អានតួអត្ថបទ
តៃវ៉ាន់

ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ភ្លាម លោកស្រី ត្សៃ អ៊ីងវេន ប្រាប់​ចិន​ឲ្យ​បោះបង់​ចោល​នយោបាយ​គំរាមកំហែង​តៃវ៉ាន់

លោកស្រី ត្សៃ អ៊ីងវេន បាន​ទទួល​ជ័យជំនះ​យ៉ាងធំធេង នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ។ គូប្រជែង​របស់លោកស្រី គឺ​លោក ហាន គួរយូ​បាន​ប្រកាស​ចុះចាញ់ និង​ទូរស័ព្ទ ជូនពរ លោកស្រី ត្សៃ អ៊ីងវេន ដែល​ឈ្នះឆ្នោត ធ្វើ​ជា​ប្រធានាធិបតី​តៃវ៉ាន់​មួយ​អាណត្តិ បន្ត​ទៀត។ តៃវ៉ាន់ ត្រូវ​ដឹកនាំ ដោយ លោកស្រី ត្សៃ អ៊ីងវេន ៤ឆ្នាំ​បន្តទៀត។ នោះ​ជា​រឿង​ឈឺក្បាល មួយទៀត សម្រាប់​ទីក្រុង​ប៉េកាំង ដែល​មិន​ចូលចិត្ត លោកស្រី ត្សៃ អ៊ីងវេន ដោយសារ​លោកស្រី បដិសេធ​ទទួល​ស្គាល់ គំនិត​ដែលថា តៃវ៉ាន់ ជា​ផ្នែកមួយ របស់​ប្រទេស​ចិន។ 

លោកស្រី ត្សៃ អ៊ីងវេន​បាន​ប្រកាស​ជ័យជំនះ​ដ៏ធំធេង​នៅក្នុងការបោះឆ្នោត​ប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃទី ១១​មករា ២០២០
លោកស្រី ត្សៃ អ៊ីងវេន​បាន​ប្រកាស​ជ័យជំនះ​ដ៏ធំធេង​នៅក្នុងការបោះឆ្នោត​ប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃទី ១១​មករា ២០២០ ©REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

នៅយប់​ថ្ងៃ​សៅរ៍ នៅ​ពេល​លោកស្រី ត្សៃ អ៊ីងវេន មកពី​គណបក្ស​កាន់អំណាច​ប្រកាស ជ័យជំនះ​របស់ខ្លួន គណៈកម្មការ​បោះឆ្នោត តៃវ៉ាន់ កំពុង​បន្ត​រាប់​សន្លឹកឆ្នោត​នៅឡើយ។ គូប្រជែង​របស់​លោកស្រី ត្សៃ អ៊ីងវេន គឺ​លោក ហាន គួរយូ មក​ពី​គណបក្ស​គួមីងតង់ បាន​ប្រកាស​ចុះចាញ់​រួច​ទៅហើយដែរ ដោយសារតែ​ចំនួន សន្លឹកឆ្នោត មាន​គម្លាតគ្នា​ខ្លាំងពេក។ លទ្ធផល​បណ្តោះអាសន្ន​របស់​គណៈកម្មការ​បោះឆ្នោត​តៃវ៉ាន់​បង្ហាញ​ថា លោកស្រី ត្សៃ អ៊ីងវេន​បាន​ទទួល សំឡេង​គាំទ្រ ចំនួន ៥៧​ភាគរយ ចំណែក បេក្ខជន​ដែល​មាននិន្នាការ​ចង់​ខិតចូល​ជិត​ទីក្រុង​ប៉េកាំង បាន​ទទួល​សំឡេង​គាំទ្រ តែ ៣៨ភាគរយ​ប៉ុណ្ណោះ។

នៅក្នុង​សុន្ទរកថា​ថ្លែង​ពី​ជ័យជំនះ​របស់​លោកស្រី នៅទីស្នាក់ការ ក្នុងទីក្រុង​តៃប៉ិ លោកស្រី ត្សៃ អ៊ីងវេន បាន​និយាយ​ថា តៃវ៉ាន់​កំពុង​បង្ហាញដល់​ពិភពលោក ឲ្យ​ឃើញថា តើ​តៃវ៉ាន់ ស្រឡាញ់​សេរីភាព លទ្ធិប្រជាធិបតេយ្យ របៀប​រស់នៅ និង​ជាតិ​តៃវ៉ាន់ ប៉ុណ្ណា។

ជ័យជំនះ​របស់​លោកស្រី ត្សៃ អ៊ីងវេន ដែល​មាន​ជំហរ ប្រឆាំង​គោលការណ៍ ចិន​តែ​មួយ ប្រៀប​បាន​នឹង​ការវាយបក​ខ្លាំង​មួយ ទៅលើ​រដ្ឋអំណាច​ប៉េកាំង ដែល​ប្រាថ្នា​ចង់​ឲ្យ​គណបក្ស​ប្រឆាំង គួមីងតង់ ចូល​មកជំនួស គណបក្ស​លោកស្រី ត្សៃ អ៊ីងវេន។

គេ​វាយតម្លៃថា ប្រជាជន​តៃវ៉ាន់ បាន​បោះឆ្នោត ជ្រើសរើស​លោកស្រី ត្សៃ អ៊ីងវេន ដោយសារ​គេ​យល់​ឃើញ​ថា លោកស្រី ត្សៃ អ៊ីងវេន ដែល​មាននិន្នាការ​ទាមទារ​ឯករាជ្យ ឲ្យ​តៃវ៉ាន់ នឹង​ការពារ​មិន​ឲ្យ​លទ្ធិប្រជាធិបតេយ្យ តៃវ៉ាន់ ធ្លាក់​ទៅក្នុង​ស្ថានភាព ដូច​ទីក្រុង​ហុងកុង ដែលកំពុង​ប្រឈម​ខ្លាំង​នឹង​ការដាក់​សម្ពាធ​ពីប្រទេស​ចិន​ដីគោក។ ប្រទេស​ចិន ធ្លាប់​បាន​លើកឡើងថា នឹង​អនុវត្ត​គំរូនយោបាយ ប្រទេស​មួយ ប្រព័ន្ធពីរ ទៅលើ​តៃវ៉ាន់ នៅពេល​តៃវ៉ាន់ ស្ថិតនៅក្រោម​ការដឹកនាំ​របស់​ចិន នៅថ្ងៃ​ណាមួយ។

នៅ​ថ្ងៃសៅរ៍ លោកស្រី​ត្សៃ អ៊ីងវេន​បាន​និយាយ​ដែរ​ថា លោកស្រី​នឹង​ចរចា ជាមួយ មេដឹកនាំ​ប្រទេស​ចិន និង​ថា លោកស្រី ចង់​បាន​សន្តិភាព។ ប៉ុន្តែ លោកស្រី​ត្សៃ បាន​ព្រមានប្រាប់​ផងដែរ ទីក្រុង​ប៉េកាំង ឲ្យ​ឈប់ ប្រើ​កម្លាំង​យោធា ដើម្បី​គំរាមគំហែង បំផិតបំភ័យ​តៃវ៉ាន់ និង​ត្រូវ​គោរព​ដល់​គំនិតដែលថា គឺ ប្រជាជន​តៃវ៉ាន់ ទាំង​២៣លាននាក់ ដែល​ជាអ្នកសម្រេច​ចិត្ត​លើ​ជោគវាសនា​របស់​តៃវ៉ាន់។ “ ខ្ញុំសង្ឃឹមដែរថា អាជ្ញាធរ​ប៉េកាំង​នឹង​យល់​ថា ប្រជាធិបតេយ្យ​នៅតៃវ៉ាន់ និង​រដ្ឋាភិបាល​ថ្មី ដែល​កើត​ចេញពី​ការបោះឆ្នោត​តាមបែបប្រជាធិបតេយ្យ នឹង​មិន​ចុះចាញ់ ចុះញ៉ម នឹង​ការគំរាមកំហែង និង​ការបំភិតបំភ័យ​នោះទេ” នេះ​ជា​ប្រសាសន៍​របស់​លោកស្រីប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់។

សម្រាប់ អ្នកវិភាគ​នយោបាយ តៃវ៉ាន់ ការបោះឆ្នោត គាំទ្រ ឲ្យ​លោកស្រីត្សៃ អ៊ីងវេន​ដឹកនាំ​តៃវ៉ាន់ មួយ​អាណត្តិ​បន្តទៀត មានន័យថា អ្នកបោះឆ្នោត តៃវ៉ាន់ មិន​ចុះញ៉ម​នឹង​ការបំភិតបំភ័យ របស់​ប្រទេស​ចិន។ នៅពេលនេះ គេ​នៅ​រង់ចាំ​មើល​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ថា តើ​ចិន​នឹង​ប្រើ​នយោបាយ​ស្រទន់ ជាមួយ​តៃវ៉ាន់ ឬ​ក៏​ត្រូវពង្រឹង​នយោបាយ ដាក់សម្ពាធ ទាំង​ផ្លូវ​សេដ្ឋកិច្ច ការទូត និង​យោធា បន្តទៅទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ