អានតួអត្ថបទ
តៃវ៉ាន់

បោះឆ្នោតតៃវ៉ាន់៖ ចិន​ទិតៀន ​អាមេរិក​ដែល​អបអរ​ជ័យជំនះ​របស់​លោកស្រី ត្សៃ អ៊ីងវេន

ប្រទេស​ចិន កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​រិះគន់ ទិតៀន ខ្លាំងៗ មន្រ្តី​អាមេរិក និង​ប្រទេស​មួយចំនួន​ទៀត ដែល​បាន​ចេញមុខ ស្វាគម អបអរ​ជ័យជំនះ​របស់​លោកស្រី ត្សៃ អ៊ីងវេន ដែល​កាលពី​ថ្ងៃ​សៅរ៍ បាន​ឈ្នះឆ្នោត ធ្វើ​ជា​ប្រធានាធិបតី​តៃវ៉ាន់ មួយ​អាណត្តិ​បន្តទៀត។ កាសែត​ក្នុង​ស្រុកចិន វិញ បាន​សរសេរ​វាយប្រហារ លោកស្រី ត្សៃ អ៊ីងវេន ថា បាន​ប្រើ​ល្បិចស្មោគគ្រោក ដើម្បី​ផលប្រយោជន៍សំឡេង​ឆ្នោត នៅតៃវ៉ាន់។ 

លោកស្រី ត្សៃ អ៊ីងវេន ឈ្នះឆ្នោត ធ្វើ​ជា​ប្រធានាធិបតី​តៃវ៉ាន់ មួយអាណត្តិទៀត នៅថ្ងៃទី ១១ មករា ២០១០
លោកស្រី ត្សៃ អ៊ីងវេន ឈ្នះឆ្នោត ធ្វើ​ជា​ប្រធានាធិបតី​តៃវ៉ាន់ មួយអាណត្តិទៀត នៅថ្ងៃទី ១១ មករា ២០១០ ©The Yomiuri Shimbun​ via Reuters
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ប៉េកាំង តាមរយៈ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន បានប្រតិកម្ម​រិះគន់ខ្លាំងៗ បន្ទាប់​ពី រដ្ឋមន្រ្តី​អាមេរិក និង​មន្រ្តីទូត​អង់គ្លេស រួម​ទាំង​ជប៉ុន​ផង បាន​ចេញ​សេចក្តីថ្លែងការណ៍ អបអរ​លោកស្រី ត្សៃ អ៊ីងវេន នៅក្រោយ​លោកស្រី ទទួល​ជ័យជំនះ ដ៏ធំធេង នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ កាលពី​ថ្ងៃ សៅរ៍។ ចិន ដែល​ចាត់ទុក​តៃវ៉ាន់ ជាផ្នែកមួយ​ទឹកដី​របស់​ខ្លួន បាន​បរិហារ​ចាត់ទុក​សកម្មភាព​ខាងលើ ថា ជា​ការរំលោភ​លើ​គោលការណ៍​ចិន​តែមួយ។

“ភាគី​ចិន សំដែង​ការមិនពេញចិត្ត​ខ្លាំង ហើយ​និង​ប្រឆាំង​ដាច់ខាត រាល់​ទម្រង់ឆ្លើយឆ្លង ជាផ្លូវការ​រវាង​តៃវ៉ាន់ ជាមួយ បណ្តា​ប្រទេស ដែល​មានចំណងការទូត​ជាមួយ​ចិន”។ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន បាន​និយាយ យ៉ាងដូច្នេះ ទៅកាន់​អ្នកកាសែត កាលពី​ថ្ងៃ​អាទិត្យ។

ទីក្រុង​ប៉េកាំង​ដែល​ធ្លាប់​ប្រកាស​ថា នឹង​យក​តៃវ៉ាន់ មក​គ្រប់គ្រង​វិញ នៅ​ថ្ងៃ​ណាមួយ បើទោះបីជា​ត្រូវ​កម្លាំងបាយ មិន​ចូលចិត្ត គណបក្ស​ប្រជាធិបតេយ្យ​ចម្រើននិយម និង​លោកស្រី ត្សៃ អ៊ីងវេន ដោយសារ​តែ លោកស្រី ប្រធានាធិបតី​តៃវ៉ាន់ ប្រឆាំង មិនទទួល​ស្គាល់​គំនិត ដែល​ថា តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។

តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅក្រោយ ជ័យជំនះ​របស់​លោកស្រី ត្សៃ អ៊ីងវេន ដែល​ត្រូវ​ធ្វើ​ជា​ប្រធានាធិបតី តៃវ៉ាន់ ៤ឆ្នាំ ទៅមុខទៀត ចិន​នឹង​សង្កត់ធ្ងន់​បន្ថែមទៀត លើ​គោលនយោបាយ​ចិន​តែមួយ។ សម្រាប់​មន្រ្តីចិន ជំហររដ្ឋាភិបាល​ចិន នឹង​មិន​ផ្លាស់ប្តូរ ហើយ​មាន​ការពិត​ជាមូលដ្ឋាន​មួយ នោះគឺ មាន​ចិនតែ​មួយ​នៅលើ​លោក ហើយ​តៃវ៉ាន់ ជា​ផ្នែក​មួយ​របស់​ចិន។

នៅក្នុង​រយៈពេល​៤​ឆ្នាំ នៃការកាន់អំណាច​របស់​លោកស្រី ប្រធានាធិបតី​ត្សៃ អ៊ីងវេន ទីក្រុង​ប៉េកាំង​បាន​ដាក់សំពាធ ខ្លាំង​ទៅលើ​កោះតៃវ៉ាន់ ក្នុង​ផ្នែកសេដ្ឋកិច្ច ការទូត និង​យោធា ក្នុង​បំណង​បញ្ចុះបញ្ចូល​ពលរដ្ឋ​តៃវ៉ាន់ ឲ្យ​បោះឆ្នោត គណបក្ស​ប្រឆាំង​រដ្ឋាភិបាល គឺ​គណបក្ស​គួរមីងតង់​ដែល​ស្និទ្ធ​ទៅខាង​រដ្ឋាភិបាល​ចិន។ ប៉ុន្តែ អ្នកវិភាគ​វាយតម្លៃថា ការចាត់ចែង មិនបាន​ល្អ​របស់​រដ្ឋអំណាច​ចិន ទៅលើ​ទីក្រុង​ស្វ័យត ហុងកុង ជា​ហេតុផល​មួយ ដែល​ជំរុញ ឲ្យ​ពលរដ្ឋ​តៃវ៉ាន់ បែរខ្នង​ដាក់​គណបក្ស​គួរមីងតង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​ប៉េកាំង។ ដោយ​បោះឆ្នោត ជ្រើសរើស លោកស្រី ត្សៃ អ៊ីងវេន មកពី​គណបក្ស​ដែល​មាន​និន្នាការ​ឯករាជ្យនិយម ពលរដ្ឋ​តៃវ៉ាន់ មួយចំនួន​សង្ឃឹមថា លោកស្រីប្រធានាធិបតី តៃវ៉ាន់ នឹង​ជួយការពារ មិន​ឲ្យ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ នៅ​តៃវ៉ាន់ ធ្លាក់​ទៅក្នុង​ស្ថានភាព អាក្រក់ ដូច​នៅ​ទីក្រុង​ហុងកុង។

សម្រាប់​កាសែត​ក្នុង​ស្រុកចិន លោកស្រី ត្សៃ អ៊ីងវេន បាន​ប្រើ​យុទ្ធសាស្រ្ត​កខ្វក់ ល្បិច អាក្រក់ ព្រោះលោកស្រី មិនត្រឹមតែ លើក​យក​ហេតុការណ៍ នៅ​ហុងកុង ដើម្បី បង្កើត​ភាពភ័យខ្លាច ក្នុង​ចំណោម​ម្ចាស់ឆ្នោត​តៃវ៉ាន់តែប៉ុណ្ណោះទេ លោកស្រី នៅ​ថែម​ទាំង​បាន​លាបពណ៌ គូប្រជែង​របស់លោកស្រី ថា មនុស្ស​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ចិន​ទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ