អានតួអត្ថបទ
ថៃ-សន្តិសុខ-កូវីដ១៩

ផ្ទុះ​កុបកម្ម​នៅ​ពន្ធនាគារ​ថៃ​មួយ​កន្លែង​ ដោយសារ​អ្នកទោស​ភ័យខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩

នៅថៃ កាលពីថ្ងៃអាទិត្យ ទី២៩ មីនា មានកុបកម្មមួយបានផ្ទុះឡើង នៅឯពន្ធនាគារក្នុងខេត្តប៊ូរីរាំ ភាគឦសាននៃប្រទេស ដោយសារតែអ្នកទោស ភ័យខ្លាចពីការឆ្លងរាលដាលនៃជងឺកូវីដ១៩។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថៃម្នាក់ ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters មានអ្នកទោសមួយចំនួន បានរត់គេចខ្លួនក្នុងអំឡុងពេលកុបកម្មកើតឡើង។

ពន្ធនាគារនៅប៊ូរីរាំ ក្នុងពេលមានផ្ទុះការតវ៉ា នាថ្ងៃទី២៩ មីនា ឆ្នាំ២០២០។
ពន្ធនាគារនៅប៊ូរីរាំ ក្នុងពេលមានផ្ទុះការតវ៉ា នាថ្ងៃទី២៩ មីនា ឆ្នាំ២០២០។ via REUTERS - Ministry of Justice
ផ្សាយពាណិជ្ជកម្ម

ក្នុងអំឡុងពេលផ្ទុះអំពើហិង្សា កាលពីថ្ងៃអាទិត្យ អ្នកទោសមួយចំនួនបានរត់គេចចេញពីពន្ធនាគារនៅប៊ូរីរាំ ដែលមានផ្ទុកអ្នកទោសស្រីប្រុសសរុបទាំងអស់ប្រមាណ ២ ០០០ នាក់។ អាជ្ញាធរថៃ មិនបានបញ្ជាក់ពិស្តារនោះទេថា អ្នកទោសប៉ុន្មាននាក់បានរត់គេចខ្លួន ក៏ប៉ុន្តែក្រសួងយុត្តិធម៌ថៃបានឲ្យដឹងថាអ្នកទោសចំនួន ៧ នាក់ ត្រូវបានចាប់ខ្លួនមកវិញហើយ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោកសំសាក់ ថេបស៊ូទីន (Somsak Thepsutin) បានគូសបញ្ជាក់ថា ការតវ៉ាបានចាប់ផ្តើមនៅម៉ោងខ្ទង់ ១១ និង ៤៥ នាទីព្រឹកថ្ងៃអាទិត្យ នៅក្នុងសាលអាហារ ខណៈពេលដែលអ្នកយាមកំពុងជាប់រវល់ជួសជុលបន្ទប់ សម្រាប់ដាក់អ្នកទោសដែលមានជំងឺឆ្លងមួយចំនួនដូចជាជំងឺផ្តាសាយជាដើម។ ប៉ុន្តែ នោះមិនមែនជាជំងឺកូវីដ១៩ ទេ។

លោករដ្ឋមន្ត្រីយុត្តិធម៌ថៃ បាននិយាយទៀតថា មានអ្នកទោសប្រមាណ ១០០ នាក់ បានដុតបំផ្លាញសាលអាហារ និងបានវាយកម្ទេចបន្ទប់ទទួលសាច់ញាតិ ដែលមកសួរសុខខទុក្ខអ្នកទោស។ ភ្លាមៗនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃជាច្រើន បានបង្ហាញពីវីដេអូនៃហេតុការណ៍ខាងលើ។

ប្រធាននាយកដ្ឋានកែប្រែអប់រំថៃលោកណារ៉ាត់ សាវ៉េតានា បានលើកឡើងថា មានអ្នកទោសមួយក្រុម ដែលគិតចង់រត់គេចពីពន្ធនាគារ គឺជាអ្នកអុជអាល ឲ្យមានភាពវឹកវរ ដែលរួមមានទាំងការដុតអាគារផងដែរ។

ស្រដៀងគ្នានេះដែរ លោកសំសាក់ ថេបស៊ូទីន រដ្ឋមន្ត្រីយុត្តិធម៌ថៃ បានអះអាងថា ក្រុមអ្នកទោសមួយក្រុម ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត ជាអ្នកផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា មានការឆ្លងរាលដាលវីរុសកូវីដ១៩ នៅក្នុងអគារពន្ធនាគារ។

តាមការពិតជាក់ស្តែង គ្មានអ្នកទោសណាម្នាក់នៅក្នុងខេត្តប៊ូរីរាំ បានឆ្លងកូវីដ១៩ នោះទេ។ អ្នកទោសខ្លះ បានបង្កើតជាព័ត៌មានក្លែងក្លាយ ដើម្បីប្រមូលគ្នីគ្នាបង្កចលាចល និងដើម្បីបង្កើតឱកាសរត់គេចខ្លួនតែប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីយុត្តិធម៌ថៃ គូសបញ្ជាក់បន្ថែម។

គួររំឭកជូនថា ចាប់តាំងពីតាមការឆ្លងរាលដាលវីរុសកូវីដ១៩ ខ្លាំងនៅក្នុងប្រទេសមក រដ្ឋាភិបាលថៃ បានការរឹតត្បិតលើការធ្វើដំណើរចេញចូល នៅក្នុងខេត្តជាច្រើនក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះ រដ្ឋអំណាចថៃ បានសម្រេចបញ្ឈប់រាល់ការចូលទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារផងដែរ ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា ដើម្បីការពារកុំឲ្យមានការឆ្លងវីរុសនេះ ចូលក្នុងអគារពន្ធនាគារ ដែលមានផ្ទុកមនុស្សច្រើនកកកុញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ