង​ចលនាផ្សព្វផ្សាយព័ត៌មានមិនពិត​ទាំងនោះ​។

ស្លាកសញ្ញា Whatsapp ដែលត្រូវបានបោះពុម្ពជា 3D ជាមួយវីរុសកូវីដ១៩។
ស្លាកសញ្ញា Whatsapp ដែលត្រូវបានបោះពុម្ពជា 3D ជាមួយវីរុសកូវីដ១៩។ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

វិធានការ ដែលក្រុមហ៊ុនហ្វេសប៊ុកដាក់ចេញនោះគឺ ការដាក់ឲ្យដំណើរការ​នូវមជ្ឈមណ្ឌល​ព័ត៌មានថ្មី ដែលអ្នកប្រើប្រាស់ អាចទទួលបានព័ត៌មានពិត និងលឿនរហ័ស​ ស្តីអំពី​ជំងឺ​កូវីដ១៩។

មជ្ឈមណ្ឌលព័ត៌មានខាងលើ បង្កើតឡើងដោយមានកិច្ចសហការពីអង្គការ​សុខភាព​ជាច្រើន ក្នុងគោលដៅផ្តល់ជូននូវវិធីស្វែងរកព័ត៌មានដែលអាចជឿទុកចិត្តបាន និងវិធី​បញ្ឈប់ការផ្សព្វផ្សាយ​ព័ត៌មានមិនពិតជាដើម។ល។ កាលពីថ្ងៃពុធ  មជ្ឈមណ្ឌល​ព័ត៌មាន​នេះ បានដាក់ឲ្យដំណើរការហើយនៅក្នុងប្រទេស​អាមេរិក និងអឺរ៉ុប និងគ្រោងនឹង​ពង្រីកទៅកាន់ទីតាំងផ្សេងៗទៀតនាពេលខាងមុខ។

ក្រុមហ៊ុនហ្វេសប៊ុក បានឲ្យដឹងកាលពីថ្ងៃពុធ ទី១៨ មីនាដែរថា ​ខ្លួន បានបង្កើន​សមត្ថភាព​ម៉ាស៊ីន​មេ​សម្រាប់ WhatsApp ចំនួនទ្វេដង ដើម្បីជួយសម្រួលដល់​ការធ្វើទំនាក់​ទំនង​នានាដែលមាននៅក្នុងកម្មវិធី។

ក្រៅពីនេះ ហ្វេសប៊ុក ក៏បានបរិច្ចាគទឹកប្រាក់ចំនួន ១ លានដុល្លារផងដែរ ដល់បណ្តាញ​ត្រួតពិនិត្យព័ត៌មានអន្តរជាតិ ដើម្បីបង្កើនចំនួនអ្នកតាមដានព័ត៌មាន​ និងដើម្បីការពារកុំឲ្យ​មានការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយបន្តទៀត នៅលើកម្មវិធី WhatsApp។ នេះ គឺជាការ បញ្ជាក់ប្រាប់ពីប្រធានទទួលបន្ទុកផ្នែកសុខភាពរបស់ហ្វេសប៊ុក លោកកាំងស៊ីង ជិន (Kang-Xing Jin)។

ពាក់ព័ន្ធរឿងនេះដែរ នាយកប្រតិបត្តិហ្វេសប៊ុក លោកម៉ាក ហ្សាក់ឃឺបឺក បានមាន ប្រសាសន៍ថា​ គោលដៅរបស់​ក្រុមហ៊ុនលោក គឺធ្វើយ៉ាងណានាំមកនូវព័ត៌មាន​ដែលគួរឲ្យជឿទុកបាន ជូនអតិថិនរបស់ខ្លួន។

ជាមួយគ្នានេះ នាយកប្រតិបត្តិ​​រូបនេះ បានលើកឡើងដែរថា ក្រុមការងាររបស់លោក ខិតខំធ្វើការខ្លាំងណាស់ដើម្បីធ្វើឱ្យប្រាកដថា សេវាកម្មទាំងអស់របស់ក្រុមហ៊ុន ដំណើរការទៅដោយរលូន ពីព្រោះថា នេះ គឺជាកាលៈទេសៈដែលមនុស្ស​ចង់ភ្ជាប់​ទំនាក់ទំនងនឹងគ្នា។

គួរកត់សម្គាល់ថា នៅមួយរយៈចុងក្រោយនេះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ស្តីអំពី វីរុសកូវីដ១៩​ តាមរយៈកម្មវិធីWhatsApp កាន់តែរីករាលខ្លាំងគួរឲ្យបារម្ភ។​ ឧទាហរណ៍​ជាក់ស្តែងរួមមានពាក្យចចាមអារ៉ាមដែលថា គេអាចធ្វើតេស្តរកជំងឺកូវីដ១៩ ដោយខ្លួនឯង តាមរយៈ ការអត់ដង្ហើម ១០ ឬ ១៥វិនាទី ឬក៏ការលើកឡើងថា បរិភោគទឹកក្តៅញឹកញាប់ អាចជួយបង្ការការឆ្លងកូវីដ១៩បាន ជាដើម។ ទាំងនេះ សុទ្ធសឹង​ជា​ព័ត៌មាន​ដែល​ត្រូវ​បាន​អ្នក​ជំនាញ ក្នុងនោះ​រួមមាន​ទាំង​អង្គសុខភាព​ពិភពលោក​ផង ​បាន​បដិសេធ​ថា​ជា​រឿង​មិនពិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ