អានតួអត្ថបទ
ថៃ-ចិន

ថៃ បញ្ឈប់គម្រោងបូមដី​ក្នុង​ទន្លេមេគង្គ របស់ចិន

រដ្ឋាភិបាលថៃ​បាន​ចេញ​សេចក្តី​សម្រេចចិត្ត​​នៅល្ងាច​​ថ្ងៃអង្គារ ទី ៤​ កុម្ភៈ ២០២០ ខ្ទប់​គម្រោង​ដ៏​ចម្រូង​ចម្រាស​របស់​ចិន ដែល​ចង់​បូម​ខ្សាច់​ ជីក​ទន្លេមេគង្គ​ឱ្យ​ជ្រៅ ដើម្បីធ្វើ​ជា​ផ្លូវ​ដឹកជញ្ជូន​របស់​​នាវា​​ធំៗ។ នេះជា​ការ​បដិសេធ​ដ៏​កម្រ​មួយ ប្រឆាំងនឹង​​ចិន ដែលបាន​និង​កំពុង​​ពង្រីក​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ កាន់​តែ​ច្រើន​ឡើងៗ​ នៅក្នុង​​តំបន់​អាស៊ីអាគ្នេយ៍។

អ្នក​នេសាទ​ថៃ បង្ហាញ​សារាយ ក្នុង​ទន្លេមេគង្គ​ នៅ​ប្រទេស​ថៃ
អ្នក​នេសាទ​ថៃ បង្ហាញ​សារាយ ក្នុង​ទន្លេមេគង្គ​ នៅ​ប្រទេស​ថៃ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

​ជាមួយ​នឹង​សេចក្តី​សម្រេចអនុម័ត​ឱ្យ​​បញ្ឈប់​គម្រោងបូមដី​របស់​ចិន ​រដ្ឋាភិបាល​ថៃ បាន​ពន្យល់​ថា​ មក​ពីអាជ្ញាធរ​ចិន ពុំផ្តល់​ផែនការ​ហិរញ្ញវត្ថុ សម្រាប់​បើក​​​អង្កេតជា​ថ្មី​​ អំពី​ការងារ​ដែល​ត្រូវ​ធ្វើ។ តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល International Rivers បាន​សម្តែង​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង ចំពោះ​សេចក្តី​សម្រេច​ចិត្ត​ដ៏ក្លាហាន​របស់​រដ្ឋាភិបាល​ថៃ។

​ប៉េកាំង​មាន​គម្រោង​ តាំង​ពី​យូរយារមក​ហើយ ចង់​​បំបែក​និង​បូមដី ដែល​ដុះ​ពូន​​ ​នៅ​ក្នុង​ទន្លេ​មេគង្គ​ ត្រង់​កំណាត់​ប្រទេស​ថៃ​ ប្រវែង​៩៧​គីឡូម៉ែត្រ​ ដើម្បី​ជីក​ទន្លេ​ឱ្យ​​ជ្រៅខ្លាំង ​ល្មម​នឹង​នាវាធំៗ ដូច​ជា​នាវា​ដឹកទំនិញ ឬ​នាវា​យោធា​បើកបរ​បាន។ កម្មវត្ថុគឺ ចិន​ចង់​ប្រើទន្លេ​មេគង្គ​ជា​ផ្លូវ​គមនាគមន៍​ជើង​ទឹក ភ្ជាប់​ខេត្ត​យូណាន របស់​ចិន ចុះ​ត្រង់​ទៅ​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​ជាប់​ជម្លោះ​ជាមួយ​ជិត​ខាង​ជា​ច្រើន​តែ​ម្តង។

ចិន​បាន​ពង្រឹង​ការ​ត្រួត​ត្រា​លើ​​ប្រភព​ទឹក​ទន្លេមេគង្គ​ខ្លាំងណាស់។ ប៉ុន្តែ​ចិន​បាន​អះអាង​​​ថាខ្លួន​គ្មាន​ចេតនា​បែប​វាតទី​និយម​ទេ គម្រោង​ការដា្ឋនធំៗ​លើទន្លេមេគង្គ​ ធ្វើ​ឡើង​ក្នុង​បំណង​អភិវឌ្ឍន៍​ទន្លេប្រវែង​ជាង​ ៥ពាន់​គីឡូម៉ែត្រ ឱ្យ​បាន​យូរអង្វែង ក្រោយ​ពាក្យ​ស្លោក​ថា “ទន្លេរួម អនាគតរួម”។

សម្រាប់​អ្នក​ការពារ​បរិស្ថាន ដែល​ទាមទារ​បាន​សម្រេច​ឱ្យ​មាន​ការ​ផ្អាក​គម្រោង​តាំង​ពី​ខែ​មីនា​២០១៩​ មក ពួកគេ​ព្រួយបារម្ភ​ខ្លាំងណាស់ ចំពោះ​គម្រោង​បូមខ្សាច់ចិន​ ដែល​អាច​នឹង​ធ្វើ​ឱ្យគ្រប់​ប្រភេទ​សត្វ​រស់​ក្នុង​ទឹក មាន​ត្រី ជា​ដើម​រងគ្រោះផង ចំណែក​​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ​​ក៏​នឹង​រង​ផល​ប៉ះពាល់ទៀត។

សកម្មជន​បរិស្ថាន និង​ប្រជាពលរដ្ឋ​​តាម​ដង​​ទន្លេ បាន​ចោទប្រកាន់​ក្រុង​ប៉េកាំង​រួច​ទៅ​ហើយ ថា​ចិន​បាន​ប្តូរ​ផ្លាស់​ទន្លេមេគង្គ​ តាម​រយៈ​ការ​សាង​សង់​ទំនប់វារីអគ្គីសនី ​នៅ​ចិន នៅ​ឡាវ។ ទំនប់​វារីអគ្គី​សនី ខ្លះ​ធំ​មហិមា​ បាន​បង្ក​ផលប៉ះពាល់​ដោយ​ផ្ទាល់​លើ​ទន្លេ ដែល​ជា​ប្រភព​ស្បៀងអាហារ​ដ៏​ចាំបាច់​របស់​ប្រជាជន​ជិត​៦០​លាន​នាក់​ នៅ​តំបន់​អាស៊ីអាគ្នេយ៍។ បន្ទាប់​ពី អាម៉ាហ្សូន មេគង្គ​ជា​ជម្រក​របស់​ជីវចម្រុះ​​ក្រោម​ទឹក​ដ៏​សំខាន់​មួយ​នៅ​លើ​ពិភពលោក ដោយ​មាន​រាប់​ឃើញ​មាន​ត្រី​ដល់​ទៅ​ប្រមាណ​១៣០០ប្រភេទ។ ប៉ុន្តែ​កម្ពស់​ទឹក​​ទន្លមេគង្គ នៅ​កន្លែង​ខ្លះ​រាក់​ខ្លាំង ដោយ​ដី​ដុះខ្លាំង​ពេក ហើយ​​បរិមាណ​​​ត្រី ក្នុង​ទន្លេ​ក៏​ធ្លាក់​ចុះ​ខ្លាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ