អានតួអត្ថបទ

ពលករបរទេស​រាប់សែននាក់ សម្រុក​ចាកចេញ​ពី​ប្រទេស​ថៃ ដែលមានចំនួនអ្នកឆ្លងកូវីដ១៩ ដល់៧២១នាក់

បន្ទាប់ពី​ពលករ​ខ្មែរ ពលករ​ភូមា និង​ឡាវ​រាប់សែននាក់ បាន​សម្រុក​ចាកចេញ​ពីប្រទេស​ថៃ កាលពី​ថ្ងៃ​ចន្ទម្សិលមិញ។ នៅប្រទេស​ថៃ ជាទី​ដែល​ករណីឆ្លងមេរោគ​កូរ៉ូណា​បានកើនឡើង​ទ្វេរដង នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ រហូត​ដល់ ៧២១​ករណី ជាពិសេស​ក្នុង​ទីក្រុង​បាងកក អាជ្ញាធរ​បាន​សម្រេច​បិទ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សាលារៀន និង​ទីកន្លែងសាធារណៈ ដែលជាហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​គ្មានការងារធ្វើ ជាពិសេស ពលករ​បរទេស​មក ពី​ប្រទេស​ភូមា ឡាវ និង​កម្ពុជា។ 

ពលករ​នាំគ្នា​រង់ចាំ​នៅស្ថានីយ៍រថយន្តក្រុង​ដើម្បី​ធ្វើដំណើរ​ត្រលប់ទៅផ្ទះវិញ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ហាង ផ្សារទំនើបនៅបាងកក ដោយសារ​កូវីដ ១៩
ពលករ​នាំគ្នា​រង់ចាំ​នៅស្ថានីយ៍រថយន្តក្រុង​ដើម្បី​ធ្វើដំណើរ​ត្រលប់ទៅផ្ទះវិញ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ហាង ផ្សារទំនើបនៅបាងកក ដោយសារ​កូវីដ ១៩ REUTERS - SOE ZEYA TUN
ផ្សាយពាណិជ្ជកម្ម

ពលករ​បរទេស បាននាំគ្នា​ចាកចេញ​ពី​រាជធានី បាងកក ដែល​អាជ្ញាធរ​ថៃ​កំពុង​បង្កើន​ការរឹតបន្តឹង​បិទផ្លូវ និង​កាត់បន្ថយ​ការធ្វើដំណើរ។ តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ទោះបី​ជា​រដ្ឋាភិបាល​ថៃ អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ចាកចេញពី​ទីក្រុង ដើម្បី​ជៀសវាង ការចម្លង រីករាលដាលមេរោគកូរ៉ូណា ពលករ​ដែល​ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ឡាវ បាន​ប្រមូល​កកកុញ គ្នា នៅ​ស្ថានីយ​រថយន្ត​ក្រុង ក្នុង​ក្រុង​បាងកក ដើម្បី​ធ្វើដំណើរ​ចាកចេញពីប្រទេស​ថៃ។ ពួកគេ​ទាំងនោះ​មាន​ចំនួន ជាង ៨៤០០០នាក់ ដែល​ចង់ធ្វើដំណើរ​ទៅកាន់​ភាគឦសានប្រទេស​ថៃ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ។ តាម​ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន Bangkok Bus ក្រុមហ៊ុន​បាន​ព្យាយាម​ដាក់មនុស្ស​ឲ្យអង្គុយឃ្លាតគ្នា​ ដើម្បី​កាត់បន្ថយ​លទ្ធភាព​ឆ្លង​មេរោគកូរ៉ូណា។

នៅតំបន់ភាគខាងជើង​ថៃ ប្រជាជន​ភូមា ជាង ៩ពាន់​នាក់​បានធ្វើដំណើរ​ឆ្លងព្រំដែន​ពីខេត្ត​តាក ប្រទេស​ថៃ ចូលទៅទឹកដី​ភូមា នៅ​យប់​ថ្ងៃ​ចន្ទ។ តាម​ចៅហ្វាយខេត្ត​តាក ថៃ ស្ពាន មិត្តភាព ថៃ ភូមា នឹងត្រូវបិទ នៅក្រោយ​ការចាកចេញ​របស់​ជនអន្តោប្រវេសន៍​ភូមា។

ពលករ ភូមា ខ្មែរ និង​ឡាវ ​ប្រមាណ ៤លាននាក់ ធ្វើការ​ភាគច្រើន​នៅតាម​រោងចក្រ​​គ្រឿងសមុទ្រ ឬ​ចំការ​បន្លែ ផ្លែឈើ ក្នុង​ប្រទេសថៃ។ នៅមុន​ពលករភូមា និង​ឡាវ ពលករ​ខ្មែរ​បាន​រាប់ពាន់​នាក់​បាន​ធ្វើដំណើរ​ត្រលប់​ចូល ប្រទេស​វិញ បន្ទាប់ពី​មានការកើនឡើង​នៃ​ករណីឆ្លងមេរោគ​កូរ៉ូណា​នៅ​ប្រទេស​ថៃ។

តាមកាសែត​ផ្លូវរដ្ឋ​ភូមា The Global New Light of Myanmar រដ្ឋាភិបាល​បាន​ទាមទារ​ឲ្យ​ប្រជាជន​ដែល​ធ្វើដំណើរ​ត្រលប់​ចូលប្រទេស​វិញ ដាក់ឃាំងខ្លួន ឲ្យ​នៅឆ្ងាយពីគេឯង រយៈពេល ២សប្តាហ៍។

ខុសពី​កម្ពុជា​ដែលមាន​ករណី​អ្នកឆ្លងមេរោគ​កូរ៉ូណា កើនឡើង​ដល់​៨៦នាក់ នៅ​ថ្ងៃ​ចន្ទទី​២៣​មីនា ភូមា និង​ឡាវ​ឯណោះវិញ គ្មានករណី​ឆ្លងកូរ៉ូណាវីរុស​មួយទេ។ មាន​ប្រជាជន​៥៤​លាន​នាក់ ភូមា ជាប្រទេស​មានប្រជាជន​ច្រើន​ជាងគេ ដែល​គ្មានករណី​កូរ៉ូណាវីរុស។

ថ្មីៗនេះ អ្នកសរសេរ​របាយការណ៍​មួយ របស់​សកលវិទ្យាល័យ​Harvard វាយតម្លៃថា វា​ពិបាក​នឹង​គួរ​ឲ្យ​ជឿដែលថា ភូមា គ្មានករណី​ឆ្លងកូរ៉ូណាវីរុស បើគេ​មើលទៅលើ​ទំនាក់ទំនងជិតស្និទ្ធ និង​ព្រំដែន​ជាប់គ្នា​រវាង​ចិន និង​ភូមា។ ដូចជា​ប្រទេស​ក្រីក្រ​ផ្សេងទៀត ភូមា និង​ឡាវ​មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សត់ខ្សោយ ខ្វះមន្ទីរពេទ្យ និង​គ្រូពេទ្យ​ជំនាញ។ គេ​បារម្ភថា ប្រទេស​អាស៊ីអាគ្នេហ៍ទាំងពីរ នឹង​អាច​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ ក្នុង​ករណី មាន​ការរាតត្បាត​ជំងឺកូវីដ ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ