អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ​១៩​៖ សេដ្ឋកិច្ច​អាមេរិក​ក្នុង​ត្រី​មាស​ទី​១​ នៃ​ឆ្នាំ​២០២០​ ធ្លាក់​ចុះ​ខ្លាំង​កម្រ​មាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋអាមេរិក​ ជា​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​បំផុត​មួយ​ពី​ជំងឺ​រាតត្បាត​កូវីដ​១៩​។ គិត​ត្រឹម​ថ្ងៃ​ពុធ​ ទី​២៩​ មេសា​នេះ​ ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​ នៅ​អាមេរិក​ ហក់​ឡើង​ដល់​ជាង​ ១ លាន​នាក់​។ ក្រៅតែ​ពី​បង្ក​ជា​មន្តរាយ​ផ្នែក​សុខាភិបាល​ធ្ងន់ធ្ងរ​ កូវីដ​១៩​ ក៏​បាន​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ណាស់​ដែរ​ ដល់​សេដ្ឋកិច្ច​របស់​អាមេរិក​។ បើ​តាម​សេដ្ឋវិទូ​ វិបត្តិ​កូវីដ​១៩​ ទំនងជា​បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​អាមេរិក​នៅក្នុង​ត្រីមាសទី១ ​ឆ្នាំ​២០២០​នេះ​ ធ្លាក់​ចុះ​ខ្លាំង​បំផុត​កម្រ​មាន​ រាប់​ចាប់តាំង​ពី​ត្រីមាស​ទី១​ នៃ​ឆ្នាំ​ ២០០៩​ ក្នុង​អំឡុង​វិបត្តិ​សេដ្ឋកិច្ច​សកល​។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។ REUTERS - Carlos Barria
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្នភាព​ស្តីអំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋអាមេរិក​

រហូត​មកទល់​នឹង​ពេលនេះ​ មេរោគកូរ៉ូណាថ្មី​ ឬ​កូវីដ១៩​ បាន​ចម្លង​ទៅ​ដល់​មនុស្ស​ជាង​ ៣ លាន​ ១៤​ ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​ និង​សម្លាប់​មនុស្ស​ជិត​ ២២ ម៉ឺន​នាក់​។

ជា​ការពិត​ណាស់​ សហរដ្ឋ​អាមេរិក​ នៅតែជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ​ពី​ជំងឺ​កូវីដ​១៩​ និង​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​កើន​ឡើង​ដល់​ជាង ១​ លាន ៣​ម៉ឺន​នាក់​ ពោល​គឺ​ស្មើ​នឹង​ជិត​មួយ​ភាគបី​នៃ​ចំនួន​អ្នក​ឆ្លង​សរុប​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​។ ចំណែក​ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ​១៩​ នៅ​អាមេរិក​បាន​ហក់ឡើង​ដល់​ជិត​ ៦ ម៉ឺន​នាក់​ ពោល​គឺ​ច្រើន​ជាង​ពលរដ្ឋ​អាមេរិក​​ដែល​ស្លាប់​នៅ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​ទៅទៀត​។

ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ នៃ​ជំងឺ​កូវីដ​១៩​ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​បិទ​ការ​ចេញ​ចូល​ក្នុង​ទីក្រុង​ជាច្រើន​ស្ទើរ​តែ​ពាសពេញ​ផ្ទៃ​ប្រទេស​ទៅហើយ​ រហូត​ធ្វើឲ្យ​សង្វាក់​ផលិតកម្ម​ក្នុង​ប្រទេស​លែង​អាច​ដំណើរ​រលូន​ដូច​មុន​។ ដំណើរ​ការ​ជាប់គាំង​ស្ទើរ​គ្រប់​វិស័យ​ បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​អាមេរិក​ ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះទេ​។

បើតាម​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ វិបត្តិ​កូវីដ១៩ ទំនង​ជា​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​នៅ​ក្នុង​ត្រី​មាស​ទី១​ ឆ្នាំ​២០២០​នេះ​ ធ្លាក់​ចុះ​ខ្លាំង​បំផុត​កម្រ​មាន​ រាប់​ចាប់​តាំង​ពី​ត្រីមាស​ទី១ ឆ្នាំ​២០០៩​។ ឆ្នាំ ២០០៩ ជា​អំឡុង​ពេល​ដែល​ពិភពលោក​ទាំងមូល​ពើប​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​។

កត្តា​ស្នូល​ចំបងៗ​ដែល​រុញ​ច្រានឲ្យ​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចុះ​ខ្លាំង​

កត្តា​ស្នូល​ដំបូង​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​អាមេរិក​ ធ្លាក់​ចុះ​ខ្លាំង​បំផុត​កម្រ​មាន​នៅ​ត្រីមាស​ទី១​ ឆ្នាំ ​២០២០​នេះ​ គឺ​ការ​ធ្លាក់ចុះ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)។ GDP​ ថយចុះ​ ឆ្លុះ​បញ្ចាំងពី​ការធ្លាក់​ចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​អាមេរិក​ ក្នុង​រយៈពេល​ពីរ​អាទិត្យ​ចុងក្រោយ​នៃ​ខែ​មីនា​កន្លង​ទៅថ្មីៗ​នេះ​។

សកម្មភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ វា​ជាប់​ពាក់ព័ន្ធ​នឹង​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ដែរ​។ គិត​ត្រឹម​ថ្ងៃទី​ ២៩​ មេសា​នេះ​ ពលរដ្ឋ​អាមេរិក​ចំនួន​រាប់​លាន​នាក់​ ពោល​គឺ​ជាង​ ២៦​ លាន​នាក់​ បាន​បាតបង់​ការងារ​ធ្វើ​ និង​កំពុង​ស្វះស្វែង​រក​ជំនួយ​ពី​រដ្ឋាភិបាល​។

យោង​ទៅ​តាម​ការស្ទង់​មតិ​មួយ​ ធ្វើឡើង​ដោយ​សារព័ត៌មាន​ Reuters​ ជាមួយ​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាមេរិក​ ទំនង​ជា​ថយចុះ​ក្នុង​ចំនួន​ ៤ % បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​១​ ក្នុង​ឆ្នាំ​ ២០១៩​។ ការ​ថយ​ចុះ​នេះ​ គឺ​ដោយសារ​តែ​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​ មាន​ចំនួន​តិច​ជាង​មុន​ ហើយ​សង្វាក់​ផលិត​កម្ម​ទៀត​សោត​ ក៏​ធ្លាក់​ចុះ​ដូចគ្នា​ដែរ​។

ជាមួយគ្នា​នេះ​ បើ​តាម​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ ការ​ធ្លាក់ចុះ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាមេរិក​ក្នុង​ឆ្នាំ​ ២០២០ នេះ​ គឺជា​ការ​ធ្លាក់ចុះ​ខ្លាំង​បំផុត​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាមេរិក​ ចាប់​តាំងពី​ត្រីមាស​ទី​ ១​ ឆ្នាំ​ ២០០៩​ នៅ​ក្នុង​អំឡុង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​។

ទាក់ទង​រឿង​នេះ​ លោក Kwok Ping Tsang សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​ម្នាក់​នៅ​មហា​វិទ្យាល័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ Virginia បាន​លើកឡើង​ថា​ ចាប់ពី​ថ្ងៃ​ទី ១៩ ខែ​មីនា​ ដល់​ថ្ងៃទី​១៥​ ខែ​មេសា​ GDP របស់​អាមេរិក​ អាច​ធ្លាក់ចុះ​ជិត​ ១,២ ទ្រីលាន​ដុល្លារ​ ពោល​គឺ​ស្មើ​នឹង​ ២៦%​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។

ចំណែក​ កត្តា​ដ៏​សំខាន់​មួយ​ទៀត​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​អាមេរិក​ថមថយ​កម្លាំង​ គឺ​ការធ្លាក់​ចុះ​ នៃ​ការ​រកស៊ី​របស់​អាជីវកម្ម​នានា​ កាលពី​ត្រីមាស​មុន​។ ដោយសារ​តែ​វិបត្តិ​កូវីដ​១៩​ អាជីវកម្ម​ជាច្រើន​នៅ​អាមេរិក​ ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារ​ ហើយ​បាត់បង់​ប្រាក់​ចំណូល​រាប់ពាន់​លាន​ដុល្លារ​។ ចំណែក​ រដ្ឋាភិបាល​អាមេរិក​វិញ​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន​ដើម្បី​ជួយ​អាជីវកម្ម​ទាំងនោះ​។

គួរ​ជ្រាប​ថា​ ដើម្បី​ជួយ​អាជីវកម្ម​ក្នុង​ស្រុក​ សភា​អាមេរិក​បាន​អនុម័ត​កញ្ចប់​ថវិកា​ប្រមាណ​ ៣ ទ្រី​លាន​ដុល្លារ​ ហើយ​ធនាគារ​កណ្តាល​អាមេរិក​ ក៏​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ស្ទើរជិត​​សូន្យ​។ យ៉ាងណាក៏ដោយ​ អ្នក​ជំនាញ​សេដ្ឋកិច្ច​ និយាយ​ថា​ វិធានការ​របស់​រដ្ឋាភិបាល​ទាំងនេះ​ មិន​គ្រប់គ្រាន់​នោះ​ទេ​។

សេដ្ឋកិច្ច​អាមេរិក​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ពេល​អនាគត​ដ៏ខ្លី​

ជាការពិត​ បើ​តាម​អ្នក​ជំនាញ​ សេដ្ឋកិច្ច​អាមេរិក​កំពុង​ធ្លាក់​ចុះ​ខ្លាំង​ ហើយ​ទំនងជា​ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​។

នា​ខណៈពេល​នេះ​ សម្រាប់​សេដ្ឋវិទូ​ វា​ឆាប់​រហ័ស​ពេក​ណាស់​ក្នុងការ​និយាយ​អំពី​ការ​ស្ទុះងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​អាមេរិក​ ពីព្រោះថា​មាន​ការ​ព្យាករ​ថា​នឹង​មាន​វិបត្តិ​ក្ស័យធន​យ៉ាងច្រើន​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​នៅ​សហរដ្ឋ​អាមេរិក​។

នៅ​ពេល​អាជីកម្ម​ជាច្រើន​ត្រូវ​ជួប​វិបត្តិ​ក្ស័យធន​ សកម្មភាព​សេដ្ឋកិច្ច​អាមេរិក​ ក៏​មិន​អាច​ដំណើរ​ការល្អ​ឡើងវិញ​បាន​ ហើយ​មនុស្ស​ជាច្រើន​នឹង​បន្ត​អត់​ការងារ​ធ្វើ​។ បន្ទាប់​មក​ទៀត​ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាមេរិក​ ក៏​នឹង​ត្រូវ​បន្ត​ដាំក្បាល​ចុះ​បន្ថែម​ទៀត​ដែរ​។

ជុំវិញ​បញ្ហា​នេះ​ លោក​ Joe Brusuelas ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន​ RSM ក្នុង​ទីក្រុង​ញូវ​យ៉ក​បាន​និយាយ​ថា​ ផលិតផល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាមេរិក​ អាច​នឹង​ធ្លាក់​ចុះ​ដល់​ជិត​ ៤០% ​នៅក្នុង​ត្រីមាស​ទី​ ២​ នៃ​ឆ្នាំ​ ២០២០​នេះ​។

ការ​ធ្លាក់ចុះ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ រួមជាមួយ​អត្រា​អត់​ការងារធ្វើ​កំពុង​តែ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ​។ មាន​ប្រជាពលរដ្ឋ​អាមេរិក​មួយ​ចំនួន​ បាន​ចេញ​តវ៉ា​ឲ្យ​មាន​ការ​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​។

ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើងថា​ ការ​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ មិន​ប្រាកដ​ថា​អាច​ជួយ​ស្តារ​សេដ្ឋកិច្ច​អាមេរិក​នោះ​ទេ​។ ក៏ប៉ុន្តែ​ វា​អាច​នាំ​មក​នូវ​ហានិភ័យ​ថ្មី​ នៃ​ការ​ឆ្លង​ខ្លាំង​ជា​លើកទី​២​ នៃ​ជំងឺ​កូវីដ ១៩​ ហើយ​វិធានការ​បិទការ​ចេញ​ចូល​ក៏​ត្រលប់​មក​វិញ​សាជាថ្មី ចំណែក​ឯ​សេដ្ឋកិច្ច​អាមេរិក​ទៀត​សោត​ នឹង​ត្រូវ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​កាន់​តែ​អាកក្រ់​ជាងមុន​ដោយ​ជៀស​មិន​រួច​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ