អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែលមាន​នាយករដ្ឋមន្រ្តី២រូប ដែលផ្លាស់ប្តូរវេនគ្នា ដឹកនាំ ម្តងម្នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​វិបត្តិ​ជាប់គាំង​នយោបាយ អស់១ឆ្នាំ​កន្លះ តើ​អ៊ីស្រាអែល នឹង​មាន​រដ្ឋាភិបាល​ដឹកនាំ​ត្រឹមត្រូវ ដែរឬទេ? រដ្ឋាភិបាល​ថ្មី​របស់​អ៊ីស្រាអែល ដែល​ជា​រដ្ឋាភិបាល​ចម្រុះ កើតចេញ​ពី​កិច្ចព្រមព្រៀង កាលពី​ខែ​មេសា ត្រូវ​ស្បថ​ចូល​តំណែង នៅថ្ងៃ​អាទិត្យ នេះ។ តាមកិច្ចព្រមព្រៀង កាលពី​ខែ មេសា នាយករដ្ឋមន្រ្តី​ផុតអាណត្តិ គឺ​លោកបិនចាមីន នេតាន់យ៉ាហ៊ូ ត្រូវ​​ផ្លាស់ប្តូរ​វេនគ្នា​ដឹកនាំ​ប្រទេស ជាមួយ ប្រមុខ​ដឹកនាំបក្ស​ប្រឆាំង អ៊ីស្រាអែល គឺ​លោក បេនី ហ្កង់។ ក្រៅពី បញ្ហា​សេដ្ឋកិច្ច ជំងឺរាតត្បាត​កូវីដ រដ្ឋាភិបាលរួបរួម​អ៊ីស្រាអែល ត្រូវ​ប្រឈម​នឹង​ការរិះគន់ ដាក់សម្ពាធ ពីអន្តរជាតិ ដោយសារ​ផែនការ​ចង់កាត់យកទឹកដី​ប៉ាឡេស្ទីន នៅ​ស៊ីហ្សកដានី និង​ជ្រលងភ្នំហ្សកដាំង របស់​ហ្សកដានី មកធ្វើ​ជាដែនដី​របស់ខ្លួន ចាប់ពី​ខែ កក្កដា​ឆ្នាំនេះ។ 

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បិនយ៉ាមែន នេតាន់យ៉ាហ៊ូ និង​លោក​បេនី ហ្កង់ ដែលជាគូប្រជែង (ឆ្វេង)
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បិនយ៉ាមែន នេតាន់យ៉ាហ៊ូ និង​លោក​បេនី ហ្កង់ ដែលជាគូប្រជែង (ឆ្វេង) REUTERS - Amir Cohen
ផ្សាយពាណិជ្ជកម្ម

នៅអ៊ីស្រាអែល រដ្ឋសភា បើកសម័យប្រជុំ​នៅថ្ងៃនេះ ដើម្បី​បោះឆ្នោត គាំទ្រ​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីស្រាអែល បន្ទាប់ពី​មាន​វិបត្តិជាប់គាំង​នយោបាយ អស់​១ឆ្នាំកន្លះ។ តាមគម្រោង រដ្ឋាភិបាល ថ្មី  ដែលជា​រដ្ឋាភិបាល​ចម្រុះ កើតចេញពី​ការចរចា​ដ៏ស្វិតស្វាញ រវាងអតីត​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង នឹងត្រូវ​ស្បថចូលកាន់តំណែង​នៅថ្ងៃ​អាទិត្យនេះ។ ការស្បថចូល​កាន់តំណែង​របស់​រដ្ឋាភិបាល​ថ្មី ត្រូវ​ធ្វើតាំង​ពី​ថ្ងៃ ព្រហស្បតិ៍ម្ល៉េះ ប៉ុន្តែ ត្រូវ​បាន​លើកពេលមកធ្វើ​នៅថ្ងៃនេះ​វិញ ទៅតាម​សំណូមពរ​របស់​លោកបិនចាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តី​ផុតអាណត្តិ។ លោក​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ បិនចាមីន នេតាន់យ៉ាហ៊ូ បាន​សុំ​លើកពេល ដោយ​មក​ពីលោក​នៅរើស​មិនទាន់​បាន​គ្រប់​សមាជិក​រដ្ឋាភិបាល​ថ្មី។ ឥលូវ​នេះ លោក​នេតាន់យ៉ាហ៊ូ រក​បាន​សមាជិក​គ្រប់គ្រាន់​ហើយ ដោយរង់ចាំ​តែ​ការបោះឆ្នោត ផ្តល់ទំនុកចិត្ត​ពីសភា​នៅថ្ងៃ អាទិត្យ នេះ តែប៉ុណ្ណោះ។ នៅ​ក្នុង​សុន្ទរកថា ថ្លែង នៅ​រដ្ឋសភា នៅ​២ម៉ោង មុននេះ លោក​នេតាន់យ៉ាហ៊ូ​បញ្ជាក់ថា រដ្ឋាភិបាល​ចម្រុះ នឹង​ត្រូវ​ចេញរូបរាង នៅថ្ងៃ​អាទិត្យនេះ ដោយ​ប្រាកដ ទៅតាម​ការទន្ទឹងចង់បាន​របស់​ប្រជាជន អ៊ីស្រាអែល។

រដ្ឋាភិបាល​ទី ៣៥ របស់អ៊ីស្រាអែល ដែល​ជា​រដ្ឋាភិបាល​ចម្រុះ កើតចេញមកពីការចាប់ដៃ​គ្នា​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង គឺ​ជារដ្ឋាភិបាល​ពិសេស ដែល​អាច​មានរដ្ឋមន្រ្តី​ដល់​ទៅ ៣៦នាក់ និង​អនុរដ្ឋមន្រ្តី​១៦នាក់។ នៅក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​វិញ គឺ​មាន​នាយករដ្ឋមន្រ្តី ដល់ទៅ ២រូប គឺ លោក​បិនចាមីន នេតាន់យ៉ាហ៊ូ និង​បេនី ហ្កង់។ តាមកិច្ចព្រមព្រៀង រវាង​គណបក្ស​របស់​អ្នកទាំងពីរ លោក​នេតាន់យ៉ាហ៊ូ និង​ហ្កង់ ត្រូវផ្លាស់ប្តូរគ្នា ម្តងម្នាក់ ដើម្បី ដឹកនាំ​រដ្ឋាភិបាល។

លោកនេតាន់យ៉ាហ៊ូ ត្រូវ​កាន់តំណែង​នាយករដ្ឋមន្រ្តី ក្នុង​រយៈពេល ១ឆ្នាំកន្លះ ចំណែក​លោក​បេនី ហ្កង់វិញ ត្រូវ​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ការពារជាតិ។ នៅ​១៨ខែ​ក្រោយ លោកហ្កង់ នឹង​ចូល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​វិញម្តង ដោយ​ទុក​ឲ្យ​លោក​នេតាន់យ៉ាហ៊ូ ត្រូវ​មកធ្វើ​ជា​នាយករដ្ឋមន្រ្តី​ត្រៀម ចាំផ្លាស់ប្តូរ។ រដ្ឋាភិបាលចម្រុះ រវាង​គណបក្ស​ស្តាំនិយមជ្រុល និង​គណបក្ស​ឆ្វេង កណ្តាលនិយម ​នឹង​មានអាយុ ៣ឆ្នាំ មុនមាន​ការបោះឆ្នោត ថ្មី ឬ​ក៏ត្រូវ​ពន្យារ​ពេល​តទៅទៀត។ នេះ​បើតាម​កិច្ចព្រមព្រៀង រវាងគូភាគី​នយោបាយ​ទាំងពីរ។

ពី​ខាង​លោកបេនី ហ្កង់ លោក​បាន​ចរចា ​ឲ្យ សមាជិកគណបក្ស​ខៀវ ស របស់​លោក អាច​កាន់តំណែង​សំខាន់​ដែរ​របស់រដ្ឋាភិបាល ដូចជា ក្រសួង ការបរទេស និង​ក្រសួង​យុត្តិធម៌ ជាដើម។ គោលដៅ​សំខាន់​របស់​រដ្ឋាភិបាល​រួបរួមជាតិ អ៊ីស្រាអែល​លើកនេះ ​ គឺ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាតកូវីដ ១៩ និង​ស្រោចស្រង់សេដ្ឋកិច្ច ដែល​ចុះខ្សោយ​ដោយសារ​តែវិបត្តិកូវីដ។

លោកបិនចាមីន នេតាន់យ៉ាហ៊ូ នឹង​ត្រូវតុលាការ​បើកការជំនុំជម្រះ នៅ​ថ្ងៃ​ទី ២៤​ឧសភា

តើ​នាយករដ្ឋមន្រ្តី ដែលកំពុង​កាន់អំណាច អាច​ត្រូវ​ចោទប្រកាន់ និង​ការជំនុំជម្រះ នៅ​តុលាការ​បានយ៉ាងម៉េច? នេះជាអ្វី​ដែល​ក្រុមបាតុករ​បានស្រែក តវ៉ាឡើង នៅក្នុង​បាតុកម្ម ប្រឆាំង កាលពី​ថ្ងៃ​សុក្រ  នៅមុខ​រដ្ឋសភាអ៊ីស្រាអែល។ សម្រាប់ពួកគេ បុគ្គល​ដែល​តុលាការ​កំពុង​ចោទប្រកាន់​ពីបទប្រព្រឹត្ត​អំពើពុករលួយ​គ្មានសិទ្ធិ​ស្របច្បាប់​ដើម្បី​ដឹកនាំ​ប្រទេស​នោះទេ។ ក្រុមបាតុករ​អ៊ីស្រាអែល បាន​រិះគន់ ផងដែរ លោក​បេនី ហ្កង់​ថា ដោយ​ចូលរួម​ដឹកនាំ​រដ្ឋាភិបាល ចម្រុះ លោក​បេនី​ហ្កង់ ក៏​កំពុង​ចូលរួម​ផ្សំគំនិត​ជាមួយ លោក នេតាន់យ៉ាហ៊ូ ដែល​ជា​មេដឹកនាំ​ពុករលួយ។

តុលាការ​កំពូល​ឯណោះវិញ វាយតម្លៃ​ថា នៅអ៊ីស្រាអែល គ្មាន​ច្បាប់​ណា​ដែល​ហាមឃាត់​បុគ្គល​ដែលត្រូវ​រងការចោទប្រកាន់​នៅតុលាការ មិន​ឲ្យ​កាន់តំណែង​នាយករដ្ឋមន្រ្តី​នោះទេ។ តុលាការ​កំពូល​អ៊ីស្រាអែល ធ្លាប់​បាន​បើកសវនការ ដើម្បី​សិក្សា​ពី​ភាពស្របច្បាប់ នៃការបង្កើត​រដ្ឋាភិបាល​ចម្រុះ ដែល​មាន​បែងចែក ការដឹកនាំគ្នា​ម្តងម្នាក់ របស់​គណបក្ស​ទាំងពីរ និង​ពី​ស្ថានភាព​របស់​លោក បិនចាមីន នេតាន់យ៉ាហ៊ូ។ ប៉ុន្តែ នៅទីបំផុត តុលាការ​កំពូល ក៏បាន​សម្រេច​បើកភ្លើងខៀវ ឲ្យគេ​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ សម្រាប់ ចៅក្រម​របស់​តុលាការ​កំពូល ការសម្រេច​បែបនេះ មិនមែន​មានន័យថា បទចោទប្រកាន់​ទៅលើ​លោក​នេតាន់យ៉ាហ៊ូ ចុះខ្សោយ នោះទេ។

នៅក្នុង​ពេល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី លោក​នឹង​ប្រឈម​នឹង​ការជំនុំជម្រះ ដដែល ទៅតាម​ការចោទប្រកាន់​រដ្ឋអាជ្ញា​អ៊ីស្រាអែល ដែល​បាន​ចោទលោក ពីបទ​ ប្រព្រឹត្ត​អំពើ​ពុករលួយ លួច​បន្លំ និង​រំលោភ​ទំនុកចិត្ត។ លោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល កំពុង​ជាប់​សំណាញ់់ ក្នុង​សំណុំ​រឿងសង្ស័យ​ដ៏​ធ្ងន់ធ្ងរ​មួយ​ទាក់ទងនឹង​ការលួច​ចុះ​កិច្ចព្រមព្រៀង​ដោយ​ស្ងាត់ៗ​ជាមួយ​ម្ចាស់​សារព័ត៌មានជាតិ​អ៊ីស្រាអែល ដើម្បី​ឱ្យ​កាសែត​នេះ​ចុះ​ផ្សាយ​​តែ​ព័ត៌មាន​ល្អៗ​លើក​តម្កើង​លោក​ជា​នាយក​រដ្ឋមន្ត្រី។ នៅមាន​សំណុំ​រឿង​សង្ស័យ​មួយទៀត ដែល​ថា​លោក​នេតាន់យ៉ាហ៊ូ​​ប្រព្រឹត្ត​អំពើ​​ពុករលួយ និង​កេង​បន្លំ ដោយ​បាន​ទទួល​កាដូ​​ខុស​ច្បាប់​ពីក្រុម​អ្នក​ជំនួញ​​ជាតិ​និង​អន្តរជាតិ។

ដរាប​ណា តុលាការ​នៅមិនទាន់ កាត់ទោស​លោក ឲ្យ​ជាប់ពន្ធនាគារ ឬ​ថា បណ្តឹងក្តីក្តាំ នៅមិនទាន់​ចប់សព្វគ្រប់ លោក​នេតាន់យ៉ាហ៊ូ នៅតែ​អាច​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ដដែល។ លោក​នេតាន់យ៉ាហ៊ូ ទំនង​រួចផុត​ពីការដកតំណែង នាយករដ្ឋមន្រ្តី ដោយសារ​តែ​ការសម្រេច​ផ្តន្ទាទោស​ណាមួយ​របស់​តុលាការ ពីព្រោះថា សវនការ លើ​សំណុំរឿង​របស់​លោក​អាច​ត្រូវការ​ពេល​ដល់ទៅ ៤ឆ្នាំ គឺ​នៅ​ក្រោយ លោក​ត្រូវ​បញ្ចប់​អាណត្តិថ្មី​ទៅទៀត។

អឺរ៉ុប​ដុតដៃ ដុតជើង ដើម្បីបញ្ចុះបញ្ចូល​រដ្ឋាភិបាល​ថ្មី​របស់អ៊ីស្រាអែល កុំឲ្យអនុវត្ត​ផែនការ​កាត់យកទឹកដី​ប៉ាឡេស្ទីន

មិនទាន់​ចូល​កាន់តំណែង​ពេញលេញផង រដ្ឋាភិបាល​ចម្រុះ​អ៊ីស្រាអែលបាន​រងរិះគន់ និងការទាមទារ រួចទៅហើយ ពីសហគមន៍ អន្តរជាតិ ដោយសារ​ គម្រោង​របស់អ៊ីស្រាអែល ក្នុង​ការកាត់​យក​ដែនដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​កាន់កាប់ នៅ​ស៊ីហ្សកដានី។

នៅថ្ងៃ​សុក្រ ប្រមុខ​ដឹកនាំ​ការបរទេស​របស់​បណ្តាប្រទេស​អឺរ៉ុប បាន​ត្រៀម​រៀបចំ​សេចក្តីថ្លែងការណ៍​មួយ ព្រមាន រដ្ឋាភិបាល​ថ្មី របស់អ៊ីស្រាអែល ពីផលវិបាក ក្នុង​ករណី កាត់យក​ទឹកដី​ប៉ាឡេស្ទីន មកធ្វើ​ជា​កម្មសិទ្ធិរបស់ខ្លួន ដែល​ផ្ទុយនឹង​ច្បាប់​អន្តរជាតិ។

បន្ទាប់ពី​សម្ព័ន្ធអារ៉ាប់ សហភាពអឺរ៉ុប នៅប៉ុន្មាន​ថ្ងៃ​នេះ សកម្មខ្លាំងណាស់​ដើម្បី បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីស្រាអែល កុំ​ឲ្យ​លេប​យក​ទឹកដី​របស់​ប៉ាឡេស្ទីន។ ប្រមុខការបរទេស អឺរ៉ុប​បាន​ធ្វើសំបុត្រ​ព្រាង មួយ ដែល​នឹង​សម្រេច​ផ្ញើ​ទៅ​រដ្ឋាភិបាលថ្មី​របស់​អ៊ីស្រាអែល នៅថ្ងៃ​ចន្ទ។ នៅក្នុង​សំបុត្រ អ្នកតំណាង​របស់​ប្រទេស​អឺរ៉ុប​ចង់​អបអរ​សាទរ​រដ្ឋាភិបាល​ថ្មី។

ប៉ុន្តែ ជាមួយគ្នានេះ អឺរ៉ុប​បាន​ព្រមានផងដែរ បើសិន អ៊ីស្រាអែល​គ្រោង​អនុវត្ត​ផែនការ​សន្តិភាព​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ ចាប់ពី​ខែ​កក្កដា​ខាងមុខ​មែននោះ។ តាម​ផែនការ​ដោះស្រាយ​វិបត្តិ​នៅដើមបូព៌ា ដែលលោកដូណាល់ ត្រាំ បាន​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល អ៊ីស្រាអែល អាច​យកដី​ក្នុង​តំបន់​អាណានិគមកិច្ច​របស់ខ្លួន នៅ​ស៊ីហ្សកដានី ដែល​ជាទឹកដី​របស់​ប៉ាឡេស្ទីន មកធ្វើ​ជា​ទឹកដី​របស់​អ៊ីស្រាអែល។

សម្រាប់ភាគីអឺរ៉ុប ការភ្ជាប់​យកទឹកដី ប៉ាឡេស្ទីន ដោយ​ខុសច្បាប់​អន្តរជាតិ មិនខុស​អ្វី ពី​ការរំលោភ​យក​ទឹកដី​គ្រីមេ របស់​អ៊ុយក្រែន ពីសំណាក់​រុស្ស៊ីនោះទេ។ ការកាត់យកទឹកដី​គ្រីមេ របស់អ៊ុយក្រែន បានធ្វើ​ឲ្យ​រុស្ស៊ី​រង​ការដាកទណ្ឌកម្ម​សេដ្ឋកិច្ច​ពីសហគមន៍អន្តរជាតិ និងជាពិសេស​ពីអឺរ៉ុប។ នៅក្នុងករណី​អ៊ីស្រាអែល ភាគីអឺរ៉ុប​មិនទាន់ចង់​និយាយ​ពី​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​អ្វីទេ ដោយ​ចង់​ឲ្យមាន​ការចរចា ដើម្បីជៀសវាង​ការដាក់ទណ្ឌកម្ម​ណាមួយ។ គេ​វាយតម្លៃថា លោក​បេនី ហ្កង់ និង​រដ្ឋមន្រ្តីការបរទេស​ថ្មី​របស់អ៊ីស្រាអែល ដែល​ជា​អ្នកនយោបាយ​អ៊ីស្រាអែល មិនជ្រុលនិយម និងមិនចង់​បានការថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ ទំនង​ជា​នឹងជួយ ពន្យឺត អូសទាញ មិន​ឲ្យ​លោក​នេតាន់យ៉ាហ៊ូ អាច​សម្រេច​តាមផែនការ ក្នុង​ការកាត់យក​ទឹកដី ប៉ាឡេស្ទីន ដោយ​ខុសច្បាប់​អន្តរជាតិ ដែល​គ្រោងធ្វើ​ចាប់ពីខែ​កក្កដា ឆ្នាំ២០២០។

អឺរ៉ុប​អាច​ដាក់ទណ្ឌកម្ម​ទៅលើអ៊ីស្រាអែល ដូចជា ឈប់អនុគ្រោះពន្ធ​លើទំនិញអ៊ីស្រាអែល ឈប់​សហការ​ផ្នែកស្រាវជ្រាវ និង​ដោះដូរពាណិជ្ជកម្ម​ផ្សេងៗ។ ប៉ុន្តែ សម្រាប់​អ្នកវិភាគ ការដាក់ទណ្ឌកម្ម​ណាមួយ​ទៅលើ​អ៊ីស្រាអែល ពីសំណាក់សហភាពអឺរ៉ុប​ពិបាក​នឹង​កើតឡើង ព្រោះ​ថា ប្រទេស​សមាជិក​អឺរ៉ុប បែកបាក់គ្នា គ្មានការយល់ស្របគ្នា​ទាំងស្រុង​នោះទេ ក្នុង​រឿង​ដាក់ទណ្ឌកម្ម​លើ​អ៊ីស្រាអែល នោះទេ។ ចង់ មិនចង់ អ៊ីស្រាអែល​ជាដៃគូ​សំខាន់​មួយ​របស់អឺរ៉ុប នៅ​តំបន់​ដើមបូព៌ា។

មួយវិញទៀត ក្រៅតែពី​ចង់​កាត់យក​ទឹកដី​ប៉ាឡេស្ទីន អ៊ីស្រាអែល​មានគម្រោង​ផងដែរ ចង់​កាត់យក​ជ្រលងភ្នំហ្សកដាំង ដែល​ជាប់ជាមួយ​ព្រំដែនហ្សកដានី​មកធ្វើ​ជា​ទឹកដី​របស់ខ្លួន។ ប្រតិកម្ម​ទៅនឹង​ផែនការ​របស់អ៊ីស្រាអែល អាមេរិក ព្រះចៅហ្សកដានី នៅថ្ងៃសៅរ៍នេះ បាន​ប្រាប់ កាសែត​អាល្លឺម៉ង់​ថា ​ផែនការ​របស់អ៊ីស្រាអែល នឹង​បង្ក​ភ្លើងកំហឹង ជម្លោះជាមួយ​ហ្សកដានី។ អ្នកជំនាញ​វិញធ្លាប់ព្រមានថា ហ្សកដានី នឹង​ឈប់​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល ឆ្នាំ ១៩៩៤ បើសិន​អ៊ីស្រាអែល​ផ្គើន​ចង់​ភ្ជាប់យក​ជ្រលងភ្នំហ្សកដាំង ទៅធ្វើ​ជា​ទឹកដី​របស់ខ្លួន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ