អានតួអត្ថបទ
អាមេរិក-កូវីដ-១៩

កូវីដ-១៩៖លោកដូណាល់ ត្រាំប្រកាសផែនការផ្តល់សន្ទុះសេដ្ឋកិច្ចអាមេរិកឡើងវិញជា ៣ដំណាក់កាល

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​បង្ហាញ​ចេញ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា​នូវ​ផែនការ​ផ្តល់​សន្ទុះ​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​ជា ៣ដំណាក់កាល​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​រដ្ឋ​នីមួយៗ។ ការ​សម្រេច​របស់​លោក​ត្រាំ​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ចំនួន​អ្នក​ការងារ​ធ្វើ​ថ្មី​បាន​កើន​ឡើង​ដល់ ៥ ២០០ ០០០នាក់ គិត​តាំង​ពី​ថ្ងៃ​ផ្ទុះ​កូវីដ-១៩។ គ្រាន់​តែ​ក្នុង​រយៈពេល ១ខែ​ចុង​ក្រោយ ចំនួន​អ្នក​ការងារ​ធ្វើ​ថ្មី​មាន​ដល់​ទៅ​ជាង ២ ២០០ ០០០នាក់។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩ នៅ​អាមេរិក​បាន​ឡើង​ដល់ ៣២ ៩០០នាក់​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា។ តើ​ផែនការ​ផ្តល់​សន្ទុះ​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​ជា ៣ដំណាក់ការ​របស់​លោក​ត្រាំ​មាន​អ្វី​ខ្លះ?។

ប្រធានាធិបតី​អាមេរិក​លោកដូណាល់ ត្រាំប្រកាសផែនការផ្តល់សន្ទុះសេដ្ឋកិច្ចអាមេរិកឡើងវិញជា ៣ដំណាក់ការ ថ្ងៃទី១៦ មេសា ២០២០
ប្រធានាធិបតី​អាមេរិក​លោកដូណាល់ ត្រាំប្រកាសផែនការផ្តល់សន្ទុះសេដ្ឋកិច្ចអាមេរិកឡើងវិញជា ៣ដំណាក់ការ ថ្ងៃទី១៦ មេសា ២០២០ REUTERS - LEAH MILLIS
ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ ត្រាំ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​ពី​សេតវិមាន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា​នៅ​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ​ស្តីពី​ស្ថានភាព​កូវីដ-១៩។ « Opening Up America again » ឬ​បើក​សហរដ្ឋអាមេរិក​ឡើង​វិញ គឺ​ជា​ឈ្មោះ​ផែនការ​ផ្តល់​សន្ទុះ​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​របស់​លោក​ត្រាំ រួច​បន្ថែម​ថា វា​ដល់​ពេល​ដែល​សហរដ្ឋអាមេរិក​ត្រូវ​ផ្តើម​ដំណើរការ​ឡើង​វិញ​ហើយ។ តែ​លោក​ត្រាំ​បាន​គូសបញ្ជាក់​ថា ផែនការ​របស់​លោក​គ្រាន់​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​ប៉ុណ្ណោះ​ដោយ​លោក​ទុក​ឲ្យ​អភិបាលរដ្ឋ​នីមួយៗ​ជា​អ្នក​សម្រេច​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​វិវឌ្ឍន៍​របស់​ជំងឺ​កូវីដ-១៩។

នៅ​ក្នុង​ផែនការ​ផ្តល់​សន្ទុះ​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើង​វិញ លោក​ត្រាំ​មិន​បាន​កំណត់​ពេល​វេលា​ដែល​ត្រូវ​អនុវត្ត​ទេ តែ​បាន​ផ្តល់​ជា​អនុសាសន៍​ថា រដ្ឋ​មួយ​អាច​បើក​ការ​បិទខ្ទប់​ឡើង​វិញ​បាន លុះ​ត្រា​តែ​រដ្ឋ​នោះ​បាន​សម្គាល់​ឃើញ​ពី​ករណី​ធ្លាក់​ចុះ​នៃ​កូវីដ-១៩ ចំនួន ១៤ថ្ងៃ​ជាប់ៗ​គ្នា មន្ទីរពេទ្យ​មាន​សមត្ថភាព និង​លទ្ធផល​ក្នុង​ការ​ទទួល​អ្នក​ឆ្លង​កូវីដ-១៩ ថ្មី ឬ​មួយ​ក៏​មាន​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩ ក្រោម​ទ្រង់ទ្រាយ​ធំ​ជា​ដើម។ លោក​ត្រាំ​យល់​ថា ការ​បើក​ប្រទេស​ឡើង​វិញ​មួយ​ជំហាន​ម្តងៗ និង​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ទៀត​ដោយ​ប្រយ័ត្នប្រយែង គឺ​ដើម្បី​ចៀសវាង​ការ​ឆ្លង​រាលដាល​មេរោគកូរ៉ូណាថ្មី​ជា​លើកទី២។ តាម​លោក​ត្រាំ រដ្ឋ​ណា​ដែល​មាន​សុខភាព​ល្អ ពោល​មិន​សូវ​មាន​ករណី​កូវីដ-១៩ អាច​ចាប់​ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​ពី​ឥឡូវ​ទៅ ដូច​យ៉ាង​រដ្ឋ Montana Wyoming ឬ​មួយ​រដ្ឋ North Dakota។

ការ​ប្រកាស​ចេញ​នូវ​ផែនការ​ផ្តល់​សន្ទុះ​សកម្មភាព​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ​របស់​លោក​ត្រាំ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ថ្មី​ក្នុង​រយៈពេល ១ខែ​ចុង​ក្រោយ​មាន​ជាង ២ ២០០ ០០០នាក់ ហើយ​បើ​គិត​តាំង​ពី​ថ្ងៃ​ផ្ទុះ​ជំងឺ​កូវីដ-១៩ មក ចំនួន​ពលរដ្ឋ​អាមេរិក​ថ្មី​បាត់បង់​ការងារ​មាន​ដល់​ទៅ ៥ ២០០ ០០០នាក់។ ទន្ទឹម​គ្នា​នេះ អាមេរិក​ក៏​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយ​ជំងឺកូវីដ-១៩ ច្រើន​ជាង​គេ។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា ចំនួន​អ្នក​ឆ្លង​មាន​ជាង​កន្លះ​លាននាក់ ហើយ​ចំនួន​អ្នក​ស្លាប់​មាន ៣២ ៩០០នាក់ ក្នុង​នោះ​មាន​ជិត ១៥ ០០០នាក់​នៅ​ក្នុង​រដ្ឋ​ញូយ៉ក​តែ​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ