អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ​ ថា​នឹង​ហាម​ឃាត់​លែង​ឲ្យ​មាន​កម្មវិធី​ TikTok របស់​ចិន​នៅ​អាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​អាមេរិកលោក​ដូណាល់ ​ត្រាំ បាន​ប្រកាស​ថា​លោក​នឹង​ចេញក្រឹត្យ​មួយ​នៅថ្ងៃ​សៅរ៍​នេះដើម្បី​រារាំង​មិន​ឲ្យ​​កម្មវិធី​ TikTok របស់ចិន​ធ្វើ​ប្រតិបត្តិការ​នៅ​អាមេរិក​បាន​។ សេចក្តីប្រកាស​របស់​លោក​ដូណាល់ ត្រាំ​នេះ​ ធ្វើឡើង​ពីព្រោះតែ​អាជ្ញាធរ​សន្តិសុខ​អាមេរិកលើកឡើង​ពី​ក្តី​បារម្ភ​ដែលថា​ កម្មវិធី​បណ្តាញសង្គម​របស់​ចិន​មួយនេះ​ អាចជា​ឧបករណ៍​សម្រាប់​ស៊ើបការណ៍​របស់​រដ្ឋាភិបាល​ចិន​។ តើ​កម្មវិធី​ TikTok ពិតជា​ឧបករណ៍​ស៊ើបការណ៍​ឲ្យក្រុង​ប៉េកាំង​មែនឬ​យ៉ាងណា​? ក្រៅពី​សហរដ្ឋអាមេរិក​ តើមាន​ប្រទេស​ណាខ្លះទៀត​ដែល​ហាម​ឬ​មិនឲ្យប្រើ​ TikTok​?

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។ REUTERS - TOM BRENNER
ផ្សាយពាណិជ្ជកម្ម

តើ​ TikTok ជាអ្វី​?

TikTok​ គឺជា​សេវាកម្ម​ចែក​រំលែក​វីដេអូ​តាម​បណ្តាញ​សង្គម​របស់​ចិន​ដែល​ត្រូវ​បាន​បង្កើត ដោយ​ក្រុមហ៊ុន​បាយដាន​ (ByteDance) ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីនធ័រណេត​មួយ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១២ មាន​មូលដ្ឋាន​នៅទី​ក្រុងប៉េកាំង​ប្រទេសចិន​។

វេទិកា​សង្គម​ TikTok បាន​ផ្ទុះ​ប្រជាប្រិយភាពខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ​ ជាពិសេស​យុវវ័យ​ក្មេងៗ​អាយុខ្ទង់​ ២០ ឆ្នាំ​ ពេញ​និយម​លេង​កម្មវិធី​ TikTok ហ្នឹង​ណាស់​ ហើយ​បើ​តាមការប៉ាន់ស្មាន​ មាន​មនុស្ស​ចំនួន​រាប់ពាន់លាន​នាក់​នៅទូទាំង​ពិភពលោក​កំពុង​ប្រើប្រាស់ឬលេង​ TikTok។

មនុស្ស​រាប់​រយ​លាន​នាក់​ បាន​ងាក​មក​លេង​ TikTok ក្នុងគោល​បំណង​កម្សាន្ត​ និង​ត​ភ្ជាប់ទំនាក់ទំនង​។ ជាធម្មតា​ អ្នក​ប្រើ​កម្មវិធី​ TikTok​ បង្កើត​ជា​វីដេអូខ្លីៗ​ មាន​រយៈពេល​ប្រមាណ​ ១៥ វិនាទី​ ដើម្បី​ចែក​រំលែក​វីដេអូ​ដែល​វីដេអូ​ទាំងនោះ​ជារឿយៗ​ គឺជា​ការ​ធ្វើមាត់​ត្រាប់ច្រៀង​តាម​បទ​ចម្រៀង​ ឬក៏​រឿង​កំប្លុក​កំប្លែង​ផ្សេងៗ​ជាដើម។ល។

ហេតុអ្វី​បានជា​លោក​ដូណាល់​ ត្រាំ​ ចង់​ហាម​មិនឲ្យ​ប្រើ​ Tik Tok​ នៅ​អាមេរិក?

កម្មវិធី​ TikTok កំពុង​មាន​និង​កើន​ប្រជាប្រិញភាព​ខ្លាំង​។​ យុវវ័យ​អាមេរិក​កាន់តែច្រើនឡើងៗ បាននាំ​គ្នា​ងាកមក​លេង​ TikTok​។ បច្ចុប្បន្ននេះ​ អ្នក​ប្រើប្រាស់​កម្មវិធី​ TikTok សកម្ម​ប្រចាំ​ខែ​មាន​ចំនួន​ប្រមាណ​ ៨០០ លាន​នាក់​ ដែល​ភាគច្រើន​នៃ​អ្នកប្រើប្រាស់​ទាំងនោះ​ គឺនៅ​សហរដ្ឋអាមេរិក​ និងឥណ្ឌា​។ ហើយ​គិតតែ​នៅ​អាមេរិក​តែឯង​ អ្នកប្រើ​ TikTok សកម្មប្រចាំ​ខែ​ មាន​ចំនួន​ប្រមាណ​ ២៦,៥ លាន​នាក់​។

ដោយឡែក​ ខណៈពេល​ដែល​ TikTok កាន់តែ​ល្បី​និង​ពេញនិយម​ក្នុង​ចំណោមប្រជាជន​របស់​ខ្លួន​ អាមេរិក​ក៏ផ្តើម​មានចិត្ត​ព្រួយបារម្ភ​ថា TikTok អាចជា​ឧបករណ៍​ប្រើប្រាស់​ចិន​ដើម្បី​ស៊ើបការណ៍​ពី​អាមេរិក​។

នៅ​ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ​ អាជ្ញាធរ​សន្តិសុខ​ និង​សមាជិក​សភា​អាមេរិក​ បាន​សម្តែង​នូវការភ័យខ្លាច​ថា​ កម្មវិធី​វីដេអូ​ដ៏ពេញនិយម​ TikTok​ អាចត្រូវ​បាន​គ្រប់គ្រង​ដោយ​ទីក្រុង​ប៉េកាំង​ដើម្បី​ប្រមូលយក​ទិន្នន័យផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​អាមេរិក​។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ខ្លះទៀត​ បារម្ភ​ខ្លាចទៀតថា​ TikTok​ អាចជា​គោលដៅ​របស់​បរទេស​ដើម្បីលូកដៃ​ជ្រៀតជ្រៀត​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ នាថ្ងៃទី​ ៣ ខែវិច្ឆិកាខាងមុខ​ ពោលគឺ​ដូចជាអ្វី​ដែលបាន​ធ្វើនៅ​លើ​ហ្វេសប៊ុក​ និង​ធ្វីតធឺ​ក្នុងការ​បោះឆ្នោតនា​ឆ្នាំ ២០១៦​កន្លង​មក​។

ថ្លែង​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​កាលពីថ្ងៃ​សុក្រ​ម្សិលមិញ​ លោក​ដូណាល់ ត្រាំ​ បាន​និយាយថា​ នៅពេលដែល​ TikTok​ បង្កឲ្យ​មាន​ក្តី​ព្រួយបារម្ភ​ គេ​ត្រូវ​ហាមឃាត់​មិនឲ្យ​កម្មវិធី​នេះ​មានវត្តមាន​នៅ​សហរដ្ឋអាមេរិក​ឡើយ​។

ទន្ទឹមគ្នានេះ​ លោកត្រាំ​ ក៏បាន​បន្ថែមទៀតថា​ លោក​នឹង​ចាត់វិធានការ​ភ្លាមៗ​ នៅ​ថ្ងៃសៅរ៍​ ទី ១​ សីហា​តែម្តង​ដោយ​ប្រើ​បទបញ្ជា​ពិសេស​របស់​ប្រធានាធិបតី​បញ្ចេញ​ក្រឹត្យមួយ​ដើម្បីហាម​ TikTok​ ពីការ​ធ្វើប្រតិបត្តិការ​នៅក្នុង​ទឹកដី​អាមេរិក​។

ទោះយ៉ាងនេះក្តី​ គេ​នៅមិនទាន់​ដឹងច្បាស់​នៅឡើយ​នោះទេ​ ថា​លោក​ដូណាល់ ត្រាំ​ មាន​សិទ្ធិ​អំណាច​អ្វី​ពិសេស​ក្នុងការ​ហាមឃាត់​ TikTok​។ បន្ថែមលើនេះ​ គេ​ក៏នៅមិនទាន់​ច្បាស់ដែរ​ថាតើ​ការ​ហាមឃាត់​នោះ​ នឹង​ត្រូវអនុវត្ត​យ៉ាងដូចម្តេច​ ហើយនឹង​ត្រូវ​ប្រឈមនឹង​និតិវិធី​ច្បាប់​អ្វីខ្លះ​?

មានការ​រាយការណ៍​ថា​ ក្រុមហ៊ុន​ Microsoft​ ​ កំពុងពិភាក្សា​ទិញ​កម្មវិធី​TikTok ពីក្រុមហ៊ុន​ByteDance​។ ក៏ប៉ុន្តែ​ លោក Trump ហាក់​ដូចជាមាន​ការសង្ស័យ​ និង​មិនសប្បាយចិត្ត​ឡើយ​ចំពោះ​កិច្ចពិភាក្សា​លក់ដូរ​នេះ​។

ប្រសិនណាបើ​ក្រុមហ៊ុន​ Microsoft ពិតជា​ទិញយក​ TikTok បាន​មែននោះ​ វានឹងក្លាយ​ទៅជា​ដៃគូប្រជែង​ដ៏ខ្លាំង​មួយ​ របស់​បណ្តាញសង្គម​ហ្វេសប៊ុក​និង​យូរធូប​ ព្រមទាំងក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សដទៃ​ទៀត​របស់​អាមេរិក​ ដែលនេះ​នឹងធ្វើឲ្យ​មានការ​ផ្លាស់ប្តូរ​ខ្លាំង​នូវទិដ្ឋភាព​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​នៅប្រទេស​អាមេរិក​។

គួរគូសបញ្ជាក់ជូនដែរថា​ អាមេរិក​មិនមែនជា​ប្រទេសទី ១​នោះទេ​ដែលចង់​ហាមមិនឲ្យ​ប្រើ កម្មវិធី​ TikTok របស់​ចិន​។ ជាក់ស្តែង​ ប្រទេសឥណ្ឌា​បាន​សម្រេច​ហាមមិនឲ្យ​ប្រើ​ TikTok រួចហើយ​កាលពីចុង​ខែមិថុនា​កន្លងទៅ​ដោយសារតែ​បារម្ភពី​បញ្ហាសន្តិសុខ​និង​សិទ្ធិឯកជន ស្របពេលដែល​ប្រទេសផ្សេងទៀតជាច្រើន​ត្រូវបាន​គេរាយការណ៍​ដែរថា​ កំពុង​ចាត់វិធានការ​ស្រដៀងគ្នានេះ។ ក្នុងចំណោមនោះ​ មាន​អូស្រ្តាលីដែលជាប្រទេស​បាន​ហាមឃាត់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំរបស់ចិន​ Huawei​ និង​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ ZTE​ ក៏​កំពុងពិចារណា​ហាមមិនឲ្យប្រើ​ TikTok​ ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ​។

ប្រតិកម្ម​របស់​ក្រុមហ៊ុន​ TikTok ​ចំពោះ​ក្តី​បារម្ភ​របស់​អាមេរិក

បន្ទាប់ពី​មន្រ្តីសន្តិសុខ​​ ហើយនិង​សមាជិកសភា​អាមេរិក​បាន​សម្តែង​នូវការ​ភ័យខ្លាច​ថា​ កម្មវិធី TikTok អាច​ត្រូវបាន​ប្រើប្រាស់​ដោយទីក្រុង​ប៉េកាំងសម្រាប់​គោលបំណង​មិនសមហេតុផល​ ក្រុមហ៊ុន​ TikTokក៏បាន​ចេញមុខ​បដិសេធ​ចំពោះ​ការលើកឡើង​ខាងលើ​ភ្លាមៗ​ផងដែរ​។

នៅសប្តាហ៍នេះ ក្រុមហ៊ុន​បាន​ចេញមុខ​ធានាសន្យា​យ៉ាង​ម៉ឺងម៉ាត់​នូវ​តម្លាភាពរួមទាំង​បានធានា​អះអាងថា​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ត្រូវបាន​ទុកដាក់​ប្រកបដោយ​សុវត្ថិភាពខ្ពស់​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ TikTok​ លោក​ Kevin Mayer បាន​និយាយនៅ​ក្នុងសេចក្តី​ប្រកាសមួយ​នាសប្តាហ៍នេះ​ថា​ "ក្រុមហ៊ុន​ TikTok មិនមែនជា​ឧបករណ៍​នយោបាយ​នោះទេ​ ហើយក្រុមហ៊ុន​ក៏មិន​ដែល​ទទួលយក​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក្ខណៈ​នយោបាយ​ដែរ​”។ ជាមួយគ្នានេះ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ TikTok រូបនេះបាន​សង្កត់ធ្ងន់ទៀត​ថា​ គោលបំណងតែ​មួយគត់​របស់​ក្រុមហ៊ុន​គឺនៅតែជា​វេទិកា​ដ៏​រស់រវើក​ និង​សកម្ម​សម្រាប់​អ្នកប្រើប្រាស់​ដើម្បី​ទទួលបាន​ភាពរីករាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ