អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក-ម៉ិចស៊ិក៖លោកត្រាំ និងលោកអូប្រាដរបានព្យាយាមបំភ្លេចភាពតានតឹង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី៨ កក្កដា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ទទួល​ជួប​សមភាគី​ម៉ិចស៊ិក​លោក​អង់ដ្រេ ម៉ានុយអែល ឡូប៉េ អូប្រាដរ​នៅ​សេតវិមាន។ តាំង​ពី​ចូល​កាន់​តំណែង​ប្រធានាធិបតី​ម៉ិចស៊ិក​បាន ១៨ខែ នេះ​ជា​ដំណើរ​ទៅ​កាន់​បរទេស​លើកទី១ របស់​លោក​អូប្រាដរ ហើយ​អាមេរិក​ជា​ប្រទេសទី១ ដែល​លោក​អូប្រាដរ​បាន​ទៅ​បំពេញ​ទសន្សកិច្ច​មុន​គេ។ អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​ប្រធានាធិបតី​ម៉ិចស៊ិក​ក្នុង​ទឹកដី​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រទេស​ជិតខាង​ទាំង​ពីរ​បាន​ស្គាល់​ភាព​តានតឹង​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ និង​ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​បន្ត​ញាំញី​ខ្លាំងដោយ​ជំងឺ​កូវីដ-១៩ ដូច​គ្នា។

ប្រធានាធិបតីម៉ិចស៊ិកលោកអង់ដ្រេ ម៉ានុយអែល ឡូប៉េ អូប្រាដរ (រូបឆ្វេង) និង​សមភាគី​អាមេរិកលោកដូណាល់ ត្រាំ​នៅ​ក្នុង​សន្និសីទកាសែតនៅ​សេតវិមាន ថ្ងៃទី៨ កក្កដា ២០២០
ប្រធានាធិបតីម៉ិចស៊ិកលោកអង់ដ្រេ ម៉ានុយអែល ឡូប៉េ អូប្រាដរ (រូបឆ្វេង) និង​សមភាគី​អាមេរិកលោកដូណាល់ ត្រាំ​នៅ​ក្នុង​សន្និសីទកាសែតនៅ​សេតវិមាន ថ្ងៃទី៨ កក្កដា ២០២០ REUTERS - KEVIN LAMARQUE
ផ្សាយពាណិជ្ជកម្ម

ជា​ផ្លូវការ ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ម៉ិចស៊ិក​លោក​អង់ដ្រេ ម៉ានុយអែល ឡូប៉េ អូប្រាដរ​នៅ​ទឹកដី​អាមេរិក គឺ​ដើម្បី​ចូលរួម​ប្រារព្ធ​ការ​ចូល​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​ការ​ដោះដូរ​សេរី​រវាង​អាមេរិក ម៉ិចស៊ិក និង​កាណាដា​ហៅកាត់ AEUMC។ កិច្ចព្រមព្រៀង​ថ្មី​មួយ​នេះ​ត្រូវ​បាន​ប្រទេស​ទាំង ៣ រក​ឃើញ​ក្នុង​ឆ្នាំ ២០១៩ និង​បាន​ឲ្យ​សច្ចាប័ន​រួចរាល់។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​ថ្មី AEUMC បាន​ចូល​ជំនួស​កិច្ចព្រមព្រៀង​ចាស់​ហៅ ALENAដែល​អាមេរិក ម៉ិចស៊ិក និង​កាណាដា​មាន​តាំង​ពី ឆ្នាំ ១៩៩៤។ កិច្ចព្រមព្រៀង ALENA ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​អាក្រក់​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​អាមេរិក ព្រោះ​វា​បាន​ធ្វើ​ឲ្យ​អាមេរិក​បាត់បង់​ការងារ​រាប់លាន ពិសេស​ការងារ​នៅ​ក្នុង​វិស័យ​យានយន្ត។

តែ​មាន​កំណត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ពិធី​ប្រារព្ធ​ការ​ចូល​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​ការ​ដោះដូរ​សេរី​រវាង​អាមេរិក ម៉ិចស៊ិក និង​កាណាដា។ កំណត់សម្គាល់​ទី១ គឺ​អវត្តមាន​នាយករដ្ឋមន្រ្តី​កាណាដា​លោក Justin Trudeau ដែល​គេ​មិន​ដឹង​មូលហេតុ និង​កំណត់សម្គាល់​ទី២ ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ និង​សមភាគី​ម៉ិចស៊ិក​លោក​អូប្រាដរ​ហាក់​មិន​បាន​និយាយ​អ្វី​ច្រើន​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ថ្មី​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា។ ផ្ទុយ​ទៅ​វិញ ឥស្សរជន​ទាំង​ពីរ​បែរ​ជា​បាន​និយាយ​ច្រើន​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និយាយ​ជា​រួម និង​រវាង​បុគ្គល និយាយ​ដោយឡែក។

ទំនាក់ទំនង​រវាង​បុគ្គល​ដែល​លោក​ត្រាំ​បាន​ចាត់​ទុក​លោក​អូប្រាដរ​ជា​មហាមិត្ត ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ត្រូវ​បាន​លោក​ត្រាំ​បញ្ជាក់​ថា មិន​ដែល​រំកិល​ចូល​ជិត​គ្នា​ដូច​ពេល​នេះ​ទេ និង​ថា កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និង​ម៉ិចស៊ិក​បាន​ផ្អែក​លើ​ការ​ទុកចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ ទៅ​មក។ « ខ្ញុំ​នៅ​ទីនេះ​ដើម្បី​និយាយ​ប្រាប់​ពលរដ្ឋ​អាមេរិក​ថា ប្រធានាធិបតី​របស់​ពួក​គេ​បាន​គោរព និង​មាន​ឫកពាទន់ភ្លន់​ជាមួយ​យើង។ យើង​ជា​មិត្ត​នឹង​គ្នា ហើយ​យើង​នឹង​បន្ត​ស្ថិត​ជា​មិត្ត​នឹង​គ្នា » នេះ​ការ​ថ្លែង​របស់​លោក​អូប្រាដរ។

អន្តោប្រវេសន៍​ជា​សំណុំរឿង​តានតឹង​រវាង​អាមេរិក និង​ម៉ិចស៊ិក

ក្នុង​រយៈពេល ៤ឆ្នាំ​ចុង​ក្រោយ​នេះ អាមេរិក និង​ម៉ិចស៊ិក​បាន​ស្គាល់​ភាព​តានតឹង​ខ្លាំង​រវាង​គ្នា ពិសេស​ក្នុង​រឿង​អន្តោប្រវេសន៍។ តែ​គេ​អាច​និយាយ​បាន​ទេ​ថា វត្តមាន​របស់​លោក​អូប្រាដរ​នៅ​អាមេរិក​ពេល​នេះ​នឹង​អាច​កាត់បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ។ បើ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​មន្តិច​ទៅ វត្តមាន​របស់​ប្រធានាធិបតី​ម៉ិចស៊ិក​នៅ​អាមេរិក​ដើម្បី​ប្រាប្រារព្ធ​ការ​ចូល​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​ការ​ដោះដូរ​សេរី​រវាង​អាមេរិក ម៉ិចស៊ិក និង​កាណាដា​គ្រាន់​ជា​លេស​មួយ​ប៉ុណ្ណោះ។ មាន​ការ​លើក​ឡើង​ថា ក្នុង​ពេល​ដែល​អាមេរិក និង​ម៉ិចស៊ិក​កំពុង​ញាំញី​ដោយ​ជំងឺ​កូវីដ-១៩ យ៉ាង​ពេញទំហឹង និង​ខណៈ​ដែល​នាយករដ្ឋមន្រ្តី​កាណាដា​លោក Justin Trudeau មិន​អាច​ទៅ​ចូល​រួម​បាន គេ​ពិត​ជា​អាច​លើក​យក​ពិធី​មួយ​នេះ​ទៅ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ ព្រោះ​វា​មិនមែន​ជា​រឿង​បន្ទាន់។

តាម​ពិត គឺ​រឿង​ទ្វេភាគី​ទៅ​វិញ​ទេ​ដែល​សំខាន់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ម៉ិចស៊ិក​លោក​អូប្រាដរ​នៅ​អាមេរិក​ពេល​នេះ។ រឿង​ទ្វេភាគី​នោះ គឺ​រឿង​លំហូរ​ជន​អន្តោប្រវេសន៍​ម៉ិចស៊ិក​ទៅ​ក្នុង​ទឹកដី​អាមេរិក​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ គេ​នៅ​ចាំ​បាន​មិន​ភ្លេច​តាំង​ពី​ឆ្នាំ ២០១៦ ប្រធានាធិបតី​អាមេរិក​បាន​ចាត់​ទុក​ជនអន្តោប្រវេសន៍​ម៉ិចស៊ិក​ជា​ចោរ និង​សន្យា​សង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​ដោយ​ឲ្យ​រដ្ឋាភិបាល​ស៊ីចស៊ិក​ជា​អ្នក​ចេញ​ថ្លៃ​សាងសង់។ តែ​នៅ ៤ឆ្នាំ​ក្រោយ​មក ម៉ិចស៊ិក​មិន​បាន​ឲ្យ​លុយ​ទៅ​អាមេរិក សូម្បី ១ដុល្លារ​ក៏​គ្មាន​ដែរ។ គួរ​បញ្ជាក់​ថា លោក​អូប្រាដរ​ទើប​ចូល​កាន់​តំណែង​ប្រធានាធិបតី​ម៉ិចស៊ិក​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៨។ តែ​ខុស​ពី​ប្រធានាធិបតី​ម៉ិចស៊ិក​មុន លោក​អូប្រាដរ​បាន​ព្យាយាម​ប្រើ​នយោបាយ​ការ​ទូត​សម្របសម្រួល​ដោយ​យល់ព្រម​បញ្ជូន​ទាហាន​ម៉ិចស៊ិក​ចំនួន ១៥ ០០០នាក់​ទៅ​កាន់​ព្រំដែន​ដើម្បី​ទប់​លំហូរ​ជន​អន្តោប្រវេសន៍​ម៉ិចស៊ិក​ទៅ​អាមេរិក។

អ្វី​ដែល​គេ​អាច​និយាយ​បាន ជំនួប​រវាង​លោក​អូប្រាដរ និង​លោក​ត្រាំ​លើ​ទឹកដី​អាមេរិក​ពេល​នេះ​បាន​ជួយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ធូរស្រាល ទោះ​បី​ជា​ជម្រៅ​នៃ​បញ្ហា​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ក៏​ដោយ។

ទស្សនកិច្ច​គ្មាន​ប្រយោជន៍

នៅ​ម៉ិចស៊ិក ក៏​ដូច​នៅ​អាមេរិក ក្រុម​ប្រឆាំង​មាន​ការ​យល់​ឃើញ​ខុស​គ្នា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូប្រាដរ​នៅ​អាមេរិក។ ក្រុមប្រឆាំង​នៅ​ម៉ិចស៊ិក​ខ្លះ​បាន​ចាត់​ទុក​ជា​ទស្សនកិច្ច​អត់ប្រយោជន៍ និង​ខ្លះ​ទៀត​ថែម​ទាំង​ហ៊ាន​និយាយ​ថា ដំណើរ​ទៅ​កាន់​អាមេរិក​របស់​លោក​អូប្រាដរ​ជា​ការ​ឳនក្បាល​សុំចុះ​ចាញ់​លោក​ត្រាំ។ អតីត​រដ្ឋមន្រ្តី​ការបរទេស​ម៉ិចស៊ិក​បាន​ថ្លែង​ប្រាប់ AFP ថា ទស្សនកិច្ច​របស់​លោក​អូប្រាដរ​នៅ​អាមេរិក​មិន​ត្រឹម​តែ​បង្ក​ឲ្យ​មាន​ហានិភ័យ​យ៉ាង​ច្រើន​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​មិន​បាន​នាំ​ប្រយោជន៍​អ្វី​សម្រាប់​ម៉ិចស៊ិក​ទៀត​ផង។

ក្រុមប្រឆាំង​នឹង​លោក​ត្រាំ​ដែល​ជា​ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​មើល​ឃើញ​ថា អ្វី​ដែល​លោក​ត្រាំ​បាន​ទទួល​លោក​អូប្រាដរ​នៅ​សេតវិមាន​ពេល​នេះ គឺ​ក្នុង​គោលដៅ​បង្វែរ​ការ​ចាប់​អារម្មណ៍​រឿង​វិបត្តិ​ជំងឺ​កូវីដ-១៩ និង​ដើម្បី​បិទបាំង​បរាជ័យ​របស់​លោក​ត្រាំ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​មឹង​កូវីដ-១៩។ ចំណែក​សមាជិកសភា​អាមេរិក​ម្នាក់​មក​ពី​គណបក្សប្រជាធិបតេយ្យ​លោក Chuy Garcia ដែល​កើត​ក្នុង​ប្រទេស​ម៉ិចស៊ិក​បាន​យល់​ឃើញ​ថា លោក​ត្រាំ​កំពុង​ព្យាយាម​ស្វែង​រក​សន្លឹកឆ្នោត​សម្រាប់​អាណត្តិទី២ តាម​រយៈ​ការ​ថត​រូប​ជាមួយ​លោក​អូប្រាដរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ