អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល រងការព្រមានរឿងធ្វើចង់កាត់យកដីនៅតំបន់ស៊ីហ្សកដានី ពី​ប៉ាឡេស្ទីន

អ៊ីស្រាអែល​មិនទាន់​​​រដ្ឋាភិបាលថ្មី​ទេ ប៉ុន្តែនៅក្នុង​កិច្ចព្រមព្រៀង​បង្កើត​រដ្ឋាភិបាល​ចម្រុះ ចុះហត្ថលេខា​ដោយ​លោកនេតាន់យ៉ាហ៊ូ និង​បេនីហ្កង់ កាលពី​សប្តាហ៍​មុន មាន​វិធានការ​មួយ​រង​ការ​រិះគន់​​ និងបំផុស​​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ។ នោះ​គឺ​គម្រោងក្រសោប​យក​​ផ្នែក​ជា​ច្រើននៃ​​តំបន់​ស៊ីហ្សកដានីដែល​ជាប់​ក្រោម​អាណានិគមកិច្ច​ មក​ជា​របស់​អ៊ីស្រាអែល ចាប់​ពី​ថ្ងៃទី ១​កក្កដា ២០២០​ទៅ។ ​ប្រទេស និង​អង្គការ​​ជា​ច្រើន បាន​នាំ​គ្នាស្រែក​ព្រមាន​អំពី​ទស្សនៈវិស័​យ​​ឈ្លានពានដ៏​​​គ្រោះ​ថ្នាក់​មួយនេះ។

ជំនួប​ប្រជុំ​ក្រុម​សម្ព័ន្ធអារ៉ាប ជុំ​វិញ​គម្រោង​ចង់ក្រសោប​យកដី​តំបន់ស៊ីហ្សកដានី​របស់អ៊ីស្រាអែល
ជំនួប​ប្រជុំ​ក្រុម​សម្ព័ន្ធអារ៉ាប ជុំ​វិញ​គម្រោង​ចង់ក្រសោប​យកដី​តំបន់ស៊ីហ្សកដានី​របស់អ៊ីស្រាអែល Arab League/AFP
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ​អារ៉ាប​បាន​ធ្វើ​ការ​ព្រមាន​ខ្លាំង​ជាង​គេ។ នៅ​ក្នុង​ជំនួប​ប្រជុំ​តាម​វីដេអូខុនហ្វេរិន កាលពីថ្ងៃព្រហស្បតិ៍ទី ៣០​មេសា រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុមប្រទេស​ជា​សមាជិក​សម្ព័ន្ធ​អារ៉ាប​ បានអះអាង​ថា “គម្រោងក្រសោប​យក​​ ផ្នែក​ណាមួយ​ជា​ដែនដី​ប៉ាឡេស្ទីនក្រោម​អាណានិគមកិច្ច​ គឺ​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រឆាំង​នឹង​ពលរដ្ឋ​ប៉ាឡេស្ទីន”។

ក្នុង​ថ្ងៃតែ​មួយ​ ប្រមុខ​ការ​ទូត​សហភាព​អឺរ៉ុប ចំនួន​១១​ប្រទេស​ ក៏បាន​រៀប​ចំ​សំណុំបែប​បទតវ៉ា ជា​ផ្លូវការ​ ​ដាក់​ជូន​ទៅ​ក្រសួង​ការបរទេស​អ៊ីស្រាអែល។ តំណាង​ការទូត​អឺរ៉ុប បាន​គូសបញ្ជាក់​ថា រាល់គ្រប់​សកម្មភាព​ក្រសោប​យក​ដែនដី ជា​ការ​រំលោភ​ យ៉ាង​ច្បាស់​ទែង ច្បាប់​អន្តរជាតិ។ ទង្វើ​បែប​នេះ នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ ចំពោះ​ស្ថិរភាព​តំបន់ និង ​​តួនាទី​របស់​អ៊ីស្រាអែលនៅ​លើ​ឆាកអន្តរជាតិ។

សម្រាប់ពេល​នេះ និង​ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល គម្រោងកាត់​យក​ដី​​អាណានិគមកិច្ច​របស់​អនាគតរដ្ឋាភិបាល​អ៊ីស្រាអែល​ថ្មី​ក្រោមកិច្ចព្រមព្រៀង​រវាង​​លោកនេតាន់យ៉ាហ៊ូ និង​លោក ហ្កង់ បាន​ទទួល​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​អ៊ីស្រាអែល។ រដ្ឋាភិបាល​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ត្រៀម​ទទួល​ស្គាល់​បូរណភាព​ដែនដី​អ៊ីស្រាអែលនៅ​តំបន់​ស៊ីហ្សកដានី និង​ត្រៀម​ធ្វើការ​ជាមួយ​អាជ្ញាធរ​អ៊ីស្រាអែល ដើម្បី​កំណត់ព្រំ តំបន់​ដែល​អ៊ីស្រាអែល​ត្រូវ​កាត់​យក។ ជាមួយគ្នានេះ រដ្ឋបាល​អាមេរិក​ក៏​បាន​គូស​បញ្ជាក់​ទៀត​ថា ផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយ​ប្រធានាធិបតី​ ដូណាល់ ត្រាំ កាលពី​ខែ​មករា ក៏​មាន​គិត​គូរ​ផ្តល់​សន្ទុះ​ដល់​ការ​ចរចាសន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន  និង​ការ​ទទួល​ស្គាល់​ប៉ាឡេស្ទីន​ ជា​រដ្ឋ​​មួយ​ពេញ​លេញ​ទៅ​ថ្ងៃអនាគត។ តែ​សំណើនេះ​ត្រូវ​បាន​បក្ស​ស្តាំ​និយម​អ៊ីស្រាអែល​ ច្រាន​ចោល​មួយ​ភាគ។

សូមបញ្ជាក់​ថា ក្រោយ​ពី​បោះឆ្នោតសភា​ដល់​បី​លើកនិង​ជាប់​គាំង​នយោបាយ​បង្កើត​រដ្ឋាភិបាលថ្មី​មិន​ចេញ​អស់​ជាងច្រើន​ខែ លោក​នេតាន់យាហ៊ូ និង​លោក បេនីហ្កង់ បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃទី ២០​មេសា បង្កើត​រដ្ឋាភិបាល​ចម្រុះ​និង​បែង​ចែក​ការ​ដឹកនាំ​រដ្ឋាភិបាល​ម្តង​ម្នាក់។ កិច្ចព្រមព្រៀង​ក៏​មានកំណត់​អំពី​វិធានការដ៏​ចម្រូង​ចម្រាស​ជា​ច្រើន​ មាន​ជាអាទិ៍​វិធានការ​កាត់​យកដី​ក្នុង​តំបន់អាណានិគមកិច្ច​ស៊ីហ្សកដានី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ